លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា ការចាប់ខ្លួនប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ដាក់ពន្ធនាគារ ដោយសារមេដឹកនាំគណបក្សប្រឆាំងរូបនេះ បង្កាច់បង្ខូចលើកម្មវិធីជាតិជំនួយសង្គម ធ្វើឱ្យពលរដ្ឋលែងទុកចិត្តលើរដ្ឋាភិបាល។ មន្ត្រីគណបក្សប្រឆាំងចាត់ទុកការ ចោទប្រកាន់នេះមិនឆ្លុះបញ្ចាំងពីការពិត ព្រោះលោក ស៊ុន ចន្ធី រិះគន់ដើម្បីស្ថាបនា ស្របតាមគោលការណ៍នៃសេរីភាពបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានបញ្ចប់ការសិក្សាកម្រិតខ្ពស់នៅប្រទេសប្រជាធិបតេយ្យ ពេលនេះលោកកាន់តែល្បីឈ្មោះខាងការចាប់មនុស្សដាក់គុកក្រោមហេតុផលមិនសមាមាត្រនឹងអំពើ ឬក្រោមលេសមិនសមទំនង ដូចឪពុកលោកដែរ។
ថ្លែងក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា ការឃាត់ខ្លួនប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី គឺដោយសារតែប្រធានគណបក្ស ប្រឆាំងរូបនេះ និយាយបង្អាប់ពីកម្មវិធីជាតិជំនួយសង្គម និងរិះគន់ការចែកប័ណ្ណក្រីក្រមានភាពលម្អៀង និងរើសអើងនិន្នាការនយោបាយ។ បន្ថែមពីលើនេះ លោក ហ៊ុន ម៉ាណែត អះអាងថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី គឺជាការអនុវត្តវិធានការច្បាប់។
លោក ហ៊ុន ម៉ាណែត៖«ប៉ុន្តែបើចោទថា រដ្ឋាភិបាលមានគោលនយោបាយរើសអើងបែបនេះ គឺអ្នកឯងមូលបង្កាច់ទាំងស្រុង ហើយអ្នកឯងត្រូវទទួលខុសត្រូវចំពោះច្បាប់។ នេះគឺជាសិទ្ធិការការពារភាពស្របច្បាប់ ភាពត្រឹមត្រូវរបស់រដ្ឋាភិបាល បូកជាមួយនឹងការការពារកុំឱ្យមានការញុះញង់រើសអើង បង្កភាពចលាចល ដែលប្រជាជនចាប់ផ្ដើមមិនទុកចិត្តលើគោលនយោបាយរបស់រដ្ឋាភិបាល ដែលយើងដាក់ចេញដោយសុទ្ធចិត្ត និងសុចរិតភាពនោះ»។
បើទោះបីជាលោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្ដី ក៏កន្លងមក មានប្រជាពលរដ្ឋជាច្រើន បានរិះគន់ការចែកប័ណ្ណក្រីក្រ មានភាពលម្អៀង ប្រកាន់បក្ខពួក និងបានរិះគន់លើសេវាគាំពារនៅតាមមន្ទីរពេទ្យរបស់រដ្ឋមួយចំនួន ដោយពួកគេអះអាងថា បុគ្គលិកពេទ្យមិនយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ ឬទុកអ្នកជំងឺចោលរហូតដល់ស្លាប់ និងគ្រូពេទ្យខ្វះក្រមសីលធម៌ជាដើម។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៣ ឧសភា ថា ការរិះគន់របស់លោក ស៊ុន ចន្ធី មានគោលបំណងក្នុងការកែលម្អភាពអវិជ្ជមាន របស់រដ្ឋាភិបាល ដើម្បីប្រយោជន៍សាធារណៈ។ លោកបន្តថា ការរិះគន់នេះ គឺជាសិទ្ធិនៃការបញ្ចេញមតិ ដែលមានចែងក្នុងគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដោយពុំគួររងការចាប់ខ្លួន និងចោទប្រកាន់នោះឡើយ។
«យើងមិនចង់ឃើញស្ថានភាពបែបនេះ កើតនៅកម្ពុជាទេ។ បើសិនជារដ្ឋាភិបាលមើលឃើញថា ការរិះគន់ហ្នឹងវាមិនត្រឹមត្រូវ រដ្ឋាភិបាលអាចធ្វើការបំភ្លឺឡើងវិញ ថាលោក ស៊ុន ចន្ធី និយាយមិនត្រឹមត្រូវ មិនត្រូវយកប្រព័ន្ធច្បាប់ ចាប់ដាក់គុកនោះទេ ព្រោះនៅក្នុងរបបប្រជាធិបតេយ្យមានសិទ្ធិរិះគន់»។
អាជ្ញាធរបានចាប់ខ្លួន ប្រធានបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី កាលពីថ្ងៃទី៩ ខែឧសភា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅពេលលោកត្រឡប់ពីបំពេញបេសកកម្មនៅប្រទេសជប៉ុន ទីដែលលោកបានជួបសមាជិក សកម្មជន និងអ្នកគាំទ្រ និយាយរិះគន់ភាពអសកម្មរបស់រដ្ឋាភិបាលបក្សកាន់អំណាច។ មួយថ្ងៃបន្ទាប់មក គឺនៅថ្ងៃទី១០ ខែឧសភា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យសមត្ថកិច្ចឃុំខ្លួនលោក ស៊ុន ចន្ធី ដាក់ពន្ធនាគារក្នុងតំបន់ដាច់ស្រយាល ស្ថិតនៅជាប់ជើងភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់រដ្ឋាភិបាលក្នុងការចែកប័ណ្ណក្រីក្រមានការរើសអើង។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត មើលឃើញថា បញ្ហាដែល លោក ស៊ុន ចន្ធី និយាយរិះគន់នោះគឺជាការពិត ហើយការរិះគន់គឺជាផ្នែកមួយនៃការបញ្ចេញមតិដែលធានាដោយច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ។ លោកថា អ្វីដែលរដ្ឋអំណាចគួរធ្វើ គឺស៊ើបអង្កេតរកការពិត ហើយបើលទ្ធផលស៊ើបអង្កេតបង្ហាញថា ការនិយាយរិះគន់នោះគ្មានការពិត រដ្ឋអំណាចអាចចេញមុខបកស្រាយប្រាប់សាធារណជន មិនមែនចេះតែចាប់ចងមនុស្សដាក់គុកនោះទេ។
លោក ម៉ែន ណាត កត់សម្គាល់ឃើញថា ចរិតនយោបាយរបស់ លោក ហ៊ុន ម៉ាណែត កាន់តែដូចឪពុកលោក គឺលោក ហ៊ុន សែន ហើយគឺកំសាកខ្លាចការបោះឆ្នោតដោយស្មើភាព ខ្លាចសំឡេងអ្នករិះគន់ និងចូលចិត្តនិយាយបំប៉ោង ដើម្បីបង្កើតលេសចាប់ចងមនុស្ស។
លោក ម៉ែន ណាត៖«កាលលោក ហ៊ុន សែន នៅជានាយករដ្ឋមន្ត្រី ប្រកាសឱ្យប្រជាពលរដ្ឋប្រើប័ណ្ណក្រីក្រហ្នឹង ឱ្យមានសមភាព។ ហើយជាក់ស្ដែង លោក ហ៊ុន សែន បានអនុវត្តប័ណ្ណក្រីក្រនៅតំបន់រុនតាឯក តែទីបំផុតប្រជាពលរដ្ឋនៅរុនតាឯក គឺទាមទាររកយុត្តិធម៌។ ដល់ពេលលោក ស៊ុន ចន្ធី ដែលលើកឡើងនៅជប៉ុន ហ្នឹង ក៏លើកឡើងពាក់ព័ន្ធ នឹងរឿងហ្នឹងដែរ។ អ៊ីចឹងមានន័យថា ជាផែនការនយោបាយរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ទាល់តែពេលគេរម្លឹករឿងហ្នឹងឡើងវិញ គឺថា ៗគោដំបៅខ្នង ក្អែកហើររំលង វារំសាយកន្ទុយដាក់»។
អ្នកឃ្លាំមើល លើកឡើងថា ប្រសិនបើលោក ហ៊ុន ម៉ាណែត ជាមេដឹកនាំមានចិត្តសឿងមែននោះ លោកគួរតែបើកការស៊ើបអង្កេត ឬចុះធ្វើអធិការកិច្ច ទៅលើមន្ត្រីអនុវត្តកម្មវិធីជាតិជំនួយសង្គម ការចែកប័ណ្ណក្រីក្រ និងសេវាគាំពារសង្គមនៅតាមមន្ទីរពេទ្យ ជាជាងចាប់ខ្លួនអ្នករិះគន់បញ្ចេញមតិ ដែលមិនមែនជាបទល្មើសព្រហ្មទណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
