ក្រសួង​ការពារជាតិ​និង​ខុទ្ទកាល័យ​លោក ហ៊ុន សែន ថ្កោលទោស​អាមេរិក​រឿង​ដាក់ទណ្ឌកម្ម

ដោយ សេក បណ្ឌិត
2018-06-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស នាយ​ឧត្ដមសេនីយ៍ ចូលរួម​សិក្ខាសាលា​ស្ដីពី​សម្ព័ន្ធ​មេត្រីភាព​រវាង​អង្គភាព​កងទ័ព-​ នគរបាល​ជាតិ ជាមួយ​អង្គភាព​សង្គម​ស៊ីវិល​នា​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥។
លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស នាយ​ឧត្ដមសេនីយ៍ ចូលរួម​សិក្ខាសាលា​ស្ដីពី​សម្ព័ន្ធ​មេត្រីភាព​រវាង​អង្គភាព​កងទ័ព-​ នគរបាល​ជាតិ ជាមួយ​អង្គភាព​សង្គម​ស៊ីវិល​នា​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA

ក្រសួងការពារជាតិ និង​ខុទ្ទកាល័យ​លោក ហ៊ុន សែន សម្ដែង​ការ​សោកស្ដាយ និង​ថ្កោលទោស​សហរដ្ឋអាមេរិក ដែល​បានសម្រេច​ដាក់ទណ្ឌកម្ម បង្កក​ទ្រព្យ​សម្បត្តិ របស់​មេបញ្ជាការ​នៃ​កង​អង្គ រក្ស​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង។ លោក ហ៊ីង ប៊ុនហៀង ក៏​បាន ឆ្លើយតប​ដែរ​ថា លោក​គ្មាន​ទ្រព្យ​សម្បត្តិ​ច្រើន និង​មិន​ធ្លាប់​រំលោភ​សិទ្ធិមនុស្ស​នោះ​ទេ។

ទោះ​យ៉ាងណា​ក្តី អ្នកវិភាគ យល់ថា ការ​ដាក់​ទណ្ឌកម្ម​នេះ គឺជា​ការ​ដាស់តឿន​របប​លោក ហ៊ុន សែន ឲ្យ​គោរព​សិទ្ធិមនុស្ស គោរព​នីតិរដ្ឋ និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។

រីឯ​គណបក្ស​សង្គ្រោះ​ជាតិ វិញ យល់​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ គឺជា​ការ​ផ្ដល់​នូវ​ពន្លឺ​យុត្តិធម៌​ជូន​ជនរងគ្រោះ ក្រោម​ស្នាដៃ​លោក ហ៊ីង ប៊ុនហៀង កន្លង​មក។

អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀ​ង ប្រតិកម្ម ចំពោះ​សហរដ្ឋអាមេរិក ដែល​បាន​សម្រេច​ដាក់​ទណ្ឌកម្ម បង្កក​ទ្រព្យ​សម្បតិ្ត របស់​លោក​នោះ​ថា ជា​រឿង​មិន​ត្រឹមត្រូវ។

លោក ហ៊ីង ប៊ុនហៀ​ង បាន​ថ្លែងប្រាប់​ម៉ាស៊ីន​ឃោសនា របស់​លោក ហ៊ុន សែន និង​វិទ្យុ​ក្នុងស្រុក​មួយ​នៅ​ថ្ងៃពុធ ទី​១៣ មិថុនា ថា ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​នេះ គឺ​គួរ​អោយ​អស់សំណើច និង​ដាក់​ចំ​មនុស្ស​ដែល​គ្មាន​មុខ​ជំនួញ និង​ទ្រព្យសម្បត្តិ​ច្រើន​ដូចជា​រូបលោក​នេះ។ «»

ជាមួយគ្នា​នេះ ក្រសួងការពារជាតិ​កម្ពុជា ក៏​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ដោយ​បាន​សម្ដែង​ការ​សោកស្ដាយ និង​ច្រានចោល ព្រមទាំង​ថ្កោលទោស​ដាច់​អហង្ការ​ចំពោះ​ទង្វើ​របស់​ក្រសួង​រតនាគារ​នៃ​សហរដ្ឋអាមេរិក ដែល​បាន​សម្រេច​ដាក់ទណ្ឌកម្ម​ដោយ​បង្កក​ទ្រព្យសម្បត្តិ​លើ​លោក ហ៊ីង ប៊ុនហៀង។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ គឺជា​ការ​រំលោភច្បាប់​កម្ពុជា​ដែល​ជា​រដ្ឋ​អធិបតេយ្យ​មួយ​យ៉ាង​អយុត្តិធម៌​បំផុត ហើយ​គ្មាន​ភស្តុតាង​អ្វី​ទាំងអស់ ធ្វើឡើង​ដោយ​ល្ងង់ខ្លៅ និង​តាម​ទំនើងចិត្ត ដែល​កម្ពុជា​មិន​អាច​ទទួលស្គាល់​បាន​ឡើយ។

ក្រសួងការពារជាតិ​កម្ពុជា​អំពាវនាវ​ឲ្យ​ក្រសួង​រតនាគារ​អាមេរិក បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ដាក់​ទណ្ឌកម្ម​ណាមួយ​មក​លើ​មន្ត្រី​ជាន់ខ្ពស់​យោធា​កម្ពុជា ចំណែក​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ចេញ​លិខិត​ការពារ​លោក ហ៊ីង ប៊ុនហៀង ដែរ​ថា ជា​អ្នក​ប្រណិប័តន៍​ច្បាប់​ដ៏​ហ្មត់ចត់ និង​ជា​អ្នក​អនុវត្ត​នូវ​កាតព្វកិច្ច​ដ៏​ថ្លៃថ្នូរ​ក្នុង​ការពារ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​កម្ពុជា។ លិខិត​ដដែល​បន្ត​ថា អ្វី​ដែល​អាមេរិក​ធ្វើ​នេះ គឺ​ជា​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន និង​ជា​រំលោភបំពាន​អធិបតេយ្យភាព​ប្រទេស​ឯករាជ្យ​មួយ ដែល​ពុំ​ស្ថិត​នៅ​ក្រោម​ច្បាប់​របស់​អាមេរិក។

កាលពី​ថ្ងៃ​ទី​១២ ខែ​មិថុនា លោក ហ៊ីង ប៊ុនហៀង ត្រូវ​បាន​ការិយាល័យ​កិច្ចការ​សាធារណៈ​នៃ​នាយកដ្ឋាន​រតនាគារ​អាមេរិក ប្រកាស​ដាក់បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ នៃ​បុគ្គល​ដែល​ត្រូវ​រង​ទណ្ឌកម្ម ក្រោម​ច្បាប់ ហ្គ្លោប៊ល ម៉ែកនីតស្គី (GLOBAL MAGNITSKY) ដោយសារតែ​ការ​ចូល​ដៃ​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ សហរដ្ឋអាមេរិក រក​ឃើញ​ថា លោក ហ៊ីង ប៊ុនហៀង រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចុង​ក្រោយនេះ រួម​ទាំង​អំពើ​ហិង្សា​នៅ​ឆ្នាំ​២០១៣ នៅ​ក្បែរ​វត្តភ្នំ និង​អំពើ​ហិង្សា​វាយដំ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីររូប នៅមុខ​រដ្ឋសភា នៅ​ឆ្នាំ​២០១៥។ លោក ហ៊ីង ប៊ុនហៀង ក៏​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ក្នុង​ការ​បង្ក្រាប​លើ​ក្រុម​អ្នក​តវ៉ា និង​សកម្មជន​បក្ស​ប្រឆាំង ដូចជា​ការ​បោក​គ្រាប់បែក​លើ​អ្នក​តវ៉ា​អហិង្សា កាលពី​ឆ្នាំ​១៩៩៧ ដែល​ធ្វើ​ឲ្យ​ស្លាប់ និង​របួស​មនុស្ស​ជាច្រើន​នាក់ រួម​ទាំង​របួស​ជនជាតិ​អាមេរិក​មួយ​រូប​ផង។

ជា​លទ្ធផល​នៃ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ទាំងនេះ ខាង​រតនាគារ​អាមេរិក នឹង​ចាត់វិធានការ​ទាំងឡាយ ដើម្បី​បង្កក​ទ្រព្យសម្បត្តិ ឬ​ផលប្រយោជន៍​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​លោក ហ៊ីង ប៊ុនហៀង។ មិន​ត្រឹមតែ​បង្កក​ទ្រព្យ​សម្បត្តិ​លោក ហ៊ីង ប៊ុនហៀង ប៉ុណ្ណោះ​ទេ សហរដ្ឋអាមេរិក ក៏​នឹង​ហាមឃាត់​ជន ជាតិ​អាមេរិក​ឯទៀត មិន​ឲ្យ​រកស៊ី ឬ​ទាក់ទង​ជាមួយ​លោក ហ៊ីង ប៊ុនហៀង នោះ​ឡើយ។

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត លើកឡើង​ថា ការសម្រេច​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យ សម្បត្តិ​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​លោក ហ៊ុន សែន​នេះ គឺជា​ដាស់តឿន​ឲ្យ​ពួកគេ គោរព​សិទ្ធិមនុស្ស គោរព​នីតិរដ្ឋ និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ ជាពិសេស​ដោះលែង​អ្នក​ទោស​នយោបាយ​បក្ស​ប្រឆាំង​ឲ្យ​មាន​សេរីភាព និង​អាច​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ។

លោក​បន្ថែម​ថា ការ​សម្រេច​ដាក់ទណ្ឌកម្ម​នេះ គឺ​សហរដ្ឋអាមេរិក ពិតជា​សិក្សា​យ៉ាង​ស៊ីជម្រៅ​អំពី​ប្រវត្តិ​លោក ហ៊ីង ប៊ុន ហៀង ពោល​គឺ​មិនមែន​ធ្វើឡើង​តាម​ការ​នឹក​ឃើញ​នោះ​ទេ។ ទោះ​យ៉ាង​ណា​ក្តី អ្នកវិភាគ​វ័យក្មេង​រូប​នេះ យល់ថា វា​ជា​ទម្លាប់​ទៅ​ហើយ​ដែល​របប​លោក ហ៊ុន សែន មិនដែល​ទទួលស្គាល់​កំហុស​នោះ។ «»

គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ចេញ​លិខិត​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​សហរដ្ឋ​អាមេរិក លើ​លោក ហ៊ីង ប៊ុនហៀង ដែល​គេ​ស្គាល់​ថា ជា​ជន​រំលោភ​សិទ្ធិ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​មនុស្ស​ជំនិត​របស់ លោក ហ៊ុន សែន ដែល​ជា​មេដឹកនាំ​ផ្ដាច់ការ​កម្ពុជា។ លិខិត​នោះ​បន្ថែម​ថា ការ​ដាក់​ទណ្ឌកម្ម គឺជា ការ​ផ្តល់​នូវ​ពន្លឺ​យុត្តិធម៌​មួយ​ដល់​ជនរងគ្រោះ​ក្រោម​ស្នាដៃ​លោក ហ៊ីង ប៊ុនហៀង នា​ពេល​កន្លងមក ដែល​បាន​ដឹកនាំ​ឲ្យ​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ស្លូតត្រង់។

ការ​ដាក់​ទណ្ឌកម្ម​នៅ​ពេល​នេះ ក៏​ជា​សារ​ព្រមាន​ដល់​មេខ្លោង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដទៃ​ទៀត​ថា ពួកគេ​នឹង​មិន​រួចខ្លួន​ពី​សំណាញ់​ច្បាប់​ឡើយ ហើយ​ពួកគេ ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​នូវ​ការរំលោភ​សិទ្ធិ​មនុស្ស និង​ការ​ធ្វើទុក្ខបុកម្នេញ​គ្រប់​រូបភាព លើ​លើ​ពលរដ្ឋ​ស្លូតត្រង់ ប្រសិនបើ​មិន​ចង់​ទទួល​រង​នូវ​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​ទេ​នោះ។

ការ​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ និង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺជា​ការ​សម្តែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ដែល​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន កន្លង​មក ដែល​ជំរុញ និង​ឌឺដង​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់ទណ្ឌកម្ម​បង្កក​ប្រាក់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​មន្ត្រី​នៃ​របប​លោក​ឲ្យ​បាន​ឆាប់រហ័ស ដោយ​អះអាង​ថា លោក​និង​មន្ត្រី​របស់​លោក​ភាគច្រើន​មិន​មាន​ទ្រព្យសម្បត្តិ​អ្វី​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។ លោក ហ៊ុន សែន បន្ត​អះអាង​ថា ទ្រព្យ សម្បត្តិ​របស់​លោក​អាច​មើល​ឃើញ​នៅ​តាម​វត្ត​អារាម សាលារៀន មណ្ឌល​កុមារ​កំព្រា បណ្ណាល័យ ស្រះ​ទឹក អណ្ដូងទឹក ស្ពាន និង​ផ្លូវថ្នល់​ជាដើម។ «»

ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ គឺ​មិន​មាន​មន្ត្រី​ជាន់ខ្ពស់ ឬ​ក្រសួង​ស្ថាប័ន​ណាមួយ​ចេញ លិខិត​គាំទ្រ​ដូច​កន្លង​មក​នោះ​ទេ។

ប្រធាន​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) និង​ជា​តំណាងរាស្ត្រ​ម៉ាឡេស៊ី លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) មានប្រសាសន៍​ថា​៖ “​សេចក្តី​សម្រេច​នេះ គឺជា​ការ​ផ្ញើ​សារ​យ៉ាង​សំខាន់​មួយ ឲ្យ​ឮ​ដល់​ថ្នាក់ដឹកនាំ​របប​លោក ហ៊ុន សែន ថា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ គឺ​មិន​អាច​អត់ឱន​បាន​នោះ​ឡើយ៖ «នេះ​ជា​ចំណាត់ការ មួយ​ជំហាន ដែល​ដាក់​ឲ្យ​របប​លោក ហ៊ុន សែន ទទួលខុសត្រូវ​ចំពោះ​ការប្រព្រឹត្តិ​ខុស​របស់​ខ្លួន។ ការ​ដាក់​ឲ្យ​របប​លោក ហ៊ុន សែន ទទួលខុសត្រូវ​បែបនេះ គឺជា​អ្វី​ដែល​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ជា​មិត្ត​របស់​ប្រទេស​កម្ពុជា នៅ​ទូទាំង​តំបន់​អាស៊ាន និង ពិភពលោក សាទរ និង​ចង់​បាន។ ដល់​វេលា​ហើយ ដែល​ត្រូវ​កាត់ទោស ជន​ទាំងឡាយ ដែល​បាន​ចូល​ដៃ និង​នៅ​ពីក្រោយ​ការ​វាយដំ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ទាំង​កម្រោល នៅ​ខាងក្រៅ​វិមាន​រដ្ឋសភា កាលពី​ឆ្នាំ​២០១៥ និង ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ឯទៀត។ ពិសេស​ជាង​នេះ ទៅទៀត ដោយសារតែ ការ​បោះឆ្នោត​ជាតិ កាន់​ខិត​ជិត​ចូល​មក​ដល់ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា សហរដ្ឋអាមេរិក ព្រមទាំង​ប្រទេស​ក្នុង​សហគមន៍​អន្តរជាតិ​ឯទៀត នឹង​ចាត់​វិធានការណ៍​ម៉ឺងម៉ាត់​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​របប​លោក ហ៊ុន សែន កុំ​ឲ្យ​បំផ្លាញ​ប្រជាធិបតេយ្យ និង​បំផ្លាញ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​តទៅទៀត»

បើ​ទោះ​បី​ជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ជា​សាធារណៈ​ថា លោក និង​មន្ត្រី​លោក​មិន​មាន​ទ្រព្យសម្បត្តិ​អ្វី​លាក់​នៅ​បរទេស​ក៏ដោយ តែ​កាលពី​ឆ្នាំ​២០១៦ អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​បង្ហាញ​ថា ត្រកូល "​ហ៊ុន​" កំពុង​ក្ដោប​ក្ដាប់​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា ដោយ​អំពើពុករលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិ​មនុស្ស​ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន។

នៅ​ក្នុង​របាយការណ៍​កម្រាស់​ជិត ៦០​ទំព័រ ដែល​មាន​ចំណងជើង​ថា "​ការ​ក្ដោប​យក​វិនិយោគ​នៅ​កម្ពុជា​" គ្លបល វីនេស រកឃើញ​ថា គ្រួសារ​ត្រកូល "​ហ៊ុន​" បាន​កាន់កាប់​ផ្ទាល់ ឬ​កាន់កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជាច្រើន​ដែល​មាន​ដើមទុន​ចុះបញ្ជី​ជាង ២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បាន​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​យីហោ​ល្បីៗ​ដូចជា Apple Unilever Visa Nestle Honda និង​ក្រុមហ៊ុន​ចំនួន ១១៤​ផ្សេងទៀត​នៅ​ក្នុង​ប្រទេស។

ចំនួន​ទឹកប្រាក់​ជាង ២០០​លាន​ដុល្លារ​នេះ ជា​ចំនួន​ទឹកប្រាក់​ដែល​ដាក់​ចេញ​អោយ​ឃើញ​ក្នុង​ក្រុមហ៊ុន​របស់​ត្រកូល "​ហ៊ុន​" ដែល​បាន​ចុះបញ្ជី​ក្នុង​ក្រសួងពាណិជ្ជកម្ម ប៉ុន្តែ​អង្គការ គ្លបល វីនេស អះអាង​ថា ពួកគេ​មាន​ភាគហ៊ុន​ច្រើនជាង​នេះ ហើយ​ដែល​មិន​ប្រកាស​ឲ្យ​ដឹង​ជា​តម្លាភាព ប៉ុន្តែ​ប្រើ​អ្នក​ក្លែងក្លាយ និង​ជ្រក​ក្រោម​ផ្លាក​ក្រុមហ៊ុន​ផ្សេងៗ។

សមាជិក​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត លើកឡើង​ថា ការ​ដាក់​ទណ្ឌកម្ម​ណាមួយ​ទៅលើ​របប លោក ហ៊ុន សែន នឹង​អាច​ប៉ះពាល់​យ៉ាង​ដំណាំ​ដល់​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​នានា ដែល​មាន​ភាគហ៊ុន​ជំនួញ​ជាច្រើន។ មិនតែប៉ុណ្ណោះ កំណើន​សេដ្ឋកិច្ច​កម្ពុជា ក៏​នឹង​ប្រឈម​ការ​ធ្លាក់​ចុះ​។ ចំណែក​វិស័យ​រោងចក្រ​កាត់ដេរ ដែល​មាន​កម្មករ​ជិត ១​លាន​នាក់ ក៏​នឹង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ប្រសិនបើ​លោក ហ៊ុន សែន នៅតែ​ព្រងើយកន្តើយ​មិន​ធ្វើតាម​សំណូមពរ​អន្តរជាតិ ដែល​ស្នើ​ឲ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​វិញ​នោះ​ទេ។ «»

កន្លងមក សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប បាន​ព្រមាន និង​បាន​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​លើ របប​លោក​ហ៊ុន សែន ដូចជា​ផ្ដាច់​ជំនួយ​ផ្នែក​បោះឆ្នោត​មក​កម្ពុជា បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់ខ្ពស់​និង​ក្រុម​គ្រួសារ​លោក ហ៊ុន សែន មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក និង​អឺរ៉ុប ព្រមទាំង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ជាដើម។

ក្រោយ​ពី​សហរដ្ឋអាមេរិក អនុវត្ត​វិធានការ​ក្ដៅ​លើក​ទី​១ ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​នៃ​របប​លោក ហ៊ុន សែន ដែល​កំពុង​រង​ការ​ថ្កោលទោស​យ៉ាង​ចាស់ដៃ ពី​សំណាក់​សហគមន៍​អន្តរជាតិ ក្នុង​រឿង​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ក្រោយ​ពេល​រម្លាយ​គណបក្ស​សង្គ្រោះជាតិ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ តំណាងរាស្ត្រ​សហរដ្ឋអាមេរិក កំពុងតែ​ពន្លឿន​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៨ ដើម្បី​ដាក់ទណ្ឌកម្ម​បន្ថែម ទៅលើ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​របប​ភ្នំពេញ​ដទៃ​ទៀត នា​ពេល​ឆាប់ៗ ខាងមុខនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

GW Bush

ពី Ha Noi

More and more coming soon. Hey! Lê Đức Thọ boy, Hun Manet you used to live and study in Yankee home for a while, so you know how to deal with Trump, huh. Or you want to mess up with micro chip? Come on viet cong boy!

Jun 13, 2018 12:33 PM

គេហទំព័រ​ទាំងមូល