សាច់ញាតិ និងមេធាវីមន្ត្រីគណបក្សភ្លើងទៀនខេត្តប៉ៃលិនស្នើសុំតុលាការកំពូលដោះលែង លោក ស៊ុន ពិសិដ្ឋ ឲ្យនៅក្រៅឃុំ ស្របពេលសកម្មជនប្រឆាំងពីរនាក់ ស្ថិតនៅក្នុងសំណុំរឿងតែមួយត្រូវបានតុលាការថ្នាក់ក្រោមដោះលែង ក្រោយពេលពួកគាត់ចុះចូលគណបក្សកាន់អំណាច។ សំណើសុំនេះធ្វើឡើងស្របពេល តុលាការកំពូលគ្រោងបើកសវនាការលើបណ្ដឹងសាទុក្ខរបស់លោក ស៊ុន ពិសិដ្ឋ នៅថ្ងៃទី៨ ខែធ្នូ ខាងមុខនេះ។
សាច់ញាតិមន្ត្រីគណបក្សប្រឆាំងរំពឹងថា តុលាការកំពូលនឹងដោះលែងលោក ស៊ុន ពិសិដ្ឋ ឱ្យមានសេរីភាពវិញ តាមការស្នើសុំរបស់មេធាវី ដោយសារលោក ពុំបានប្រព្រឹត្តកំហុសអ្វីនោះទេ។
ម្ដាយរបស់លោក ស៊ុន ពិសិដ្ឋ គឺអ្នកស្រី វ៉ែន ដារ៉ា ដែលជាមន្ត្រីគណបក្សសង្គ្រោះជាតិកំពុងជ្រកកោននយោបាយនៅប្រទេសអូស្ត្រាលី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ ខែមករាថា ថ្មីៗ នេះមានមន្ត្រីបក្សកាន់អំណាចបានផ្ញើសារសំឡេងអូសទាញឱ្យអ្នកស្រីលើកដៃសុំទោស មេដឹកនាំក្រុងភ្នំពេញជាថ្នូរនឹងការដោះលែងកូនប្រុស ប៉ុន្តែ អ្នកស្រីបដិសេធជាបន្តបន្ទាប់។ អ្នកស្រីបញ្ជាក់ថា អ្វីដែលលោក ស៊ុន ពិសិដ្ឋ ត្រូវការនៅពេលនេះ គឺការដោះលែងឱ្យមានសេរីភាព ដោយគ្មានលក្ខខណ្ឌដោះដូរ ពីព្រោះលោកជាអ្នកនយោបាយបក្សប្រឆាំងម្នាក់ដែលស្អាតស្អំ តស៊ូ ស្មោះត្រង់ ដើម្បីបុព្វជាតិតជំនាន់នៅតំបន់ប៉ៃលិន ហើយគ្មានប្រវត្តិក្បត់ជាតិឡើយ។ អ្នកស្រី វ៉ែន ដារ៉ា សង្ឃឹមថា តុលាការកំពូលលើកយកសំណុំរឿងនយោបាយមួយនេះ ទៅសម្រេចក្ដីឈរលើភាពយុត្តិធម៌ ដោយដោះលែងលោក ស៊ុន ពិសិដ្ឋ ឱ្យទៅជួបជុំគ្រួសារ និងធ្វើឡើងនយោបាយឡើងវិញ។
អ្នកស្រី វ៉ែន ដារ៉ា៖ «ចាប់បីនាក់ ហើយក៏ដោះលែងពីរនាក់ មកទម្លាក់កំហុសមកដាក់លើកូនរបស់ខ្ញុំ ហើយអ្នកដែលគេដោះលែងហ្នឹងសុំទោសសម្ដេច ហ៊ុន សែន ហើយបានគេដោះលែង ហើយកូនរបស់ខ្ញុំថាអត់សុំទោសអីទេ ដោយសារវាអយុត្តិធម៌ ដកគ្នាចេញពីក្របខ័ណ្ឌរដ្ឋហើយ មកចាប់គ្នាដាក់គុករឿងនេះទៀត»។
សំណើសុំនេះ បន្ទាប់ពីតំណាងមហាអយ្យការអមតុលាការកំពូល លោក ប៉ែន សារ៉ាត បង្គាប់ឱ្យមន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ជូនដំណឹងទៅជនជាប់ចោទ គឺលោក ស៊ុន ពិសិដ្ឋ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តប៉ៃលិន ពីបទ រួមគំនិតក្បត់ ថាក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលនឹងលើកយកសំណុំរឿងនេះទៅបើកសវនាការ នៅព្រឹកថ្ងៃទី៨ ខែមករា។
មេធាវីការពារក្តីឱ្យលោក ស៊ុន ពិសិដ្ឋ គឺលោក អែម ចន្ថា ប្រាប់វិទ្យុអាស៊ីសេរីថា សវនាការខាងមុខនេះ គឺសវនាការក្នុងបណ្ដឹងស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្ន ដែលប្ដឹងទាស់នឹងការសម្រេចរបស់តុលាការថ្នាក់ក្រោមមិនឱ្យលោក ស៊ុន ពិសិដ្ឋ នៅក្រៅឃុំកន្លងមក។ លោករំលឹកថា លោកខកចិត្តចំពោះសាលាឧទ្ធរណ៍បាត់ដំបងតម្កល់សេចក្ដីសម្រេចសាលាដំបូងខេត្តប៉ៃលិនទុកជាបានការដដែល ដោយនៅក្នុងសំណុំរឿងនេះ មិនបានអនុវត្តត្រឹមត្រូវតាមនីតិវិធីពាក់ព័ន្ធ ការបើកសវនាការដោយគ្មានវត្តមានមេធាវី និងជនជាប់ចោទទេ។ លោក អែម ចន្ថា រំពឹងថា តុលាការកំពូលបើកសវនាការអនុលោមតាមនីតិវិធីច្បាប់ និងដោះលែងកូនក្ដីរបស់លោកដែលមិនបានជាប់ពាក់ព័ន្ធអង្គហេតុចោទប្រកាន់រឿងប្រមូលមនុស្សចេញតវ៉ាប្រឆាំងគម្រោង CLV កន្លងមកនោះ ឱ្យបានសេរីភាពវិញ។
លោក អែម ចន្ថា៖ «ការពិតនៅក្នុងអង្គហេតុនេះ គាត់មិនពាក់ព័ន្ធ និងមិនដឹងរឿងអ្វីទាំងអស់នៅក្នុងសាច់រឿង និងបទចោទនេះ ខ្ញុំសង្ឃឹមថាតុលាការកំពូលពិចារណាសម្រេចឱ្យកូនក្ដីរបស់ខ្ញុំបាននៅក្រៅឃុំ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការកំពូលអ្នកស្រី ម៉ៅ ធីតា ដើម្បីសាកសួរជុំវិញរឿងនេះបន្ថែមបានទេ នៅថ្ងៃទី៤ ខែមករា។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ដែលឃ្លាំមើលករណីនេះកត់សម្គាល់ថា លោក ស៊ុន ពិសិដ្ឋ បានរងអំពើអយុត្តិធម៌ជាបន្តបន្ទាប់ ចាប់តាំងពីអាជ្ញាធរខេត្តប៉ៃលិនលុបឈ្មោះរូបលោកចេញពីក្របខ័ណ្ឌមន្ត្រីរាជការ រហូតដល់ការចាប់ខ្លួនដាក់ពន្ធនាគារ ហើយបញ្ហានេះ ត្រូវមជ្ឈដ្ឋានទូទៅចាត់ទុកថា ជារឿងនយោបាយ។ លោកយល់ថា តុលាការកំពូលគួរតែដោះលែងមន្ត្រីបក្សប្រឆាំងរូបនេះ ឱ្យមានសេរីភាពដូចសកម្មជនបក្សប្រឆាំងនៅខេត្តប៉ៃលិនពីរនាក់ទៀត ដែលបានចុះចូលជាមួយបក្សកាន់អំណាច ដើម្បីបង្ហាញពីការអនុវត្តច្បាប់ឈរលើភាពត្រឹមត្រូវ និងយុត្តិធម៌។
លោក យិន ម៉េងលី៖ «អ៊ីចឹងបើសិនជារឿងរបៀបហ្នឹង បទល្មើសដូចគ្នា ជាមន្ត្រីនៅអង្គភាពតែមួយគ្នា ចាប់នៅពេលវេលាជាមួយគ្នា អ្នកសារភាពកំហុសដោះលែង និងអ្នករក្សាជំហរអត់ឱ្យនៅក្រៅឃុំ ដោយបន្តមកដល់តុលាការកំពូលនេះហើយ ដែលគេមើលឃើញថា ជារឿងរ៉ាវនេះមានចរិតជារឿងនយោបាយ ដោយមិនមែនជារឿងអនុវត្តច្បាប់ទេ ហើយបញ្ហានេះយើងសង្កេតឃើញកើតមានឡើយជាបន្តបន្ទាប់»។
សមត្ថកិច្ចខេត្តប៉ៃលិនបានចាប់ខ្លួនមន្ត្រីបក្សប្រឆាំងចំនួន ៣នាក់ គឺលោក ឡោ ធន់ លោក ស៊ុន ពិសិដ្ឋ និងលោក មាស កុល កាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។ ការចាប់ខ្លួនសមាជិកបក្សជំទាស់ទាំងបីរូបនេះ អំឡុងពេលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដាក់កម្លាំងសមត្ថកិច្ចបង្ក្រាបអ្នកទាំងឡាយណា ដែលហ៊ានចេញធ្វើបាតុកម្ម ប្រឆាំងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។
បន្ទាប់មក សមត្ថកិច្ច និងតុលាការខេត្តប៉ៃលិនបានដោះលែងលោក មាស កុល លោក ឡោ ធន បន្ទាប់ពីពួកគាត់ធ្វើវីដេអូទម្លាក់កំហុសលើខ្លួនឯង និងវាយប្រហារលើមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ហើយប្រកាសចុះចូលជាមួយបក្សកាន់អំណាច កាលពីដើមខែវិច្ឆិកា។ ប៉ុន្តែតុលាការដែលគេមើលឃើញថាជាឧបករណ៍នយោបាយរបស់បក្សកាន់អំណាចនោះ មិនបានយកករណីដែលនៅក្នុងសំណុំរឿងដូចៗ គ្នានោះ ទៅអនុវត្តបែបនេះលើលោក ស៊ុន ពិសិដ្ឋ ដែលនៅរក្សាជំហររឹងមាំជាមួយគណបក្សជំទាស់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
