រដ្ឋាភិបាល​បារាំង​អះអាង​ថា  កំពុង​តាមដាន​ការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​ទៅ​លើ​លោក លិម គិមយ៉ា

ដោយ ហ៊ុំ ចំរើន
2025.01.24
រដ្ឋាភិបាល​បារាំង​អះអាង​ថា  កំពុង​តាមដាន​ការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​ទៅ​លើ​លោក លិម គិមយ៉ា (ឆ្វេង) លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក លី រតនរស្មី មាន​ឈ្មោះ​ជាថៃ​ថា ស៊ុមវ៉ាំង បាមរុងគីត ដែល​ជា​ជន​សង្ស័យ​ក្នុង​ឃាតកម្ម​លើ​អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះ​ជាតិ លោក លិម គិមយ៉ា នៅ​ក្រុង​បាងកក ប្រទេសថៃ កាល​ពី​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ២០២៥។
រូប៖ ហ្វេសប៊ុក

ស្ថានទូត​បារាំងប្រចាំ​នៅ​កម្ពុជា បាន​រម្លឹក​ថា រដ្ឋាភិបាល​បារាំង (French) កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់ ទៅលើ​ការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ដែល​ជា​ពលរដ្ឋ​បារាំង និង​ជា​សមាជិក​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។ អ្នកឃ្លាំមើល​លើកឡើង​ថា ការ​រម្លឹក​របស់​បារាំង​នេះ អាច​ជា​សារ​ដាស់តឿន​មួយ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ពន្លឿន​ការ​ចាប់ខ្លួន​ជនសង្ស័យ​ ដែល​ជា​ជនជាតិ​ខ្មែរ បញ្ជូន​ទៅ​ឱ្យ​អាជ្ញាធរ​ថៃ​បន្ត​នីតិវិធី ដើម្បី​រក​យុត្តិធម៌​ឱ្យ​លោក លិម គិមយ៉ា។

ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក នៅ​ថ្ងៃទី២៤ ខែ​មករាថា នៅ​ក្នុង​កិច្ចពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន និង​ឯកអគ្គរដ្ឋទូត​បារាំង ប្រចាំ​នៅ​កម្ពុជា លោកហ្សាក់ ប៉ឺឡេ (Jacques Pellet) កាលពី​ថ្ងៃទី២៣ ខែ​មករា ភាគីទាំង២ បាន​ពិភាក្សា​ទៅ​លើ​ប្រធានបទ​មួយ​ចំនួន មាន​ដូចជា ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើកទី២០ ​នៅ​កម្ពុជា កិច្ចប្រជុំ​កំពូល​ស្ដីពី​បញ្ញា​សិប្បនិម្មិត (AI) ហើយ​នៅ​ចុង​បញ្ចប់​នោះ លោក​ឯកអគ្គរដ្ឋទូត​បាន​រម្លឹក​ថា ប្រទេស​បារាំង​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់ ទៅ​លើ​ការ​ស៊ើបអង្កេត​ស្ដីពី​ឃាតកម្ម​ទៅ​លើ​ពលរដ្ឋ​បារាំង និង​ជា​សមាជិក​បក្ស​ប្រឆាំង​កម្ពុជា គឺ​លោក លិម គិមយ៉ា។

សេចក្ដី​បញ្ចប់​ដែល​មាន​ខ្លឹមសារ​មុត​ស្រួច​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ២នាក់ ​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ករណី​បាញ់សម្លាប់​លោក លិម គិមយ៉ា គឺ​លោក លី រតនរស្មី ដែល​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន និង​លោក ពេជ្រ គឹមស្រ៊ិន ដែល​ជា​កូនចៅ​របស់​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បញ្ជូន​ឱ្យ​ទៅ​អាជ្ញាធរ​ថៃ ដើម្បី​អនុវត្ត​នីតិវិធី​នៅ​ឡើយ។


អត្ថបទទាក់ទអនឹងរឿងឃាតកម្មលើលោក លិម គិមយ៉ា៖

លោក ហ៊ុន ម៉ាណែត ច្រានចោល​ការ​ពាត់ព័ន្ធក្នុងឃាតកម្មលើលោក លិម គិមយ៉ា

តុលាការបារាំងបានសាកសួរភរិយាលោក លិម គិមយ៉ា អំពីករណីឃាតកម្មលើលោក លិម គិមយ៉ា

ខ្មាន់កាំភ្លើងបង្ហាញអត្តសញ្ញាណអ្នកបញ្ជាឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា

អ្នកជំនាញច្បាប់ និងអ្នកតាមដាននយោបាយថា ឃាតកម្មលើលោក លិម គិមយ៉ា ជាប់ពាក់ព័ន្ធរដ្ឋាភិបាល ដែលរៀបចំជាប្រព័ន្ធ


ការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា មិនទាន់​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង២ ​នេះ បាន​ធ្វើ​ឱ្យ​ដំណើរការ​នីតិវិធី​ក្នុង​ករណី​ឃាតកម្ម​ទៅ​លើ​លោក លិម គិមយ៉ា ដែល​ប៉ូលិស​ថៃ​បាន​ស៊ើបអង្កេត និង​កោះ​កកាយ​បង្ហាញ​មុខ​ជន​ដៃដល់​ទៅ​ហើយ​នោះ ត្រូវ​ជាប់​គាំង។ បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​អ្នកឃ្លាំមើល​សង្គម​យល់ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ដែល​ល្បីឈ្មោះ​ថា ​មាន​ស្នាដៃ​ចាប់​សកម្មជន​សង្គម និង​អ្នកនយោបាយ​ប្រឆាំង​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​នោះ បែរជា​អសមត្ថភាព​ក្នុង​ការ​ចាប់ខ្លួន​ជនសង្ស័យ ដែល​ជា​សកម្មជន​នៅ​ក្នុង​បក្ស​ខ្លួនឯង ជាប់ពាក់ព័ន្ធ​ក្នុង​រឿង​បាញ់សម្លាប់​លោក លិម គិមយ៉ា ទៅវិញ។

វិទ្យុ​អាស៊ី​សេរីមិន​អាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួងការបរទេស លោក ជុំ សុន្ទរី និង​អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី២៤ ខែ​មករា។

ទាក់ទិន​រឿង​នេះ ប្រធាន​ក្រុម​អ្នកច្បាប់​អមរិន្ទ លោក​មេធាវី សុក សំអឿន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃទី២៤ ខែ​មករា ថា ប្រសិនបើ​សំណុំ​រឿង​ឃាតកម្ម​លើ​លោក លិម គិមយ៉ា នេះ ជាប់​គាំង​នៅ​តុលាការ​ថៃ​នោះ តុលាការ​បារាំង អាច​ជំរុញ​រឿងក្ដី​នេះ​បាន តាមរយៈ​ទំនាក់ទំនង​រដ្ឋ​នឹង​រដ្ឋ។

លោក សុក សំអឿន៖ «រឿងក្ដី​នេះ មិនមែន​ស្ថិតនៅ​លើ​រដ្ឋាភិបាល​មួយ​មុខ​នោះ​ទេ គឺ​ស្ថិតនៅ​លើ​តុលាការ។ តុលាការ​បារាំង គឺ​ចៅក្រម​ស៊ើបអង្កេត​របស់​គេ គឺ​មានអំណាច​ជាង​តុលាការ និង​ចៅក្រម​យើង​ទៀត។ អ៊ីចឹង​រឿងក្ដី​នេះ គឺ​នៅ​លើ​ចៅក្រម ប៉ុន្តែ​តុលាការ​អាច​ស្នើសុំ​ទៅ​រដ្ឋាភិបាល ទើប​រដ្ឋាភិបាល​ពិចារណា»

ពាក់ព័ន្ធ​រឿង​នេះ ប្រពន្ធ​របស់​លោក លិម គិមយ៉ា ដែល​ជា​ជនជាតិ​បារាំង គឺ​អ្នកស្រី លិម អានី បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរីថា អ្នកស្រី​បាន​ដាក់ពាក្យបណ្ដឹង​ទៅ​តុលាការ​បារាំង រួចហើយ ស្រប​ពេល​តុលាការ​ថៃ កំពុង​តែ​ដំណើរការ​ស៊ើបអង្កេត​រឿង​នេះ។  អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី​មាន​ជំនឿ និង​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​បារាំង និង​ថៃ​ជាង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ឱ្យ​ប្ដី​របស់​លោកស្រី គឺ​លោក លិម គិមយ៉ា។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​លទ្ធិប្រជាធិបតេយ្យ​ខ្មែរ ប្រចាំ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា យល់ឃើញ​ថា ការ​លើកឡើង​របស់​បារាំង អំពី​ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ប្រាប់​ទៅ​កម្ពុជា​នេះ ប្រៀប​បាន​ទៅ​នឹង​ការ​ផ្ដល់​កាត​លឿង​ព្រមាន​ដល់​កម្ពុជា ឱ្យ​ពន្លឿន​ការ​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ជា​ជនជាតិ​ខ្មែរ បញ្ជូន​ទៅ​ឱ្យ​អាជ្ញាធរ​ថៃ​បន្ត​នីតិវិធី ដើម្បី​រក​យុត្តិធម៌​ឱ្យ​លោក លិម គិមយ៉ា។

លោក ស៊ឹង សែនករុណា៖ «ករណី​នេះ ទោះបី​កម្ពុជា​ចង់ ឬ​មិន​ចង់ គឺជា​ការ​បង្ហាញ​នូវ​សម្ពាធ​មួយ​ថ្មី​ទៀត ដើម្បី​ឱ្យ​កម្ពុជា​ហ្នឹង ដឹងខ្លួន​នូវ​អ្វី​ដែល​កំពុង​តែ​អនុវត្ត​ហ្នឹង។ អ៊ីចឹង​យើង​គិត​ថា បារាំង នឹង​ដើរ​តួនាទី​នេះ​ជា​បន្ត​ទៀត ជាមួយ​ប្រទេស​ថៃ ក៏ដូចជា​បណ្ដា​ប្រទេស​អន្តរជាតិ​ផ្សេងៗ​ទៀត ទាំង​ប្រទេស​អឺរ៉ុប ហើយ​និង​សហរដ្ឋអាមេរិក ក៏ដូចជា​បណ្ដា​ប្រទេស​លោកសេរី​ផ្សេងទៀត ដើម្បី​ឱ្យ​ជួយ​តាមដាន​ទៅ​លើ​ករណី​ការ​សម្លាប់​លោក លិម គិមយ៉ា នេះ»

កាលពី​ថ្ងៃទី១០ ខែ​មករា ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​ចំពោះ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ដែល​ជា​ពលរដ្ឋ​បារាំង និង​ជា​អតីត​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ក្នុង​លិខិត​នោះ ប្រទេស​បារាំង បាន​បញ្ជាក់​ថា បារាំង​នឹង​តាមដាន​ដោយ​យកចិត្តទុកដាក់ អំពី​ដំណើរការ​ស៊ើបអង្កេត របស់​អាជ្ញាធរ​ថៃ ដើម្បី​ស្វែងរក​ការពិត​ចំពោះ​ករណី​ឃាតកម្ម​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។