មេធាវី និង​គ្រួសារ​ស្នើសុំ​តុលាការ​ឱ្យ​ពន្លឿន​នីតិវិធី​ជម្រះ​ក្ដី​សកម្មជន​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ​

0:00 / 0:00

មេធាវី​ការ​ពារ​ក្ដី និង​ក្រុម​គ្រួសារ​ស្នើ​សុំ​ឱ្យ​តុលាការ​ពន្លឿន​នីតិ​វិធី​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពាក់​ព័ន្ធ​បទ​ញុះញង់ និង​បទ​រួមគំនិត​ក្បត់​ឱ្យ​ឆាប់​រហ័ស។ សំណើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មេធាវី​មើល​ឃើញ​ថា​សកម្មជន​ខ្លះ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​លើស និង​អ្នក​ខ្លះ​ទៀត​ជិត​ហួស​ការ​កំណត់​នៃ​ច្បាប់។ សង្គម​ស៊ីវិល​យល់​ថា ការ​ឃុំ​ខ្លួន​រយៈ​ពេល​ដោយ​គ្មាន​ការ​ជម្រះ​ក្ដី​បែប​នេះ គឺ​រំលោភ​ច្បាប់ និង​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​ឆាប់​រហ័ស​របស់​ជន​ជាប់​ឃុំ។

មេធាវី​ការ​ពារ​ក្ដី​ឱ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សំ សុគង់ លើក​ឡើង​ថា តុលាការ​យឺត​យ៉ាវ​ក្នុង​យក​សំណុំ​រឿង​កូន​ក្តី​លោក​ជិត ១០នាក់​ទៅ​ជំនុំ​ជំម្រះ​តាម​នីតិ​វិធី​កំណត់។ ក្នុង​នោះ​គិត​ត្រឹម​ថ្ងៃ​ទី១១ ខែកក្កដា​កូន​ក្ដី​របស់​លោក​រួម​មាន​លោក គង់ ម៉ាស់ លោក ខាន់ ប៊ុនផេង និង​សកម្មជន​មួយ​ចំនួន​ទៀត កំពុង​ជាប់ពន្ធនាគារ​រយៈ​ពេល​ជាង​១៨ខែ​ក្នុង​សំណុំ​រឿង "រួមគំនិតក្បត់"។ ទន្ទឹម​នឹង​នេះ សកម្មជន​ចំនួន ៤នាក់​ទៀត ដែល​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​​​ឱ្យ​​​អាជ្ញាធរ​​​ខ្មែរ​​​កាល​ចុង​ឆ្នាំ២០២១ កំពុង​ជាប់​ពន្ធនាគារ​រយៈ​ពេល​ជាង ៨ខែ រួម​មាន ​​លោក វឿង សំណាង លោក វឿន វាសនា ហៅ​​​គ្រញូង​​​ព្រៃ​ឡង់ ដែល​តុលា​ការ​ចោទ​ពី​បទ "រួមគំនិតក្បត់ និង​ញុះញង់" អ្នក​ស្រី ឡាញ់ ថាវរី ចោទ​ពី​បទ "ញុះញង់" និង​​លោក ម៉ិច ហ៊ាង ចោទ​ពី "ប្រមាថ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល"។ ពួកគេ​​កំពុង​​ជាប់​ក្នុង​​​ពន្ធនាគារ​​ព្រៃស​ដោយ​រង់​ចាំ​​ការ​​ជំនុំ​​ជម្រះ​ពី​តុលាការ។

លោក​មេធាវី សំ សុគង់ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១១ ខែកក្កដា​ថា សិទ្ធិ​ទទួល​បាន​សវនា​ការ​ជំនុំ​ជម្រះ​ដោយ​ឆាប់​រហ័ស​ស្រប​តាម​នីតិវិធី​ត្រូវ​បាន​រំលោភ ព្រោះ​តុលា​ការ​បាន​សម្រេច​ឃុំ​ខ្លួន​កូន​ក្ដី​របស់​លោក​មួយ​ចំនួន​ហួស​កាល​កំណត់ និង​មួយ​ចំនួន​ទៀត​ជិត​ដល់​កាល​កំណត់​នៃ​ច្បាប់​ក្រោម​ហេតុ​ផល​សំណុំ​នេះ​មាន​ជនសង្ស័យ​ច្រើន​ជា​ដើម។ លោក​ឱ្យ​ដឹង​ថា សំណុំរឿង​នោះ ខាង​តុលាការ​ធ្លាប់​ប្រាប់​លោក​ថា បាន​បញ្ជូន​ដល់​ចៅ​ក្រម​ជំនុំ​ជម្រះ​រួច​ហើយ តែ​រហូត​មក​ដល់​ពេល​នេះ​ខាង​លោក​មិន​ទាន់​ទទួល​បាន​កាល​កំណត់​ថ្ងៃ​សវនា​ការ​នៅ​ឡើយ​ទេ៖ « ក្នុង​ចំណោម​ពួក​គាត់​ម្នាក់ៗ គឺ​ខ្លះ​ឃុំ​ខ្លួន​ហួស​នីតិ​វិធី​ច្បាប់ ហើយ​ខ្លះ​ទៀត​ជិត​ផុត​នីតិវិធី​ច្បាប់​កំណត់ ៦ខែ ហើយ ៦ខែ​ពន្យារ​ពេល ២ដង​ទៀត ស្មើ ១៨ខែ ខ្ញុំ​យល់​ថា ការ​ឃុំ​ខ្លួន​ដោយ​រង​ចាំ​ស៊ើប​អង្កេត​អ្នក​ពាក់​ព័ន្ធ​ផ្សេងៗ ដោយ​ទុក​ពួក​គាត់​នៅ​ក្នុង​ឃុំ គឺ​រំលោភ​សិទ្ធិ​ជន​ដែល​ត្រូវ​ចោទ​ហើយ»។

ប្រពន្ធ​​​​សកម្មជន​គណបក្ស​ប្រឆាំង​កំពុង​ជាប់​ពន្ធនាគារ​លោក វឿង សំណាង គឺ​លោក​ស្រី ទៀង ចិន្តា ឱ្យ​ដឹង​ថា តុលាការ​បាន​បញ្ជូន​ប្ដី​លោកស្រី​ពី​ពន្ធនាគារ​មក​សាក​សួរ​ចំនួន ៦ដង​រួច​ហើយ ដោយ​ខាង​តុលាការ​មិន​ទាន់​យក​ទៅ​ជំនុំ​ជម្រះ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ប្តី​លោក​ស្រី ខណៈ​គាត់​ជាប់​ឃុំ​ជិត​៨ខែ​រង​ទុក្ខ​វេទនា​ទាំង​គ្មាន​កំហុស។ លោកស្រី​រំពឹង​ថា តុលាការ​នឹង​ពន្លឿន​សវនា​ការ​ឱ្យ​បាន​ឆាប់ និង​ដោះ​​លែង​ប្ដី​ឱ្យ​មាន​សេរី​ភាព​ដើម្បី​ជួប​ជុំ​គ្រួសារ​ឡើង​វិញ៖ « អយុត្តិធម៌​ដោយ​សារ​គាត់​អត់​មាន​កំហុស​អី ចាប់​គាត់​ទៅ​ហើយ អត់​កាត់​ក្ដី បើ​អ៊ីចឹង​ទេ​កាត់​ទៅ​ថា គាត់​ខុស​អី ប៉ុន្មាន​ឆ្នាំ​អី អត់​មាន​ដំណោះស្រាយ​អី​ទេ។ អ៊ីចឹង​យឺត​យ៉ាវ​ឱ្យ​ខ្ញុំ​លំបាក​តែ​ម្នាក់​ឯង រ៉ាប់​រង​គ្រួសារ និង​រ៉ាប់រង​គាត់​ជាប់​នៅ​ពន្ធនាគារ​ទៀត»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​លោក អ៊ី រិន្ទ ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ១១ ខែកក្កដា។

ទាក់ទង​រឿង​នេះ អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា កត់​សម្គាល់​ឃើញ​ថា កន្លង​មក​នីតិវិធី​លើ​សំណុំ​រឿង​​សកម្មជន​​បក្ស​ប្រឆាំង​តែង​យឺត​យ៉ាវ​បើ​ធៀប​ទៅ​នឹង​សំណុំ​ផ្សេង​ទៀត។ លោក​បញ្ជាក់​ថា​ការ​​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ក្នុង​​រយៈ​ពេល​​យូរ​ ឬ​​ហួស​ការ​កំណត់​នៃ​ច្បាប់ ដោយ​​មិន​​មាន​ការ​​កាត់​​ទោស គឺ​​ប៉ះ​​ពាល់​​ដល់​​សិទ្ធិ​​ជន​​ជាប់​​ចោទ​ និង​​រំលោភ​​ច្បាប់។ លោក ស៊ឹង សែនករុណា ថ្លែង​ថា ករណី​នេះ តុលា​ការ​​គួរ​តែ​​ពន្លឿន​​នីតិវិធី​​ជំនុំ​ជម្រះ​​ឲ្យ​បាន​​ឆាប់៖ « ក្នុង​ករ​ណី​នេះ​យើង​ចង់​ឃើញ​ដូច​គ្នា​អំពី ការ​ទទួល​ខុស​ត្រូវ​របស់​តុលា​ការ​ចំពោះ​នីតិ​វិធី​នៃ​ការ​អនុវត្តន៍​ទៅ​លើ​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ នោះ ដោយ​ធ្វើ​យ៉ាង​ណា​ពន្លឿន​នីតិវិធី ក្នុង​ការ​ជំនុំជម្រះ​ឱ្យ​បាន​ឆាប់​រហ័ស​ដល់​ពួក​គាត់ ហើយ​កន្លង​មក​យើង​ជា​អង្គការ​សង្គម​ស៊ីវិល សហគមន៍​អន្តរ​ជាតិ​ក្តី​តែង​ទទូច​ឱ្យ​មាន​ការ​ពិចារណា​ទម្លាក់​ចោល​នូវ​ការ​ចោទ​ប្រកាន់ និង​ផ្តល់​សិទ្ធិ​សេរីភាព​ជូន​ពួក​គាត់»។

មាត្រា២០៩ ក្រម​​នីតិ​វិធី​​ព្រហ្ម​ទណ្ឌ ចែង​​ថា ​ថិរវេលា​​នៃ​​ការ​​ឃុំ​​ខ្លួន​បណ្ដោះ​អាសន្ន ចំពោះ​​នីតិជន​​ដែល​​ត្រូវ​​ចោទ​ប្រកាន់​​ពី​​បទ​​មជ្ឈិម មិន​​អាច​​លើស​​ពី ៤ខែ​បាន​​ទេ។ ប៉ុន្តែ​​នៅ​​ពេល​​ផុត​​ថិរវេលា​​នេះ ចៅ​ក្រម​ស៊ើប​សួរ​​អាច​​ពន្យារ​​ពេល ការ​ឃុំ​ខ្លួន​​បណ្ដោះ​អាសន្ន បាន​​តែ​​ម្ដង​​គត់ មិន​​ឲ្យ​​លើស​​ពី ២ខែ ដោយ​​ដីកា​​មាន​សំអាង​​ហេតុ​​ត្រឹម​ត្រូវ និង​​ច្បាស់​លាស់។ ថិរវេលា​​នៃ​​ការ​​ឃុំ​​ខ្លួន​​ខាង​​លើ​​នេះ​​មិន​ត្រូវ​​លើស​​ពី​​ពាក់ កណ្ដាល​​នៃ​​ទោស​​អប្បបរមា​​ដែល​​ច្បាប់​​បាន​​កំណត់​​នោះ​​ឡើយ តែ​​បើ​​កាល​ណា​​ឃុំ​ខ្លួន​​លើស គឺ​​ជា​​ការ​​ឃុំ​ខ្លួន​​ខុស​​ច្បាប់។

មក​​​ទល់​​​ពេល​​​នេះ មាន​​​សកម្ម​ជន​​គណបក្ស​​ប្រឆាំង​​ជាង ៦០​​នាក់​​ទៀត កំពុង​​ជាប់​ឃុំ​​ក្នុង​​ពន្ធនាគារ​​ដោយសារ​​តែ​​ការ​​អនុវត្ត​​សិទ្ធិ​​នយោបាយ​​របស់​​ពួក​​គាត់។ ពួក​គាត់​​ភាគ​​ច្រើន ត្រូវ​​បាន​​អាជ្ញាធរ​ចាប់​ខ្លួន​​ជា​​បន្ត​បន្ទាប់​​​កាល​ពី​​ដើម​​ឆ្នាំ២០២០ ។ តុលាការ​បាន​​ចោទ​ប្រកាន់​​ពួក​គេ​​ដូចៗ គ្នា គឺ​​ពី​​បទ​​រួម​​គំនិត​​ក្បត់ ញុះញង់​​ឲ្យ​យោធិន​​មិន​​ស្ដាប់​​បង្គាប់ និង​​ញុះញង់​​ឲ្យ​​ប្រព្រឹត្ត​​បទ​​ឧក្រិដ្ឋ​​ជា​​អាទិ៍។ មក​​ទល់​ពេល​​នេះ ​សកម្ម​​ជន​បក្ស​​ប្រឆាំង​​មួយ​​ចំនួន ជាប់​​ឃុំ ៣ឆ្នាំ ខ្លះ​ទៀត ២ឆ្នាំ​​​ហើយ ​ប៉ុន្តែ​​​ក្នុង​​​ចំណោម​​​អ្នក​​​ទាំង​​​នោះ​​​មួយ​​​ចំនួន គឺ​តុលាការ​ពុំ​ទាន់​យក​ទៅ​ជំនុំជម្រះ​នៅឡើយ​ទេ ។

ក្រុម​​អង្គ​ការ​​ជាតិ-​អន្តរ​ជាតិ​​ជា​​ច្រើន​​ស្ថាប័ន រួម​​ទាំង​​ទី​ភ្នាក់​ងារ​​អង្គការ​​សហប្រជាជាតិ​​​និង​​ក្រុម​​ប្រទេស​​ប្រជាធិបតេយ្យ​​ធំៗ ថ្កោល​ទោស​​ជា​​បន្ត​​បន្ទាប់​​ចំពោះ​​រដ្ឋាភិបាល លោក ហ៊ុន សែន ដោយ​​ចាត់​​ទុក​​ថា ការ​​ចាប់​​ខ្លួន​​ទាំង​​នេះ គឺ​​ជា​​រឿង​នយោបាយ គ្មាន​​មូលដ្ឋាន​​ច្បាប់ និង​​បន្ត​​ទាមទារ​​ឲ្យ​​ដោះ​លែង​​​​សមាជិក​​បក្ស​​ប្រឆាំង និង​អ្នក​​ជាប់​​ឃុំ​​ដោយ​សារ​​មូល​ហេតុ​​នយោបាយ​​ឱ្យ​​មាន​​សេរីភាព​​ឡើង​វិញ ដោយ​ឥត​​លក្ខ​ខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។