GMACថា ការដកប្រព័ន្ធអនុគ្រោះពន្ធអាចកើតមាន បើអឺរ៉ុបរកឃើញថាកម្ពុជាមិនវិវឌ្ឍជាវិជ្ជមាន

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា ជីម៉ាក់ (GMAC) បញ្ជាក់ថា លទ្ធភាពនៃការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) នៅកម្ពុជា អាចកើតមានឡើង ប្រសិនបើសហភាពអឺរ៉ុប ពិនិត្យឃើញថា ការវិវឌ្ឍ នៅកម្ពុជាមិនមានផលវិជ្ជមានសោះ។ សេចក្ដីថ្លែងការណ៍របស់សមាគមរោងចក្រសង្ឃឹមថា ប្រសិនបើមានការវិវឌ្ឍជាវិជ្ជមានតិចតួច សហភាពអឺរ៉ុប អាចដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) មួយចំណែក។ ប៉ុន្តែកម្មករក្នុងវិស័យកាត់ដេរ បារម្ភថា បើទោះដកមួយចំណែក ឬទាំងស្រុង សុទ្ធតែប៉ះពាល់ស្ថិរភាពការងារកម្មករធ្ងន់ធ្ងរ។
អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក កាំង ម៉ូនីកា ប្រាប់អាស៊ីសេរី ថា ក្នុងសេចក្ដីបំភ្លឺ ចេញផ្សាយកាលពីថ្ងៃទី៦ មិថុនា សមាគមរោងចក្រកាត់ដេរ ចង់បង្ហាញសេនារីយ៉ូ ៣ករណី អាចនឹងកើតឡើង សម្រាប់ការវិវឌ្ឍប្រព័ន្ធអនុគ្រោះពន្ធ អ៊ី.ប៊ី.អេ (EBA) ។ តែយ៉ាងណា សមាគមរោងចក្រកាត់ដេរ មិនបានសន្និដ្ឋានថា អនាគត អ៊ី.ប៊ី.អេ របស់កម្ពុជា អាចនឹងដកហូតទាំងស្រុង ដកហូតផ្នែកខ្លះ ឬទុកនៅដដែលទេ។ លោក កាំង ម៉ូនីកា ក៏មិនបកស្រាយបន្ថែមពីលើសេចក្ដីបំភ្លឺ ឬបន្ថែមការសន្និដ្ឋានយ៉ាងណាទេ៖ «អានេះ(សេចក្ដីបំភ្លឺ) គ្រាន់តែយើងចង់បញ្ជាក់បន្ថែមទេ កុំឱ្យមានការភាន់ច្រឡំ ទៅលើ គេហៅថា ទៅលើការសន្និដ្ឋានពីលទ្ធផល ដែលនឹងកើតឡើងនៅថ្ងៃខាងមុខ»។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬគេស្គាល់ថា ជាសមាគមថៅកែរោងចក្រ ហៅកាត់ថា ជីម៉ាក់ (GMAC) កាលពីថ្ងៃទី៦ មិថុនា ចេញសេចក្ដីបំភ្លឺ ថា GMAC មិនបានសន្និដ្ឋានទាំងស្រុង ចំពោះការវាយតម្លៃរបស់សហភាពអឺរ៉ុប ជុំវិញការចាប់ផ្ដើមដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធ អ៊ី.ប៊ី.អេ ឡើយ។
ប៉ុន្តែ សមាគមថៅកែរោងចក្រ យល់ឃើញថា អនាគតនៃប្រព័ន្ធអនុគ្រោះពន្ធ EBA សម្រាប់កម្ពុជា មាន៣ជម្រើស គឺទី១ ប្រសិនបើសហភាពអឺរ៉ុប ពិនិត្យឡើងវិញ ឃើញមានការវិវឌ្ឍជាវិជ្ជមានពេញលេញ តាមអ្វីដែលសហភាពអឺរ៉ុបចង់បាន គេនឹងបន្តប្រព័ន្ធអនុគ្រោះពន្ធនៅដដែល។ ទី២ ប្រសិនបើមានការវិវឌ្ឍជាវិជ្ជមានខ្លះ ប្រព័ន្ធអនុគ្រោះពន្ធ អាចនឹងត្រូវដកមួយចំណែក។ ប៉ុន្តែករណីទី៣ EBA ត្រូវដកទាំងស្រុង ប្រសិនបើការពិនិត្យឡើងវិញរបស់ EU រកឃើញថា មិនមានការវិវឌ្ឍជាវិជ្ជមានសោះ។
សមាគមថៅកែរោងចក្រ បង្ហាញថា ហិរញ្ញវត្ថុ ដែលបានមកពី EBA គឺពឹងផ្អែកទាំងស្រុងទៅលើការពិនិត្យមើលរបស់ EU អំពីការ វិវឌ្ឍជាវិជ្ជមាន។
ទោះបែបណា កម្មករក្នុងវិស័យកាត់ដេរ បង្ហាញអារម្មណ៍ មិនសប្បាយចិត្ត ប្រសិនបើរបបក្រុងភ្នំពេញ បណ្ដែតបណ្ដោយឱ្យ សហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ មែន ព្រោះជាការបាត់ប្រយោជន៍ និងប៉ះពាល់ដល់ស្ថិរភាពការងារកម្មករ។
កម្មករម្នាក់ ធ្វើការនៅរោងចក្រប៊ូវឃ័រ (Bowker Cambodia Co.ltd) នៅស្រុកអង្គស្នួល ខេត្តកណ្ដាល លោក ឡឹក សុភ័គ្រ អះអាងថា ស្ថានភាពកម្មករបច្ចុប្បន្នមានភាពលំបាកស្រាប់ហើយ។ ប្រសិនបើមានការកាត់ប្រព័ន្ធអនុគ្រោះពន្ធ ទាំងស្រុង ពាក់កណ្ដាល ឬផ្នែកខ្លះ វាជាបន្ទុកបន្ថែមសម្រាប់កម្មករ។ លោក ថា បច្ចុប្បន្នរោងចក្រខ្លះ គ្មានផលិតផលឱ្យកម្មករដេរថែមម៉ោងទេ ឯរោងចក្រខ្លះ ទទួលយកកម្មករ ឱ្យធ្វើការពាក់កណ្ដាលម៉ោងការងារ ហើយទទួលបានប្រាក់ឈ្នួល៥០ភាគរយ ក៏មាន។
កម្មកររូបនេះ បន្តថា រោងចក្រខ្លះបានបង្វែរវត្ថុធាតុដើម ទៅប្រទេសវៀតណាមបណ្ដើរៗ ហើយ ដូច្នេះ ប្រសិនបើប្រឈមនឹងបញ្ហាកាត់ប្រព័ន្ធអនុគ្រោះពន្ធបន្ថែមទៀត កម្មករអាចត្រូវប្រឈមបាត់បង់ការងារខ្ពស់៖ «ពាក់ព័ន្ធនៅក្នុងរោងចក្រខ្ញុំ បើតាមខ្ញុំដឹង លឺសូរ អ្នកបញ្ជាទិញ គឺអាស្រ័យតែលើប្រមុខរដ្ឋាភិបាលទេ ពាក់ព័ន្ធអារឿងទំនាស់អ៊ីចឹងណា ព្រោះឥវ៉ាន់យកមកច្រើនអ៊ីចឹងទៅ។ តែរោងចក្រខ្ញុំ ភាគច្រើនបង្វែរឥវ៉ាន់(វត្ថុធាតុដើម) ទៅវៀតណាម»។
ចំណែកកម្មការិនីម្នាក់ទៀត ធ្វើការនៅរោងចក្រតេយ៉ុង នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល អ្នកស្រី ស៊ិន សុធារ៉ា ស្នើសុំឱ្យរដ្ឋាភិបាល យកចិត្តទុកដាក់ថែរក្សាប្រព័ន្ធអនុគ្រោះពន្ធ អ៊ី.ប៊ី.អេ ឱ្យបានល្អ ដើម្បីស្ថិរភាពការងាររបស់កម្មករ។ អ្នកស្រី ថា បើទោះរដ្ឋាភិបាលប្រកាសមិនបារម្ភ ពីការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធEBA ប៉ុន្តែក្រុមថៅកែអាចបង្វែរទិសដៅ ទៅប្រទេសជិតខាងគ្រប់ពេល។ អ្នកស្រី មិនជឿថា នៅពេលគេដកប្រព័ន្ធអនុគ្រោះពន្ធ ស្ថានភាពការងារប្រសើរជាងបច្ចុប្បន្នទេ៖ «បើនៅស្រុកខ្មែរយើងយកពន្ធ មានផលប៉ះពាល់បង ។ សំណួរ៖បើគេដកពន្ធខ្លះ? ឆ្លើយ៖ នៅតែប៉ះពាល់អ៊ីចឹងបង។ បើគេអត់ដកហូតវិញ វាអត់អ្វីទេ ល្អ។ ខ្ញុំមិនចង់ឱ្យគេដកហូតទេ។ ខ្ញុំចង់ឱ្យរាជរដ្ឋាភិបាលហ្នឹង គោរពតាមគោលការណ៍ដែលខាងអឺរ៉ុប គេស្នើមកយើង ឱ្យមានលទ្ធិប្រជាធិបតេយ្យ។ បើអ៊ីចឹងទៅ យើងអាចមានចំណាកស្រុកចូលមកវិញ កម្មករយើងទៅចំណាកស្រុកច្រើនណាស់បង។ បើប្រទេសកម្ពុជាយើង(គោរពប្រជាធិបតេយ្យ) កម្មករយើង អាចនឹងវិលមកប្រទេសយើងវិញ»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាល លោក ហេង សួគ៍ បានទេ នៅថ្ងៃទី៧ មិថុនា ដោយសារមិនទទួលទូរស័ព្ទ។ ប៉ុន្តែ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ធ្លាប់អំពាវនាវឱ្យកម្មករកុំមានការព្រួយបារម្ភចំពោះការដកប្រព័ន្ធអនុគ្រោះពន្ធ ព្រោះរបបលោក នៅតែមានប្រាក់ខែបើកឱ្យកម្មករ មន្ត្រីរាជការ។ លោក ហ៊ុន សែន ប្រាប់ថា ចាំពេលរបបលោក គ្មានប្រាក់ខែបើកឱ្យចាំព្រួយបារម្ភ។
អ្នកវិភាគ ថា ការប្រកាសរបស់ លោក ហ៊ុន សែន ជាការធ្វើនយោបាយប្រជាភិថុតិ ព្រោះ លោក ហ៊ុន សែន បានបញ្ជាសម្ងាត់ឱ្យមន្ត្រីក្នុងរបបលោកទាំងអស់ ព្យាយាមទាំងក្នុងរូបភាពចំហ និងឯកជនដើម្បីស្នើសុំឱ្យសហភាពអឺរ៉ុប និងបណ្ដាលប្រទេសខ្លះ នៅអឺរ៉ុប ជួយបញ្ចុះបញ្ចូលសភាអឺរ៉ុប កុំឱ្យផ្ដាច់ការអនុគ្រោះពន្ធ៕