លោក ហ៊ុន ម៉ាណែត កំពុង​បញ្ជ្រាប​មនោគមវិជ្ជា​ដឹកនាំ​បែប​កុម្មុយនិស្ត​ផ្ដាច់ការ​ដល់​យុវជន​ខ្មែរ​តាមរយៈ​ការ​អាន​សៀវភៅ​មេ​ដឹកនាំ​ចិន

0:00 / 0:00

ក្រោយ​កម្ពុជា និង​ចិន​សម្រេច​ចុះ​ហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​គម្រោង​បកប្រែ «សៀវភៅ​អាស៊ី» របស់​មេដឹកនាំ​កំពូល​ចិន រដ្ឋាភិបាល​ត្រកូល ហ៊ុន ក៏​បន្ត​ឃោសនា​ឱ្យ​យុវជន​ខ្មែរ​រៀន​សូត្រ​ពី​គោល​នយោបាយ និង​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​តាមរយៈ​ការ​អាន​សៀវភៅ​នេះ។ អ្នក​ឃ្លាំមើល​ថា ការ​ជំរុញ​ឱ្យ​យុវជន​អាន​សៀវភៅ​មិនមែន​ជា​រឿង​អាក្រក់​ឡើយ ប៉ុន្តែ​រដ្ឋាភិបាល​គួរតែ​ជំរុញ​ឱ្យ​យុវជន​អាន​ច្បាប់​កំពូល​របស់​ជាតិ ជាជាង​ចាក់​បញ្ចូល​មនោគមវិជ្ជា​បែប​កុម្មុយនិស្ត​ដល់​យុវជន។

អ្នកឃ្លាំមើល​លើកឡើង​ថា ក្រៅពី​វិស័យ​សំខាន់ៗ​ដូចជា នយោបាយ ការទូត សេដ្ឋកិច្ច និង​សង្គម វិស័យ​អប់រំ​តាមរយៈ​ការ​អាន​សៀវភៅ​ជាដើម ក៏​ជា​ចំណុច​សំខាន់​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ចិន ដែល​ប្រទេស​ចិន​កុម្មុយនិស្ត​ព្យាយាម​បញ្ជ្រាប​ឥទ្ធិពល​ទាំង​វិស័យ​អប់រំ ការ​ឃោសនា​គោល​នយោបាយ​នៃ​មេដឹកនាំ​កំពូល​ចិន និង​ភាសា​ចិន​ជាដើម​សម្រាប់​ចាក់​បញ្ចូល​ក្នុង​សង្គម​កម្ពុជា ដើម្បី​ឱ្យ​មេ​ដឹកនាំ​កម្ពុជា និង​ប្រជាជន​ស្វែងយល់​ពី​គុណ​តម្លៃ​របស់​មេដឹកនាំ​ចិន។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា​ថា ការ​ជំរុញ​ឱ្យ​យុវជន​អាន​សៀវភៅ​មិនមែន​ជា​រឿង​អាក្រក់​នោះ​ទេ។ ទោះ​ជា​យ៉ាងណា លោក​សង្កត់ធ្ងន់​ថា កម្ពុជា​ជា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​លើក​ទឹកចិត្ត និង​ជំរុញ​ឱ្យ​ពលរដ្ឋ​អាន​សៀវភៅ​ច្បាប់​កំពូល​របស់​ជាតិ​ឱ្យ​ទូលំទូលាយ ដើម្បី​ឱ្យ​ពួកគេ​បាន​ស្វែងយល់​ពី​សិទ្ធ និង​កាតព្វកិច្ច​ចូល​រួម​ការពារ​បូរណភាព​ទឹក​ដី ជាជាង​អនុញ្ញាត​ឱ្យ​មនោគមវិជ្ជា​បែប​កុម្មុយនិស្ត​ចាក់​បញ្ចូល​ក្នុង​សង្គម និង​សម្រាប់​យុវជន​កម្ពុជា។

លោក សេង វណ្ណលី៖«កន្លង​មក​នេះ​យើង​ឃើញ​ថា ការ​ជំរុញ និង​លើក​កម្ពស់​ការ​អាន​របស់​កម្ពុជា​នៅ​មាន​កម្រិត ប៉ុន្តែ​ប្រសិន​ជា​រដ្ឋាភិបាល ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចង់​ឃើញ​ប្រជាពលរដ្ឋ​អាន​សៀវភៅ​ឱ្យ​ច្រើន​គួរតែ​ចែក​ចាយ និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​អាន​រដ្ឋធម្មនុញ្ញ សៀវភៅ​គោលការណ៍​នានា ជាពិសេស​ប្រវត្តិសាស្ត្រ ឱ្យ​សិក្សា​ប្រវត្តិសាស្ត្រ​ពី​ប្រទេស​កម្ពុជា​ឱ្យ​ដឹង​ពី​សិទ្ធ​សេរីភាព​របស់​ខ្លួន ខ្ញុំ​គិត​ថា រឿង​នេះ​នឹង​ផ្ដល់​ប្រយោជន៍​សម្រាប់​កម្ពុជា​ក្នុង​រយៈពេល​វែង។ តាម​ពិត​ទៅ​ការ​អាន​សៀវភៅ​ពី​របៀប​ដឹកនាំ​របស់​មេដឹកនាំ​នីមួយៗ ការ​អាន​វា​មិនមែន​ជា​រឿង​អាក្រក់​ទេ អាន​ហើយ​យើង​យក​មក​ប្រើប្រាស់​ទេ ក៏​ប៉ុន្តែ​គ្រាន់​តែ​ថា កង្វះ​នៃ​ការ​ផ្សព្វផ្សាយ និង​ជំរុញ​ការ​អាន​ពាក់ព័ន្ធ​នឹង​កម្ពុជា​នៅ​មាន​កម្រិត ជាពិសេស​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​រដ្ឋធម្មនុញ្ញ ការ​គ្រប់គ្រង និង​សិទ្ធ​តួនាទី​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត​ខ្លាំង​ណាស់»។

ការ​លើកឡើង​របស់​អ្នក​តាម​ដាន​កិច្ចការ​អន្តរជាតិ​រូប​នេះ គឺ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក នេត្រ ភក្ត្រា កាល​ថ្ងៃ​ទី១០ ខែវិច្ឆិកា បាន​ប្រកាស​តាម​ហ្វេកប៊ុក (Facebook) របស់​លោក​ថា នឹង​ចែក​សៀវភៅ​ស្ដី​ពី​ទស្សន​ទាន និង​គោលនយោបាយ​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jingping) ជា​ភាសា​អង់គ្លេស​ប្រមាណ ១ពាន់​ក្បាល (១.០០០) សម្រាប់​យុវជន​ខ្មែរ​យក​ទៅ​សិក្សា។

ការ​ឃោសនា​ពី​ទស្សន​ទាន ឬ​គោលនយោបាយ​មេដឹកនាំ​ចិន​តាមរយៈ​ការ​ជំរុញ​ឱ្យ​យុវជន​អាន​សៀវភៅ​នេះ គឺ​បន្ទាប់​ពី​កម្ពុជា និង​ចិន​ចុះ​ហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​គម្រោង​បកប្រែ​សៀវភៅ​អាស៊ី កាល​ពី​ថ្ងៃ​ទី១២ ខែ​តុលា។ គម្រោង​បក​ប្រែ​សៀវភៅ​អាស៊ី​នេះ គឺ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីន និង​ជា​យន្តការ​សំខាន់​ដែល​ចិន​មាន​បំណង​ចង់​ធ្វើ​ជា​បង​ធំ​នៅ​តំបន់​អាស៊ី​តាមរយៈ​ការ​កាង​សេដ្ឋកិច្ច ការ​ចង​សម្ពន្ធភាព​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ជំរុញ ឱ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ដោះស្រាយ​បញ្ហា​សន្តិសុខ និង​ការពារ​សណ្ដាប់​ធ្នាប់​ដោយ​ខ្លួនឯង​ដោយ​យក​ចិន​ជា​ស្នូល និង​ផាត់ចោល​បណ្ដា​ប្រទេស​លោក​សេរី។

កាល​ពី​ឆ្នាំ២០២៣ កម្ពុជា និង​ចិន​ក៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​អនុញ្ញាត​ដាក់​បញ្ចូល​ភាសា​ចិន​ក្នុង​កម្មវិធី​សិក្សា​តាម​សាលារៀន​រដ្ឋ​ខ្មែរ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក នេត្រ ភក្ត្រា ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា។

កម្ពុជា​កំពុង​រង​ការ​ចោទ​ប្រកាន់​ថា នឹង​ប្រឈម​ប៉ះពាល់​ដល់​អធិបតេយ្យ និង​កំពុង​ដឹកនាំ​ប្រទេស​ក្រោម​ឥទ្ធិពល​ចិន ដោយសារ​តែ​ការ​គ្រប់គ្រង​បែប​ផ្ដាច់ការ​គ្រួសារ​និយម​មិន​ប្រកាន់​ជំហរ​នយោបាយ​ឯករាជ្យ និង​បង្កើន​ទំនាក់ទំនង​ស្អិតល្មួត និង​ការ​ពឹងផ្អែក​លើ​ចិន​កាន់​តែ​ខ្លាំង។ ជា​មួយ​គ្នា​នេះ អ្នក​ឃ្លាំមើល​ថា ការណ៍​ដែល​ចិន​បន្ត​ឱប​ក្រសោប​កម្ពុជា​តាមរយៈ​រូបភាព​ផ្ដល់​ជំនួយ និង​កិច្ច​សហប្រតិបត្តិការ​ស្ទើរ​គ្រប់​វិស័យ​នោះ គឺ​ចិន​អាច​ប្រើប្រាស់​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ពង្រីក និង​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​តំបន់ ដើម្បី​ទប់ទល់​នឹង​បណ្ដា​ប្រទេស​លោកសេរី​ក្នុង​ការ​ប្រកួតប្រជែង​ដណ្ដើម​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់​ថា ការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា​ព្យាយាម​អនុញ្ញាត​ឱ្យ​មនោគមវិជ្ជា​បែប​កុម្មុយនិស្ត​អាច​បញ្ជ្រាប​ចូល​ក្នុង​សង្គម​កម្ពុជា​កាន់​តែ​ខ្លាំង និង​ព្យាយាម​បំបិទ​មាត់​សំឡេង​អ្នក​រិះគន់​ឥត​ស្រាកស្រាន្ត គឺ​ជា​សញ្ញា​មួយ​ដែល​អាច​បង្ក​ភាព​គ្រោះថ្នាក់​សម្រាប់​ជាតិ។ លោក​ចង់​ឃើញ រដ្ឋាភិបាល​បង្ហាញ​ការ​ឃោសនា និង​ជំរុញ​លើក​ទឹកចិត្ត​ឱ្យ​យុវជន​ស្វែងយល់​តាមរយៈ​ការ​អាន​សៀវភៅ​ស្ដី​ពី​ច្បាប់​ជាតិ​ឱ្យ​បាន​ទូលំទូលាយ និង​បើក​លំហ​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ ដើម្បី​ឱ្យ​ពលរដ្ឋ​អាច​ចូលរួម​សម្ដែង​កង្វល់ និង​ជជែក​ពី​បញ្ហា​សង្គម​សម្រាប់​ស្វែង​រក​ច្រក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រកប​ដោយ​ប្រសិទ្ធភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។