អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត សម្រុកចាប់សកម្មជនសង្គម និងនយោបាយដាក់គុក ខណៈគ្រួសារទាមទារឱ្យដោះលែង
2024.08.03
សកម្មជនសង្គម និងសកម្មជននយោបាយយ៉ាងហោច១៥នាក់ ត្រូវបានអាជ្ញាធរក្រោមអំណាចដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត ចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់នៅក្នុងខែកក្កដា។ ចរន្តនៃចាប់ខ្លួនសកម្មជននេះ ទោះបី កន្លងមករដ្ឋាភិបាលព្យាយាមបកស្រាយថាជាការអនុវត្តច្បាប់ក្តី សហគមន៍ជាតិ និងអន្តរជាតិចាត់ទុកការចាប់ខ្លួនសកម្មជនទាំងនោះ គឺជាការគំរាមកំហែងបាក់ស្មារតី និងរារាំងប្រជាពលរដ្ឋខ្មែរមិនឱ្យចូលកិច្ចការងារសង្គម។
ក្នុងចំណោមអ្នកជាប់ឃុំ១៥នាក់ដែលអាជ្ញាធររដ្ឋាភិបាលចាប់ដាក់ពន្ធនាគារនោះ មាន៥នាក់ជាយុវជនចលនាមាតាធម្មជាតិ ។ ចំណែក៥នាក់ទៀត ពួកគាត់គឺសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងយុវជនសង្គម។ ទន្ទឹមនឹងនេះ សមត្ថកិច្ចបានចាប់ខ្លួនសកម្មជនបក្សប្រឆាំង៥នាក់ទៀតនៅខេត្តកំពង់ស្ពឺ និងស្វាយរៀងដាក់ពន្ធនាគារជាបន្តបន្ទាប់។ ក្រោយការចាប់ខ្លួនហើយ សមត្ថកិច្ចនៅតែបន្តធ្វើទុក្ខបុកម្នេញពួកគេនៅក្នុងពន្ធនាគារបន្ថែមទៀត។ ករណីនេះកើតឡើងបន្ទាប់ពីលោក ហ៊ុន សែន មេបក្សកាន់អំណាចបញ្ជាឱ្យដៃជើងរបស់លោកអនុវត្តផែនការកម្ទេចកម្លាំងគណបក្សប្រឆាំងនៅតាមមូលដ្ឋាន ដើម្បីកុំចូលរួមប្រកួតជាមួយបក្សកាន់អំណាចនៅពេលខាងមុខ។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលោកស្រី សឿន គន្ធា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០២ ខែសីហាថាសាច់ញាតិបានចូលជួបលោក ស្រ៊ុន ស្រ៊ន និងលោក សាន សិទ្ធិ នៅក្នុងពន្ធនាគារដោយពួកគាត់មានសុខភាព និងស្មារតី នៅតែរឹងមាំធម្មតា។ ប៉ុន្តែអាជ្ញាធរពន្ធនាគារម២ មិនទាន់អនុញ្ញាតឱ្យសាច់ញាតិទៅជួបកញ្ញា ភឹង សោភា ក្រោមហេតុផលធ្វើចត្តាឡីស័ករយៈពេល២ពីរសប្តាហ៍។ លោកស្រីស្នើឱ្យតុលាការប្រកាន់គោលការណ៍យុត្តិធម៌ និងឥតលម្អៀងដល់គ្រប់ភាគីទាំងអស់ ហើយដោះលែងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យមានសេរីភាពដើម្បីបន្តការងារសម្រាប់ប្រយោជន៍ដល់សង្គមតទៀត។
លោកស្រី សឿន គន្ធា៖ «យើងខ្ញុំត្រូវការតែយុត្តិធម៌ទេ សូមតែយុត្តិធម៌ទាំងសងខាងមិនថាពលរដ្ឋដូចជាពួកគាត់ហ្នឹង សូមឱ្យតុលាការផ្តល់យុត្តិធម៌ រកឱ្យឃើញចំណុចណាមួយដែលទាក់ទងការចោទប្រកាន់ហ្នឹងឱ្យត្រូវហ្នឹងច្បាប់ចា៎ សូមតុលាការចោទប្រកាន់យើងហ្នឹងក៏ដោយសូមឱ្យគាត់ទទួលបានយុត្តិធម៌ដែរ បើមានកំហុសខុសឆ្គងណាមួយត្រូវទទួលស្គាល់ការពិត»។
ប្រពន្ធជំទប់ទី២ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ លោក តុ តារា គឺលោកស្រី ឈួន ចាន់រី ដែលធ្វើការងារជាកម្មកររោងចក្រនោះប្រាប់វិទ្យុអាស៊ីសេរីបន្ទាប់ពីជួបសួរសុខទុក្ខប្តីនៅពន្ធនាគារខេត្តកំពង់ស្ពឺថា ការចាប់ប្តីដែលបង្គោលគ្រួសារដាក់គុក បានធ្វើឱ្យគ្រួសាររស់នៅរងទុក្ខលំបាកទាំងផ្លូវកាយនិងចិត្ត ដោយប្រពន្ធព្រាត់ប្តី កូនយំនឹកឪពុករាល់ថ្ងៃ ចំណែកជីវភាពគ្រួសារវិញកាន់តែលំបាក។ លោកស្រីស្នើឲ្យតុលាការខេត្តកំពង់ស្ពឺដោះលែងប្តីលោកស្រីវិលទៅជួបជុំគ្រួសារ ព្រោះប្តីលោកស្រីមិនបានញុះញង់ និងជេរប្រមាថអ្នកដទៃដូចការចោទប្រកាន់នោះឡើយ។
លោកស្រី ឈួន ចាន់រី ៖ «គាត់នៅផ្ទះរឹងមាំដល់ពេលទៅដល់ហ្នឹងគាត់រាងស្លេកស្លាំង ខ្ញុំទទួលយកអត់បានទេ រឿងហ្នឹងវាអយុត្តិធម៌ណាស់សម្រាប់ប្តីរបស់ខ្ញុំ។ ខ្ញុំស្នើឱ្យតុលាការដោះលែងប្តីរបស់ខ្ញុំមកវិញមក»។
ចំណែកគ្រួសារយុវជនចលនាមាតាធម្មជាតិបានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី០២ ខែសីហា ដោយបង្ហាញពីទឹកចិត្តម្តាយនឹករលឹកកូនដែលបានបាត់សេរីភាពអស់រយៈមួយខែមកនេះ។ ម្តាយយុវជន លី ចាន់ដារ៉ាវុត គឺលោកស្រី នារី សម្បត្តិ បានសរសេរសារថាខែមុនកូនកំណត់បន្តិច ដោយសារលោកស្រីបានទៅជួបមុខកូនតែម្តងគត់ គឺទៅលើកទីមួយមិនបានជួបកូន បន្ទាប់មកលោកស្រីទៅជួបកូនទាំងឈឺរហូតដល់ពេលនេះ។ តែយ៉ាងណាលោកស្រីនឹងព្យាយាមទៅជួបកូនឱ្យបានច្រើន។
ទាក់ទងរឿងនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃលោក នុត សាវនា ប្រាប់វិទ្យុអាស៊ីសេរីតាមប្រព័ន្ធតេឡេក្រាមថា សមត្ថកិច្ចបានបញ្ជូន លោក ស្រ៊ុន ស្រ៊ន ទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង (ម៣) លោក សាន សិទ្ធិ លោក ចក់ ប៊ានមុន្នី និងលោក ធែល ធីលែន ត្រូវបានឃុំខ្លួននៅពន្ធនាគារម១ ហើយកញ្ញា ភឹង សោភា ឃុំនៅពន្ធនាគារម២ នៅរាជធានីភ្នំពេញ។ ចំណែកករណីមន្ត្រីពន្ធនាគារមិនអនុញ្ញាតឱ្យគ្រួសារចូលជួបសួរសុខទុក្ខវិញ លោកបញ្ជាក់ថានេះជាគោលការណ៍ដែលអ្នកជាប់ឃុំថ្មីនៅពន្ធនាគារម២ តម្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ប៉ុន្តែគ្រួសារអាចផ្ញើសម្ភារៈទៅឱ្យអ្នកជាប់ឃុំបានជាធម្មតា។
លោក នុត សាវនា៖ «ពន្ធនាគារកន្លែងផ្សេងប្រហែលមានករណីពិសេស គេមើលទៅថាវាចាំបាច់ និយាយទៅការជួបគ្រួសារវាចាំបាច់ហើយ ប៉ុន្តែការអនុវត្តនេះជាការអនុវត្តគោលការណ៍ នីតិវិធី រក្សាសន្តិសុខសុវត្ថិភាព ជាពិសេសគឺត្រួតពិនិត្យជំងឺឆ្លង និងបញ្ហាសុខភាព»។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក យិន ម៉េងលី មានប្រសាសន៍ថា ករណីចាប់ខ្លួនសកម្មជនសង្គម និងនយោបាយបានកើនឡើងគួរឱ្យព្រួយបារម្ភ ខណៈសហគមន៍អន្តរជាតិរិះគន់ និងស្នើឱ្យរដ្ឋាភិបាលបើកលំហសេរីភាពពលរដ្ឋឱ្យប្រសើរឡើងវិញ។
លោក យិន ម៉េងលី៖ «មិនមែនតែសង្គមស៊ីវិល ប្រជាពលរដ្ឋទេ សូម្បីអ្នករាយការណ៍ពិសេសក៏លោកមើលឃើញបញ្ហានេះដែរបាទ អ៊ីចឹងហើយបានជាយើងឃើញថាការចាប់ខ្លួនទាក់ទងនឹងបទល្មើសទាក់ទងនឹងសេរីភាពបញ្ចេញមតិដែលសហគមន៍អន្តរជាតិថា វាមិនមែនជាបទល្មើសទេ»។
មន្ត្រីសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលលើកឡើងថា ការចាប់អ្នកនយោបាយ ឬសកម្មជនសង្គម ដាក់ពន្ធនាគារកន្លងមក មិនមែនជាការអនុវត្តច្បាប់នោះទេ ប៉ុន្តែអ្នកកាន់អំណាចប្រើប្រព័ន្ធតុលាការធ្វើទុក្ខបុកម្នេញលើសំឡេងប្រឆាំង និងបំបិទមាត់អ្នករិះគន់រដ្ឋាភិបាល។ ពួកគាត់ស្នើដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បញ្ឈប់យកគុក ចាប់ពង្រត់ពួកគេឱ្យបែកបាក់គ្រួសារ និងបង្កការឈឺចាប់ដោយសារតែរឿងនយោបាយតទៅទៀត។
ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេល ៧ថ្ងៃ កាលពីថ្ងៃទី២៦ ខែកក្កដា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាលោក វិទិត មុនតាប៊ន(Vitit Muntarbhorn) រកឃើញថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបន្តធ្លាក់ចុះ បើទោះជាកម្ពុជាមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំរដ្ឋាភិបាលក្ដី។ លោកជំរុញដល់ដ្ឋាភិបាលឱ្យបើកលំហសិទ្ធិពលរដ្ឋ និងនយោបាយ ដើម្បីធានាឱ្យបាននូវការបោះឆ្នោតដែលមានគណបក្សជាច្រើនចូលរួម ព្រមទាំងកំណែទម្រង់ប្រព័ន្ធតុលាការ និងបញ្ឈប់ការចោទអ្នកទោសនយោបាយ និងអ្នករិះគន់តទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។