បេក្ខភាពនាយករដ្ឋមន្ត្រីបម្រុងរបស់គណបក្សប្រជាជនកម្ពុជាលោក ហ៊ុន ម៉ាណែត ស្នើទៅមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ឱ្យដាក់បេក្ខភាពអ្នកបន្តវេនដើម្បីប្រកួតប្រជែងជាមួយលោក។ ទោះយ៉ាងណា យុវជនគាំទ្រគណបក្សប្រឆាំងឆ្លើយតបថា គណបក្សប្រឆាំងមិនខ្វះយុវជនបន្តវេនទេ ប៉ុន្តែទាមទារឲ្យបក្សកាន់អំណាចត្រូវក្លាហានបើកឲ្យមានគណបក្សសង្គ្រោះជាតិឡើងវិញ និងរៀបចំការបោះឆ្នោតមួយដែលត្រឹមត្រូវជាមុនសិន។
លោក ហ៊ុន ម៉ាណែត ពេលទទួលបានការតែងតាំងជាផ្លូវការជាបេក្ខជននាយករដ្ឋមន្ត្រីពីគណបក្សរបស់ខ្លួន មានភាពសកម្មជាងមុនក្នុងការឆ្លើយឆ្លង ឬវាយបកមកលោក សម រង្ស៊ី។ អស់ពីរឿងបបួលលោក សម រង្ស៊ី ភ្នាល់រឿងគុណភាពសញ្ញាបត្រ លោក ហ៊ុន ម៉ាណែត សរសេរលើហ្វេសប៊ុកថ្ងៃទី៣០ ខែធ្នូថា លោក សម រង្ស៊ី ជាអ្នកនយោបាយចាស់វស្សាចូលចិត្តវាយប្រហារលោកពីក្រោយខ្នង តែគ្មានភាពក្លាហានចេញមកតតាំងផ្ទាល់ជាមួយលោក។ លោក ហ៊ុន ម៉ាណែត ស្នើទៅលោក សម រង្ស៊ី ឱ្យបញ្ចេញបេក្ខភាពបន្តវេនមកប្រកួតប្រជែងជាមួយលោកដូចដែលគណបក្សប្រជាជនកម្ពុជាបានធ្វើ។ លោកលើកជាសំនួរថា «តើលោកសម រង្ស៊ី មានភាពក្លាហាននិងឆន្ទៈនយោបាយគ្រប់គ្រាន់ទេ? ឬលោកនៅតាំងខ្លួនជាក្របីចាស់ ចង់ជល់ជាមួយនឹងកូនក្របី?»។
ទោះជាយ៉ាងណា ក្នុងពេលដែលលោក ហ៊ុន ម៉ាណែត បបួលលោកសម រង្ស៊ី មកតតាំងផ្ទាល់មុខបែបនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ដែលជាឪពុក របស់លោកបានប្រើគ្រប់មធ្យោបាយរារាំងលោក សម រង្ស៊ី និងមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិមិនឲ្យអាចចូលស្រុកបាន។
ជុំវិញការស្នើឡើងរបស់លោក ហ៊ុន ម៉ាណែត នេះ វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបពីលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានទេ នៅថ្ងៃទី៣០ ខែធ្នូ។
ទោះយ៉ាងណា ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីកាលពីពេលថ្មីៗនេះ លោក សម រង្ស៊ី អះអាងថា គណបក្សសង្គ្រោះជាតិមានធនធានយុវជនបន្តវេនគ្រប់គ្រាន់។ លោកបញ្ជាក់ថា គណបក្សប្រឆាំងថែមទាំងផ្ដល់ឱកាសដល់យុវជនមានសមត្ថភាពដែលមិនមែនជាយុវជនក្នុងជួរបក្សថែមទៀតផង៖ « យើងមិនចាំបាច់ជ្រើសរើសជាផ្លូវការប្រកួតប្រជែងប្រលងអីទេ យើងសម្គាល់ៗអ្នកណាដែលមានថ្វីដៃថ្វីមាត់ដែលអាចធ្វើការបានល្អ ហើយខ្ញុំជម្រាបថា មិនមែននៅក្នុងជួរគណបក្សសង្គ្រោះជាតិទេ នៅក្នុងសង្គមស៊ីវិល សង្គមស៊ីវិលមានយុវជនបញ្ញវ័ន្តជាច្រើន » ។
ប្រធានចលនាសង្គ្រោះជាតិនៅជប៉ុន លោក ហៃ វណ្ណា និយាយថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ជារឿងគួរឲ្យអស់សំណើច ព្រោះការទាមទាររបស់លោក ហ៊ុន ម៉ាណែត បែបនេះ ខណៈគណបក្សសង្គ្រោះជាតិមិនអាចធ្វើសកម្មភាពនៅប្រទេសកម្ពុជាបាន។ លោកបន្តថា បើលោក ហ៊ុន ម៉ាណែត ពិតជាហ៊ានប្រកួតប្រជែងមែននោះ ត្រូវបើកឲ្យមានគណបក្សសង្គ្រោះជាតិអាចដំណើរការឡើងវិញ បន្ធូរបន្ថយស្ថានការណ៍នយោបាយ និងរៀបចំការបោះឆ្នោតមួយដែលត្រឹមត្រូវនិងយុត្តិធម៌៖ « វាអន់ វាគួរឲ្យអស់សំណើច បើនិយាយគួរអាក្រក់ស្ដាប់ទៅ ថោកទាបបំផុត នៅពេលយើងខាំស្លឹកត្រចៀកគេ ដូចម៉ៃថៃសានអញ្ចឹង មិនបើកចំហសេរីភាពក្នុងចូលរួមពីប្រជាពលរដ្ឋជាពិសេសគឺគណបក្សប្រឆាំងតែម្ដង បើសិនគាត់ ( លោក ហ៊ុន ម៉ាណែត ) គាត់គួរបើកចិត្តឲ្យទូលាយ តាំងខ្លួនជាបុរសដើមទ្រូងប្រាំហត្ថ ប៉ុន្តែអ្វីដែលខ្ញុំមើលឃើញ ហ៊ុន ម៉ាណែត អសមត្ថភាព សូម្បីប្រកួតប្រជែងដោយស្មើមុខស្មើមាត់ គាត់គ្មានសមត្ថភាពធ្វើផង » ។
ចំណែកអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមបណ្ឌិត សេង សារី យល់ថា ទាំងគណបក្សកាន់អំណាច ទាំងគណបក្សប្រឆាំង គួរមានការផ្លាស់ប្ដូរឥរិយាបទ ក្នុងការធ្វើនយោបាយ។ លោកបន្តថា ចំពោះគណបក្សប្រឆាំង ទោះឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ មិនទាន់មានការបោះឆ្នោតត្រឹមត្រូវក្ដី ប៉ុន្តែគណបក្សប្រឆាំងគួរបញ្ចេញអ្នកបន្តវេនរបស់ខ្លួន៖ « ពេលវេលាក្នុងការពង្រឹងសមត្ថភាពមនុស្សជំនាន់ថ្មីដើម្បីអាចប្រកួតប្រជែងបាន រឿងទី២ មនុស្សជំនាន់ថ្មីហ្នឹង គឺត្រូវតែឲ្យមានឥរិយាបទដើម្បីអាចប្រកួតប្រជែងបានដឹកនាំបណ្ដុះបណ្ដាលមនោគមន៍វិជ្ជាយ៉ាងណាដើម្បីបន្តដឹកនាំពីអ្វីដែលកម្ពុជាមានបច្ចុប្បន្នកុំឲ្យក្លាយជាមេដឹកនាំដែលចាប់ផ្ដើមពីសូន្យដូចមេដឹកនាំជំនាន់មុន»។
អ្នកឃ្លាំមើលសង្គមសង្កេតឃើញថា រយៈពេលជាង ៤ ឆ្នាំក្រោយការរំលាយគណបក្សសង្រ្គោះជាតិ គណបក្សកាន់អំណាចបន្តធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយ បរិស្ថាន សិទ្ធិមនុស្ស និងហាមឃាត់ មិនឲ្យលោក កឹម សុខា ធ្វើនយោបាយ រារាំងមិនលោក សម រង្ស៊ី ចូលស្រុក ហើយជាងនេះទៅទៀតនោះ រដ្ឋាភិបាលលោក ហ៊ុន សែន មិនអនុញ្ញាតឲ្យគណបក្សនយោបាយដែលខ្លួនសង្ស័យថា មានលោក សម រង្ស៊ី បើកដំណើរការ ឬធ្វើសកម្មភាពនយោបាយឱ្យបានពេញលេញនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
