អ្នក​ធ្លាប់​ជាប់​ឃុំ​ថា បក្ស​កាន់អំណាច​យក​ពន្ធនាគារ​ធ្វើ​ជា​កន្លែង​លាង​ខួរ​សកម្មជន​ដែល​ចុះចូល ឱ្យ​ក្លាយ​ជា​ឧបករណ៍​នយោបាយ

ដោយ មាន ឫទ្ធិ
2025.01.23
អ្នក​ធ្លាប់​ជាប់​ឃុំ​ថា បក្ស​កាន់អំណាច​យក​ពន្ធនាគារ​ធ្វើ​ជា​កន្លែង​លាង​ខួរ​សកម្មជន​ដែល​ចុះចូល ឱ្យ​ក្លាយ​ជា​ឧបករណ៍​នយោបាយ លោក យឹម ស៊ីណន ថត​ជាមួយ​​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី២១ ខែមេសា ឆ្នាំ២០២៣ ក្រោយ​ពេល​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។
រូប៖ ហ្វេសប៊ុកប្រពន្ធលោក យឹន ស៊ីណន

សកម្មជន​នយោបាយ​ដែល​ធ្លាប់​ជាប់ពន្ធនាគារ​មួយ​ចំនួន អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​យក​មណ្ឌល​កែប្រែ មក​ធ្វើ​ជា​កន្លែង​លាង​ខួរ​អ្នកទោស​មនសិការ ឱ្យ​ក្លាយ​ជា​ឧបករណ៍​បម្រើ​នយោបាយ​របស់​មេដឹកនាំ​ផ្ដាច់ការ។ ពួកគាត់​លើកឡើង​ថា បក្ស​កាន់អំណាច​បាន​គំរាម​ផង និង​លួងលោម​ផង ដើម្បី​បង្ខំ​ឱ្យ​អ្នកទោស​មនសិការ​ថត​វីដេអូ​សុំទោស​មេដឹកនាំ​ត្រកូល​ហ៊ុន ជា​ថ្នូរ​នឹង​សេរីភាព ហើយ​មាន​តែ​អ្នក​ជាប់ឃុំ​ភាគតិច​ប៉ុណ្ណោះ តស៊ូ​រក្សា​គោលជំហរ មិន​សុំទោស​គ្រួសារ​ត្រកូល​ហ៊ុន ហើយ​សុខចិត្ត​ទទួល​ទោស​រហូត​ដល់​ពេល​កំណត់។

ពន្ធនាគារ​គឺជា​កន្លែង​ឃុំឃាំង​មនុស្ស​ដើម្បី​អនុវត្ត​ទោស និង​អប់រំ​កែប្រែ​អ្នកទោស​ឱ្យ​ទៅ​ជា​ពលរដ្ឋ​ល្អ។ យ៉ាងណាមិញ ចំពោះ​ពន្ធនាគារ​នៅ​កម្ពុជា ប្រៀប​ដូចជា​សាលា​នយោបាយ លាង​ខួរ និង​កែប្រែ​អ្នកទោស​មនសិការ ឱ្យ​ក្លាយ​ទៅ​ជា​ទាសករ​នយោបាយ​របស់​គណបក្ស​កាន់អំណាច។

វិធីសាស្ត្រ​នេះ​បាន​កែប្រែ​សកម្មជន ឬ​អ្នកនយោបាយ​ដែល​តែងតែ​បញ្ចេញ​ទស្សនៈ កែលំអ​ពី​ភាព​អវិជ្ជមាន​ក្នុង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ក្លាយ​មក​ជា​អ្នក​អែបអប​គ្រួសារ​មេដឹកនាំ និង​វាយប្រហារ គំរាមកំហែង​មក​លើ​អតីត​អ្នក​រួម​ក្រុម និង​ស្ថាប័ន​ដើម​ខ្លួនឯង។

សកម្មជន​សង្គម​ម្នាក់ ថ្លែង​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព ប្រាប់​វិទ្យុ​អាស៊ី​សេរី ថា កាលពី​ជាប់​ពន្ធនាគារ​នៅ​មណ្ឌល​កែប្រែ ម.១ លោក​ត្រូវ​បាន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា មក​បញ្ចុះបញ្ចូល និង​ដាក់​សម្ពាធ ឱ្យ​ថត​វីដេអូ លើកដៃ​សុំទោស​គ្រួសារ​មេដឹកនាំ​ត្រកូល​ហ៊ុន ដើម្បី​ដូរ​យក​សេរីភាព។ សកម្មជន​រូប​នេះ​អះអាង​ថា មន្ត្រី​បក្ស​កាន់អំណាច បាន​ដាក់​លក្ខខ័ណ្ឌ​មួយ​ចំនួន មាន​ដូចជា សន្យា​ផ្ដល់​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល​នៅ​ពេល​មាន​សេរីភាព ប៉ុន្តែ​ជា​ថ្នូរ​មក​វិញ ពួកគេ​តម្រូវ​ឱ្យ​លោក​និយាយ​បំភ្លៃ ដើម្បី​វាយប្រហារ​មក​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សរសើរ​ពី​គុណសម្បត្តិ​របស់​មេដឹកនាំ​កម្ពុជា។

អតីត​អ្នកទោស​មនសិការ៖ «គាត់​យក​អ្នក​ដែល​ធ្លាប់​ជាប់ពន្ធនាគារ​ជាមួយ​គ្នា​ហ្នឹង អ្នក​ដែល​ស្គាល់​ពី​ទុក្ខ​លំបាក​ជាមួយ​គ្នា​ហ្នឹង គាត់​មក​ទាក់​យើង ហើយ​នៅ​ពេល​យើង​ចេញ​ពី​ពន្ធនាគារ​ហើយ​ហ្នឹង ក៏​មាន​អ្នក​ទាក់​យើង​ទៀត»

វិធីសាស្ត្រ​ដែល​គណបក្ស​កាន់អំណាច យក​ពន្ធនាគារ​មក​ធ្វើ​ជា​កន្លែង​កែច្នៃ​អ្នកទោស​មនសិការ​នោះ ត្រូវ​មជ្ឈដ្ឋាន​នានា​មើល​ឃើញ​ថា ជា​ដំបូង​គឺ​តាមរយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ធ្វើ​ជា​អាវុធ​ដើម្បី ចោទប្រកាន់ និង​ចាប់ខ្លួន​សកម្មជន​យក​មក​ឃុំ​នៅ​ពន្ធនាគារ ខណៈ​កម្ពុជា​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​ពូកែ​ខាង​រំលោភ​ច្បាប់​ជាងគេ​នៅ​លើ​ពិភពលោក។ នៅ​ពេល​ចូល​ដល់​ក្នុង​ពន្ធនាគារ​រួច​មក មន្ត្រី​ពន្ធនាគារ ដែល​ជា​សេនាធិការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​គេ​រាយការណ៍​ថា បាន​ប្រើប្រាស់​វិធី​ក្ដៅ​តាមរយៈ​ការ​ដាក់​សម្ពាធ​មក​លើ​អ្នកទោស​មនសិការ រហូត​ដល់​បក្ស​កាន់អំណាច បាន​មក​បញ្ចុះបញ្ចូល ដោយ​សន្យា​ផ្ដល់​តំណែង និង​លាភសក្ការៈ​ដល់​ពួកគេ។

ក្នុង​នោះ អតីត​ជំទប់ទី២ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ នៃ​គណបក្ស​ភ្លើងទៀន ដែល​កំពុង​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ លោកស្រី ប៉ៃ រ៉េន អះអាង​ថា លោកស្រី​ត្រូវ​បាន​បក្ស​កាន់អំណាច​បង្ខំ​ឱ្យ​ចុះចូល កាលពី​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ និង​ក្រោយ​ពេល​មាន​សេរីភាព ដោយ​ពួកគេ​គោលបំណង​ប្រើប្រាស់​លោកស្រី​ឱ្យ​វាយប្រហារ​មក​លើ​អ្នក​ប្រជាធិបតេយ្យ។

លោកស្រី ប៉ៃ រ៉េន៖ «គេ​គំរាមកំហែង គេ​យក​រូបភាព​ខ្ញុំ​ទៅ​កាត់ត​ជាមួយ​ថ្នាក់ដឹកនាំ​ម្នាក់ ប៉ុន្តែ​ខ្ញុំ​សុំ​លាក់​ឈ្មោះ។ គេ​ថា​បើ​ខ្ញុំ​មិន​បញ្ឈប់​សកម្មភាព​ទាំងអស់​ហ្នឹង​ទេ គេ​នឹង​បង្ហោះ​រូបភាព​អាសអាភាស​ទាំងអស់​នោះ​តាម​បណ្ដាញ​សង្គម។ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​យើង គាត់​នឹង​ដឹង​ថា ជា​រូបភាព​កាត់ត»

កន្លងទៅ មេដឹកនាំ​បក្ស​កាន់អំណាច លោក ហ៊ុន សែន បាន​រំលោភ​អំណាច​តុលាការ និង​អំណាច​នាយករដ្ឋមន្ត្រី​កូន គឺ​លោក ហ៊ុន ម៉ាណែត ដោយ​បញ្ជា​ឱ្យ​ចាប់ខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​សកម្មជន​សង្គម​ចំនួន​៥នាក់ ក្នុង​នោះ រួមមាន​លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធិ ជាដើម ដាក់​ពន្ធនាគារ។ អាជ្ញាធរ​រដ្ឋាភិបាល​ក៏​បាន​បន្ត​យុទ្ធនាការ ចាប់​ចង​សកម្មជន​សង្គម​មួយ​ចំនួន​ទៀត ដោយ​ចោទ​ប្រកាន់​ពួកគេ​ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» បទ «ផ្ដួល​រំលំ​រដ្ឋាភិបាល» និង«រួមគំនិតក្បត់» ពាក់ព័ន្ធ​ការ​រិះគន់​ជុំវិញ​ភាព​ចម្រូងចម្រាស​ក្នុង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍CLV ដែល​កម្ពុជា​យក​ខេត្ត​ជាប់​ព្រំដែន​ចំនួន៤ រកស៊ី​ជាមួយ​វៀតណាម។ អង្គការ​ការពារ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​មើល​ឃើញ​ថា​បទ​ចោទ​ទាំងនេះ​ជា​បទ​ចោទ​បែប​ប្រឌិត និង​មាន​ចរិត​នយោបាយ​ដើម្បី​បង្ក្រាប​លើ​ក្រុម​អ្នករិះគន់។

ប៉ុន្តែ​ក្រោយមក តុលាការ​ដែល​គេ​ចោទ​ថា ស្ថិត​ក្រោម​ការ​បញ្ជា​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដោះលែង​យុវជន​ចំនួន ៦នាក់​វិញ ជា​បន្តបន្ទាប់ ក្រោយពី​ពួកគេ​ធ្វើ​វីដេអូ​សុំទោស​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត និង​ទម្លាក់​កំហុស​លើ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ ក្នុង​នោះ យុវជន​មួយ​ចំនួន​ដែល​ធ្លាប់​ធ្វើ​ការងារ​សង្គម ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ក្រោយ​ពេល​ចេញ​ពី​ពន្ធនាគារ​វិញ ពួកគេ​បែរជា​ប្ដូរ​គោលជំហរ​ដើម​ទាំងស្រុង ហើយ​ថែមទាំង​យក​អំណាច​តុលាការ និង​គុក​ច្រវាក់ មក​គំរាមកំហែង​យុវជន​ដទៃ ដូច​នឹង​ទង្វើ​ដែល​មេដឹកនាំ​កម្ពុជា​ធ្លាប់​ធ្វើ​ដាក់​ពួកគេ​នៅ​ពេល​កន្លងមក​ដែរ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និង​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី២១ ខែ​មករា។

ចំណែក​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក ឃៀង សុណាឌីន បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទាក់ទិន​នឹង​បញ្ហា​នេះ​ឡើយ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ឱ្យ​មាន​សេរីភាព លោក វឿន វាសនា លើកឡើង​ថា ការ​ចេញ​វីដេអូ​សុំទោស និង​និយាយ​ទម្លាក់​កំហុស​លើ​ខ្លួនឯង​នេះ កើត​ចេញ​ពី​ការ​បញ្ចុះបញ្ចូល និង​បង្ខិតបង្ខំ ដែល​ត្រូវ​បាន​គេ​រៀបចំ​ឡើង​ជា​ប្រព័ន្ធ ជា​ថ្នូរ​ទៅ​នឹង​ការ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ។ លោក វឿន វាសនា អះអាង​ថា ក្រោយ​ពេល​ដោះលែង​ពី​ពន្ធនាគារ​ហើយ​នោះ អាជ្ញាធរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​តាម​គំរាមកំហែង និង​បង្ខំ​ឱ្យ​សកម្មជន​អ្នកនយោបាយ បន្ត​វាយប្រហារ​ទៅ​លើ​បក្ស​ប្រឆាំង និង​អ្នក​ប្រជាធិបតេយ្យ ដោយ​មិន​អនុញ្ញាត​ឱ្យ​ពួកគាត់ បន្ត​ជីវិត​រស់នៅ​ក្នុង​ជីវភាព​ជា​ពលរដ្ឋ​សាមញ្ញ​ឡើយ។

អតីត​អ្នកទោស​មនសិការ អះអាង​ថា លោក យឹម ស៊ីណន និង​លោក ហ៊ុន វណ្ណៈ គឺជា​ជន​បង្គោល​ដែល​បាន​ទៅ​និយាយ​បញ្ចុះបញ្ចូល​យុវជន និង​អ្នកទោស​មនសិការ​ជាច្រើន​នាក់​ទៀត ឱ្យ​និយាយ​ទម្លាក់កំហុស​លើ​ខ្លួនឯង ហើយ​សុំទោស​លោក ហ៊ុន សែន ដើម្បី​ជា​ថ្នូរ​បាន​រួចផុត​ពី​ការ​ឃុំឃាំង។ ពួកគាត់​អះអាង​ទៀត​ថា មន្ត្រី​ទាំង​ពីរ​នេះ បាន​ទទួល​កម្រៃ​ជើងសា ឬ​កុំមីស្យុង ពី​លោក ហ៊ុន សែន នៅ​ពេល​ពួកគេ​អូសទាញ ឬ​បញ្ចុះបញ្ចូល​អ្នកទោស​មនសិការ​បានសម្រេច។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទងរដ្ឋលេខាធិការ​ក្រសួង​ការងារ លោក យឹម ស៊ីណន និង​អតីត​សកម្មជន​សង្គម«ខ្មែរ​ថាវរៈ» លោក ហ៊ុន វណ្ណៈ ដើម្បី​បកស្រាយ​ជុំវិញ​ការ​ចោទប្រកាន់​នេះ​បាន​ទេ គិត​មកដល់​ថ្ងៃ​ទី២២ ខែ​មករា។

អ្នក​ជំនាញ​ច្បាប់ និង​អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ​លោក វ៉ន ចាន់ឡូត យល់​ឃើញ​ថា ការ​កំណត់​លក្ខខ័ណ្ឌ​របស់​មេដឹកនាំ​គណបក្ស​កាន់អំណាច ចំពោះ​សកម្មជន​សង្គម​ដែល​ចុះចូល គឺ​បណ្ដាលមកពី​ភាព​មិន​ទុកចិត្ត និង​ជា​វិធី​សងសឹក​មួយ ទៅ​លើ​សកម្មជន​សង្គម​ដែល​តែងតែ​ចេញមុខ​រិះគន់​រដ្ឋាភិបាល។

លោក វ៉ន ចាន់ឡូត៖ «តាក់តិច​នយោបាយ​នេះ ខ្ញុំ​មើល​ឃើញ​ថា មិន​បាន​ផ្ដល់​កិត្តិយស ទៅ​លើ​អ្នក​ដែល​ចូលរួម​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ហ្នឹង​ទេ។ ប៉ុន្តែ​វា​ជា​រូបភាព​នៃ​ការ​សម្លាប់​ទាំង​មាន​ដង្ហើម​ដក។ គឺ​សម្លាប់​កិត្តិយស និង​កេរ្តិ៍ឈ្មោះ»

អត្ថបទ​ស្ដីពី​សកម្មជន​មិន​រាងចាល​របស់​អង្គការ​លីកាដូ ចេញផ្សាយ​នៅ​ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ២០២៤ រក​ឃើញ​ថា ពន្ធនាគារ​ជាច្រើន​កន្លែង​នៅ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឱ្យ «ជន​ប្រព្រឹត្ត​បទល្មើស» បាក់​ស្មារតី​រាងចាល​ក្នុង​ការ​ប្រព្រឹត្ត ដូចជា កង្វះ​អាហារ​ហូបចុក កង្វះ​ទឹក​ស្អាត និង​ទឹក​មាន​តម្លៃ​ថ្លៃ​កប់​ពពក ជាដើម។

អតីត​អ្នកទោស​មនសិការ លើកឡើង​ថា ប្រសិនបើ​មេដឹកនាំ​គណបក្ស​កាន់អំណាច នៅតែ​បន្ត​យក​ពន្ធនាគារ មក​ធ្វើ​ជា​រោងចក្រ​លាង​ខួរ និង​បំបាក់​ឆន្ទៈ​អ្នក​ប្រជាធិបតេយ្យ​ទៀត​នោះ ការ​ធ្វើ​ដូច្នេះ​នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​ស្អប់ និង​យល់​កាន់តែ​ច្បាស់​ពី​ចរិត​នយោបាយ​ទុច្ចរិត របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ថ្វី​បើ​មាន​សកម្មជន​សង្គម និង​អ្នកទោស​នយោបាយ​មួយ​ចំនួន ត្រូវ​បាន​គេ​លាង​ខួរ​បាន​សម្រេច និង​ផ្លាស់ប្ដូរ​គោលជំហរ​ដើម ៣៦០ដឺក្រេ​ក៏ដោយ ក៏​បច្ចុប្បន្ន​នេះ​វិធីសាស្ត្រ​ចាប់​មនុស្ស​ដាក់គុក​រួច​លាង​ខួរ​នេះ ទំនង​ជា​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ​សម្រាប់​អ្នកទោស​មនសិការ និង​អ្នកទោស​នយោបាយ​មួយ​ចំនួន ក្នុង​នោះ​មាន​ដូចជា​សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ជាដើម។ ពួកគាត់​សុខចិត្ត​មិន​ប្ដូរ​មនសិការ កិត្តិយស និង​មិន​សុំទោស​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ឡើយ ខណៈ​ពួកគាត់​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុសច្បាប់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។