សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ លោក សំបូរ មាណ្ណារ៉ា ថ្លែងថា លោកមានមោទនភាពចំពោះការតែងតាំងជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រីឯសកម្មជនសង្គមបារម្ភថា បញ្ញវ័ន្តរូបនេះ នឹងលែងសូវហ៊ាននិយាយរឿងប្រវត្តិសាស្ត្រពិត ហើយនឹងប្តរូនិយាយភាសាលើកសរសើរ និងការពារលោក ហ៊ុន សែន បើទោះបីជាមេដឹកនាំរូបនេះ កំពុងរងការរិះគន់ថា កំពុងដឹកនាំប្រទេសតាមបែបផ្ដាច់ការ និងរំលោភសិទ្ធិមនុស្សក្តី។
សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា លោក សំបូរ មាណ្ណារ៉ា កំពុងតែរំភើប បន្ទាប់ពីព្រះមហាក្សត្រ តែងតាំងលោកជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៩ ខែកុម្ភៈតាមការស្នើសុំរបស់លោក ហ៊ុន សែនផ្ទាល់។ លោក សំបូរ មាណ្ណារ៉ា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១១ ខែកុម្ភៈថា លោកពិតជាភ្ញាក់ផ្អើល និងមានមោទនភាពចំពោះការតែងតាំងមុខតំណែងជាទីប្រឹក្សានាយករដ្ឋមន្ត្រីនេះ។ លោកអះអាងថា បើទោះបីជាលោក ទទួលបានមុខតំណែងនេះក៏ដោយ ក៏លោកនឹងខិតខំប្រឹងប្រែងចែករំលែកចំណេះដឹងសំខាន់ៗផ្នែកប្រវត្តិវិទ្យាដើម្បីឲ្យយុវជនមានចំណេះដឹងពិតប្រាកដ។ សាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះ បញ្ជាក់ថា លោកមិនផ្លាស់ប្ដូរឥរិយាបថ ឬ ប្ដូរសច្ចភាពរបស់លោកក្នុងការបង្រៀនប្រវត្តិសាស្ត្រពិតទៅដល់យុវជនជំនាន់ក្រោយនោះទេ៖
«ខ្ញុំអាចនិយាយបានសម្រាប់បង្ហាញប្រាប់ នូវមោទនភាពជាសច្ចៈ ជាប្រវត្តិសាស្ត្រ ជូនទៅលោក ដំណើរតំបូងរបស់ខ្ញុំគឺ ក្នុងស្ថានភាពនៃសន្តិភាព ដែលមាន២៥ឆ្នាំ កន្លងមកនេះ គឺយើងត្រូវគិតអំពីធនធានមនុស្សជាតិ ធ្វើយ៉ាងម៉េច ឲ្យមនុស្សខ្មែរទាំងអស់នោះទៅជាធនធានជាតិ មានមនសិការ និងឧត្តមគតិ និងគុណធម៌ សីលធម៌ដើម្បីជាតិ»។
លោក លោក សំបូរ មាណ្ណារ៉ា ធ្លាប់ជាគ្រូបង្រៀននៅសាលាភូមិន្ទភ្នំពេញលើឯកទេសប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៨៣ ហើយបន្ទាប់មក លោកបានប្តូរទៅបង្រៀនសិស្សនៅសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា ចាប់ពីឆ្នាំ២០០២ មកដល់បច្ចុប្បន្ន។ គិតមកដល់ឆ្នាំ២០២៣នេះ មានរយៈពេល៤០ឆ្នាំហើយ ដែលលោកក្លាយជាគ្រូបង្រៀនមុខវិជ្ជាប្រវត្តិសាស្ត្រ។
ទោះជាយ៉ាងណា ការទទួលបានតួនាទីជាទីប្រឹក្សាលោក ហ៊ុន សែន នៅពេលនេះ គឺបន្ទាប់ពីមួយរយៈចុងក្រោយនេះ លោក សំបូរ មាណ្ណារ៉ា ចាប់ផ្ដើមនិយាយសរសើរដល់ការដឹកនាំប្រទេសរបស់លោក ហ៊ុន សែន ធ្វើឲ្យកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់នៅតាមវេទិកាសាធារណៈ តាមវិទ្យុ និងទូរទស្សន៍ក្នុងស្រុកជាដើម។ លោក តែងសរសើរថ្ងៃរំដោះ៧ មករា និងណែនាំឲ្យយុវជន ឈប់វាយប្រហារថ្ងៃ៧ មករា តទៅទៀត។ ក្រៅពីនេះ លោកតែងចេញមុខការពាររដ្ឋាភិបាល ចំពោះការរិះគន់រឿងបាត់បង់ទឹកដីនៅតាមព្រំដែនវៀតណាម ហើយលោកតែងលើកយកប្រវត្តិសាស្ត្រពីមុន មកនិយាយប្រៀបធៀបឲ្យស្របទៅនឹងមាគ៌ាដឹកនាំរបស់លោក ហ៊ុន សែន ដូចជា រឿងវត្តមានជនជាតិចិន និងវៀតណាមជាដើម។
ជុំវិញរឿងនេះ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ និយាយថា ការចូលរួមគណបក្សនយោបាយណាមួយ គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ។ ប៉ុន្តែលោក សង្កេតឃើញថា អ្នកចេះដឹង ឬបញ្ញវ័ន្ត នៅពេលដែលទៅចូលរួមជាមួយបក្សកាន់អំណាច លែងសូវធ្វើសកម្មភាពដូចមុន ឬប្តូរជំហរពីការឈប់និយាយការពិតទៅជានិយាយការពាររដ្ឋាភិបាល បើទោះបីជាសង្គមកម្ពុជាសព្វថ្ងៃនេះ មានអយុត្តិធម៌សង្គម និងអំពើពុករលួយក៏ដោយ៖
«ដូច្នេះខ្ញុំមានសំណូមពរដល់បញ្ញវន្តគ្រប់រូបទាំងអស់ថា សូមឲ្យពិចារណាឲ្យច្បាស់ មុននឹងឈានជើងទៅណាមួយ ព្រោះអ្នកជាគំរូភាពសម្រាប់អ្នកជំនាន់ក្រោយ ហើយជាពិសេសយើងត្រូវការមនុស្សដែលមានឯករាជ្យភាពនៅកណ្ដាលមួយ ដែលអាចនិយាយពីការពិតទាំងអស់នៅក្នុងសង្គមសម្រាប់ឲ្យកូនចៅជំនាន់ក្រោយរៀនសូត្រ ហើយចេះក្នុងការវាយតម្លៃក្នុងសង្គម»។
ជាទូទៅ ឲ្យតែជិតដល់រដូវកាលបោះឆ្នោតម្តងៗ គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន តែងតែប្រើវិធីផ្សេងៗក្នុងការអូសទាញមនុស្សល្បីៗ ដូចជាអ្នកនយោបាយបក្សប្រឆាំង អ្នកកាសែត អ្នកចម្រៀង គ្រូបង្រៀន និងបញ្ញវ័ន្តជាដើម ឲ្យចុះចូលជាមួយបក្សប្រជាជនកម្ពុជា តាមរយៈការផ្តល់លាភសក្ការៈ និងឋានៈតួនាទីចំពោះអ្នកណាដែលលោភលន់ស្រេកឃ្លានជាដើម ដើម្បីបង្ហាញរូបភាពល្អទៅកាន់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។ ប៉ុន្តែប្រសិនបើអ្នកណារឹងរូសមិនចុះចូលវិញ លោក ហ៊ុន សែន តែងប្រើវិធីគំរាម ធ្វើទុក្ខបុកម្នេញ ឬរកលេសចាប់ដាក់ពន្ធនាគារជាដើម។ ទោះជាយ៉ាងណា មន្ត្រីបក្សប្រឆាំង និងបញ្ញវន្ត អ្នកចេះដឹងជាច្រើនទៀត នៅតែរក្សាជំហរឯករាជ្យ និងសុខចិត្តជាប់ពន្ធនាគារ ដោយមិនព្រមលះបង់ឧត្តមគតិទៅបម្រើផលប្រយោជន៍ឲ្យក្រុមគ្រួសារលោក ហ៊ុន សែន ដឹកនាំប្រទេសតវង្សត្រកូលឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។