អ្នកវិភាគថា រថយន្តយោធា ៧៥គ្រឿង ដែលចិនឱ្យកងទ័ពជើងគោក គឺដើម្បីការពារអំណាចត្រកូល ហ៊ុន

អ្នកវិភាគលើកឡើងថា លោក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ផ្តល់រថយន្តយោធាចិនចំនួន ៧៥គ្រឿងឲ្យកងទ័ពជើងគោក គឺដើម្បីការពារអំណាចត្រកូលហ៊ុន ប៉ុន្តែមន្ត្រីយោធាថា ការផ្តល់រថយន្តយោធានេះ គឺដើម្បីពង្រឹងវិស័យកងទ័ព។
អ្នកវិភាគនយោបាយលោក គឹម សុខ ដែលកំពុងរស់នៅនិទ្ទេសខ្លួនក្នុងប្រទេសហ្វាំងឡង់ (Finland ) មានប្រសាសន៍ថា ការប្រគល់រថយន្តយោធាទៅឲ្យកងទ័ពជើងគោកនេះគឺ ជាផ្នែកមួយនៃការទប់ស្កាត់ការប៉ះ បោរ ផ្ទៃក្នុងពីគណបក្សប្រជាជន ដែលបណ្ដាលមកពីការខ្វែងគំនិតគ្នានៅក្នុងថ្នាំដឹកនាំបក្ស។
កាលពីថ្ងៃទី៧ តុលា លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានប្រគល់ជូនលោកឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ ៧០។ កងពលតូចលេខ ៧០ ក៏ទទួលបានទទួលរថយន្តបញ្ជាការ (ហ្ស៊ីប) ចំនួន ២៥គ្រឿងផលិតនៅប្រទេសចិនផងដែរ។
ឆ្លើយតបនឹងការលើកឡើយរបស់មន្ត្រីបក្សប្រឆាំង អ្នកនាំពាក្យកងទ័ពជើងគោកលោក ម៉ៅ ផល្លា ថា រថយន្តដែលជាជំនួយរបស់ប្រទេសចិននេះទុក ដើម្បីប្រើប្រាស់សម្រាប់វិស័យការពារជាតិ។
លោកបន្ថែមថា កម្ពុជាមិនមែនទទួលយកជំនួយយោធាពីប្រទេសចិនតែមួយនោះទេ គឺកម្ពុជាមានកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ទាំងនៅក្នុងតំបន់ និងសកលលោក ហើយកងយោធពលខេមរភូមិន្ទ តែងតែទទួលសម្ភារៈយោធាជាបន្តបន្ទាប់។ ប៉ុន្តែប្រទេសចិនបានផ្តល់ជំនួយយោធាច្រើនជាងបណ្ដាប្រទេសផ្សេងៗទៀត៖ «បញ្ហាហ្នឹងខ្ញុំអត់ដឹងអ្នកវិភាគ គេនិយាយយ៉ាងណា ក៏ខ្ញុំអត់យកពីអ្នកវិភាគដែរ។ ធម្មតាអ្នកវិភាគ គេយកតាមគំនិតគេ តែសម្រាប់ខ្ញុំ គឺ រថយន្តហ្នឹងដូចខ្ញុំបានជម្រាបក្នុងព័ត៌មានរួចហើយថា សម្រាប់ចែកជូនអង្គភាព ដើម្បីបម្រើការងារ ហ្វឹកហ្វឺន និងប្រតិបត្តិការណ៍របស់កងឯកភាពនីមូយៗ របស់ខ្លួនតែប៉ុណ្ណោះ»។
អាស៊ីសេរីមិនអាចទាក់ទងលោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកបានទេ កាលពីថ្ងៃទី៧ កញ្ញា។ ក៏ប៉ុន្តែលោក បាននិយាយនៅក្នុងគេហទំព័រហ្វេសប៊ុករបស់លោក ថា រថយន្តចំនួន ៧៥គ្រឿងសម្រាប់ប្រើប្រាស់ក្នុងការងារហ្វឹកហ្វឺន និងប្រតិបត្តិការយោធា។
លោកបន្ថែមថា រថយន្តទាំងអស់នេះ គឺជាជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-ចិន ជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។
កាលពីខែមិថុនាកម្ពុជាបានទិញរថយន្តយោធាពីប្រទេសចិនចំនួន ២៩០គ្រឿង ដើម្បីចែកជូនទៅកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ។ប៉ុន្តែមន្ត្រីរបបក្រុងភ្នំពេញមិនបានបញ្ជាក់ថា រថយន្តទាំងជិត ៣០០គ្រឿងនេះ មានចំនួនទឹកប្រាក់ប៉ុន្មាននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។