លោក ហ៊ុន ម៉ាណែត ថា ការ​បង្កើត​ចលនា​​ថ្មី​របស់​លោក សម រង្ស៊ី គ្រាន់​តែ​ជា​ការ​ទាញ​ចំណាប់​អារម្មណ៍​ពី​ពលរដ្ឋ

ដោយ ខាន់ លក្ខិណា
2024.11.11
លោក ហ៊ុន ម៉ាណែត ថា ការ​បង្កើត​ចលនា​​ថ្មី​របស់​លោក សម រង្ស៊ី គ្រាន់​តែ​ជា​ការ​ទាញ​ចំណាប់​អារម្មណ៍​ពី​ពលរដ្ឋ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (មុខគេ) និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ក្នុងពិធីសម្ពោធ​ផ្លូវឆ្នេរអង្កោល ខេត្ត​កែប កាលពីថ្ងៃទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។
រួប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើក​ឡើង​ថា ចលនា​ជាតិ​តស៊ូ​ដែល​លោក សម រង្ស៊ី ទើប​ប្រកាស​បង្កើត​ឡើង​នៅ​ក្រៅ​ប្រទេស​ថ្មីៗ​នេះ គឺ​ដើម្បី​ទាក់​ទាញ​ចំណាប់​របស់​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​អតីត​សមាជិក និង​អ្នក​គាំទ្រ​លោក សម រង្ស៊ី ងាក​មក​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ត​បន្ទាប់។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ប្រធាន​ស្ដីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី កាល​ពី​ថ្ងៃទី៩ ខែវិច្ឆិកា បាន​ប្រកាស​អំពី​ការ​បង្កើត​ចលនា​ជាតិ​តស៊ូ និង​ទិស​ដៅ​បង្កើត​រដ្ឋាភិបាល​បណ្ដោះអាសន្ន​នៅ​ក្រៅ​ប្រទេស ដើម្បី​ការពារ​ទឹក​ដី​ប្រទេស​កម្ពុជា និង​ទាមទារ​សេរីភាព​និង​យុត្តិធម៌​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ។

លោក ហ៊ុន ម៉ាណែត លើក​ឡើង​នៅ​ថ្ងៃទី១១ ខែវិច្ឆិកា ថា ចលនា​ជាតិ​តស៊ូ​ដែល​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ទើប​បង្កើត​ឡើង គឺ​មិន​មាន​អ្វី​ចម្លែក​និង​ថ្មី​នោះ​ទេ។ លោក​ថា ការ​បង្កើត​ចលនា​ថ្មី​នេះ ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​ប្រជាពលរដ្ឋ ខណៈ​អតីត​មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មួយ​ចំនួន ដែល​តែង​តែ​ចេញ​មុខ​រិះគន់ និង​ជេរ​រដ្ឋាភិបាល បាន​នាំ​គ្នា​មក​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល​ និង​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ហ៊ុន ម៉ាណែត៖ «ឥឡូវ​សូម្បី​អ្នក​គាំទ្រ​ពី​គាត់​ដើរ​ចោល​គាត់ អស់​ជំនឿ​អ៊ីចឹង​ហើយ​ត្រូវ​តែ​បង្កើត​ស្អី​ថ្មី ដើម្បី​ទាក់ទាញ ដើម្បី​ជា​ចលនា​អាច​ថា ជា​ការ​ប្រមូល​ថវិកា ឬ​ប្រមូល​បច្ច័យ​ប្រមូល​អី​ខ្ញុំ​មិន​ដឹង​ទេ។ ប៉ុន្តែ​បង្កើត​ព្រឹត្តិការណ៍ ហើយ​វ៉ាត់​ឡើង គឺ​ថា​យើង​លែង​ជឿ​លើ​ការបោះឆ្នោត​ហើយ ព្រោះ​បោះ​មិន​ដែល​ឈ្នះ។ អ៊ីចឹង​គាត់​បោះ​មិន​ឈ្នះ គាត់​ទៅ​បង្កើត​ចលនា​តាំង​ខ្លួន​គាត់​ជា​ប្រធាន អ្នក​ខ្លះ​តាំង​ខ្លួន​ជា​នាយករដ្ឋមន្ត្រី»

ជាង​នេះ​ទៀត លោក ហ៊ុន ម៉ាណែត អួត​ថា រដ្ឋាភិបាល​របស់​លោក​កើត​ចេញ​ពី​ការ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ ស្រប​តាម​រដ្ឋធម្មនុញ្ញ តែ​រដ្ឋាភិបាល​បណ្ដោះអាសន្ន ដែល​លោក សម រង្ស៊ី គ្រោង​នឹង​បង្កើត​ឡើង គឺ​មាន​តែ​អ្នក​គាំទ្រ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និង​តិកតុក (TikTok) តែ​ប៉ុណ្ណោះ។ លោក ហ៊ុន ម៉ាណែត ចាត់​ទុក​ថា ការ​បង្កើត​ចលនា​ជាតិ​តស៊ូ និង​ការកៀរគរ​ប្រជាពលរដ្ឋ ឱ្យ​ឈប់​ជឿ​លើ​រដ្ឋាភិបាល​របស់​លោក ថា ធ្វើ​ឡើង​ក្នុង​គោល​ដៅ​ចង់​បាន​អំណាច និង​ផ្ដួល​រំលំ​រដ្ឋាភិបាល។

ជុំវិញ​រឿង​នេះ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ម៉ែន សុថាវរិន្ទ្រ យល់​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត ដោយសារ​តែ​លោក​បារម្ភ ខណៈ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ឥត​ស្រាកស្រាន្ត តាំង​ពី​ការ​ឆបោក ការ​គំរាមកំហែង និង​ចាប់​ពលរដ្ឋ​ដាក់​គុក​ជា​ដើម។

លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១១ ខែ​វិច្ឆិកា ថា មន្ត្រី​និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង ដែល​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន គឺ​ធ្វើ​ដោយ​បង្ខំ ពីព្រោះ​ពួកគាត់​រង​សម្ពាធ និង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​យាយី​គ្រប់​រូបភាព ពី​អាជ្ញាធរ​ក្រោម​ការ​ដឹក​នាំ​របស់​ឪពុក​កូន និង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត។

លោក ម៉ែន សុថាវរិន្ទ្រ៖ «គាត់​បោះឆ្នោត​ក្លែង​ក្លាយ ហើយ​មែនទែន​គេ​បោះឆ្នោត​ឱ្យ​លោក ហ៊ុន សែន ដោយសារ​ដាក់​គំនាប​ខ្លាំង ប៉ុន្តែ មិនមែន​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ទៅ​ដាក់​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​វិញ ហើយ​លោក ហ៊ុន ម៉ាណែត និយាយ​អ៊ីចឹង​កើត អត់​ចេះ​ខ្មាស​គេ ប៉ុន្តែ​គាត់​ចង់​និយាយ​អី​ក៏​ដោយ​អត់​ខ្វល់​ទេ។ នេះ ប្រជាពលរដ្ឋ​គាត់​ឃើញ​ទាំងអស់ ឃើញ​ទង្វើ​ដែល​ធ្វើ​ខុស​ធ្ងន់​ទាំងអស់​ហ្នឹង គឺ​ប្រជាពលរដ្ឋ​មិន​អាច​អនុញ្ញាត​ឱ្យ​គាត់​បាន​ទេ ដោយសារ​តែ​គាត់​មិន​អាច​ឱ្យ​បោះឆ្នោត ដោយសេរី និង​យុត្តិធម៌​ទេ។ បើ​គាត់​ធ្វើ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌​ដូច​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ទៅ អាហ្នឹង​អត់​អី​ទេ ធ្វើ​តាម​ទង្វើ​ប្រជាពលរដ្ឋ​​ហ្នឹង ប៉ុន្តែ​ដោយសារ​តែ មិន​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ហ្នឹង បាន​យើង​បង្កើត។ លោក សម រង្ស៊ី លោក​មិន​ចង់​ទេ ប៉ុន្តែ​ដោយសារ​តែ​សំណូមពរ​ខាង​ក្នុង​ខ្លាំង​មែនទែន»

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្សី ប្រកាស​បង្កើត «ចលនា​ជាតិ​តស៊ូ» ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី៩ វិច្ឆិកា ចំ​ថ្ងៃ​ខួប​លើក​ទី៧១ ឆ្នាំ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា។ លោក​ថា ការ​បង្កើត​ចលនា​ជាតិ​តស៊ូ នៅថ្ងៃទី៩ វិច្ឆិកា គឺ​ជា​និម្មិត​រូប នៃ​ការ​តស៊ូ​ទាមទារ​ឯករាជ្យ ដណ្ដើម​ប្រទេស​កម្ពុជា​ពី​ជន​ផ្ដាច់ការ​មក​វិញ ដើម្បី​ឱ្យ​កម្ពុជា​មាន​អធិបតេយ្យ​ជាតិ​ពេញ​លេញ មាន​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។

ការ​បង្កើត​ចលនា​ជាតិ​តស៊ូ និង​រដ្ឋាភិបាល​បណ្ដោះអាសន្ន​នេះ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​គាំទ្រ និង​ជំរុញ​ឱ្យ​លោក សម រង្ស៊ី ពន្លឿន​ការ​បង្កើត​នេះ​ឱ្យ​បាន​ឆាប់។ ពួកគាត់​ចាត់​ទុក​ចលនា​ជាតិ​តស៊ូ​ថា គឺ​ជា​ចលនា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ ដើម្បី​បញ្ចប់​អំណាច​ផ្ដាច់ការ​សព្វថ្ងៃ ដែល​គ្រួសារ​ត្រកូល​ហ៊ុន យក​ប្រទេស​កម្ពុជា​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ ព្រមទាំង​ធ្វើ​បាប​ប្រជាពលរដ្ឋ សកម្មជន​សិទ្ធិ​មនុស្ស និង​នយោបាយ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
អត្ថបទពេញនិយម
នយោបាយ
អ្នកឃ្លាំមើល​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​លោក ហ៊ុន សែន ទៅ​ចិន​ គឺ​ជា​ការ​ពង្រឹង​អំណាច និង​ស្វែង​រក​កម្ចី​ពី​ចិន​បន្ថែម
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។