គណបក្ស​ភ្លើងទៀន​ទទួល​យក​អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រជាជន​ជា​សមាជិក​តាម​ការ​ស្នើ​សុំ

ដោយ ទីន ហ្សាការីយ៉ា
2022.08.26
Share on WhatsApp
Share on WhatsApp
គណបក្ស​ភ្លើងទៀន​ទទួល​យក​អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រជាជន​ជា​សមាជិក​តាម​ការ​ស្នើ​សុំ លោក ស៊ុត ឌីណា អតីត​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង។
រូប៖ ហ្វេសប៊ុក​លោក ស៊ុត ឌីណា

មន្ត្រីជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ឲ្យ​ដឹង​ថា អតីត​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក ស៊ុត ឌីណា បាន​ដាក់​ពាក្យសុំ​ចុះចូល​ជា​សមាជិក​គណបក្ស​ភ្លើងទៀន កាលពី​ថ្ងៃទី​២៥ សីហា​។ គណបក្ស​ភ្លើងទៀន ទទួល​យក​លោក ស៊ុត ឌីណា ធ្វើជា​សមាជិក​គណបក្ស​ហើយ។

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា អះអាង​ថា ថ្នាក់ដឹកនាំ​គណបក្ស​នឹង​បើក​កិច្ចប្រជុំ ដើម្បី​សម្រេច​ថា តើ​នឹង​ត្រូវ​ផ្ដល់​តួនាទី​ជូន​លោក ស៊ុត ឌី ក្នុង​កម្រិត​ណា ក្រោយ​ពី​គណបក្ស​បាន​ទទួល​ពាក្យ​ស្នើ​សុំ​ចូល​ជា​សមាជិក​នោះ។

លោក ថាច់ សេដ្ឋា បន្ថែម​ថា គណបក្ស​ភ្លើងទៀន​មិន​ប្រកាន់​និន្នាការ​នយោបាយ​របស់​លោក ស៊ុត ឌីណា ពី​អតីតកាល​នោះ​ទេ​។ លោក​បញ្ជាក់​ថា គណបក្ស​ភ្លើងទៀន​ស្វាគមន៍​អ្នក​ប្រជាធិបតេយ្យ​ទាំងអស់​មក​ពី​គ្រប់​និន្នាការ​នយោបាយ ឲ្យ​មក​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គ្នា ដើម្បី​ចូលរួម​ប្រកួតប្រជែង​នយោបាយ​ជាមួយ​គណបក្ស​កាន់អំណាច​នៅ​ពេល​ខាងមុខ​៖ «យើង​មិនទាន់​ដឹង​ថា លោក ស៊ុត ឌីណា ស្មោះត្រង់​កម្រិត​ណា​ទេ សំខាន់​ចូល​មក​ធ្វើការ​ជាមួយ​យើង​សិន យើង​នឹង​ពិនិត្យមើល​អំពី​បញ្ហា​នេះ​។ ហើយ​សមាជិក​របស់​យើង​ក៏​យើង​វាយតម្លៃ​ទៅលើ​ការ​ស្មោះត្រង់ ការ​លះបង់ និង​ការ​តស៊ូ​អីចឹង​ដែរ។ ដូច្នេះ​ពេល​លោក​ចូល​មក​ក៏​ត្រូវ​លះបង់​អីចឹង​ដែរ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង លោក ស៊ុត ឌីណា អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ​។ ប៉ុន្តែ​លោក ស៊ុត ឌីណា បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ថា លោក​បាន​ទៅ​ទីស្នាក់ការ​គណបក្ស​ភ្លើងទៀន ដើម្បី​ដាក់ពាក្យ​ស្នើសុំ​ចូល​បំរើ​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន​នៅ​ថ្ងៃទី​២៥ សីហា។

លិខិត​របស់​លោក ស៊ុត ឌីណា ស្នើ​សុំ​ចូល​បំរើ​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន ដែល​អាស៊ីសេរី​ទទួល​បាន មាន​ខ្លឹមសារ​ថា លោក​បាន​តាមដាន​សកម្មភាព​នយោបាយ​គណបក្ស​ភ្លើងទៀន​យ៉ាង​យកចិត្តទុកដាក់ បាន​ពិនិត្យ​ឃើញថា គណបក្ស​មាន​គោលការណ៍​ប្រជាធិបតេយ្យ​សេរីនិយម មាន​សកម្មភាព​ស្នេហា​ជាតិ ស្នេហា​យុត្តិធម៌ ស្នេហា​លទ្ធិប្រជាធិបតេយ្យ ការពារ​អធិបតេយ្យ​ជាតិ និង​មាន​ស្មារតី​បង្រួបបង្រួម​ជាតិ​។ លិខិត​បន្ថែម​ថា គណបក្ស​ភ្លើងទៀន មាន​គោលជំហរ​ជា​គណបក្សប្រឆាំង​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព សិទ្ធិ​នយោបាយ សិទ្ធិ​ពលរដ្ឋ និង​លើកស្ទួយ​ជីវភាព​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។​

លោក ស៊ុត ឌីណា ធ្លាប់បាន​សិក្សា​ផ្នែក​ការទូត​ជាន់ខ្ពស់​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល កាលពី​ឆ្នាំ​១៩៩៩​។ លោក​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​ទី​១ នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។ ចលនា​នេះ ដំបូង​គឺ​ធ្វើការ​តស៊ូ​មតិ​ក្នុង​រឿង​ការពារ​បូរណភាព​ទឹកដី​ខ្មែរ និង​ដឹកនាំ​ធ្វើបាតុកម្ម​ដើម្បី​ការពារ​យុត្តិធម៌​ក្នុង​សង្គម ដែល​ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន។

ក្រោយមក​លោក​បាន​ចូល​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស នរោត្តម រណឫទ្ធិ របស់​សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​មាន​តួនាទី​ជា​អគ្គលេខាធិការ​រង និង​ជា​អ្នកនាំពាក្យ​គណបក្ស​។ ក្រោយពី​គណបក្ស​នេះ មិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ លោក​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ខែ​មិថុនា ឆ្នាំ២០០៩ ទោះ​ជា​លោក​ធ្លាប់​បាន​រិះគន់​គណបក្ស​នេះ​ក្ដី។ លោក​ត្រូវ​បាន​លោក ហ៊ុន សែន តែងតាំង​ជា​អនុរដ្ឋលេខាធិការ នៃ​ក្រសួង​ការបរទេស និង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ចំណែកឯ​ភរិយា​របស់​លោក ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ក្រុម​ការងារ​សេដ្ឋកិច្ច និង​វប្បធម៌ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។

កាល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣ លោក​ត្រូវ​បាន​រដ្ឋាភិបាល​តែងតាំង​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​។ លោក​បាន​កាន់​តួនាទី​នេះ​បាន​ជាង ២​ឆ្នាំ ក៏​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន ដោយ​ចោទប្រកាន់​អំពី​ការប្រព្រឹត្តិ​អំពើពុករលួយ​ពាក់ព័ន្ធ​នឹង​ទឹកប្រាក់​ជាង ៧​លាន​ដុល្លារ មាស​ជាង ៣៣០​តម្លឹង និង​គ្រឿងអលង្ការ​មួយ​ចំនួន​ទៀត ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចោទ​ថា ទុក​នៅ​ប្រទេស​កូរ៉េខាងត្បូង។

តុលាការក្រុង​ភ្នំពេញ​បាន​កាត់ទោស​លោក​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ កាល​ពី​ឆ្នាំ​២០១៦​។ ក្រោយពី​ជាប់ពន្ធនាគារ​អស់​រយៈពេល​ជាង ៤​ឆ្នាំ ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​ដោះលែង​វិញ នៅ​ថ្ងៃ​ឧសភា ឆ្នាំ​២០២០។

អតីត​សហការី​លោក ស៊ុត ឌីណា គឺ​លោក គឹម សុខ ដែល​ជា​អ្នកវិភាគ​នយោបាយ​ផង​នោះ លើកឡើង​ថា លោក ស៊ុត ឌីណា ចុះចូល​ជាមួយ​ជា​គណបក្ស​ភ្លើងទៀន​នេះ ទំនងជា​លោក​អស់​ចិត្ត​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្លាប់​ធ្វើ​បាប​លោក​។ លោក គឹម សុខ យល់​ថា ជា​រឿង​ល្អ ដែល​លោក ស៊ុត ឌីណា វិល​មក​ធ្វើ​នយោបាយ​ជាមួយ​អ្នក​ប្រជាធិបតេយ្យ​៖ «អាច​មក​ពី​អយុត្តិធម៌​ជ្រុល​ពេក ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​បាប​គាត់ ដូច្នេះហើយ​ទើប​លោក​ជ្រើសរើស​ចលនា​នយោបាយ​មួយ ដែល​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ចលនា​ប្រជាធិបតេយ្យ»

ទាក់ទង​នឹង​បញ្ហា​នេះ​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុ ឥសាន ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ កាល​ពី​យប់​ថ្ងៃទី​២៥ សីហា។

ទោះបីជា​យ៉ាងនេះ​ក្ដី លោក គឹម សុខ មិន​ទាន់​អាច​វាយ​តម្លៃ​បាន​ទេថា តើ​លោក ស៊ុត ឌីណា អាច​មាន​ឥទ្ធិពល​នយោបាយ ឬ​ប្រជាប្រិយភាព​កម្រិត​ណា នៅ​ក្រោយ​ពេល​លោក​បាន​វិល​មក​ធ្វើ​នយោបាយ​ជាមួយ​គណបក្សប្រឆាំង​នោះ។ លោក​បញ្ជាក់​ថា លោក ស៊ុត ឌីណា មាន​ប្រជាប្រិយភាព ឬ​មិន​មាន​នោះ អាស្រ័យ​លើ​សកម្មភាព​សកម្ម ឬ​ហ៊ាន​រិះគន់ ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ឬ​មិន​ហ៊ាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។