មន្ត្រី​ចាស់​របស់​បក្ស​កាន់អំណាច​ចេញ​ទៅ​បើក​បក្ស​ថ្មី

0:00 / 0:00

មន្ត្រី​ចាស់​វស្សា និង​ជា​អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ចំរើន ប្រកាស​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ថា នឹង​បើក​បក្ស​ថ្មី​ដែល​មាន​ឈ្មោះ​បណ្ដោះអាសន្ន​ថា "កម្ពុជា​សេរីភាព"។ ទោះ​យ៉ាង​ណា​ក្តី ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​នឹង​វត្តមាន​របស់​គណបក្ស​ថ្មី​នេះ​ទេ។

ប្រធាន​គណបក្ស កម្ពុជា​សេរីភាព ដែល​ទើប​បង្កើត​ថ្មី ប៉ុន្តែ​មិន​ទាន់​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ដែល​លោក ជា ចំរើន ជា​ប្រធាន មិន​បង្ហាញ​ការ​អាប់អន់ចិត្ត​ខ្លាំង​លើ​អតីត​គណបក្ស​របស់​ខ្លួន គឺ​គណបក្ស​ប្រជាជ​កម្ពុជា នោះ​ទេ ក្រៅ​ពី​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ។ ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​មាន​រយៈពេល​ជាង ៤០​នាទី នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា លោក ជា ចំរើន នៅ​តែ​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ផ្តល់​យុត្តិធម៌​ដល់​លោក ប៉ុន្តែ​ប្រព័ន្ធ​នយោបាយ​នៅ​ក្នុង​បក្ស​នេះ​ទេ​ដែល​មិន​ផ្ដល់​យុត្តិធម៌​ដល់​លោក។

លោក ជា ចំរើន ថ្លែង​ឲ្យ​ដឹង​ថា គោលនយោបាយ​របស់​លោក​ផ្ដោត​សំខាន់​ទៅ​លើ​យុវជន និង​ការ​បង្កើត​ការងារ ការ​កែ​លម្អ​ប្រព័ន្ធ​យុត្តិធម៌​ទាក់ទង​នឹង​កសិករ ការ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​ទៅ​ឲ្យ​កម្មករ​កម្មការិនី និង​ការ​ពង្រីក​ស្នាដៃ​ពាណិជ្ជករ។ លោក ជា ចំរើន អះអាង​ថា គណបក្ស​របស់​លោក​នឹង​មាន​អនុ​ប្រធាន​ច្រើន​រូប ប៉ុន្តែ​លោក​មិន​ទាន់​បង្ហាញ​រចនា​សម្ព័ន្ធ​របស់​គណបក្ស​នេះ​នៅ​ឡើយ​ទេ៖ «ប្រព័ន្ធ​តុលាការ​សម្លាប់​មនុស្ស​ច្រើន​ណាស់ ហើយ​បើ​គណបក្ស​ខ្ញុំ​នឹង​បាន​សំឡេង​ឆ្នោត​នៅ​ឆ្នាំ​២០១៨ នឹង​លើកលែងទោស​ទាំង​អស់​ដែល​ជាប់​ទោស​ដោយ​អយុត្តិធម៌»

លោក ជា ចំរើន ដែល​បាន​បម្រើ​ការងារ​នៅ​គណបក្ស​ប្រជាជន​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៩៣ និង​ទើប​លា​ឈប់​នៅ​ចុង​ឆ្នាំ​២០១៥​នេះ បាន​អះអាង​ថា លោក​បង្កើត​បក្ស​ថ្មី​នេះ មិន​ជាប់​ទាក់ទង​គណបក្ស​ប្រជាជន​កម្ពុជា ឬ​យក​លុយ​ពី​លោក ហ៊ុន សែន ដើម្បី​បំបែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ។ លោក​ក៏​មិន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ក្នុង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជា​ប្រធាន​គណបក្ស​នោះ​ដែរ។ ប៉ុន្តែ​លោក​ហាក់​ថ្លែង​ឌឺដង​ទៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដោយ​លោក​ថា លោក​ធ្វើ​នយោបាយ​មិន​រត់​ចោល​ស្រុក ព្រោះ​ខ្លាច​ជាប់​គុក​នោះ​ទេ៖ «ខ្ញុំ​អត់​ខ្លាច​ទេ បើ​ខ្ញុំ​មាន​បញ្ហា​ប្រឈម​នឹង​ជាប់​គុក ខ្ញុំ​នឹង​ដើ​ចូល​គុក​ឲ្យ​អ្នក​មើល មិន​បាច់​ចាំ​ទៅ​ព័ទ្ធ​ផ្ទះ​អី​ទេ ខ្ញុំ​ដើរ​ទៅ​ហើយ»

​លោក ជា ចំរើន អតីត​តំណាងរាស្ត្រ​អាណត្តិ​ទី​៤ នៅ​មណ្ឌល​កណ្ដាល ដែល​ជា​សមាជិក​ធម្មតា​នៃ​គណបក្ស​កាន់​អំណាច​មុន​ចាក​ចេញ​ពី​គណបក្ស​នេះ ត្រូវ​បាន​គេ​ដឹង​ថា លោក​ជា​ម្ចាស់​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា (CUP) ម្ចាស់​ស្ថាប័ន​សារព័ត៌​មាន​ឈ្មោះ វិទ្យាសាស្ត្រ​ខ្មែរ ប្រធាន​អង្គការ​អភិវឌ្ឍន៍​យុវជន​ខ្មែរ (KYDO) មាន​ដី​ចំការ​ច្រើន​កន្លែង និង​ជា​ម្ចាស់​ផ្សារ​ឯកជន​មួយ​ចំនួន​ធំ ព្រម​ទាំង​មុខ​ជំនួញ​មួយ​ចំនួន។ ប៉ុន្តែ​លោក ជា ចំរើន ថា​នៅ​ពេល​នេះ លោក​នៅ​សល់​តែ​សាលា​ប៉ុណ្ណោះ ហើយ​សកល​វិទ្យាល័យ​នោះ បាន​ផ្ទេរ​ទៅ​អ្នក​ផ្សេង​ឲ្យ​គ្រប់គ្រង។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា វត្តមាន​គណបក្ស​ថ្មី​ដែល​ជា​អតីត​មន្ត្រី​ចាស់​របស់​គណបក្ស​កាន់​អំណាច​នេះ មិន​ប៉ះពាល់​ដល់​គណបក្ស​កាន់​អំណាច​នោះ​ទេ ហើយ​ថា នេះ​ជា​សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ។

លោក សុខ ឥសាន អះអាង​ថា គ្មាន​មន្ត្រី​គណបក្ស​កាន់​អំណាច​រូប​ណា​ចាកចេញ​ពី​បក្ស​ទៅ​ចូលរួម​ជាមួយ​គណបក្ស​របស់​លោក ជា ចំរើន ទេ៖ «ខ្ញុំ​យល់​ថា មិន​ជា​បញ្ហា​អី​ទេ យើង​ស្វាគមន៍​ការ​អនុវត្ត​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​គ្រប់​រូប។ រឿង​នេះ​មិន​មាន​អី​ចម្លែក»

គណបក្ស​កម្ពុជា​សេរីភាព នឹង​ត្រូវ​កែតម្រូវ ឬ​ប្តូរ​ឈ្មោះ​ផ្សេង​ទៀត ប្រសិនបើ​មាន​ការ​ស្នើ​សុំ។ នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ខាង​មុខ គណបក្ស​នេះ​នឹង​បង្ហាញ​សា​ជា​ថ្មី​ម្ដង​ទៀត​ទៅ​សាធារណជន។ នៅ​ពេល​នេះ​លោក ជា ចំរើន ត្រូវការ​ស្នាម​មេដៃ​អ្នក​គាំទ្រ​ចំនួន ៤.០០០​នាក់ ដើម្បី​ចុះ​បញ្ជី​ផ្លូវការ​នៅ​ក្រសួង​មហាផ្ទៃ​ ដើម្បី​ប្រកួត​ប្រជែង​នឹង​គណបក្ស​ផ្សេង​ទៀត។

​ដោយ​ឡែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មិន​បង្ហាញ​ការ​បារម្ភ​ចំពោះ​វត្ត​មាន​នៃ​គណបក្ស​ថ្មី​នេះ​ទេ ដោយ​លោក​ទុក​ឱកាស​ឲ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ជា​អ្នក​វាយ​តម្លៃ៖ «ខ្ញុំ​មិន​ទៅ​ខ្វល់ខ្វាយ​នឹង​គណបក្ស​តូចតាច​ដែល​ទើប​បង្កើត​ទេ ខ្ញុំ​សិទ្ធិ​ឲ្យ​ពលរដ្ឋ​ជា​អ្នក​ពិនិត្យ​មើល​ថា តើ​គណបក្ស​ណា​ដែល​គាត់​ទុក​ចិត្ត​បាន​សង្ឃឹម​បាន»

បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សំឡេង​ឆ្នោត​កើន​ឡើង​ខ្លាំង​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ ឃើញ​មាន​ការ​កើត​គណបក្ស​ថ្មីៗ​មួយ​ចំនួន​ដូចជា គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់​លោក ម៉ម សូណង់ដូ គណបក្ស​ប្រជាធិបេតយ្យ​មូលដ្ឋាន របស់​លោក យ៉េង វីរៈ គណបក្ស​សាមគ្គី​ជាតិ​ខ្មែរ របស់​អ្នកស្រី ឡាក់ សុភាព គណបក្ស​អំណាច​ខ្មែរ​របស់​លោក សួន សេរីរដ្ឋា ហើយ​នៅ​ចុង​ក្រោយ​នេះ គឺ​គណបក្ស​កម្ពុជាសេរីភាព របស់​លោក ជា ចំរើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។