តើ​នឹង​ជះ​ឥទ្ធិពល​បែប​ណា​ដល់​ការ​បោះឆ្នោត​ជាតិ បើ​សកម្មជន​បក្ស​ភ្លើងទៀន​បន្ត​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ?

0:00 / 0:00

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥​ដែល​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ គ​.​ជ​.​ប និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ទទួលរង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល និង​បក្ស​នយោបាយ​មួយ​ចំនួន​ថា ការ​បោះឆ្នោត​នេះ​មិន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ។

គណបក្ស​នយោបាយ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ពី​ពលរដ្ឋ​បន្ទាប់ពី​បក្ស​កាន់អំណាច គឺ​បក្ស​ភ្លើងទៀន រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ចាស់ដៃ​ពី​សំណាក់​អាជ្ញាធរ បក្ស​កាន់អំណាច​ដែល​សកម្មជន​ខ្លះ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ និង​អ្នក​ខ្លះទៀត​ជាប់​បណ្ដឹង​ទៀត​ផង ទោះ​ក្រោយ​ការបោះឆ្នោត​រួចហើយ​ក៏ដោយ។

តើ​ការណ៍​ដែល​អាជ្ញាធរ​បក្ស​កាន់អំណាច​គំរាមកំហែង​លើ​បក្ស​ភ្លើងទៀន​បន្តបន្ទាប់​បែបនេះ​នឹង​ជះឥទ្ធិពល​បែប​ណា​ដល់​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំក្រោយ?

ថ្វីត្បិតតែ​រដ្ឋធម្មនុញ្ញ​ចែង​ថា កម្ពុជា​អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ក៏​ដោយ​ចុះ ការចូលរួម​ប្រកួត​ប្រជែង​នយោបាយ​របស់​បក្ស​ប្រឆាំង​តែងតែមាន​ការ​គំរាមកំហែង និង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​ឯក​បក្ស​ទាំង​អយុត្តិធម៌ ខណៈ​កន្លង​ទៅ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ឆ្នាំ​២០១៧ ហើយ រហូត​មក​ដល់​ពេលនេះ តុលាការ​នៅ​មិនទាន់​រក​ឃើញ​ថា មាន​កំហុស​អ្វី​នោះ​ទេ។

ការ​បន្ត​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មក​លើ​គណបក្ស​ភ្លើងទៀន​នេះ អង្គការ​ជាតិ និង​អន្តរជាតិ​រិះគន់​ថា កម្ពុជា​កំពុងតែ​ដើរ​ទៅ​រក​ការ​សម្លាប់ លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​របស់​ខ្លួន ក្រោយពី​ការបោះឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​បរិយាកាស​អាប់អួ តាមរយៈ​ការ​គំរាមកំហែង និង​ការ​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឱ្យ​តាមដាន​ការ​រាប់​សន្លឹកឆ្នោត​ក្នុង​មណ្ឌលបោះឆ្នោត​ជាដើម។

មួយថ្ងៃ​ក្រោយ​ការបោះឆ្នោត​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៥ អង្គការ​ក្នុងស្រុក​មួយចំនួន​ដែល​បាន​ឃ្លាំមើល​ពី​ស្ថានភាព​បោះឆ្នោត បានការ​រាយការណ៍​ពី​ភាព​មិន​ប្រក្រតី​ថា មាន​វត្តមាន​មេភូមិ មេឃុំ​ឬ​ចៅសង្កាត់ អាជ្ញាធរ បាន​កត់ត្រា​ឈ្មោះ ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​រួច​។​

ការ​ធ្វើ​សកម្មភាព​របស់​អាជ្ញាធរ​បក្ស​កាន់អំណាច​នេះ ត្រូវ​អង្គការ​សង្គម​ស៊ីវិល ចាត់ទុកថា ជា​ការ​គំរាមកំហែង ហើយ​ដើរ​ផ្ទុយ​ទៅ​នឹង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ ចំណែក​ការ​រាប់​សន្លឹកឆ្នោត​ហាក់​មាន​ភាព​លាក់បាំង​ដោយ​ការិយាល័យ​ខ្លះ​ត្រូវ​បាន​បិទទ្វារ​បង្អួច និង​ខ្លះ​ចាក់​ទ្វាររបង​មិន​ឱ្យ​ប្រជាពលរដ្ឋ​បាន​មើលឃើញ​ពី​ការ​រាប់​សន្លឹកឆ្នោត​នោះ​ឡើយ។

ជុំវិញ​រឿង​នេះ ថ្នាក់ដឹកនាំ​បក្ស​ភ្លើងទៀន​មួយ​ចំនួន បាន​ចេញ​មុខ​រិះគន់​ខ្លាំងៗ និង​ប្ដឹង​ឱ្យ គ​.​ជ​.​ប ពិនិត្យ​ឡើយ​វិញ​ជុំវិញ​ភាព​មិន​ប្រក្រតី​នេះ។

ក្រោយពី​មានការ​រិះគន់​ជុំវិញ​ការបោះឆ្នោត​នេះ អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា បែរជា​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្ដឹង​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ការរិះគន់​រឿង​បោះឆ្នោត​របស់​លោក សុន ឆ័យ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ គណបក្ស​កាន់អំណាច ថែមទាំង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ១​លាន​ដុល្លារ និង​តម្រូវ​ឱ្យ​លោក​សុំទោស​ជា​សាធារណៈ។

មិន​ខុស​អ្វី​ពី​បក្ស​កាន់អំណាច​នោះ​ទេ ដែល​បាន​ប្ដឹង​មក​លើ​អនុប្រធាន​បក្ស​ភ្លើងទៀន​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប ក៏បាន​ប្ដឹង​លោក សុន ឆ័យ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ដែរ​។ អ្នក​ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​នោះ​គឺ អ្នកនាំពាក្យ​គ.ជ.ប លោក ឌឹម សុវណ្ណារុំ និង​អគ្គលេខាធិការ​រង គ​.​ជ​.​ប លោក សោម សូរីដា ដែល​សុទ្ធតែ​ជា​មន្ត្រី​ស្និទ្ធ​នឹង​បក្ស​កាន់អំណាច ដោយ​ពួក​លោក​លើកឡើង​ក្នុង​ពាក្យបណ្ដឹង​ចុះ​កាល​ពី​ថ្ងៃទី​១៧ ខែមិថុនា ថា ការ​ថ្លែង​របស់​លោក សុន ឆ័យ ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្ថាប័ន​ជាតិ​មួយ​នេះ។

ដោយឡែក​កាលពី​ខែមិថុនា​ថ្មីៗ​នេះ មិន​ឆ្ងាយ​ពី​រឿង​ប្ដឹងផ្ដល់​នេះ​ប៉ុន្មាន​នោះ​ទេ បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​របស់​គណបក្ស​ភ្លើងទៀន ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ លោក កែវ សុមុនី ដែល​បម្រើការ​ជា​មន្ត្រីរាជការ​នៅ​ក្រសួង​សុខាភិបាល ត្រូវ​បាន​ក្រសួង​សុខាភិបាល​បណ្តេញ​ចេញពី​ក្របខណ្ឌ​រដ្ឋ​។ ចំណែក លោក អេង ស្រូយ ដែល​ជា​មន្ត្រី​គណបក្ស​ភ្លើងទៀន លោក​ក៏​ត្រូវ​បាន​ដកហូត​មុខតំណែង ឋានន្តរស័ក្តិ ថែមទាំង​បណ្តេញ​ចេញពី​ក្របខណ្ឌ​នគរបាល​ជាតិ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ថា កម្ពុជា​កំពុងតែ​ធ្វើដំណើរ​លើ​វិថី​មួយ​ដូច​សុភាសិត​ខ្មែរ​ថា​«​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​»​។ ពួកគេ​បារម្ភ​ថា ការ​ធ្វើទុក្ខបុកម្នេញ​យ៉ាងធ្ងន់ធ្ងរ​របស់​បក្ស​កាន់អំណាច​នេះ កាន់តែ​ធ្វើ​ឱ្យ​ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣​ខាងមុខនេះ អាច​នឹង​មិន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ​និង​យុត្តិធម៌​នោះ​ឡើយ។

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា សង្កេតឃើញ​ថា ការ​វិវត្ត​នៃ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នេះ​មានការ​រឹតត្បិត​ខ្លាំង​បើ​ប្រៀបធៀប​ទៅ​នឹង​ស្ថានភាព​កាល​ឆ្នាំ​២០១២ និង​២០១៣ ដែល​កាលនោះ​មាន​វត្តមាន​គណបក្សប្រឆាំង​ដ៏​ធំ​ជាងគេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​។ តែ​យ៉ាងណា លោក​មើល​ឃើញ​ថា បច្ចុប្បន្ន​នេះ​គណបក្ស​នយោបាយ​មួយចំនួន​ពិបាក​ក្នុង​ការ​ប្រកួត​ប្រជែង ជាពិសេស​បក្ស​ភ្លើងទៀន ដែល​ជា​មុខសញ្ញា​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​បក្ស​កាន់អំណាច។

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ​បន្ត​ថា បើសិនជា​ស្ថានភាព​នយោបាយ​មានការ​រួម​តូច​ដោយសារតែ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​មន្ត្រី​បក្ស​កាន់អំណាច​មក​លើ​បក្ស​ភ្លើងទៀន​បែប​នេះ ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២៣​ខាងមុខ មិនអាច​ធានា​បាន​ថា មាន​ភាព​ល្អ​ប្រសើរ​នោះ​ឡើយ​។ លោក​មើល​ឃើញ​ថា ចរន្ត​នៃ​ការ​ធ្វើ​ទុក​បុក​ម្នេញ​ផ្នែក​នយោបាយ​របស់​បក្ស​កាន់អំណាច​ធ្វើ​ឱ្យ​កម្ពុជា​អាច​នឹង​ជួប​គ្រោះថ្នាក់​បន្ថែម​ទៀត​ដោយសារតែ​ការ​ធ្លាក់ចុះ​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ៖ «បើសិន​ភាព​បរិយាកាស​ចូលរួម​នយោបាយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា របស់​អ្នកនយោបាយ​បក្ស​ក្រៅ​រដ្ឋាភិបាល​មានការ​រឹតត្បិត​ឬក៏​គំរាមកំហែង នេះ​ហៅថា​ជា​ចរន្ត ឬ​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នោះ​វា​អត់​អាច​កើតមាន​ទេ តាម​ក្របខណ្ឌ ឬក៏​ស្មារតី​ដែល​សហគមន៍​អន្តរជាតិ​ចង់បាន ចង់ឱ្យ​មានការ​បើ​ជំហរ ចង់ឱ្យ​មានការ​បើកទូលាយ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស​ជាដើម»។

លោក ឯម សុវណ្ណារ៉ា បារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​មិន​យកចិត្តទុកដាក់​ដោះស្រាយ​ដោយ​បើក​លំហ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​បើក​លំហ​ឱ្យ​មាន បរិយាកាស​ចូលរួម​នយោបាយ​មក​ពី​គ្រប់​ភាគី​ឱ្យ​បាន​ល្អ​ប្រសើរ​ទេ​នោះ ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​នឹង​អាច​កើតមានឡើង​បន្ថែម​ទៀត​មក​លើ​កម្ពុជា។

ដោយឡែក អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ បណ្ឌិត មាស នី ក៏​មើលឃើញ​ស្រដៀង​គ្នា​ដែរ​ថា បើសិនជា​កម្ពុជា​នៅតែ​បន្ត​ធ្វើ​នយោបាយ​គំរាមកំហែង ចោទប្រកាន់ ចាប់​ដាក់​ពន្ធនាគារ​មក​លើ​សមាជិក​បក្ស​ប្រឆាំង​ជា​ហូរហែ​បែបនេះ កម្ពុជា​នឹង​ខាត​ផលប្រយោជន៍​ក្នុង​ការ​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន ទាំង​វិស័យ​សេដ្ឋកិច្ច និង​នយោបាយ។

លោក​សង្កេត​ឃើញ​ថា បើ​ការបោះឆ្នោត​ខាង​មុន​នេះ មិន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​នោះ​ទេ នោះ​កម្ពុជា​អាច​នឹង​ជួប​បញ្ហា​មួយចំនួន​ដូចជា​៖ ទី​១. កម្ពុជា​នឹង​ធ្លាក់​ចូល​ក្នុងភូមិ​សាស្ត្រ​នយោបាយ​ដែល​ពិបាក​ដកខ្លួន​ដោយសារតែ​ការ​ធ្លាក់​ចុះ​លទ្ធិប្រជាធិបតេយ្យ និង​ទី​២.​កម្ពុជា​នឹង​បែកបាក់​ផ្ទៃក្នុង​កាន់តែ​ខ្លាំង​រវាង​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង​ដែល​ធ្វើ​ឱ្យ​ការបោះឆ្នោត​ខាង​មុខ​នេះ​មិន​ទទួល​បាន​ការ​ទទួល​ស្គាល់​ដោយ​អង្គការ​ជាតិ និង​អន្តរជាតិ​ជាដើម៖ «ជា​ដំណោះស្រាយ​មានតែ​ការកាត់បន្ថយ​ការ​គំរាមកំហែង​ដើម្បី​ទុក​ឱ្យ​គណបក្ស​នយោបាយ​ [​ បក្ស​ប្រឆាំង​ ]​ បាន​បំពេញ​តួនាទី​ជា​គណបក្ស​នយោបាយ ធ្វើ​ចលនា​នយោបាយ​ដោយ​សេរី​ហ្នឹង​ជា​ដំណោះស្រាយ​។ ខ្ញុំ​គិតថា​មិនមែន​បក្ស​កាន់អំណាច​គាត់​មិនដឹង​ទេ [...] ប៉ុន្តែ​សំខាន់​កាលណា​ដែល​ដណ្ដើម​អំណាច​នៅ​ក្នុង​ប្រទេស​យើង​វា​ស្ថិត​នៅ​ក្នុង​ភាព​មួយ​ដែល​មិន​ផ្ដល់​ក្ដី​សុខ​ឱ្យ​គ្នា​ទៅវិញទៅមក ពេលនោះ​គឺថា ការ​ប្រទាញ​ប្រទង់​គ្នា​ផ្ទៃក្នុង ការ​បែកបាក់​គ្នា​ផ្ទៃក្នុង​ក៏​នៅតែ​មាន​ជា​បន្ត​ទៅ​ទៀត»។

អ្នកឃ្លាំមើល​បញ្ហា​នយោបាយ​ថា មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​បន្ត​ធ្វើទុក្ខបុកម្នេញ​មក​លើ​បក្ស​ប្រឆាំង ដូច​ករណី​បក្ស​ភ្លើងទៀន ព្រោះ​លោក ហ៊ុន សែន ធ្លាប់​ទទួល​ជោគជ័យ​លើ​ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ និង​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​កន្លង​ទៅ ហើយ​ឥឡូវ​នេះ​បាន​បន្ត​យារ​យី​មក​លើ​បក្ស​ភ្លើងទៀន​វិញ​ម្ដង។

ជុំវិញ​រឿង​នេះ​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស និង​ជា​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ប្រាប់​វិទ្យុ​អាស៊ីសេរី ថា កម្ពុជា​គួរតែ​ឆ្លុះបញ្ចាំង​ឡើងវិញ​ចំពោះ​ភាព​មិន​ប្រក្រតី​មួយចំនួន​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣​ខាងមុខ ឱ្យ​មាន​បរិយាកាស​ល្អ​ប្រសើរ​។ លោក​បារម្ភ​ថា បើ​បក្ស​កាន់អំណាច​នៅ​បន្ត​យាយី​លើ​បក្ស​ភ្លើងទៀន​បែប​នេះ ការណ៍​នេះ​អាច​ជា​សញ្ញា​អាក្រក់​មួយ​ដែល​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​សេរី​មួយចំនួន​នឹង​ធ្វើ​ពហិការ​មិន​ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត​ថ្នាក់​ជាតិ​ដូច​ឆ្នាំ​២០១៨ ក្រោយ​ពី​រំលាយ​បក្ស​សង្គ្រោះ​ជាតិ៖ «អ៊ីចឹង​ចំណុច​ទាំងអស់​នេះ​បើសិនជា​មិន​មាន​ការ​កែប្រែ​ទេ ការបោះឆ្នោត​ខាងមុខនេះ ខ្ញុំ​ជឿជាក់​ថា នឹងមិន​មានគុណ​តម្លៃ​អ្វី​អាច​ឱ្យ​សហគមន៍​អន្តរជាតិ ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ទាំង​អស់គេ​មានការ​ជឿជាក់​ទៅ​បាន​ទេ​។ អ៊ីចឹង​គូរ​តែ​មាន​ការពិនិត្យ​ទៅ​មើល​ការកែទម្រង់​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ដោយ​ឆ្លុះបញ្ចាំង​ពី​ការ​ឆ្លងកាត់​ការ​បោះឆ្នោត​ឃុំ​ -​ សង្កាត់​នេះ​កាលពី​ថ្មីៗ​ហ្នឹង»។

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ផ្ដល់​ជា​អនុសាសន៍ និង​ដំណោះស្រាយ​ថា បញ្ហា​ជម្លោះ​នយោបាយ​នេះ រដ្ឋាភិបាល លោក ហ៊ុន សែន មិន​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​នោះ​ទេ បើសិនជា​មិន​មាន​ការ​ដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​នោះ​។ ដូច្នេះ​លោក​ថា ចរន្ត​នៃ​ដំណោះស្រាយ​គឺ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ត្រូវតែ​ពិនិត្យ​ឡើង​វិញ​ពី ការ​ផ្ដល់​ជំនួយ ដូចជា​ការ​នាំចេញ​ទំនិញ​ផ្សេងៗ​របស់​កម្ពុជា​តាមរយៈ​ការ​ដាក់​លក្ខខណ្ឌ​មួយចំនួន​ដែល​តម្រូវ​ឱ្យ​កម្ពុជា​ធានា​បាន​ថា ការ​បោះឆ្នោត​ខាងមុខ​នេះ​ប្រកប​ដោយ​សេរី និង​យុត្តិធម៌ ហើយ​ត្រូវ​បើក​លំហ​នៃ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​អ្នក​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។