ប្រធានាធិបតីបារាំងលោក អេម៉ានុអែល ម៉ាក្រុង (Emmanuel Macron) បានរំឭកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ជាសាធារណៈអំពីការអភិរក្សឧទ្យានអង្គរ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ មន្ត្រីបក្សប្រឆាំងនិងសង្គមស៊ីវិលចាត់ទុកការលើកឡើងរបស់ប្រធានាធិបតីបារាំងថាជាការយកចិត្តទុកដាក់ចំពោះស្ថានភាពកម្ពុជា។
មិនខុសពីជំនួបជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ទេ ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក អេម៉ានុអែល ម៉ាក្រុង (Emmanuel Macron) នៅតែលើកឡើងទៀត នៅចំពោះមុខនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងសន្និសីទចំហមួយកាលពីថ្ងៃទី១៨ មករា អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។
លើសពីនេះទៀត លោក ម៉ាក្រុង ក៏បានរំឭកលោក ហ៊ុន ម៉ាណែត ទាក់ទងនឹងការអភិរក្សឧទ្យានអង្គរដែរ។ លោក មានប្រសាសន៍ជាភាសាបារាំងដោយមានអ្នកប្រែជាភាសាខ្មែរថាសំខាន់ជាងគេគឺការអភិរក្សឧទ្យានអង្គរ ក្នុងគម្រោងវប្បធម៌។
លោក ម៉ាក្រុង៖«ភាសាបារាំងស្ទើរតែធម្មតាទៅហើយ បាននាំឱ្យយើងបង្កើតគម្រោងវប្បធម៌ ដែលសំខាន់ជាងគេនោះគឺ ការអភិរក្សឧទ្យានអង្គរ ក្នុងបារាំងធ្វើជាសហប្រធានគណៈកម្មការអន្តរជាតិជាមួយជប៉ុន ហើយនៅទីនេះខ្ញុំសូមថ្លែងអំណរគុណ ចំពោះទំនុកចិត្ត ដែលសម្ដេចផ្ដល់ជូនយើងខ្ញុំនូវរមណីយដ្ឋាននេះ ដែលមានតម្លៃឥតឧបមាផ្នែកបេតិកភណ្ឌ វប្បធម៌ប្រវត្តិសាស្ត្រកម្ពុជា»។
លោក ម៉ាក្រុង ថ្លែងបែបនេះនៅស្របពេលដែលរដ្ឋាភិបាលកម្ពុជាតាំងពីដឹកនាំលោក ហ៊ុន សែន រហូតដល់លោក ហ៊ុន ម៉ាណែត ជាកូនបានធ្វើយុទ្ធនាការបណ្ដេញប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារចេញពីតំបន់អង្គរដោយបង្ខំឱ្យទៅរស់នៅតំបន់រុនតាឯក ដោយគ្មានសំណង និងគ្មានការយកចិត្តទុកដាក់ជីវភាពឱ្យបានត្រឹមត្រូវ។
ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសវិញប្រធានាធិបតីបារាំងបានមានប្រសាសន៍ថា បារាំងបានជួយអភិវឌ្ឍកម្ពុជាជាច្រើនដូចជា ការជជែកជាមួយក្រុមហ៊ុនបារាំងជាច្រើនឱ្យទៅវិនិយោគនៅកម្ពុជានិងបានផ្តល់ជំនួយដល់កម្ពុជាជាបន្តបន្ទាប់ក្រោយពេលមានកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១។
លោក ម៉ាក្រុង៖«ដោយនៅតែអង្រួតចិត្តចង់បង្ខិតចំណងប្រទេសយើងទាំងពីរឱ្យនៅជិតគ្នាតាំងពីចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីសតាំងពីឆ្នាំ១៩៩១ ប្រទេសបានជួយជ្រោមជ្រែងកម្ពុជាក្នុងការអភិវឌ្ឍ ដែលទទួលបានលទ្ធផលដ៏អស្ចារ្យ ដែលយើងអាចមានមោទនភាព។ ដូច្នេះទស្សនកិច្ចរបស់សម្ដេចគឺជាមួយ ដើម្បីបង្កើតគម្រោងថ្មីៗ ទៀត ជាមួយយើងខ្ញុំ ហើយដែលសម្ដេចមានឱកាសបានជជែកជាមួយក្រុមហ៊ុនជាច្រើន ជាពិសេស ក្នុងវិស័យថាមពលដឹកជញ្ជូន និងរចនាសម្ព័ន្ធ»។
លោក ហ៊ុន ម៉ាណែត បានថ្លែងទទួលស្គាល់ និងចងចាំនូវតួនាទីរបស់ប្រទេសបារាំង ដែលសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ជាមូលដ្ឋានស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជាចាប់តាំងពីពេលនោះមក។ ប៉ុន្តែ លោក ហ៊ុន ម៉ាណែត មិនបានបង្ហាញសញ្ញាណាមួយក្នុងសន្ទរកថារបស់លោកដើម្បីដឹកនាំប្រទេសកម្ពុជា ឱ្យស្របតាមខ្លឹមសារ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ។ជាពិសេស ការផ្សះផ្សាជាតិនិងការស្ដារលទ្ធិប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋខ្មែរទន្ទឹងរង់ចាំ។
លោក ហ៊ុន ម៉ាណែត៖«កម្ពុជាយើងចងចាំជានិច្ចនៅតួនាទីរបស់បារាំងនៅក្នុងនាមជាស្ថាបនិក និងជាសហប្រធានសន្និសីទទីក្រុងប៉ារីសស្ដីពីកម្ពុជា ដែលនាំទៅសម្រេចទៅបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ១៩៩១ ដែលជាការរួមចំណែកយ៉ាងសំខាន់របស់បារាំងនៅក្នុងការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិតាំងពីពេលនោះមក តាមរយៈទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ AFD ដែលបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតទាបនៅឆ្នាំ២០១៥ និងស្ថិតនៅលើមាគ៌ា ឆ្ពោះទៅប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។
ទាក់ទងនឹងរឿងនេះ អនុប្រធានគណបក្សភ្លើងទៀន និងធ្លាប់ជាតំណាងរាស្ត្រច្រើនអាណត្តិតាំងពីអាណត្តិទី១ លោក សុន ឆ័យ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ មករា ថា ប្រទេសហត្ថលេខីរួមទាំងប្រទេសបារាំង ដែលជាសហប្រធានបានសម្ដែងការមិនពេញចិត្តចំពោះការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះ ករណីមិនបានគោរពសិទ្ធិមនុស្សការមិនគោរពតាមគោលការណ៍ប្រជាធិបតេយ្យសេរីឱ្យបានត្រឹមត្រូវព្រមទាំងបច្ចុប្បន្នភាពនៃការបណ្ដេញប្រជាពលរដ្ឋពីតំបន់អង្គរខេត្តសៀមរាប ដោយខ្វះការទទួលខុសត្រូវជាដើម។
អតីតអ្នកតំណាងរាស្ត្ររូបនេះថា បើរដ្ឋាភិបាលសព្វថ្ងៃនៅបន្តនយោបាយមិនស្របតាមខ្លឹមសារកិច្ចព្រមព្រៀងទីក្រុងប៉ារីសអាចធ្វើឱ្យកម្ពុជាប្រឈមផលវិបាកច្រើន ទាំងនយោបាយសន្តិសុខសង្គមនិងសេដ្ឋកិច្ចហើយប្រទេសហត្ថលេខីនៅតែបន្តតាមដានការអនុវត្តរបស់រដ្ឋាភិបាលកម្ពុជាជានិច្ច។
លោក សុន ឆ័យ៖«ស្ថានទូតរបស់ប្រទេសមួយចំនួននៅទីក្រុងភ្នំពេញ គេតែងព្រួយបារម្ភថា ការគ្រប់គ្រងប្រទេសកម្ពុជា មិនស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងមិនស្របកិច្ចព្រមព្រៀងទីក្រុងប៉ារីស អាចនឹងធ្វើឱ្យប្រទេសកម្ពុជាទទួលនូវផលវិបាកច្រើនយ៉ាង ទាំងផ្នែកសេដ្ឋកិច្ច ទាំងសន្តិសុខសង្គម។ ដូច្នេះ ហើយប្រទេសហត្ថលេខីតែងក្រើនរំឭកអំពីការងារទាំងនេះ បើទោះបីជាត្រូវក្រើនរំឭកញឹកញាប់យ៉ាងណាក៏ដោយ»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ មករាថា គឺជារឿងល្អដែលប្រធានាធិបតីបារាំងយកចិត្តទុកដាក់អំពីបញ្ហារបស់កម្ពុជាហើយបានក្រើន រំឭកនាយករដ្ឋមន្ត្រីថ្មីកម្ពុជាឱ្យបានដឹងនិងពិចារណាពីព្រោះបណ្ដាប្រទេស លោកសេរី នៅតែប្រកាន់ជំហរចង់ឱ្យកម្ពុជាយើងគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោក ស៊ឹង សែនករុណា៖«កិច្ចព្រមព្រៀងទីក្រុងប៉ារីសយើងដឹងហើយ កិច្ចព្រមព្រៀងនោះ យ៉ាងម៉េច គឺចង់ឱ្យប្រទេសកម្ពុជា មានប្រជាធិបតេយ្យមានការគោរពសិទ្ធិមនុស្ស ដែលមានចែងនៅក្នុងហ្នឹង។ អ៊ីចឹងវាជារឿងមួយ ដែលបានលើកឡើង ចំពោះរឿងរ៉ាវរបស់កម្ពុជា ហើយរំឭកទៅដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ហើយកម្ពុជាយើងប្រជាពលរដ្ឋយើងទាំងអ្នកនយោបាយកន្លងមក ក្រោយពីមានបង្ហូរឈាមគ្នា គឺយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាគោល ហើយយើងបានមូលមាត់បញ្ចប់នូវការកាប់សម្លាប់គ្នាហ្នឹងឯង។ បើកាលណាមានការគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺពលរដ្ឋកម្ពុជាយើងមានការគោរពសិទ្ធិមនុស្ស មានប្រជាធិបតេយ្យ មានការអភិវឌ្ឍហ្នឹងហើយ»។
លោក ស៊ឹង សែន ករុណា រំឭកថា នៅមុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសកម្ពុជាមិនមានការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិនោះទេ។
លោកថាដូចលោកប្រធានាធិបតីបារាំងលើកឡើងដែរការមូលមាត់គ្នាជ្រោមជ្រែងជួយប្រទេសកម្ពុជាដោយសហគមន៍អន្តរជាតិឱ្យមានការអភិវឌ្ឍន៍ស្ដារកម្ពុជាឡើងវិញមានការបោះឆ្នោតយុត្តិធម៌ដោយអ៊ុនតាក់ (UNTAC) កាលពីឆ្នាំ១៩៩៣ និងឱ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ គឺសុទ្ធតែជាសមិទ្ធផលដែលកើតក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូច្នេះ គប្បីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពិចារណាអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពនេះដើម្បីជាផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរនិងក៏បានមុខមាត់រដ្ឋាភិបាលរបស់លោកដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។