សាច់ញាតិរបស់ជនរងគ្រោះពីយុទ្ធនាការបង្ក្រាបលើគណបក្សប្រឆាំងសង្ឃឹមថា នឹងមានការដោះលែងអ្នកជាប់ចោទនយោបាយទាំងអស់ ក្រោយពេលពួកគេទទួលដំណឹងថា ក្រសួងយុត្តិធម៌សម្រេចបន្ធូរបន្ថយ និងលើកលែងទោសឲ្យទណ្ឌិត ចំនួន៥១២នាក់ នៅទូទាំងប្រទេស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក។
ក្រុមគ្រួសាររបស់មន្ត្រី និងសកម្មជនបក្សប្រឆាំង ចង់ឲ្យរបបក្រុងភ្នំពេញ អន្តរាគមន៍ដោះលែងអ្នកទោសនយោបាយ ក្នុងឱកាសបុណ្យអុំទូកខាងមុខ។ កូនប្រុសរបស់ជំទប់ទី១ ជាប់ឆ្នោត នៅឃុំព្រែកស្ដី ស្រុកស្អាង ខេត្តកណ្ដាល លោក ឈុន ថៃ គឺលោក ថៃ សែនកុសល ប្រាប់ថា លោកចង់ឲ្យរដ្ឋាភិបាល ដោះលែងឪពុករបស់លោកដែរ ព្រោះពេលនេះ ឪពុករបស់លោកធ្លាក់ខ្លួនឈឺខ្លាំងក្នុងពន្ធនាគារ គឺដើរលែងរួច។
លោកថា លោក ឈុន ថៃ ត្រូវបានមន្ត្រីពន្ធនាគារអៀវ និងពេលខ្លះ ត្រូវសែងមកជួបលោក នៅកន្លែងជួបសាច់ញាតិក្នុងពន្ធនាគារ ខណៈខាងពន្ធនាគារអនុញ្ញាតឲ្យលោកជួបឪពុកបាន២ដង ក្នុងមួយសប្ដាហ៍។ លោកអង្វរឲ្យ រដ្ឋាភិបាលដោះលែងឪពុក ទាំងមុន ឬកំឡុងពេលបុណ្យអុំទូក ដើម្បីឲ្យបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ៖ « ឥឡូវ គាត់ដើរលែងរួចហើយបង។ គាត់មកជួបខ្ញុំ ក៏គេអៀវ គេសែងដែរ អ៊ីចឹងណាបង។ គាត់មានជំងឺអារលាកសន្លាក់ហ្នឹង វាធ្ងន់ធ្ងរ។ គាត់ហើមជើង ហើយនឹងឆ្អឹងសន្លាក់ហ្នឹង ហើយនឹងឆ្អឹងចង្កេះគាត់ ដែលខុសប្រក្រតី។ ឥឡូវឈឺធ្ងន់ធ្ងរ ហើយគាត់ខំប្រឹងព្យាយាមទប់ចិត្ត ទប់អារម្មណ៍ ហើយឈឺលំបាកណាស់ បានតែថ្នាំលេប»។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា បានសម្រេចថា នឹងស្នើសុំ ទៅមេដឹកនាំរបបក្រុងភ្នំពេញ ឲ្យថ្វាយព្រះមហាក្សត្រ បន្ធូរបន្ថយទោស និងលើកលែងទោស ឲ្យទណ្ឌិតចំនួន ៥១២នាក់ ក្នុងឱកាសបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩នេះ។ ហ្វេសប៊ុក (facebook) របស់ក្រសួងយុត្តិធម៌ សរសេរថា អ្នកទោស ដែលត្រូវស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស មកពីពន្ធនាគាររាជធានី ខេត្ត ចំនួន២៣ និងមកពីមណ្ឌលអប់រំកែប្រែចំនួន៤។ ការសម្រេចនេះ ធ្វើឡើងក្រោយពេល លោក អង្គវង្ស វឌ្ឍនា បានពិនិត្យមើលបញ្ជីឈ្មោះ អ្នកទោសទាំងនេះ កាលពីថ្ងៃទី២១ តុលា។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីក្រុមអ្នកនាំពាក្យក្រសួងយុត្តិធម៌បានទេ នៅថ្ងៃទី២២ តុលា ដោយសារទូរស័ព្ទលោក ជិន ម៉ាលីន មិនអាចទាក់ទងបាន។ រីឯលោក គឹម សន្តិភាព ចុចបិទ ពេលទូរស័ព្ទចូល។ ចំណែកអគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ នៃក្រសួងយុត្តិធម៌ លោក សុច សុផាន់ណារ៉ា ប្រាប់ថា កំពុងរវល់ប្រជុំ ដោយឲ្យទូរស័ព្ទទៅពេលក្រោយ តែលោក មិនទទួលទូរស័ព្ទ នៅពេលទាក់ទងទៅម្ដងទៀត។
តែយ៉ាងណា លោក សុច សុផាន់ណារ៉ា ប្រាប់សារព័ត៌មានក្នុងស្រុក (VOD) ថា អ្នកត្រូវបន្ធូរបន្ថយទោស និងលើកលែងទោសទាំង ៥១២នាក់ គឺជាទណ្ឌិតកំពុងជាប់គ្រប់ពន្ធនាគារ ហើយក្នុងចំណោមនោះ មានទណ្ឌិតជាជនបរទេស គឺជនជាតិវៀតណាម ជនជាតិចិន និងជនជាតិដទៃទៀត ប្រមាណពី ១០ ទៅ ១៥ភាគរយ។ លោកបញ្ជាក់ថា ទណ្ឌិតដែលត្រូវបន្ធូរបន្ថយទោស និងលើកលែងទោស ត្រូវតែជាអ្នកទោស មានការប្រកាសសាលក្រមស្ថាពររួចរាល់ ទើបអាចទទួលបានការលើកលែងពិសេស ក្នុងពិធីបុណ្យអុំទូកខាងមុខ។
បច្ចុប្បន្ន ចំនួនអ្នកទោសកំពុងជាប់ពន្ធនាគារទូទាំងប្រទេស មានចំនួនប្រមាណជាង ៣ម៉ឺន (៣៤.០០០) នាក់ ក្នុងនោះមានស្រ្តីជាង ១ពាន់ (១.០០០) នាក់។ ចំណែកអ្នកជាប់ពន្ធនាគារ ជាជនជាតិបរទេស ចំនួនជាង ១ពាន់ (១.០០០) នាក់។
ការស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោស គឺត្រូវអនុវត្តតាមនីតិវិធីច្បាប់ធ្វើឡើងតែចំពោះទណ្ឌិតទាំងឡាយណា ដែលអនុវត្តទោសបានមួយភាគបី (១/៣) នៃទោសជាប់ពន្ធនាគារ ទើបអាចស្នើសុំបន្ធូរបន្ថយទោសបាន។ ចំណែកអ្នកទោស ដែលបានអនុវត្តទោសជាប់ពន្ធនាគារបានពីរភាគបី (២/៣) នៃទោស អាចស្នើសុំលើកលែងទោសបាន។ ក៏ប៉ុន្តែមិនមែនគ្រប់ទណ្ឌិត ដែលមានលក្ខខណ្ឌទាំងពីរនេះ សុទ្ធតែត្រូវទទួលការបន្ធូរបន្ថយទោស និងលើកលែងទោសទេ គឺទាក់ទងទៅនឹងអត្តចរិត ចំពោះការកែប្រែខ្លួន នៅក្នុងពន្ធនាគារដែរ។ ចំណែកប្រមុខរដ្ឋាភិបាល មានសិទ្ធិពិសេស អាចស្នើថ្វាយព្រះមហាក្សត្រលើកលែងទោសទណ្ឌិតបានគ្រប់ពេលវេលា។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ សង្កេតឃើញថា ក្រោយមានការរិះគន់ខ្លាំងៗមក ការបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត មានការវិវត្តន៍ជាវិជ្ជមានច្រើន ដែលផ្ទុយពីពេលមុន មានភាពមិនប្រក្រតី ឬ អំពើពុករលួយនៅពេលស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសម្ដងៗ។
លោក សន ជ័យ យល់ថា បើទោះច្បាប់ មិនបើកផ្លូវឲ្យអ្នកទោសនយោបាយ ឬអ្នកទោសមនសិការ ដែលមិនទាន់មានសាលក្រម អាចស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ឬលើកលែងការចោទប្រកាន់បានមែន តែបើមានឆន្ទៈនយោបាយ ឬ ចង់ឲ្យស្ថានភាពនយោបាយធូរស្រាល រដ្ឋាភិបាលនៅតែអាចធ្វើបាន តាមរយៈរូបភាពផ្សេងៗបាន៖ « អាចថារូបភាព ដែលរដ្ឋាភិបាលស្នើទៅព្រះមហាក្សត្រ ហើយនិងមធ្យោបាយផ្សេងៗទៀត ដែលគេអាចធ្វើទៅបាន នៅក្នុងក្របខណ្ឌច្បាប់។ ទោះបីយើងមើលទៅសម្រាប់អ្នកទោសមនសិការ ឬក៏អ្នកទោសនយោបាយ ក៏នៅតែមានច្រកចេញដែរ បើសិនគេហៅ ថា ជាការចង់បន្ធូរបន្ថយនូវបរិយាកាសនយោបាយ ជាពិសេសសំណុំរឿងទាក់ទងនឹងអ្នកនយោបាយ។ អ្នកដែលត្រូវគេឃុំខ្លួនបណ្ដោះអាសន្នអ្វីជាដើមហ្នឹង គួរតែមានច្រកចេញដែរ មិនអត់ទេ ដរាបណាភាគីអនុវត្តច្បាប់ហ្នឹង មានឆន្ទៈពិតប្រាកដ»។
ច្បាប់ស្ដីពីក្រមព្រហ្មទណ្ឌ និងច្បាប់ស្ដីពីពន្ធនាគារ ចែងក្នុងន័យថា ការបន្ធូរបន្ថយ និងលើកលែងទោស អាចធ្វើឡើងបាន៣ដងក្នុងមួយឆ្នាំ គឺក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណី បុណ្យពិសាខបូជា និងព្រះរាជពិធីបុណ្យអុំទូក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
