ក្រុមគ្រួសារសកម្មជនគណបក្សប្រឆាំងស្នើឱ្យអាជ្ញាធរផ្តល់ព័ត៌មានជាក់លាក់ ជុំវិញការចាប់ខ្លួនសមាជិកគ្រួសាររបស់ពួកគេម្នាក់ដើម្បីឱ្យពួកគេងាយស្រួលស្វែងរកការជួយជ្រោមជ្រែងផ្នែកច្បាប់ពីមន្ត្រីសង្គមស៊ីវិល និងមេធាវី។ ពួកគេស្នើសុំដូច្នេះ គឺក្រោយពេលអាជ្ញាធរខេត្តកណ្ដាលបានចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងម្នាក់ គឺលោក ម៉ៅ សារិទ្ធ ដោយមិនបានផ្តល់ដំណឹងច្បាស់លាស់ទៅក្រុមគ្រួសារ។
កូនស្រីលោក ម៉ៅ សារិទ្ធ កញ្ញា ម៉ៅ គឹមស្រីលាង ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៨ មេសាថា ក្នុងពេលអាជ្ញាធរចាប់ខ្លួនឪពុកនាងបានទូរស័ព្ទប្រាប់ក្រុមគ្រួសារតែម្ដងគត់ នៅវេលាម៉ោងជិត ២រសៀលកាលពីថ្ងៃទី១១ មេសា។ ជាងនេះទៀត នៅថ្ងៃបន្ទាប់ពីមានមនុស្សមិនស្គាល់អត្តសញ្ញាណបានទូរស័ព្ទប្រាប់ក្រុមគ្រួសាររបស់នាងយ៉ាងខ្លីថា សមត្ថកិច្ចបានបញ្ជូនលោក ម៉ៅ សារិន ទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាលហើយរួចក៏ផ្ដាច់ទូរស័ព្ទទៅវិញ៖ «គេចាប់ខ្លួនគាត់នៅថ្ងៃទី១១ គាត់ប្រាប់ខ្ញុំថា លាងគេចាប់ប៉ាហើយ នៅប៉ុស្តិ៍ទឹកខ្មៅ ហើយខ្ញុំក៏សួរគាត់ថា មូលហេតុអីប៉ា ? គាត់ថា អត់ដឹងទេ ? មកសិនមក ហើយខ្ញុំក៏ជិះដល់ប៉ុស្តិ៍ហ្នឹងហើយ ក៏ទាក់ទងគាត់អត់ចូលរហូត មកដល់ថ្ងៃហ្នឹងបង។ ខ្ញុំចង់ឱ្យគេរកយុត្តិធម៌ ឱ្យប៉ាខ្ញុំអ៊ីចឹង ព្រោះអីរាល់ថ្ងៃ ខ្ញុំមានបងប្អូនច្រើន យាយគាត់ចាស់ហើយខ្ញុំរំពឹងលើប៉ាខ្ញុំអ៊ីចឹង »។
លោក ម៉ៅ សារិទ្ធ គឺជាសកម្មជនគណបក្សសង្គ្រោះជាតិ រស់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងជាអតីតអ្នកបើករថយន្តឱ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និងតំណាងរាស្ត្រគណបក្សប្រឆាំងម្នាក់ទៀត លោក សាន សាង។ លោកត្រូវបានអាជ្ញាធរចាប់ខ្លួន នៅក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១១ ខែមេសា ដោយពុំបង្ហាញមូលហេតុ និងដីកាពីតុលាការឡើយ។ ក្រុមគ្រួសារទើបតែផ្តល់ព័ត៌មានពីបញ្ហានេះ ដោយសារភ័យខ្លាចអាជ្ញាធរធ្វើទុក្ខបុកម្នេញ។
ប្រពន្ធសកម្មជនបក្សប្រឆាំងរូបនេះ លោកស្រី យ៉ាន់ ផាន់នី ព្រួយបារម្ភពីសុវត្ថិភាពប្តីយ៉ាងខ្លាំងព្រោះតាំងពីអាជ្ញាធរចាប់ខ្លួន គ្រួសារលោកស្រីពុំទាន់ទទួលដំណឹងទាល់តែសោះ។ លោកស្រីថា អាជ្ញាធរគួរតែផ្តល់ព័ត៌មានច្បាស់លាស់ពីមូលហេតុនៃការចាប់ខ្លួនមិនគួរលាក់បាំងដូច្នោះទេ។ លោកស្រីចាត់ទុកការចាប់ខ្លួននេះ ជាការធ្វើបាបគ្រួសារលោកស្រីទាំងផ្លូវកាយ និងចិត្តយ៉ាងអយុត្តិធម៌៖ «អត់ពីគាត់ទៅពិបាកហ្មងកាលពីមុនភ្លើងឆេះផ្ទះ ដល់ពេលអ៊ីចឹង បងអត់មានលុយមានកាក់រហូតដែរ។ អត់ពីគាត់ទៅពិបាកមែនទែនកូនតូចៗ »។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បដិសេធផ្តល់បទសម្ភាសឱ្យអាស៊ីសេរី ព្រោះលោកកំពុងជាប់រវល់។ រីឯស្នងការនគរបាលខេត្តកណ្ដាល លោក ឈឿន សុចិត្រ និងអ្នកនាំពាក្យតុលាការខេត្តកណ្ដាល លោក សូ សារិន ក៏អាស៊ីសេរីមិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃទី២៨ មេសា ព្រោះពួកលោកមិនលើកទូរស័ព្ទ។
ចំណែកអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា វិញ ប្រាប់អាស៊ីសេរីថា លោកមិនដឹងរឿងនេះទេ។ លោកពន្យល់ថា ប្រសិនបើមានដីកាចាប់ខ្លួន និងឃាត់ខ្លួនពីតុលាការនគរបាលមិនចាំបាច់ផ្តល់ដំណឹងទៅក្រុមគ្រួសារនោះទេ៖ «បើមានដីកាចាប់ខ្លួន និងដីកាឃាត់ខ្លួនមិនចាំបាច់ផ្តល់ដំណឹងជូនទេ លើកលែងតែគេមានសេចក្ដីជូនដំណឹងអី។ អាហ្នឹងវាអាចម្ដងពីរដង បីដង »។
ជុំវិញរឿងនេះ មន្ត្រីសង្គមស៊ីវិលពន្យល់ថា សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យណាមួយ ទោះបីជាបទល្មើសជាក់ស្ដែង និងមានដីកាពីតុលាការក្ដី ចាំបាច់ត្រូវផ្តល់ដំណឹងទៅក្រុមគ្រួសារជនសង្ស័យ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ពន្យល់ថា ក្រុមគ្រួសារអ្នកដែលអាជ្ញាធរចាប់ខ្លួនមានសិទ្ធិដឹងឮពីកំហុសឆ្គង និងកន្លែងដែលបញ្ជូនទៅឃុំខ្លួន ដើម្បីងាយស្រួលពឹងមេធាវីការពារក្តី។ លោកបញ្ជាក់ថា ផ្អែកតាមច្បាប់ អាជ្ញាធរត្រូវផ្តល់ដំណឹង ទៅក្រុមគ្រួសារជនសង្ស័យជាបន្ទាន់ ក្រោយពីចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួន៖ «កន្លងទៅនេះ យើងឃើញថា ការចាប់ខ្លួននេះ វាមានច្រើន ដែលយើងគួរឱ្យព្រួយបារម្ភ ក៏ប៉ុន្តែទោះយ៉ាងណាក៏ដោយ ការចាប់ខ្លួនទាំងឡាយ ក៏គួរឱ្យក្រុមគ្រួសារគដឹង ពីការចាប់ខ្លួនហ្នឹង ដោយមូលហេតុអី ហើយគេអាចរកមេធាវី ដើម្បីធ្វើការការពារសិទ្ធិដល់អ្នកដែលត្រូវបានចាប់ខ្លួន»។
ជុំវិញរឿងនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ចាត់ទុកការចាប់ខ្លួនសកម្មជនបក្សប្រឆាំងរូបនេះថា ជាការគំរាមកំហែង និងបំបាក់ស្មារតី មិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សសង្គ្រោះជាតិ។ លោកថា សកម្មជនបក្សប្រឆាំងរូបនេះ តែងតែទាមទារ និងតវ៉ា ទាមទារឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារយ៉ាងអយុត្តិធម៌៖ «ដូច្នេះខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ធ្វើយ៉ាងម៉េចដាក់សម្ពាធបន្ថែមទៀតទៅលើរបបក្រុងភ្នំពេញ ឱ្យមានការដោះលែង លោក ម៉ៅ សារិទ្ធ និងអ្នកទោសនយោបាយដទៃទៀត ដែលកំពុងជាប់ឃុំយ៉ាងអយុត្តិធម៌»។
គិតមកទល់ពេលនេះ មានសកម្មជនគណបក្សសង្គ្រោះជាតិ សកម្មជនបរិស្ថាន និងសកម្មជនសង្គមជាង ៨០នាក់ហើយ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយពួកគេភាគច្រើនជាប់ចោទពីបទរួមគំនិតក្បត់ និងបទញុះញង់។ សកម្មជនគណបក្សប្រឆាំងមួយចំនួន ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ឃុំខ្លួនក្នុងពន្ធនាគារជាងមួយឆ្នាំហើយ ប៉ុន្តែតុលាការមិនទាន់រកឃើញកំហុសរបស់ពួកគេបែបណានៅឡើយទេ ខណៈសហគមន៍ជាតិ និងអន្តរជាតិ ចាត់ទុកករណីទាំងនេះថា ជារឿងនយោបាយ និងជាការចាប់ខ្លួនពលរដ្ឋតាមទំនើងចិត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។