មន្ត្រី​សង្គម​ស៊ីវិល និង​មេធាវី​រិះគន់​ថា ការ​សម្រេច​របស់​សាលាឧទ្ធរណ៍ ហាក់​ដូច​ជា​ការ​បំពេញ​ចិត្ត​ភាគី​ឈ្នះ​ក្ដី

0:00 / 0:00

មេធាវី​ការពារ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា សាលាឧទ្ធរណ៍​ហាក់​កាត់​ក្ដី ដើម្បី​បំពេញ​ចិត្ត​ទៅ​ភាគី​ឈ្នះ​ក្ដី គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។ ប្រតិកម្ម​នេះ ធ្វើឡើង​ក្រោយ​ពេល​​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលដីកា ដោយ​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ​ដដែល ពោល​គឺ លោក សុន ឆ័យ នៅតែ​បន្ត​ចាញ់ក្ដី គ.ជ.ប និង​បក្ស​កាន់​អំណាច។ សាលាឧទ្ធរណ៍ ក៏​បាន​បង្គាប់​ទៅ​លោក សុន ឆ័យ ឱ្យ​បន្ថែម​បង់​ប្រាក់​ជំងឺ​ចិត្ត​ទៅ​បក្ស​កាន់​អំណាច​ជាង ១លាន​ដុល្លារ​ថែម​ទៀត។ មន្ត្រី​បក្ស​កាន់​អះអាង​ថា លុយ​មួយ​លាន​ដុល្លារ​នេះ ក៏​មិន​លាង​សម្អាត​កិត្តិយស​របស់​ខ្លួន​ដែល​ត្រូវ​បាន​លោក សុន ឆ័យ ដើរ​និយាយ​បរិហារកេរ្តិ៍​បាន​ដែរ។ ប៉ុន្តែ ក្រុម​អ្នក​សង្កេតការណ៍​ហួស​ចិត្ត​លើ​ការ​ពិន័យ និង​ការ​បង្គាប់​សង​ជំងឺ​ចិត្ត​របស់​តុលាការ​នេះ។

សំណុំរឿង​ពាក់ព័ន្ធ​នឹង​ថ្នាក់​ដឹកនាំ និង​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង នៅតែ​ធ្វើ​ឱ្យ​តុលាការ​ ពិបាក​សម្រេច​ក្ដី​ឱ្យ​ពួក​គេ រួច​ផុត​ការ​ចោទ​ប្រកាន់ ហើយ​ពេល​ខ្លះ​ពួក​គេ​កាន់​តែ​ផុង​ខ្លួន​លើស​ដើម​នៅ​ពេល​ប្ដឹង​ទាស់​ទៅ​តុលាការ​ជាប់​ខ្ពស់ ខុស​ពី​សំណុំរឿង​របស់​អ្នក​មាន​លុយ​មាន​អំណាច​ភាគ​ច្រើន​ គឺ​តុលាការ​ជាន់​ខ្ពស់ តែង​សម្រួល​ពី​ធ្ងន់​មក​ស្រាល​ ឬ​លើកលែង​ការ​ចោទ​ប្រកាន់​ដោយ​ស្ងាត់ៗ តែ​ម្ដង។ ជាក់ស្ដែង​ករណី​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ គឺ​លោក​កាន់តែ​ធ្ងន់​ក​លើស​ដើម ដោយសារ​សាលាឧទ្ធរណ៍​មិន​ត្រឹម​តែ​តម្កល់​​សាលក្រម​សាលាដំបូង​ទុក​ជា​បានការ​ទេ ថែម​ទាំង​តម្រូវ​ឱ្យ​អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ បង់​សំណង​ជំងឺ​ចិត្ត​កាន់តែ​ច្រើន​ថែម​ទៀត ទៅ​គណបក្ស​កាន់​អំណាច​របស់​របស់​លោក ហ៊ុន សែន។

មន្ត្រី​សង្គម​ស៊ីវិល ភ្ញាក់ផ្អើល ចំពោះ​ការ​សម្រេច​ក្ដី​របស់​ឧទ្ធរណ៍​លើ​សំណុំរឿង​លោក សុន ឆ័យ។ ទោះ​ជា​បែប​នេះ​ក្ដី អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ថា នឹង​បន្ត​ស្វែងរក​យុត្តិធម៌ ពី​តុលាការ​កំពូល​ជា​បន្ត​ទៀត។

មេធាវី​ការពារ​លោក សុន ឆ័យ លោក​មេធាវី ជូង ជូងី រិះគន់​ថា សាលដីកា សាលាឧទ្ធរណ៍ មិន​បាន​ផ្ដល់​យុត្តិធម៌​ដល់​កូនក្ដី​របស់​លោក​ទេ។ លោក​យល់ថា ការ​សម្រេច​របស់​តុលាការ​ជាន់ខ្ពស់​ពេល​នេះ​​ហាក់​បំពេញ​ចិត្ត​ភាគី​ឈ្នះ​ក្ដី។ លោក​ថា លោក​នឹង​ជួប​ជជែក​ជាមួយ​លោក សុន ឆ័យ ដើម្បី​សម្រេច​ថា គួរ​ប្ដឹង​ទាស់​សេចក្ដី​របស់​សាលាឧទ្ធរណ៍​នេះ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត ​ឬ​ក៏​យ៉ាងណា។

​មេធាវី ជូង ជូងី៖ « ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ថា ចៅក្រម​​គាត់​សម្រេច​ព្យាយាម​បំពេញ​ចិត្ត​អ្នក​ប្ដឹង។ ខ្ញុំ​នឹង​ជួប​ពិភាក្សា​ជាមួយ​គាត់ ( លោក សុន ឆ័យ ) ដើម្បី​ប្រើ​សិទ្ធិ​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត»

ចំណែក​អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស លើក​ឡើង​ថា ការ​សម្រេច​របស់​តុលាការ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ប៉ុន្តែ លោក​ថា ករណី​នេះ​គឺ ទាក់ទង​រឿង​បោះ​ឆ្នោត។ ដូច្នេះ គួរ​យក​ច្បាប់​បោះឆ្នោត ឬ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ មក​វិនិច្ឆ័យ​។ លោក​បន្ត​ទៀត​ថា ការ​ទាមទារ​សំណង​ពី​លោក សុន ឆ័យ ពេល​នេះ ជា​ការ​បន្ទុក​ធ្ងន់ធ្ងរ​លើ​លោក សុន ឆ័យ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ចង់​ឃើញ​គណបក្ស​នយោបាយ ជា​ពិសេស គណបក្ស​កាន់​អំណាច គួរ​បង្ក​បរិយាកាស​ល្អ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣ ខាង​មុខ។

លោក កន សាវាង្ស៖ « ទាក់ទង​នឹង​ការ​បោះ​ឆ្នោត ត្រូវ​មាន​ចែង​មាន​ក្នុង​ច្បាប់​បោះ​ឆ្នោត មិន​អាច​ធ្វើការ​ដើរ​ហួស​បន្ទាត់​នៃ​ការ​បោះ​ឆ្នោត​ទេ ហើយ​ម៉្យាង​ទៀត នៅ​ក្នុង​ច្បាប់​គណបក្ស​នយោបាយ ក៏​មិន​មាន​ចែង​ទោស​ទណ្ឌ​ក្នុង​ករណី​បែប​ហ្នឹង ហើយ​ច្បាប់​បោះ​ឆ្នោត ក៏​មិន​បាន​លើក​ឡើង​បែប​ហ្នឹង​ដែរ»

Korn_Savang_9.jpg
លោក កន សាវាង្ស អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុមហ្វែ្រល (COMFREL)។ រូបហ្វេសប៊ុកលោក កន សាវាង្ស

សាលា​ឧទ្ធរណ៍​ភ្នំពេញ បាន​ប្រើ​ពេល​ពេញ​មួយ​ថ្ងៃ​បើក​សវនាការ​ការ​លើ​បណ្ដឹង​ទាស់​របស់​អនុប្រធាន​បក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ដែល​បាន​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​​ឱ្យ​ចាញ់​ក្ដី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​បក្ស​កាន់​អំណាច កាល​ពី​ថ្ងៃ​ទី១៤ ខែ​ធ្នូ។ តុលាការ​ជាន់​ខ្ពស់​មួយ​នេះ ពេល​កាត់​ចប់​ភ្លាម ក៏​ប្រកាស​សាលដីកា​របស់​ខ្លួន​នៅ​ថ្ងៃ​ដដែល​នោះ ទោះ​ជា​ហួស​ម៉ោង​រដ្ឋបាល​ហើយ​ក្ដី។

សាលាឧទ្ធរណ៍​បាន​ចេញ​សាលដីកា​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ​ដដែល និង​បង្គាប់​ឱ្យ​លោក សុន ឆ័យ បង់​ប្រាក់​ជំងឺ​ចិត្ត​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៤ពាន់​លាន​រៀល ឬ​ជាង ១លាន​ដុល្លារ និង​ត្រូវ​បង់​ប្រាក់​ជំងឺ​ចិត្ត​ទៅ គ.ជ.ប និង​​បង់​លុយ​ចូល​រដ្ឋ​ចំនួន ១៧លាន​រៀល​ទៀត។ ពី​ដំបូង​តុលាការ​ក្រុង​​ភ្នំពេញ បង្គាប់​ទៅ​លោក សុន ឆ័យ បង់​ប្រាក់​ជំងឺ​ចិត្ត​ទៅ​បក្ស​កាន់​អំណាច​ប្រមាណ ៧៥ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។

ទាក់ទង​រឿង​នេះ​​ដែរ ប្រធាន​សហភាព​​សហជីព​កម្ពុជា និង​ជា​ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន សង្កេត​ឃើញ​ថា សវនាការ ដែល​មាន​កាត់​ក្ដី​សំណុំរឿង​ពាក់ព័ន្ធ​នឹង​អ្នក​នយោបាយ គេ​តែងតែ​ឃើញ​គូ​ជម្លោះ​របស់​បក្ស​កាន់​អំណាច​មិន​ដែល​ឈ្នះ​ក្ដី​ទេ។ លោក​យល់​ថា រូប​ភាព​នេះ ជា​ការ​រុញ​ខ្ទប់​លោក សុន ឆ័យ ឱ្យ​ដល់​ជញ្ជាំង​រហូត​ធ្វើ​ឱ្យ​លោក សុន ឆ័យ សុំ​ទោស គណបក្ស​ប្រជាជន​កម្ពុជា និង គ.ជ.ប ដូច​ដែល​ភាគី​ឈ្នះ​ក្ដី ​ធ្លាប់​ទាមទារ​នា​ពេល​កន្លង​មក។

លោក រ៉ុង ឈុន៖ « មិន​រំពឹង​ថា ទៅ​សាលា​កំពូល​ទទួល​បាន​យុត្តិធម៌​ទេ ទទួល​បាន​យុត្តិធម៌​លុះ​ត្រា​ លោក សុន ឆ័យ ធ្វើ​លិខិត​សុំ​ទោស​ទៅ​តាម​ការ​ទាមទារ​របស់​គេ ឬ​មួយ​សុំ​ចុះចូល​ជាមួយ​គេ​នឹង​ទទួល​បាន​ការ​លើកលែង​ហើយ»

ទោះ​មាន​ការ​រិះគន់​ពី​មន្ត្រី​សង្គម​ស៊ីវិល​លើ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ពេល​នេះ​បែប​ណា​ក្ដី ប៉ុន្តែ ភាគី​ឈ្នះក្ដី​​បង្ហាញ​ជំហរ​មិន​ខ្វល់​និង​មតិ​ទាំង​នេះ​ទេ។ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា និយាយ​ថា លោក​គោរព​ការ​ម្រេច​របស់​តុលាការ។

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា បើ​លោក សុន ឆ័យ មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍ គឺ​អាច​ប្ដឹង​ទាស់​ទៅ​តុលាការ​កំពូល​បន្ត​ទៀត។ លោក​បន្ត​ទៀត​ថា បើ​ទោះ​ជា​តុលាការ បាន​ការ​បន្ថែម​ប្រាក់​ជំងឺ​ទៅ​ដល់​ ១​លាន​ដុល្លារ ក៏​លុយ​នេះ​មិន​អាច​លុបលាង​សេចក្ដី​ថ្លៃថ្នូរ​ និង​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន លោក សុន ឆ័យ និយាយ​បរិហារកេរ្តិ៍ នា​ពេល​កន្លង​បាន​នោះ​ដែរ។

លោក សុខ ឥសាន៖ « មិន​អាច​យក ១លាន ( លុយ ១លាន​ដុល្លារ ) មក​លុប​លាង​សេចក្ដី​ថ្លៃថ្នូរ ដែល​បាន​បាត់បង់​កន្លង​មក​បាន​ទេ។ សុន ឆ័យ ខ្លាំង​លើស​អ្នក​ណា​ទាំង​អស់ ដល់​ពេល​នេះ​ឃើញ​ខ្លាំង​ហើយ គឺ​ថា ជា​នយោបាយ​អត្តឃាត​ខ្លួន​ឯង​កុំ​​បន្ទោស​គេ​អ្នក​ដទៃ កុំ​បន្ទោស​ដើម​បណ្ដឹង យើង​ត្រូវ​បន្ទោស​ខ្លួន​ឯង ដែល​យើង​តាំង​ខ្លួន​ជាង​ខ្លាំង»

ទាក់ទង​ករណី​នេះ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ប្រាប់​ថា លោក​នឹង​ប្ដឹង​ទាស់​ទៅ​តុលាការ​កំពូល​បន្ត​ទៀត ដើម្បី​រក​យុត្តិធម៌ ហើយ​តុលាការ​កំពូល​សម្រេច​បែប​ណា លោក​នឹង​ពិគ្រោះ​ជាមួយ​រក​មេធាវី​របស់​លោក​បន្ត​ទៀត។ លោក សុន ឆ័យ លើក​ឡើង​ដែរ​ថា ការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក​ជា​ប្រាក់​ជាង ១លាន​ដុល្លារ​ពេល​នេះ​តុលាការ ហាក់​មាន​បំណង​ចង់​រឹបអូស ទ្រព្យ​សម្បត្តិ​របស់​លោក​គឺ ដី​ផ្ទះ​នៅ​​ភ្នំពេញ និង​នៅ​ខេត្ត​សៀមរាប។

លោក សុន ឆ័យ៖ « យើង​ឃើញ​ហើយ សកម្មភាព​កន្លង​ទៅ​ហាក់​ដូច​ជា​ការ​មាន​គម្រោង​រួច​ជា​ទៅ​ហើយ កាត់​សេចក្ដី​ចប់​សព្វ​គ្រប់ គេ​នឹង​រឹបអូស​ទ្រព្យ​សម្បត្តិ ដែល​ខ្ញុំ​មាន​បន្តិច​បន្តួច ដូច​ជា ផ្ទះ​ដែល​ខ្ញុំ​រស់នៅ​នេះ ហើយ​ហ្នឹង​កូន​ផ្ទះ​មួយ​នៅ​ក្នុង​ខេត្ត​សៀមរាប។ ដូច្នេះ ទោះបី​យើង​មិន​និយាយ​អី ក៏​នឹង​យន្តការ​ដែល​គេ​នឹង​អនុវត្ត​ក្រោយ​មាន​ការ​សម្រេច​ចុង​ក្រោយ​ពី​តុលាការ​កំពូល»

លោក សុន ឆ័យ លើក​ឡើង​ដូច្នេះ ខណៈ​សំណុំ​រឿង​របស់​លោក បើ​ទោះ​ជា​មិន​ទាន់​ចេញ​ដីកា​ស្ថាពរ​ក្ដី ប៉ុន្តែ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក សុន ឆ័យ រួច​ទៅ​ហើយ។

គណបក្ស​​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ប្ដឹង​លោក សុន ឆ័យ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ កាល​ពី​ខែ​មិថុនា ក្រោយ​ពេល​លោក សុន ឆ័យ បាន​រិះគន់​ថា ការ​បោះ​ឆ្នោត​នោះ​មាន​ការ​បំភិត​បំភ័យ​ប្រជាពលរដ្ឋ លួច​បន្លំ​សន្លឹក​ឆ្នោត និង​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ជា​ដើម។

លោក សុន ឆ័យ នៅតែ​រក្សា​ជំហរ​ដដែល​ថា លោក​មិន​សុំ​ទោស​ភាគី​ឈ្នះ​ក្ដី​ទេ ព្រោះ​អ្វី​ដែល​លោក​បាន​លើក​ឡើង​ជា​ការ​ពិត ហើយ​អង្គការ​សង្គមជាតិ និង​​អន្តរជាតិ ក៏​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ ថ្នាក់​ក្រុម​ជាតិ​កន្លង​មក​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។