លោក ហ៊ុន ម៉ាណែត បានជួបពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង ដោយលោកលើកសរសើររដ្ឋាភិបាលរបស់លោកថា តែងតែគិតគូរដល់ពលករ ដែលធ្វើការនៅក្រៅប្រទេស។ អ្នកឃ្លាំមើល លើកឡើងថា ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត គឺជាការធ្វើនយោបាយប្រជាភិថុតិ ដើម្បីប្រយោជន៍បក្ស ជាជាងប្រយោជន៍សង្គមជាតិ។
មិនខុសពីប្រពៃណីការទូតរបស់ លោក ហ៊ុន សែន ជាឪពុកឡើយ ដំណើរទស្សនកិច្ចទៅប្រទេសកូរ៉េខាងត្បូង របស់លោក ហ៊ុន ម៉ាណែត លើកនេះ ក្រៅតែពីថតរូបជាមួយថ្នាក់ដឹកនាំរដ្ឋ និងតំណាងក្រុមហ៊ុនបរទេស ដើម្បីយកទៅឡង់សេប្រាប់ពលរដ្ឋ អំពីនយោបាយទាក់ម៉ូយហើយនោះ លោក ហ៊ុន ម៉ាណែត មិនភ្លេចនោះទេ ក្នុងការសណ្ដោងក្រុមមន្ត្រី និងគណៈប្រតិភូទាំងហ្វូងទៅជួបក្រុមពលករ។
នៅក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៨ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា ការធ្វើចំណាកស្រុករបស់ពលករខ្មែរនៅក្រៅប្រទេស គឺមិនមែនទៅធ្វើកញ្ជះគេនោះទេ ដោយលោក ហ៊ុន ម៉ាណែត អះអាងថា ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ។ លោក ហ៊ុន ម៉ាណែត បន្តថា អំឡុងពេលទស្សនកិច្ចផ្លូវការក្នុងប្រទេសកូរ៉េ លោកបានទាក់ម៉ូយបានជាច្រើន ជួយឱ្យប្រជាពលរដ្ឋមានការងារធ្វើ និងមាន ប្រាក់ចំណូលកាន់តែច្រើន។ «»
ក្នុងជំនួបជាមួយពលករនោះ លោក ហ៊ុន ម៉ាណែត បានលើកឡើង ពីបញ្ហាវិបត្តិអចលនទ្រព្យ ដោយលោកអះអាងថា ផ្តើមចេញពីបញ្ហាពីរ គឺការវាយតម្លៃខុសរវាងអតិថិជន និងការវាយតម្លៃខុសនៃការវិនិយោគ ហើយលោកបានអំពាវនាវដល់អ្នកទិញផ្ទះតាមគម្រោង ដែលមានឆន្ទៈច្បាស់លាស់ បើមានលទ្ធភាព ឱ្យបន្តបង់ជូនក្រុមហ៊ុន ដើម្បីមានលទ្ធភាពសង់ផ្ទះបន្ត។
យ៉ាងណាក៏ដោយចុះ ការជំរុញរបស់លោក ហ៊ុន ម៉ាណែត ឱ្យអ្នកទិញផ្ទះ បន្តបង់ជូនក្រុមហ៊ុន ហាក់ឆ្លុះបញ្ចាំងឱ្យឃើញពីចេតនារបស់លោក ហ៊ុន ម៉ាណែត ដើម្បីការពារឱ្យក្រុមឧកញ៉ា ដែលរកស៊ីលក់ដី និងផ្ទះខ្យល់ឱ្យពលរដ្ឋ គឺឧកញ៉ា ឡេង ណាវ៉ាត្រា និងម្ចាស់បុរីពិភពថ្មី ដែលគេស្គាល់ថា គឺឧកញ៉ា ហុង ពីវ ជាដើម។
កម្ពុជាទទួលប្រាក់កម្ចី ៣ពាន់លានដុល្លារ អំឡុងពេលលោក ហ៊ុន ម៉ាណែត ទៅប្រទេសកូរ៉េ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច ឆ្នាំ២០២២ ដល់២០៣០។ ក្នុងដំណើរទស្សនកិច្ច ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា លោកបានជួបជាមួយនឹងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង (South Korea) លោក យូន ស៊កយ៉ល (Yoon Suk Yeol)។ ក្នុងជំនួបនោះ បានចុះព្រមព្រៀងគ្នាបង្កើនភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រឹងលើវិស័យផ្សេងៗ រួមទាំងវិស័យការពារជាតិ ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បណ្ឌិត សេក សុជាតិ សង្កេតឃើញថា នយោបាយទាក់ម៉ូយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំឡុងពេលទស្សនកិច្ចនៅប្រទេសកូរ៉េ គឺនេះទំនងមិនអាចទាក់ទាញអ្នកវិនិយោគល្អៗមករកស៊ីនៅកម្ពុជាបាននោះទេ ព្រោះកម្ពុជា មានបញ្ហាអំពើពុករលួយ ដែលធ្វើឱ្យក្រុមហ៊ុនទាំងនោះ ព្រួយបារម្ភពីការខាតបង់ ជាជាងផលចំណេញ។
ជុំវិញរឿងនេះដែរ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ ខែឧសភា ថា ការថ្លែងសុន្ទរកថារបស់លោក ហ៊ុន ម៉ាណែត នៅចំពោះមុខពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងនេះ គឺជាការធ្វើប្រជាភិថុតិ ដោយខ្វះការទទួលខុសត្រូវ អំពីអសមត្ថភាពរបស់រដ្ឋាភិបាល ដែលមិនអាចបង្កើតការងារសមរម្យ និងបណ្ដាលឱ្យពលរដ្ឋធ្វើចំណាកស្រុករាប់លាននាក់។ លោក ម៉ែន ណាត យល់ឃើញថា ដំណើរទស្សនកិច្ចរបស់ លោក ហ៊ុន ម៉ាណែត នៅកូរ៉េខាងត្បូង លើកនេះ ហាក់មិនបានផលប្រយោជន៍នោះទេ ព្រោះលោកយល់ថា ក្រុមហ៊ុនរបស់កូរ៉េសំខាន់ៗ ហាក់គ្មានទំនុកចិត្តធ្វើការវិនិយោគជាមួយកម្ពុជានោះទេ ដោយសារភាពតានតឹងផ្នែកនយោបាយ បន្ទាប់ពីរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បន្តធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំង និងសកម្មជន និងរៀបចំការបោះឆ្នោតបង្គ្រប់កិច្ច។
អ្នកឃ្លាំមើលលើកឡើងថា បើចង់ឱ្យនយោបាយទាក់ម៉ូយនៅក្រៅប្រទេសទទួលបានជោគជ័យ លុះត្រាតែ លោក ហ៊ុន ម៉ាណែត ផ្លាស់ប្ដូររបៀបដឹកនាំឱ្យខុសពីឪពុក ដោយមិនត្រូវដើរធ្វើប្រជាភិថុតិ ដើម្បីកុហកពលរដ្ឋខ្លួនឯកនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។