សហជីព​គាំទ្រ​រដ្ឋាភិបាល​ស្នើ​យ៉ាង​ទទូច​ដល់​សហភាព​អឺរ៉ុប​កុំឱ្យ​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា

វិទ្យុ​អាស៊ី​សេរី
2018.07.22
សោម អូន ៦២២ លោក សោម អូន ប្រធាន​សភាសម្ព័ន្ធសហជីព​ជាតិ​កម្ពុជា។
រូបថត NACC page

សហជីព​ចំនួន​ ៦ ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល បាន​យក​ញត្តិ​ដែល​មាន​ខ្លឹម​សារ​ដូចៗ គ្នា​ទៅ​ដាក់​នៅ​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ជា​បន្ត​បន្ទាប់​ តាំង​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី១២ ខែ​កក្កដា ដើម្បី​ស្នើ​​ឱ្យ​សហភាព​អឺរ៉ុប​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​​​ដល់​​កម្ពុជា​ត​ទៅ​ទៀត។ អ្នក​ច្បាប់​​យល់​ឃើញ​ថា របប​លោក ហ៊ុន សែន គឺ​ជា​អ្នក​កាន់​កូន​សោ​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ មិន​មែន​ជា​សហភាព​អឺរ៉ុប​ឡើយ។

ក្រុម​សហជីព​គាំទ្រ​រដ្ឋាភិបាល​​ ដែល​រួម​មាន​ សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា សហភាព​កម្ពុជា​ពន្លឺ​កម្មករ ក្រុម​​ប្រឹក្សា​សហជីព​ជាតិ​កម្ពុជា និង​សហជីព​មួយ​ចំនួន​ទៀត​​ អះអាង​ថា ​ប្រព័ន្ធ​អនុគ្រោះ​​ពន្ធ "ទំនិញ​គ្រប់​មុខលើក​លែង​គ្រឿង​សព្វាវុធ ឬ EBA" បាន​បង្កើត​ការងារ​រាប់​ម៉ឺន​កន្លែង​ និង​ផ្តល់​ចំណូលរាប់​ពាន់​លាន​ដុល្លារ​ដល់​កម្មករ​រាប់​សែន​នាក់ ដែល​ជួយ​ឱ្យ​ក្រុម​គ្រួសារ​របស់​ពួក​គាត់​នៅតាម​ទីជន​បទ​រស់​នៅ​រួច​ចាក​​​ផុត​ពី​ភាពក្រី​ក្រ។ ក្រុម​សហជីព​ដដែល​អះអាង​ទៀត​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធនេះ​ បាន​ជួយ​ឱ្យ​លក្ខខណ្ឌ​ការងារ​កាន់​តែ​មាន​ភាព​​ល្អ​ប្រសើរ ហើយ​កម្មករ​ទទួល​បាន​អត្ថប្រយោជន៍ និង​កិច្ច​ការពារ​សង្គម​ជា​ច្រើន​ប្រភេទ។

ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា លោក សោម អូន ថ្លែង​ថា លោក​មិន​ទាន់​បាន​ដឹង​ច្បាស់​អំពី​គោល​ការណ៍​របស់​សហភាព​ពអឺរ៉ុប​ទាក់ទង​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ទេ ក៏​ប៉ុន្តែ​លោក​មាន​ការ​ព្រួយ​​បារម្ភ​ក្រោយ​ពេល​ឃើញ​សហភាព​អឺរ៉ុប​បញ្ជូន​គណៈ​ប្រតិភូ​ពិសេស​មក​ស្វែង​រក​ការ​ពិត​នៅកម្ពុជា។ លោកចង់​ឱ្យ​សហភាព​អឺរ៉ុប​ញែក​ឱ្យ​ដាច់​ពី​គ្នា​រវាង​បញ្ហា​នយោបាយ និង​វិស័យ​ការងារ​ ដើម្បី​កុំ​ឱ្យខាត​បង់​ប្រយោជន៍​​កម្មករ​ និង​ប្រ​ជា​ពលរដ្ឋ​ខ្មែរ​ ហើយ​លោក​ក៏​ស្នើ​ឱ្យ​សហភាព​អឺរ៉ុប​បន្ត​ប្រព័ន្ធអនុគ្រោះ​ពន្ធនេះ​ដល់​កម្ពុជា​បន្ត​ទៅ​ទៀត៖ «យើង​ស្វាគមន៍​ចំពោះ​ការ​​ចរចារ​ ឬកិច្ច​​ពិភាក្សា​ណា​មួយ​រវាង​រដ្ឋាភិបាល​ និង​សហភាព​អឺរ៉ុប ដើម្បី​ធ្វើ​យ៉ាង​ណា​ថែ​រក្សា​បាន​នូវ​កិច្ច​ព្រមព្រៀង​នេះ ឱ្យ​វា​មាន​តម្លៃ​សម្រាប់​ជួយ​ដល់​បងប្អូន​កម្មករ​យើង»

ចំណែក​ ប្រធាន​សហភាព​កម្ពុជា​ពន្លឺកម្មករ លោក​ អ៊ុន ដារ៉ា វិញ ថ្លែង​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធនេះ​ប្រៀប​បាន​នឹង​បំពង់ក ឬ​​ដង្ហើម​រស់​របស់​កម្មករ-និយោជិតរាប់​សែននាក់​នៅ​ទូទាំង​ប្រទេស​ ដូច្នេះ​ការ​ដក​ប្រព័ន្ធអនុគ្រោះ​ពន្ធនេះ​នឹង​ផ្តល់​ផល​វិបាក​ធ្ងន់ធ្ងរ​សម្រាប់​ពលរដ្ឋ​ខ្មែរ​។ លោក​បន្តថា កម្មករ​-និយោជិត មិន​មែន​ជា​អ្នក​នយោ​បាយ​​នោះ​ទេ ដូច្នេះពួក​គាត់​​មិន​គួរ​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​បញ្ហា​នយោបាយ​ឡើយ​។ លោក​បន្ថែម​ថា លោក​ចង់​ឃើញ​អ្នក​នយោបាយ​អង្គុយ​ជជែក​គ្នា ឬ​ចរចារ​គ្នា​​ដើម្បី​រក​ដំណោះ​ស្រាយលើ​​បញ្ហា​ទាំង​នេះ ដើម្បី​ផល​ប្រយោជន៍​របស់​កម្មករ​ និង​ពលរដ្ឋ​ខ្មែរ​ទូទៅ៖ «សូម​សហភាព​អឺរ៉ុប​មេត្តា​ពិចារណា​ថា​ ក្រុម​កម្មករ​មិន​មែនជា​អ្នក​នយោបាយ​នោះ​ទេ លោក​សុំ​តែ​ផ្លូវ​រស់​មួយ​ទេ គឺ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​តែ​ស្អែក​ឡើង​មាន​ការ​ងារ​ធ្វើ​ បើក​ប្រាក់​ខែ​ចិញ្ចឹម​គ្រួសារ​តែ​ប៉ុណ្ណឹង។ ខ្ញុំ​សង្កត់​ធ្ងន់​តែ​កន្លែង​នេះ​ទេ រឿង​ផ្សេង​ទៀត​គឺ​វា​ទាក់ទង​នឹង​រឿង​ផ្លូវ​ច្បាប់»

ជំហរ និង​ការ​ចង់​បាន​របស់​ក្រុម​សហជីពទាំងនេះ ​ហាក់​មាន​ភាព​ផ្ទុយ​គ្នា​នឹង​​របបលោក​ ហ៊ុន សែន ដែល​មក​ទល់​នឹងពេល​នេះ មិន​ទាន់មាន​ការ​បន្ទន់​ជំហរ​អ្វី​នៅឡើយ​នៅ​ចំពោះ​មុខ​សហភាព​អឺរ៉ុប​ ដែល​កំពុង​ទាម​ទារ​ឱ្យ​របបនេះ​ស្តារ​ឡើងវិញ​នូវ​លិទ្ធិ​ប្រជាធិបតេយ្យ​ដែល​ពួក​គេ​បាន​បំផ្លាញ​នាពេលកន្លង​ទៅ។

អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច​ លោក​ សុខ ឥសាន ថ្លែង​ក្នុង​បណ្តាញ​សង្គម​តេឡេក្រាម (Telegram) ថា ការ​ទាម​ទារ​ឱ្យ​មាន​ការ​ដោះលែង​លោក​ កឹម សុខា និង​បើក​ឱ្យ​សង្គ្រោះ​ជាតិ​ចូល​រួម​ការ​បោះឆ្នោត​ឡើងវិញ​នោះ ផ្ទុយ​នឹង​គោលការណ៍​នីតិរដ្ឋ និង​មិន​អាច​ទទួល​យក​បាន​ឡើយ​។ លោក​ថែម​ទាំង​បាន​តិះដៀល​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ឯករាជ្យ​ដែល​បាន​ជួប​ និង​ផ្តល់​ព័ត៌មានអំពី​ស្ថានការណ៍​កម្ពុជា ​ដល់​ប្រតិភូ​ពិសេស​របស់សហភាព​អឺរ៉ុប ថា​ជា​ក្រុម​មូស និង​រុយ​ ដែល​បាន​និយាយ​មួល​បង្កាច់ និង​ទម្លាក់​កំហុស​មក​លើ​របបដឹក​នាំ​បច្ចុប្បន្ន​ទៀត​ផង។

ចំណែក​ក្រុម​ប្រតិភូ​ខ្មែរ​ដែល​ទៅ​បញ្ចុះ​បញ្ជូល​សហភាព​អឺរ៉ុប​កាលពី​ពេល​ថ្មីៗ​នេះ​វិញ ក៏​បាន​ប្រើ​ភាសា​ការទូត​ ​ដាក់​សហភាព​អឺរ៉ុបដែរ​​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម EBA ​នេះ ប្រាកដ​ជា​នឹង​ធ្វើ​ឱ្យ​​ពលរដ្ឋ​កម្ពុជា​​រងគ្រោះ និង​បង្អាក់​ដំណើរ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ ក៏​ប៉ុន្តែ​វាគ្មាន​ផ្លូវ​ផ្លាស់​ប្តូរ​​ឆន្ទៈ​នៃ​ការ​រក្សា​សន្តិភាព ស្ថេរ​ភាព និង​ការ​អភិវឌ្ឍ​របស់​របប​ក្រុង​​ភ្នំពេញ​​​ឡើយ​។ ការ​រក្សា​សន្តិភាព ស្ថេរភាព និង​ការ​អភិវឌ្ឍក្នុង​ន័យ​នេះ គឺ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ការ​ហាម​ប្រាម​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ​មិន​ឱ្យ​ធ្វើ​នយោបាយ​ ៥​ឆ្នាំ ការ​បន្ត​ធ្វើ​ទុក​បុក​ម្នេញ​អង្គការ​សង្គម​ស៊ីវិល និង​ការ​បំបិទសំឡេង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ដែល​ត្រូវ​បាន​អ្នក​ឃ្លាំមើល​ជាតិ និង​អន្តរជាតិ​ អះអាង​ថា ជា​ការគាស់​រំលើក​នូវ​លិទ្ធិ​ប្រជា​ធិបតេយ្យ​របស់​កម្ពុជា និង​ជា​ការ​បើក​ផ្លូវ​ឱ្យ​របប​លោក ហ៊ុន សែន​ ក្លាយ​ជា​​របប​ឯកបក្ស និង​យោធា​ផ្តាច់​ការ​ទៅ​វិញ​ទេ។

អ្នក​ច្បាប់​មួយ​រូប គឺ​លោក​មេធាវី​ ផែង ហេង ជឿជាក់​ថា ដំណោះ​ស្រាយ​បញ្ហា​ទាំង​ឡាយ គឺ​ស្ថិត​នៅ​លើ​រដ្ឋា​ភិ​បាល​​បច្ចុប្បន្ន មិនមែន​ជា​សហភាព​អឺរ៉ុប​ឡើយ​។ លោក​ថា​ សហភាព​អឺរ៉ុប​ផ្តល់​ទីផ្សារ និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​​កម្ពុជាដោយ​ភ្ជាប់​នូវ​លក្ខខណ្ឌ​នៃ​ការ​គោរពសិទ្ធិ​មនុស្ស និង​លិទ្ធិ​ប្រជាធិបតេយ្យ​ ដូច្នេះ​បើ​របបក្រុង​ភ្នំពេញ​​បំពេញ​លក្ខខណ្ឌ​នេះ​បាន​ បញ្ហា​ទាំង​ឡាយ​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​យ៉ាង​ងាយ​ស្រួល​។ លោក​សង្កត់​ធ្ងន់​ថា របបក្រុង​ភ្នំពេញ​គួរតែ​ពិចារណាអនុវត្ត​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ដើម្បី​ប្រយោជន៍​កម្មករ និង​ពលរដ្ឋ​ខ្មែរ រួម​ទាំង​អនាគត​របស់​កម្ពុ​ជា​ផង​ដែរ៖ «បើ​យើង​មើល​ទៅ​ផល​ប្រយោជន៍​រវាង​យើង​ និង​សហភាព​អឺរ៉ុប គឺ​គេ​អត់​យើង​បាន ប៉ុន្តែ​យើង​វិញ​ទេ​ដែល​អត់​គេ​ធ្វើ​ឱ្យ​កម្មករ​ ធ្វើ​ឱ្យ​កសិករ​មាន​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​ និង​សេដ្ឋកិច្ច​ផ្ទាល់​ខ្លួន​របស់​ពួក​គាត់​ដែល​ធ្លាប់​មាន​ចំណូល។ កាល​ណា​ប៉ះពាល់​ទីផ្សារ EU វា​មិន​មែន​ប៉ះពាល់​ត្រឹម​អ្នក​ដែល​ធ្វើ​ការ​ក្នុង​រោង​ចក្រ​ និង​ប្រជា​កសិករ​ទេ ពលរដ្ឋ​ខ្មែរ​ទាំង​ ១៥-១៦ លាន​នាក់​ដែល​កំពុង​រស់​នៅ​កម្ពុជា​ហ្នឹង គឺនឹង​ប៉ះពាល់​ទាំងអស់​គ្នា​។ អញ្ចឹង​យើង​សោក​ស្តាយ​ ប្រសិន​បើ​រដ្ឋាភិបាល​មិន​ព្រម​ទទួល​យក​លក្ខខណ្ឌ​ដែល​ជា​សំណើ​ដ៏​ទន់ភ្លន់​ទៅ​រក​គ្នា​ទៅវិញ​ទៅ​មក​ទេ ខ្ញុំ​គិត​ថា គេ​ជា​អ្នក​មាន​សក្តានុពល​ជាង​យើង គេ​អាច​នឹង​មិន​ទ្រ​យើង​ទេ គឺមានតែ​យើង​ទេ​ដែល​ត្រូវ​ព្យាយាម​វិញ»

បេសកកម្ម​ស្វែងរក​ការពិត​របស់​ប្រតិភូ​សហភាព​អឺរ៉ុបរយៈពេល​ ១​សប្តាហ៍ ​បាន​បញ្ចប់​ហើយ ​កាល​ពីថ្ងៃទី ១១ កក្កដា កន្លង​ទៅ ដោយ​បេសកកម្ម​នេះ​បាន​ជួប​សន្ទនា​ជាមួយភាគី​​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល សហ​ជីព វិស័យឯកជន និង​សហគមន៍អន្តរជាតិ។ ព័ត៌មាន​ដែល​ក្រុម​ប្រតិភូ​នេះ​ប្រមូល​បាន​នឹង​ក្លាយ​ជា​មូលដ្ឋាន​ក្នុង​ដំណើរ​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ទាក់ទង​នឹង​កិច្ច​ព្រម​ព្រៀង​ស្តីពីប្រព័ន្ធ​អនុគ្រោះ​ពន្ធ "ទំនិញ​គ្រប់​មុខ​លើកលែង​គ្រឿង​សព្វាវុធ ឬ EBA" ជាមួយ​កម្ពុជា

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។