សាច់ញាតិ​ស្នើសុំ​តុលាការ​កំពូល​ឱ្យ​ដោះលែង​ប្រឆាំង​ខេត្តប៉ៃលិន លោក ស៊ុន ពិសិដ្ឋ ឱ្យ​មាន​សេរីភាព​វិញ

0:00 / 0:00

សាច់ញាតិ និង​មេធាវី​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ខេត្តប៉ៃលិន​ស្នើសុំ​តុលាការ​កំពូល​ដោះ​លែង លោក ស៊ុន ពិសិដ្ឋ ឲ្យ​នៅ​ក្រៅ​ឃុំ ស្រប​ពេល​សកម្មជន​ប្រឆាំង​ពីរ​នាក់ ស្ថិត​នៅ​ក្នុង​សំណុំរឿង​តែមួយ​ត្រូវ​បាន​តុលាការ​ថ្នាក់ក្រោម​ដោះលែង ក្រោយពេល​​ពួកគាត់​ចុះចូល​​​គណបក្ស​កាន់​អំណាច។ សំណើសុំ​នេះ​ធ្វើឡើង​ស្រប​ពេល តុលាការ​កំពូល​​គ្រោង​បើក​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​របស់​លោក ស៊ុន ពិសិដ្ឋ នៅ​ថ្ងៃ​ទី៨ ខែធ្នូ ខាង​មុខ​នេះ។

សាច់ញាតិ​មន្ត្រី​គណបក្ស​ប្រឆាំង​រំពឹង​ថា តុលាការ​កំពូល​នឹង​ដោះលែង​លោក ស៊ុន ពិសិដ្ឋ ឱ្យ​មាន​សេរីភាព​វិញ តាម​ការ​ស្នើសុំ​របស់​មេធាវី ដោយសារ​លោក ពុំ​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ទេ។

ម្ដាយ​របស់​លោក ស៊ុន ពិសិដ្ឋ គឺ​អ្នកស្រី វ៉ែន ដារ៉ា ដែល​ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​អូស្ត្រាលី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៤ ខែមករា​ថា ថ្មីៗ នេះ​មាន​មន្ត្រី​បក្ស​កាន់អំណាច​បាន​ផ្ញើ​សារ​សំឡេង​អូសទាញ​ឱ្យ​អ្នកស្រី​លើកដៃ​​សុំ​ទោស​ មេ​ដឹកនាំ​ក្រុង​ភ្នំពេញ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​កូន​ប្រុស ប៉ុន្តែ អ្នកស្រី​បដិសេធ​ជា​បន្ត​បន្ទាប់។ អ្នកស្រី​បញ្ជាក់​ថា អ្វី​ដែល​លោក ស៊ុន ពិសិដ្ឋ ត្រូវការ​នៅ​ពេល​នេះ គឺ​ការ​ដោះ​លែង​ឱ្យ​មាន​សេរីភាព ដោយ​គ្មាន​លក្ខខណ្ឌ​ដោះដូរ ពីព្រោះ​លោក​ជា​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ម្នាក់​ដែល​ស្អាតស្អំ តស៊ូ ស្មោះត្រង់ ដើម្បី​បុព្វជាតិ​ត​ជំនាន់​នៅ​តំបន់​ប៉ៃលិន ហើយ​គ្មាន​ប្រវត្តិ​ក្បត់​ជាតិ​ឡើយ។ អ្នកស្រី វ៉ែន ដារ៉ា សង្ឃឹម​ថា តុលាការ​កំពូល​លើក​យក​សំណុំ​រឿង​នយោបាយ​មួយ​នេះ ទៅ​សម្រេច​ក្ដី​ឈរ​លើ​ភាព​យុត្តិធម៌ ដោយ​ដោះ​លែង​លោក ស៊ុន ពិសិដ្ឋ ឱ្យ​ទៅ​ជួបជុំ​គ្រួសារ និង​ធ្វើឡើង​នយោបាយ​ឡើងវិញ។

អ្នកស្រី វ៉ែន ដារ៉ា៖ «ចាប់​បី​នាក់ ហើយ​ក៏​ដោះលែង​ពីរ​នាក់​ មក​ទម្លាក់​កំហុស​មក​ដាក់​លើ​កូន​របស់ខ្ញុំ ហើយ​អ្នក​ដែល​គេ​ដោះលែង​ហ្នឹង​សុំទោស​សម្ដេច ហ៊ុន សែន ហើយ​បាន​គេ​ដោះលែង ហើយ​កូន​របស់ខ្ញុំ​ថា​អត់​សុំទោស​អី​ទេ ដោយសារ​វា​អយុត្តិធម៌ ដក​គ្នា​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ​ហើយ មក​ចាប់​គ្នា​ដាក់​គុក​រឿង​នេះ​ទៀត»។

សំណើសុំ​នេះ បន្ទាប់​ពី​តំណាង​មហាអយ្យការ​អម​តុលាការ​កំពូល លោក ប៉ែន សារ៉ាត បង្គាប់​ឱ្យ​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ជូន​ដំណឹង​ទៅ​ជនជាប់ចោទ គឺ​លោក ស៊ុន ពិសិដ្ឋ ដែល​កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្តប៉ៃលិន ពី​បទ រួមគំនិតក្បត់ ថា​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​នឹង​លើក​យក​សំណុំរឿង​នេះ​ទៅ​បើក​សវនាការ នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែមករា។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក ស៊ុន ពិសិដ្ឋ គឺ​លោក អែម ចន្ថា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា សវនាការ​ខាងមុខ​នេះ គឺ​សវនាការ​ក្នុង​បណ្ដឹង​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដែល​ប្ដឹង​ទាស់​នឹង​ការសម្រេច​របស់​តុលាការ​ថ្នាក់ក្រោម​មិន​ឱ្យ​លោក ស៊ុន ពិសិដ្ឋ នៅ​ក្រៅ​ឃុំ​កន្លងមក។ លោក​រំលឹក​ថា លោក​ខកចិត្ត​ចំពោះ​សាលាឧទ្ធរណ៍​បាត់ដំបង​តម្កល់​សេចក្ដី​សម្រេច​សាលាដំបូង​ខេត្តប៉ៃលិន​ទុក​ជា​បានការ​ដដែល ដោយ​នៅ​ក្នុង​សំណុំរឿង​នេះ មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​នីតិវិធី​ពាក់ព័ន្ធ ការ​បើក​សវនាការ​ដោយ​គ្មាន​វត្តមាន​មេធាវី និង​ជនជាប់ចោទ​ទេ។ លោក អែម ចន្ថា រំពឹង​ថា តុលាការ​កំពូល​បើក​សវនាការ​អនុលោម​តាម​នីតិវិធី​ច្បាប់ និង​ដោះលែង​កូន​ក្ដី​របស់​លោក​ដែល​មិន​បាន​ជាប់ពាក់ព័ន្ធ​អង្គហេតុ​ចោទប្រកាន់​រឿង​ប្រមូល​មនុស្ស​ចេញ​តវ៉ា​ប្រឆាំង​គម្រោង CLV កន្លងមក​នោះ ឱ្យ​បាន​សេរីភាព​វិញ។

លោក អែម ចន្ថា៖ «ការពិត​នៅ​ក្នុង​អង្គហេតុ​នេះ គាត់​មិន​ពាក់ព័ន្ធ និង​មិន​ដឹង​រឿង​អ្វី​ទាំង​អស់​នៅ​ក្នុង​សាច់រឿង និង​បទ​ចោទ​នេះ ខ្ញុំ​សង្ឃឹម​ថា​តុលាការ​កំពូល​ពិចារណា​សម្រេច​ឱ្យ​កូនក្ដី​របស់ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​តុលាការ​កំពូល​អ្នកស្រី ម៉ៅ ធីតា ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី៤ ខែមករា។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី ដែល​ឃ្លាំមើល​ករណី​នេះ​កត់សម្គាល់​ថា លោក ស៊ុន ពិសិដ្ឋ បាន​រង​អំពើ​អយុត្តិធម៌​ជាបន្តបន្ទាប់ ចាប់តាំង​ពី​អាជ្ញាធរ​ខេត្តប៉ៃលិន​លុបឈ្មោះ​រូបលោក​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ រហូតដល់​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ហើយ​បញ្ហា​នេះ ត្រូវ​មជ្ឈដ្ឋាន​ទូទៅ​ចាត់​ទុក​ថា ជា​រឿង​នយោបាយ។ លោក​យល់​ថា តុលាការ​កំពូល​គួរតែ​ដោះ​លែង​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ឱ្យ​មាន​សេរីភាព​ដូច​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្តប៉ៃលិន​ពីរ​នាក់​ទៀត ដែល​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច ដើម្បី​បង្ហាញ​ពី​ការ​អនុវត្ត​ច្បាប់​ឈរ​លើ​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌។

លោក យិន ម៉េងលី៖ «អ៊ីចឹង​បើ​សិន​ជា​រឿង​របៀប​ហ្នឹង បទល្មើស​ដូចគ្នា ជា​មន្ត្រី​នៅ​អង្គភាព​តែមួយ​គ្នា ចាប់​នៅ​ពេល​វេលា​ជាមួយ​គ្នា អ្នក​សារភាព​កំហុស​ដោះលែង និង​អ្នក​រក្សា​ជំហរ​អត់​ឱ្យ​នៅ​ក្រៅ​ឃុំ​ ដោយ​បន្ត​មក​ដល់​តុលាការ​កំពូល​នេះ​ហើយ ដែល​គេ​មើល​ឃើញ​ថា ជា​រឿង​រ៉ាវ​នេះ​មាន​ចរិត​ជា​រឿង​នយោបាយ ដោយ​មិនមែន​ជា​រឿង​អនុវត្ត​ច្បាប់​ទេ ហើយ​បញ្ហា​នេះ​យើង​សង្កេត​ឃើញ​កើត​មាន​ឡើយ​ជាបន្តបន្ទាប់»។

សមត្ថកិច្ច​ខេត្តប៉ៃលិន​បាន​ចាប់​ខ្លួន​មន្ត្រី​បក្សប្រឆាំង​ចំនួន ៣នាក់ គឺ​លោក ឡោ ធន់ លោក ស៊ុន ពិសិដ្ឋ និង​លោក មាស កុល កាល​ពី​យប់​ថ្ងៃ​ទី១៧ ខែសីហា ឆ្នាំ២០២៤។ ការ​ចាប់​ខ្លួន​សមាជិក​បក្សជំទាស់​ទាំង​បី​រូប​នេះ អំឡុង​ពេល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដាក់​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​អ្នក​ទាំង​ឡាយ​ណា ដែល​ហ៊ាន​ចេញ​ធ្វើបាតុកម្ម ប្រឆាំង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA។

បន្ទាប់មក សមត្ថកិច្ច និង​តុលាការ​ខេត្តប៉ៃលិន​បាន​ដោះលែង​លោក មាស កុល លោក ឡោ ធន បន្ទាប់ពី​ពួកគាត់​ធ្វើ​វីដេអូ​ទម្លាក់​កំហុស​លើ​ខ្លួនឯង និង​វាយប្រហារ​លើ​មេ​ដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ហើយ​ប្រកាស​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច កាល​ពី​ដើម​ខែវិច្ឆិកា។ ប៉ុន្តែ​តុលាការ​ដែល​គេ​មើល​ឃើញ​ថា​ជា​ឧបករណ៍​នយោបាយ​របស់​បក្ស​កាន់​អំណាច​នោះ មិន​បាន​យក​ករណី​ដែល​នៅ​ក្នុង​សំណុំ​រឿង​ដូចៗ គ្នា​នោះ ទៅ​អនុវត្ត​បែប​នេះ​លើ​លោក ស៊ុន ពិសិដ្ឋ ដែល​នៅ​រក្សា​ជំហរ​រឹងមាំ​ជាមួយ​គណបក្ស​ជំទាស់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។