តំណាង​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា កម្ពុជា​មិន​ទាន់​មាន​ប្រជាធិបតេយ្យ

0:00 / 0:00

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា កម្ពុជា​នៅ​មិន​ទាន់​មាន​ប្រជាធិបតេយ្យ​ដំណើរ​ការ​នៅ​ឡើយ​ទេ ដោយសារ​ប្រទេស​ទើប​ងើប​ពី​សង្គ្រាម ហើយ​អ្នកនយោបាយ​បន្ត​ឈ្លោះ​ប្រកែក​គ្នា។ មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​លើក​ឡើង​នេះ មាន​ន័យ​ថា របប​សព្វ​ថ្ងៃ​ទទួល​ស្គាល់​ខ្លួន​ឯង​ថា កំពុង​ដឹកនាំ​ប្រទេស​តាម​របៀប​ផ្ដាច់ការ។ រីឯ​សង្គម​ស៊ីវិល​វិញ​បន្ត​ជំរុញ​ឱ្យ​​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​តាម​បែប​ប្រជាធិបតេយ្យ ព្រោះ​នេះ​ជា​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់។

តំណាង​រដ្ឋាភិបាល​កម្ពុជា ​អះអាង​ថា អាទិភាព​ធំ​ជាង​គេ​បំផុត​របស់​រដ្ឋាភិបាល គឺ​ការ​កសាង​សន្តិភាព និង​ស្ថិរភាព​នយោបាយ មុន​នឹង​ឈាន​ទៅ​ដល់​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​តែ​គោលការណ៍​ប៉ុណ្ណោះ ប៉ុន្តែ​ពុំ​ទាន់​អាច​អនុវត្ត​បាន​នៅ​ឡើយ​ទេ។ លោកបន្ត​ថា រដ្ឋាភិបាល​គិតគូរ​ពី​រឿង​ផ្តល់​សេវា​ចាំបាច់​ដល់​ពលរដ្ឋ ទន្ទឹម​នឹង​ការ​កសាង និង​ថែរក្សា​សន្តិភាព ដែល​ជា​ជំហាន​ដំបូង មុន​នឹង​ឈាន​ទៅ​ដល់​ការ​អនុវត្ត​ប្រជាធិបតេយ្យ « អ្នក​និយាយ​ថា ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ ពួក​ហ្នឹង​ឆ្កួត។ កម្ពុជា​ឯណា​មាន​ទាន់​មាន​ប្រជាធិបតេយ្យ។ កម្ពុជា​ដែល​របប​មួយ​ធំ គ្រាន់​តែ​មាន​គោលការណ៍​អនុវត្ត​ប្រជាធិបតេយ្យ ក៏ប៉ុន្តែ​អ្វី​ដែល​យើង​អនុវត្ត​មុន​គេ​បំផុត​ហ្នឹង គឺ​អំណាច​ប្រជាពលរដ្ឋ គឺ​ការ​កើត​ឡើង​ដោយ​ប្រជាពលរដ្ឋ បម្រើ​ប្រជាពលរដ្ឋ អាហ្នឹង​ជា​ស្នូល »

ការ​លើក​ឡើង​របស់​របស់​លោក ផៃ ស៊ីផាន នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មតិ​រិះគន់​ទាំងឡាយ​អំពី​ការ​ធ្លាក់ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​រូប​នេះ ថ្លែង​ទៀត​ថា កម្ពុជា​មិន​ទាន់​អាច​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ដូច​ប្រទេស​លោក​ខាង​លិច​បាន​នោះ​ទេ ពីព្រោះ​កម្ពុជា​ទើប​តែ​ឆ្លង​ផុត​ពី​សង្គ្រាម​ស៊ីវិល និង​ត្រូវ​ការ​ពេលវេលា​បន្ថែម​ទៀត។

ទោះជាយ៉ាងណាក៏ដោយ អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង ច្រាន​ចោល​ការ​លើក​ឡើង​ទាំង​នេះ។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី សុខា យល់​ថា ការ​បកស្រាយ​របស់​តំណាង​រដ្ឋាភិបាល គ្មាន​ន័យ​ខ្លឹមសារ និង​គ្រាន់តែ​ជា​ការ​ដោះសា។ លោក​ពន្យល់​ថា លទ្ធិប្រជាធិបតេយ្យ​ចាប់​ផ្តើម​ចាក់ឫស​គល់​នៅ​កម្ពុជា តាំង​ពី​ឆ្នាំ ១៩៩៣ ដែល​គិត​មក​ដល់​ពេល​នេះ មាន​អាយុ​កាល​ជិត ៣០ឆ្នាំ​ហើយ។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​មាន​កាតព្វកិច្ច​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ ព្រោះ​នេះ​ជា​អ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​លិខិតុបករណ៍​អន្តរជាតិ​នានា​ដែល​កម្ពុជា​បាន​ទទួល​ស្គាល់ « រដ្ឋាភិបាល​បាន​ផ្ដល់​សច្ចាប័ន​ក្នុង​កតិកា​សញ្ញា ឬក៏​អនុសញ្ញា​ផ្សេងៗ​ដែល​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស​ហ្នឹង​ច្រើន​ណាស់ ហើយ​ក៏​និយាយ​អំពី​ការ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​នៅក្នុង​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស នៅក្នុង​រដ្ឋធម្មនុញ្ញ នៅក្នុង​អ្វី​ទាំង​អស់​ដែរ។ ដូច្នេះ​យើង​យក​គោលការណ៍​ហ្នឹង​មក​មើល​មក ហើយ​យើង​អនុវត្ត​តាម​គោលការណ៍​ហ្នឹង​ទៅ យើង​មាន​ទាំងអស់​ស្រាប់​ហើយ​តើ »

លោក នី សុខា ថ្លែង​ទៀត​ថា គេ​មិន​អាច​ជ្រើស​រើស​យក​សន្តិភាព ហើយ​បោះចោល​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ ព្រោះ​សន្តិភាព​បែប​នេះ​មិន​មែន​ជា​សន្តិភាព​ពិត​ប្រាកដ​ឡើយ « សន្តិភាព​យ៉ាង​ម៉េច បើ​នៅ​មាន​អ្នក​រត់​ចាកចោល​ស្រុក ចោល​ផ្ទះ ចោល​សម្បែង ឱ្យ​យើង​និយាយ​សន្តិភាព​យ៉ាង​ម៉េច​បាន ? ដោយសារ​យើង​មិន​ដើរ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ហ្នឹង​ហើយ។ ប្រសិនបើ​យើង​រៀប​ចំ​ឱ្យ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ ដើរ​តាម​គោលការណ៍​ប្រជាធិបតេយ្យ គោរព​សិទ្ធិ​មនុស្ស​ត្រឹមត្រូវ ខ្មែរ​នឹង​រស់នៅ​ដោយ​សុខដុមរមនា »

រដ្ឋធម្មនុញ្ញ​ចែង​ថា កម្ពុជា​អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយ​ពលរដ្ឋ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេស​ជាតិ​របស់​ខ្លួន។ ពលរដ្ឋ​ប្រើ​អំណាច​របស់​ខ្លួន​តាម​រយៈ​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង​តុលាការ ដែល​មាន​អំណាច​ឯករាជ្យ​ដាច់​ចេញ​ពី​គ្នា។

ទោះជា​យ៉ាង​នេះ​ក្តី ការ​អនុវត្ត​ជាក់ស្ដែង​ផ្ទុយ​គ្នា​ស្រឡះ​ពី​អ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។ កម្ពុជា​ពេល​នេះ គឺជា​របប​ឯក​បក្ស ដែល​គ្រប់គ្រង​ដោយ​លោក ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ ទាំង​រដ្ឋាភិបាល សភា និង​តុលាការ ទំនងជា​ត្រូវ​ស្ដាប់​តាម​ការ​ណែនាំ ឬ​បញ្ជា​របស់​លោក ហ៊ុន សែន ព្រោះ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ទាំង​នេះ សុទ្ធ​តែ​ជា​កូន​ចៅ​ក្រោម​បង្គាប់​របស់​លោក​នៅ​ក្នុង​ជួរ​បក្ស។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន មើល​ឃើញ​ថា ក្រុម​លោក ហ៊ុន សែន បាន​បំផ្លាញ​ពន្លក​ប្រជាធិបតេយ្យ​ម្ដង​ហើយ​ម្ដង​ទៀត តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​នៅ​ឆ្នាំ ១៩៩៧ និង​ការ​រំលាយ​ចោល​គណបក្ស​ប្រឆាំង​នៅ​ចុង​ឆ្នាំ២០១៧។ លោក​រិះគន់​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បច្ចុប្បន្ន ជា​ប្រជាធិបតេយ្យ​ក្លែងក្លាយ ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​គាប​សង្កត់​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ។ លោក អ៊ុំ សំអាន បន្ថែម​ថា ការ​លើកឡើង​របស់​មន្ត្រី​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ​នៅ​ពេល​នេះ គឺ​ជា​ការ​ទទួល​ស្គាល់​ថា របប​ដឹកនាំ​បច្ចុប្បន្ន​ជា​របប​ផ្ដាច់​ការ « អ្វី​ដែល​គាត់​និយាយ​ហ្នឹង​គ្រាន់​តែ​ជា​ការ​ដោះសា និង​មិន​ឡូហ្ស៊ីក (Logic) ព្រោះ​យើង​បាន​សន្តិភាព​ជាង ៣០ឆ្នាំ​ហើយ។ វា​គួរតែ​យើង​មាន​ការគោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ហើយ។ ប៉ុន្តែ​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាក់​ចុះ​ប្រជាប្រិយភាព គាត់​មិន​អាច​ដឹកនាំ​ប្រទេស​តាម​គោលការណ៍​ប្រជាធិបតេយ្យ​បាន គាត់​មិន​អាច​ឈ្នះ​ឆ្នោត​តាម​រយៈ​ការ​បោះឆ្នោត​ដោយសេរី និង​យុត្តិធម៌​បាន គាត់​ត្រូវ​តែ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ដឹកនាំ​តាម​របៀប​ផ្ដាច់​ការ »

សហគមន៍​ជាតិ និង​អន្តរជាតិ ​បាន​​វាយ​តម្លៃ​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ធ្លាក់​ដុនដាប​ខ្លាំង បន្ទាប់​ពី​របប​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ចុង​ឆ្នាំ ២០១៧ និង​បើក​យុទ្ធនាការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​លើ​សារព័ត៌មាន​ឯករាជ្យ អង្គការ​សង្គម​ស៊ីវិល សហជីព និង​អ្នក​រិះគន់។ ៤ឆ្នាំ​មក​នេះ ស្ថាន​ការណ៍​​ធ្លាក់​ដុនដាប​ទាំងនេះ មិន​ទាន់​វិវឌ្ឍ​ទៅ​រក​ភាព​ប្រសើរ​ឡើងវិញ​នៅឡើយ​ទេ ស្របពេល​អាជ្ញាធរ​នៅ​តែ​បន្ត​បង្ក្រាប​ឥត​ឈប់ឈរ​លើ​សំឡេង​រិះគន់​ និង​សំឡេង​ឯករាជ្យ។

ថ្មីៗ​នេះ​ទៀត​សោត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ថា របប​លោក​អាច​ធ្វើ​អ្វី​ក៏​បាន​ដែរ បើ​យល់​ថា ចាំបាច់ រាប់​ចាប់​តាំង​ពី​រឿង​ឈ្លប​យកការណ៍ ការបង្កើត​ច្បាប់ ការ​កែប្រែ​រដ្ឋធម្មនុញ្ញ រហូត​ដល់​ការ​ចាប់​ខ្លួន និង​បាញ់​សម្លាប់​ពលរដ្ឋ​ដែល​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ​ពី​លោក។

អ្នក​តាមដាន​ស្ថានការណ៍​វាយ​តម្លៃ​ថា ចំណុច​ទាំងនេះ​ស្ដែង​ឡើង​នូវ​ភាព​ផ្ដាច់​ការ​កាន់​តែ​ខ្លាំង​របស់​លោក ហ៊ុន សែន ដែល​ហ៊ាន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដើម្បី​រក្សា​អំណាច​វង្ស​ត្រកូល​របស់​គាត់។

អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន គូស​បញ្ជាក់​ថា ការ​ប្រែ​ធាតុ​ប្រទេស​ពី​​ប្រជាធិបតេយ្យ​ទៅ​ជា​ផ្ដាច់ការ​ពី​សំណាក់​ក្រុម​លោក ហ៊ុន សែន នេះ កំពុង​នាំ​មក​នូវ​ផល​វិបាក​ធ្ងន់ធ្ងរ​ដល់​ប្រទេស​ជាតិ។ ផល​វិបាក​ទាំងនោះ មាន​ជាអាទិ៍ អំពើ​ពុករលួយ​ជា​ប្រព័ន្ធ អយុត្តិធម៌​សង្គម និង​ការ​ដាក់​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។