មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគលើកឡើងថា ក្រុមប្រទេសប្រជាធិបតេយ្យ នឹងលើកឡើងពីបញ្ហាធ្លាក់ចុះការគោរពសិទ្ធិមនុស្សនៅកម្ពុជា និងបណ្ដាប្រទេសអាស៊ាន ជាពិសេស បញ្ហានៅភូមាមកជជែកក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ ខាងនេះ។ កិច្ចប្រជុំនេះមិនមានតំណាងរបបសឹកនៃប្រទេសមីយ៉ានម៉ា ឬភូមាចូលរួមទេ។
មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគលើកឡើងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះខាងមុខនេះ នឹងមានការលើកឡើងពីបញ្ហាអសន្តិសុខក្នុងតំបន់ និងពិភពលោក រួមទាំងបញ្ហាសិទ្ធិមនុស្សផងដែរ។ ពួកគេយល់ថា សហរដ្ឋអាមេរិកអាចសួរនាំកម្ពុជាជាថ្មីទៀតពីបញ្ហាមូលដ្ឋានកងទ័ពចិន នៅកំពង់ផែយោធាខេត្តព្រះសីហនុ ព្រោះករណីនេះអាចបង្កបញ្ហាអសន្តិសុខក្នុងតំបន់។
ប្រធានអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថា សហរដ្ឋអាមេរិក និងប្រទេសប្រជាធិបតេយ្យផ្សេងទៀត នៅតែបារម្ភពីការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា និងប្រទេសសមាជិកអាស៊ាន ជាពិសេស បញ្ហានៅភូមា។ លោកយល់ថា អាស៊ាន គួរពិចារណា ព្យួរសមាជិកភាពនៃប្រទេសភូមាចេញពីសមាគមអាស៊ានសិន ព្រោះពេលនេះរបបសឹកភូមាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រហូតមានការប្រហារជីវិតសកម្មជននិយមលទ្ធិប្រជាធិបតេយ្យ ៤នាក់នៅកាលពីពេលថ្មីៗ នេះ ដែលមិនសមឲ្យរបបយោធាមកអង្គុយកៅអីនៅក្នុងសមាគមប្រជាជាតិមួយនេះទេ៖ « មើលឃើញថា បញ្ហាស្នូលប្រជាធិបតេយ្យកាន់តែបាត់បង់អស់ទៅ ហើយធ្វើឲ្យស្មារតីអាស៊ានតំបន់អាស៊ានមានប្រជាធិបតេយ្យ បញ្ហាប្រជាធិបតេយ្យធ្លាក់ចុះ កម្ពុជាយើងតាំងពីហ្វីលីពីន ប្រទេសថៃ គោលការណ៍ដើមរបស់យើង អាស៊ាន » ។
ស្រដៀងគ្នានេះដែរ អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកនេះ អាចនឹងមានការជជែកបញ្ហាអសន្តិសុខក្នុងតំបន់ និងពិភពលោក រួមមាន ជម្លោះសមុទ្រចិនខាងត្បូង បញ្ហានៅភូមា និងអ៊ុយក្រែនជាដើម។ លោកបន្តទៀត បញ្ហាមូលដ្ឋានកងទ័ពចិននៅកំពង់ផែរបស់កម្ពុជា ក៏អាចត្រូវសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តអាមេរិកលើកឡើងដែរ ព្រោះរឿងនេះបើកើតឡើងពិតមែននឹងបង្កបញ្ហាអសន្តិសុខក្នុងតំបន់៖ « រឿងអសន្តិសុខនៅក្នុងតំបន់មានការពាក់ព័ន្ធគ្នាច្រើន តាំងពីការសង្ស័យអំពីមូលដ្ឋានកងទ័ពចិននៅកម្ពុជា រដ្ឋាភិបាលលោក ហ៊ុន សែន មិនត្រូវដោះសាក៏ប៉ុន្តែត្រូវសម្រួលស្ថានការណ៍ដោយការសម្របសម្រួលគ្នាទាំងជាមួយជប៉ុនទាំងសហរដ្ឋអាមេរិក ក្នុងការកុំឲ្យមានការសង្ស័យ ដែលក្លាយជារឿងប្រទូសនៅពេលកើតការពិតជាក់ស្ដែងចេញមក » ។
រដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ានប្ដូរវេនកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា នៅរាជធានីភ្នំពេញ។
សេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសឲ្យដឹងថា ក្នុងនោះមានកិច្ចប្រជុំ ដូចជា កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ជំនួបរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្ដីពីសិទ្ធិមនុស្ស និងកិច្ចប្រជុំផ្សេងៗ មួយចំនួនទៀត។
ក្រសួងបរទេសឲ្យដឹងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមពិធីបើកជាផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នេះ ។
គិតត្រឹមថ្ងៃទី២ ខែសីហា នេះរដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកអាស៊ាន និងមន្ត្រីការបរទេស នៃប្រទេសមួយចំនួនទៀត បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ជាបណ្ដើរៗ ហើយ ដើម្បីចូលរួមកិច្ចប្រជុំនេះ។
ទាក់ទងការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគពេលនេះ វិទ្យុអាស៊ីសេរីមិនអាចសុំប្រតិកម្មពីអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បានទេ នៅថ្ងៃទី២ ខែសីហា។
ទោះយ៉ាងណាក្ដី ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ឲ្យដឹងថា កិច្ចប្រជុំនេះមិនមានតំណាងរបបសឹកភូមាចូលរួមទេ ចំណែកការជជែកស៊ីជម្រៅបែបណាលើបញ្ហាភូមា លោកថា លោកមិនបានដឹងទេ។ លោក ផៃ ស៊ីផាន លើកឡើងទៀតថា កម្ពុជានៅតែបន្តពន្យល់ទៅមិត្តបរទេសណា ដែលបន្តបារម្ភពីបញ្ហាមូលដ្ឋានកងទ័ពចិននៅកម្ពុជានោះទេ។ លោកនៅតែអះអាងដដែលថា កម្ពុជានៅតែប្រកាន់គោលនយោបាយមិនអនុញ្ញាតឲ្យមានភាគីណាមួយមានឥទ្ធិពលលើកម្ពុជា ឬមកលើអាស៊ាននោះទេ៖ « យើងគ្មានអ្វីក្រៅពីពន្យល់ប្រាប់ ហើយជាក់ស្ដែងការពន្យល់ប្រាប់របស់យើង គឺទៅតាមអ្វីទៅជាគោលនយោបាយការបរទេសរបស់យើងគឺ យើងមិនរំលោភលើអ្វី ដែលយើងចង់បានស្ថិរភាពនយោបាយ ហើយនឹងសន្តិភាពសណ្ដាប់ធ្នាប់នៅក្នុងតំបន់អាស៊ាន ពីព្រោះក្នុងតំបន់អាស៊ានគេមានច្បាប់មានទម្លាប់របស់អាស៊ាន ដើម្បីថែរក្សាសន្តិភាពរួម » ។
ទាក់ទងរឿងនេះដែរ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ដែលគ្រោងចូលរួមកិច្ចប្រជុំនេះដែរ បានរំលឹកទៅរដ្ឋាភិបាល លោក ហ៊ុន សែន ទាក់ទងការអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ថា កំពង់នេះ ជាកំពង់ផែស្នូលរបស់កម្ពុជា និងជាកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ។
រដ្ឋមន្ត្រីការបរទេសជប៉ុន លើកឡើងពីកំពង់ផែរបស់កម្ពុជា ខណៈសហរដ្ឋអាមេរិកតែងលើកឡើងពីបារម្ភរបស់ខ្លួនទាក់ទងព័ត៌មាននៃមូលដ្ឋានកងទ័ពចិននៅកម្ពុជា។
លោករដ្ឋមន្ត្រី ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា លើកឡើងទៀតថា លោកនឹងមកដល់កម្ពុជាថ្ងៃទី៣ ខែសីហា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសដែលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន។
លោកលើកឡើងទៀតថា កិច្ចប្រជុំក្នុងពេលដែលសហគមន៍អន្តរជាតិកំពុងប្រឈមបញ្ហាស្មុគស្មាញ ដូចជាបញ្ហានៅអ៊ុយក្រែន កូរ៉េខាងជើង មីយ៉ាន់ម៉ា និងសមុទ្រចិនខាងត្បូងជាដើម គឺមានសារសំខាន់ជាវេទិកាមួយ ដើម្បីបញ្ជាក់ និងផ្សព្វផ្សាយពីតម្លៃ និងគោលការណ៍ ដែលសហគមន៍អន្តរជាតិគួរតែប្រកាន់ខ្ជាប់។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា លើកឡើងដូច្នេះ នៅក្នុងសាររបស់លោក ដែលផ្ញើជូនកម្ពុជា ដែលបានបង្ហោះតាមរយៈទំព័រហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២ ខែសីហា។
ក្រៅពីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន រដ្ឋមន្ត្រីការបរទេសជប៉ុន រូបនេះ ក៏គ្រោងមានជំនួបទ្វេភាគីជាមួយភាគីកម្ពុជាដែរ ដោយមានការជជែកពីការបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសកម្ពុជា និងជប៉ុន។ លោកថា ទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើក ដំបូងក្នុងនាមជារដ្ឋមន្ត្រីការបរទេសខាងមុខនេះ លោកនឹងភ្លក់រសជាតិដើមកំណើតនៃម្ហូបខ្មែរអាម៉ុក។
ចំណែករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អែនតូនី ប្ល៊ីងខិន (Antony J.Blinken) នឹងធ្វើដំណើរចូលរួមកិច្ចប្រជុំនេះពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា។ លោក អែនតូនី ប្ល៊ីងខិន ក៏គ្រោងជជែកជាមួយលោក ហ៊ុន សែន និងរដ្ឋមន្ត្រីការបទេសកម្ពុជា លោក ប្រាក់ សុខុន ផងដែរ។ នៅមុនដំណើរទស្សនកិច្ចនេះ មន្ត្រីការទូតជាន់ខ្ពស់របស់អាមេរិកសម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា ត្រូវបានទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ រ៉័យទ័រ (Reuters) ស្រង់ប្រសាសន៍ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អែនតូនី ប្ល៊ីងខិន នឹងជំរុញឱ្យកម្ពុជាបើកចំហ និងបង្ហាញតម្លាភាពជុំវិញភាពជាដៃគូនៃសន្តិសុខរបស់ប្រទេសនេះជាមួយប្រទេសចិន។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ ក៏គ្មានគម្រោងជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅកម្ពុជាទេ។ លោកក៏គ្មានគម្រោងជួបជាមួយសមភាគីកូរ៉េខាងជើង ដើម្បីជជែកពីបញ្ហាកូរ៉េខាងជើងនោះទេ។ មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អែនតូនី ប៊្លីងខិន ក៏គ្មានគម្រោងជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
