លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ចូល​គណបក្ស​ភ្លើង​ទៀន ដើម្បី​បន្ត​ជីវភាព​នយោបាយ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​មុន​ការ​ផ្សាយ​នា​រាត្រី​ថ្ងៃ​ទី១ មីនា​ថា លោក​ចូល​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ពេល​នេះ គឺ​មិន​មែន​ជា​ការ​ដេក​រងចាំ​ទេ ប៉ុន្តែ​លោក​បាន​ធ្វើ​កិច្ច​ការងារ​ជាច្រើន។ លោក​មើល​ឃើញ​ថា គណបក្ស​នេះ​មាន​គោលនយោបាយ​ប្រជាធិបតេយ្យ​ស្រដៀង​គ្នា​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​លោក​ក៏​ធ្លាប់​ជា​សមាជិក​របស់​គណបក្ស​ភ្លើង​ទៀន ពី​មុន​ផង ដែល​លោក​គិត​ថា នេះ​គឺ​ជា​ពេលវេលា​សមស្រប​ដើម្បី​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ បន្ត​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​ការពារ​ប្រជាពលរដ្ឋ៖ « នេះ​ជា​ពេល​វេលា​មួយ​សម​ស្រប ព្រោះ​យើង​យល់​ថា​ត្រូវ​តែ​បន្ត​ការងារ​របស់​យើង ដូច្នេះ​ទោះ​មាន​ឧបសគ្គ​ធ្ងន់ធ្ងរ​ប៉ុណ្ណា​ក៏​ដោយ ក្នុង​កាលៈទេសៈ​ដែល​យើង​អាច​បន្ត​ការងារ​យើង​បាន​ខ្ញុំ​ថា​ការ​ចូលរួម​នៅ​ពេល​នេះ​វា​សមស្រប​យ៉ាង​ហោច​ណាស់​ក៏​ជួយ​ដល់​ពលរដ្ឋ​យើង​ដែល​លោក​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​នៅ​តាម​មូលដ្ឋាន​ឲ្យ​លោក​បាន​ត្រឡប់​មក​បំពេញ​តួនាទី​របស់​លោក​វិញ »

លោក សុន ឆ័យ គឺ​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ ជា​ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក សុន ឆ័យ ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ក្នុង​ចំណោម ១១៨​រូប ដែល​ត្រូវ​បាន​តុលាការ​ដក​ហូត​សិទ្ធិ​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ ក្រោយ​តុលាការ​កំពូល​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ។

កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២០ ព្រះ​មហាក្សត្រ បាន​ត្រាស់​បង្គាប់​ផ្ដល់​នីតិ​សម្បទា ឬ​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​លោក សុន ឆ័យ ឡើង​វិញ តាម​ការ​ស្នើ​សុំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពី​លោក​បាន​ដាក់​លិខិតស្នើ​សុំ​ទៅ​ក្រសួង​មហាផ្ទៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។