លោក ហ៊ុន ម៉ាណែត ថា លោក ស៊ុន ចន្ធី ត្រូវ​បាន​ចាប់ខ្លួន ដោយសារ​រិះគន់​កម្មវិធី​ជាតិ​ជំនួយ​សង្គម

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា ការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ដាក់​ពន្ធនាគារ ដោយសារ​មេដឹកនាំ​គណបក្សប្រឆាំង​រូប​នេះ បង្កាច់បង្ខូច​លើ​កម្មវិធី​ជាតិ​ជំនួយ​សង្គម ធ្វើ​ឱ្យ​ពលរដ្ឋ​លែងទុកចិត្ត​លើ​រដ្ឋាភិបាល។ មន្ត្រី​គណបក្សប្រឆាំង​ចាត់​ទុក​ការ ចោទប្រកាន់​នេះ​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត ព្រោះ​លោក ស៊ុន ចន្ធី រិះគន់​ដើម្បី​ស្ថាបនា ស្របតាម​គោលការណ៍​នៃ​សេរីភាព​បញ្ចេញមតិ​ក្នុង​សង្គមប្រជាធិបតេយ្យ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​បាន​បញ្ចប់​ការសិក្សា​កម្រិត​ខ្ពស់​នៅ​ប្រទេស​ប្រជាធិបតេយ្យ ពេលនេះ​លោក​កាន់តែ​ល្បីឈ្មោះ​ខាង​ការ​ចាប់​មនុស្ស​ដាក់គុក​ក្រោម​ហេតុផល​មិន​សមាមាត្រ​នឹង​អំពើ ឬ​ក្រោម​លេស​មិន​សម​ទំនង ដូច​ឪពុក​លោក​ដែរ។

ថ្លែង​ក្នុង​ពិធី​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ផែនទី​បង្ហាញ​ផ្លូវ​ឆ្ពោះ​ទៅ​ការ​គ្របដណ្ដប់​សុខភាព​ជា​សកល​នៅ​កម្ពុជា ឆ្នាំ២០២៤-២០៣៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើង​ថា ការ​ឃាត់ខ្លួន​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី គឺ​ដោយសារតែ​ប្រធាន​គណបក្ស ប្រឆាំង​រូប​នេះ និយាយ​បង្អាប់​ពី​កម្មវិធី​ជាតិ​ជំនួយ​សង្គម និង​រិះគន់​ការចែក​ប័ណ្ណ​ក្រីក្រ​មាន​ភាព​លម្អៀង និង​រើសអើង​និន្នាការ​នយោបាយ។ បន្ថែម​ពីលើ​នេះ លោក ហ៊ុន ម៉ាណែត អះអាង​ថា ការ​ចាប់ខ្លួន​លោក ស៊ុន ចន្ធី គឺ​ជា​ការ​អនុវត្ត​វិធានការ​ច្បាប់។

លោក ហ៊ុន ម៉ាណែត៖«ប៉ុន្តែ​បើ​ចោទ​ថា រដ្ឋាភិបាល​មាន​គោល​នយោបាយ​រើសអើង​បែប​នេះ គឺ​អ្នកឯង​មូល​បង្កាច់​ទាំងស្រុង ហើយ​អ្នកឯង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ច្បាប់។ នេះ​គឺជា​សិទ្ធិ​ការ​ការពារ​ភាព​ស្របច្បាប់ ភាព​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល បូក​ជាមួយ​នឹង​ការ​ការពារ​កុំ​ឱ្យ​មានការ​ញុះញង់​រើសអើង បង្ក​ភាព​ចលាចល ដែល​ប្រជាជន​ចាប់ផ្ដើម​មិន​ទុកចិត្ត​លើ​គោល​នយោបាយ​របស់​រដ្ឋាភិបាល ដែល​យើង​ដាក់​ចេញ​ដោយ​សុទ្ធចិត្ត និង​សុចរិត​ភាព​នោះ»។

បើ​ទោះបីជា​លោក ហ៊ុន ម៉ាណែត ថ្លែង​បែប​នេះ​ក្ដី ក៏​កន្លងមក មាន​ប្រជាពលរដ្ឋ​ជាច្រើន បាន​រិះគន់​ការ​ចែក​ប័ណ្ណ​ក្រីក្រ មាន​ភាព​លម្អៀង ប្រកាន់​បក្ខពួក និង​បាន​រិះគន់​លើ​សេវា​គាំពារ​នៅ​តាម​មន្ទីរពេទ្យ​របស់​រដ្ឋ​មួយ​ចំនួន ដោយ​ពួកគេ​អះអាង​ថា បុគ្គលិក​ពេទ្យ​មិន​យកចិត្តទុកដាក់​ព្យាបាល​អ្នក​ជំងឺ ឬ​ទុក​អ្នកជំងឺ​ចោល​រហូត​ដល់ស្លាប់ និង​គ្រូពេទ្យ​ខ្វះ​ក្រម​សីលធម៌​ជាដើម។
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៣ ឧសភា ថា ការ​រិះគន់​របស់​លោក ស៊ុន ចន្ធី មាន​គោលបំណង​ក្នុង​ការ​កែ​លម្អ​ភាព​អវិជ្ជមាន របស់​រដ្ឋាភិបាល ដើម្បី​ប្រយោជន៍​សាធារណៈ។ លោក​បន្ត​ថា ការរិះគន់​នេះ គឺ​ជា​សិទ្ធិ​នៃ​ការ​បញ្ចេញមតិ ដែល​មាន​ចែង​ក្នុង​គោលការណ៍​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដោយ​ពុំគួរ​រង​ការ​ចាប់ខ្លួន និង​ចោទ​ប្រកាន់​នោះ​ឡើយ។

«យើង​មិន​ចង់​ឃើញ​ស្ថានភាព​បែបនេះ កើត​នៅ​កម្ពុជា​ទេ។ បើសិនជា​រដ្ឋាភិបាល​មើល​ឃើញ​ថា ការរិះគន់​ហ្នឹង​វា​មិន​ត្រឹមត្រូវ រដ្ឋាភិបាល​អាច​ធ្វើការ​បំភ្លឺ​ឡើង​វិញ ថា​លោក ស៊ុន ចន្ធី និយាយ​មិន​ត្រឹមត្រូវ មិន​ត្រូវ​យក​ប្រព័ន្ធ​ច្បាប់ ចាប់​ដាក់គុក​នោះ​ទេ ព្រោះ​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ​មាន​សិទ្ធិ​រិះគន់»។

អាជ្ញាធរ​បាន​ចាប់ខ្លួន ប្រធាន​បក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ពេល​លោក​ត្រឡប់​ពី​បំពេញបេសកកម្ម​នៅ​ប្រទេស​ជប៉ុន ទី​ដែល​លោក​បាន​ជួប​សមាជិក សកម្មជន និង​អ្នកគាំទ្រ និយាយ​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​បក្ស​កាន់អំណាច។ មួយថ្ងៃ​បន្ទាប់មក គឺ​នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឱ្យ​សមត្ថកិច្ច​ឃុំ​ខ្លួន​លោក ស៊ុន ចន្ធី ដាក់​ពន្ធនាគារ​ក្នុង​តំបន់​ដាច់ស្រយាល ស្ថិតនៅ​ជាប់​ជើង​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​ក្នុង​ការចែក​ប័ណ្ណ​ក្រីក្រ​មាន​ការរើសអើង។
ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត មើល​ឃើញ​ថា បញ្ហា​ដែល លោក ស៊ុន ចន្ធី និយាយ​រិះគន់​នោះ​គឺជា​ការពិត ហើយ​ការរិះគន់​គឺជា​ផ្នែក​មួយ​នៃ​ការ​បញ្ចេញមតិ​ដែល​ធានា​ដោយ​ច្បាប់​កម្ពុជា និង​ច្បាប់​អន្តរជាតិ។ លោក​ថា អ្វី​ដែល​រដ្ឋអំណាច​គួរ​ធ្វើ គឺ​ស៊ើប​អង្កេត​រក​ការពិត ហើយ​បើ​លទ្ធផល​ស៊ើប​អង្កេត​បង្ហាញ​ថា ការ​និយាយ​រិះគន់​នោះ​គ្មាន​ការពិត រដ្ឋអំណាច​អាច​ចេញមុខ​បកស្រាយ​ប្រាប់​សាធារណជន មិនមែន​ចេះតែ​ចាប់ចង​មនុស្ស​ដាក់គុក​នោះ​ទេ។

លោក ម៉ែន ណាត កត់សម្គាល់​ឃើញ​ថា ចរិត​នយោបាយ​របស់ លោក ហ៊ុន ម៉ាណែត កាន់តែ​ដូច​ឪពុក​លោក គឺ​លោក ហ៊ុន សែន ហើយ​គឺ​កំសាក​ខ្លាច​ការបោះឆ្នោត​ដោយ​ស្មើភាព ខ្លាច​សំឡេង​អ្នក​រិះគន់ និង​ចូលចិត្ត​និយាយ​បំប៉ោង ដើម្បី​បង្កើត​លេស​ចាប់ចង​មនុស្ស។

លោក ម៉ែន ណាត៖«កាល​លោក ហ៊ុន សែន នៅ​ជា​នាយករដ្ឋមន្ត្រី ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ប្រើ​ប័ណ្ណ​ក្រីក្រ​ហ្នឹង ឱ្យ​មាន​សមភាព។ ហើយ​ជាក់ស្ដែង លោក ហ៊ុន សែន បាន​អនុវត្ត​ប័ណ្ណ​ក្រីក្រ​នៅ​តំបន់​រុនតាឯក តែ​ទីបំផុត​ប្រជាពលរដ្ឋ​នៅ​រុនតាឯក គឺ​ទាមទារ​រក​យុត្តិធម៌។ ដល់ពេល​លោក ស៊ុន ចន្ធី ដែល​លើកឡើង​នៅ​ជប៉ុន ហ្នឹង ក៏​លើកឡើង​ពាក់ព័ន្ធ នឹង​រឿង​ហ្នឹង​ដែរ។ អ៊ីចឹង​មានន័យ​ថា ជា​ផែនការ​នយោបាយ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ទាល់តែ​ពេល​គេ​រម្លឹក​រឿង​ហ្នឹង​ឡើងវិញ គឺថា ៗ​គោ​ដំបៅ​ខ្នង ក្អែក​ហើរ​រំលង វា​រំសាយកន្ទុយ​ដាក់»។

អ្នកឃ្លាំមើល លើកឡើង​ថា ប្រសិនបើ​លោក ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​មានចិត្ត​សឿង​មែន​នោះ លោក​គួរតែ​បើក​ការស៊ើបអង្កេត ឬ​ចុះ​ធ្វើ​អធិការកិច្ច ទៅលើ​មន្ត្រី​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយ​សង្គម ការចែក​ប័ណ្ណ​ក្រីក្រ និង​សេវា​គាំពារ​សង្គម​នៅ​តាម​មន្ទីរពេទ្យ ជាជាង​ចាប់ខ្លួន​អ្នករិះគន់​បញ្ចេញមតិ ដែល​មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។