HRW ជំរុញអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ឲ្យរិះគន់មេដឹកនាំរបបក្រុងភ្នំពេញជាសាធារណៈរឿងរម្លាយប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស
2021.05.31

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញអនុរដ្ឋមន្ត្រីការបរទេសអាមេរិកឲ្យរិះគន់មេដឹកនាំរបបក្រុងភ្នំពេញជាសាធារណៈ រឿងរម្លាយប្រជាធិបតេយ្យ រំលោភសេរីភាពសារព័ត៌មាន និងសិទ្ធិមនុស្ស។ ការជំរុញនេះ ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ផ្សាយថ្ងៃទី៣១ ឧសភា របស់អង្គការនេះ នៅមុនមួយថ្ងៃនៃដំណើរទស្សនកិច្ចដោយផ្ទាល់របស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូបៃ ឌិន (Joe Biden) គឺអនុរដ្ឋមន្ត្រីការបរទេសអាមេរិកអ្នកស្រី វិនឌី ហ្សឺម៉ាន (Wendy Sherman) មកកាន់កម្ពុជានៅថ្ងៃទី០១ ខែមិថុនានេះ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែងថា អ្នកស្រី ហ្សឺម៉ាន គួរតែជំរុញនូវការទាមទារឲ្យកម្ពុជាបញ្ឈប់រាល់ដំណើរការកាត់ក្តីបែបឆាកល្ខោនប្រឆាំងនឹងមន្ត្រីគណបក្សសង្គ្រោះជាតិ ឲ្យដោះលែងអ្នកទោសនយោបាយកំពុងជាប់ឃុំរាប់សិបនាក់ និងឲ្យទម្លាក់ចោលបទចោទគួរឲ្យអស់សំណើចប្រឆាំងនឹងមេបក្សសង្គ្រោះជាតិលោក កឹម សុខា។
ទន្ទឹមនឹងនេះ លោកថា សេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាកំពុងតែប្រឈមនឹងការគំរាមកំហែង ជាងពេលណាៗទាំងអស់ ខណៈមានការគ្រប់គ្រង និងរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិនៅលើប្រព័ន្ធអ៊ិនធឺណិត។ មន្ត្រីសិទ្ធិមនុស្សអន្តរជាតិដដែល ស្នើឲ្យអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការរឹតត្បិតទាំងនេះ និងការផ្តន្ទាទោសមកលើក្រុមអ្នករិះគន់។ លោកស្នើថា អ្នកស្រី ហ្សឺម៉ាន គួរអំពាវនាវជាសាធារណៈឲ្យរដ្ឋាភិបាលស្តារឡើងវិញនូវការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ព្រមទាំងសិទ្ធិតវ៉ាដោយសន្តិវិធី ដែលត្រូវបានរដ្ឋាភិបាលបង្ក្រាបនៅគ្រប់ខេត្តក្រុង។
លោក ហ្វីល រ៉ូបឺតសុន ព្រមានថា ប្រឈមមុខនឹងការរំលោភបំពានសិទ្ធិមនុស្សជាប្រព័ន្ធដែលប្រព្រឹត្តជារៀងរាល់ថ្ងៃនៅទូទាំងប្រទេសកម្ពុជាដោយរដ្ឋាភិបាលលោក ហ៊ុន សែន បើសហរដ្ឋអាមេរិកប្រើប្រាស់វិធីសាស្ត្របែបទន់ភ្លន់មកលើរដ្ឋាភិបាលកម្ពុជា វិធីសាស្ត្របែបនេះនឹងមិនទទួលបានផលអ្វីឡើយ ហើយក៏គឺជាការប្រាសចាកផ្នែកសីលធម៌ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។