អនាគតនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត បានចេញមុខប្ដេជ្ញាការពារសន្តិភាពដាច់ខាត តាមបណ្ដាំរបស់លោក ហ៊ុន សែន ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ មន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគថា អត្ថន័យការពារសន្តិភាពចេញពីបបូរមាត់របស់លោក ហ៊ុន សែន ផ្ដាំទៅកូនប្រុសច្បងរបស់លោក គឺសំដៅលើការរក្សាអំណាច និងទ្រព្យសម្បត្តិរបស់គ្រួសារត្រកូលហ៊ុនឱ្យនៅគង់វង្សតវង្សត្រកូល មិនមែនដើម្បីពលរដ្ឋនិងប្រទេសជាតិនោះទេ។
លោក ហ៊ុន ម៉ាណែត ដែលត្រូវបានគេមើលឃើញថា ជាអនាគតនាយករដ្ឋមន្ត្រីចាំស៊ីកេរពីឪពុកនោះ ពេលនេះហាក់បង្ហាញពីគោលជំហរពេញចិត្តនឹងការទទួលបានអំណាចពីឪពុករបស់លោកហើយ បន្ទាប់ពីលោកប្រកាសដោយប្ដេជ្ញាថា នឹងការពារកេរ មរតកសន្តិភាពរបស់ឪពុកលោកឱ្យបានដាច់ខាត ទោះបីជាពាក្យសន្តិភាពនេះត្រូវបានឪពុកលោកយកទៅប្រើប្រាស់សម្រាប់ឃោសនា គំរាមកំហែង និងចាប់ចងមកលើសកម្មជននយោបាយ និងសិទ្ធិមនុស្សក្ដី។
នៅក្នុងសំណេរដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២៧ កក្កដា អមជាមួយរូបភាព២នាក់ឪពុកកូន ក្នុងឯកសណ្ឋានយោធា ឈរនៅលើរថយន្តមេបញ្ជាការ ដែលលោក ហ៊ុន ម៉ាណែត ជិះតាមពីក្រោយឪពុក លោក ហ៊ុន ម៉ាណែត រៀបរាប់ថា នៅពេលលោកក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា លោកត្រូវតែការពារឱ្យខានតែបាននូវសន្តិភាព ដែលលោកអះអាងថា ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន។
បណ្តាំរបស់ពុកដែលកូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តអោយបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ ÷ "...
Posted by Hun Manet on Wednesday, July 26, 2023
ការប្ដេជ្ញារបស់លោក ហ៊ុន ម៉ាណែត នេះ ធ្វើឡើងនៅក្រោយការប្រកាសរបស់លោក ហ៊ុន សែន មួយថ្ងៃ អំពីគម្រោងផ្ទេរតំណែងនាយករដ្ឋមន្ត្រីទៅឱ្យកូនប្រុស បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាឈ្នះក្នុងការបោះឆ្នោតក្លែងក្លាយ។ ការប្ដេជ្ញាចិត្តនេះ ទំនងលោកចង់បង្ហាញពីការអរគុណ ដែលឪពុករបស់លោក យល់ព្រមប្រគល់តំណែងសំខាន់មួយនេះឱ្យលោកគ្រប់គ្រងបន្ត។
ទោះជាយ៉ាងណា អ្នកនយោបាយចាស់វស្សា និងអ្នកវិភាគ មើលឃើញថា ការប្ដេជ្ញាចិត្ត ភ្ជាប់ជាមួយឃ្លា «ការពារសន្តិភាព» របស់អនាគតនាយករដ្ឋមន្ត្រីរូបនេះ ជាការចម្លងរូបមន្តដឹកនាំបែបផ្ដាច់ការតាមឪពុកលោក ហើយប្រើឃ្លានេះបោកប្រាស់ផ្លូវចិត្តប្រជាពលរដ្ឋ ថា កម្ពុជាកំពុងមានសន្តិភាព ហើយដាច់ខាតត្រូវតែការពារ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ កក្កដា ថា លោករកមិនឃើញពីសន្តិភាពដែលលោក ហ៊ុន សែន ផ្ដែផ្ដាំកូនឱ្យការពារនោះឡើយ ព្រោះកម្ពុជាកំពុងស្ថិតក្រោមរបបផ្ដាច់ការរបស់បក្ខពួក និងក្រុមគ្រួសារត្រកូលហ៊ុន ដែលរឹតត្បិតសេរីភាពបញ្ចេញមតិ សម្លាប់ប្រជាធិបតេយ្យ បង្កើតការបោះឆ្នោតក្លែងក្លាយ ខណៈប្រជាពលរដ្ឋខ្មែរនៅមិនទាន់ស្គាល់សន្តិភាពផ្លូវចិត្ត និងផ្លូវសេដ្ឋកិច្ចនៅឡើយទេ។ លោកបន្តថា ប្រសិនបើលោក ហ៊ុន ម៉ាណែត ចង់ការពារសន្តិភាពពិតប្រាកដនោះ លោកត្រូវដើរចេញពីគន្លងផ្ដាច់ការរបស់ឪពុកលោក ដោយបង្ហាញសមត្ថភាពដោះស្រាយបញ្ហាសង្គមរ៉ាំរ៉ៃ វិបត្តិនយោបាយ បង្កើតនីតិរដ្ឋ និងគ្រប់គ្រងប្រទេសតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
លោក ម៉ែន សុថាវរិន្ទ្រ៖ «បើខ្ញុំជា ហ៊ុន ម៉ាណែត វិញ ជាយុវជនជំនាន់ថ្មី យើងកុំសូត្រតាមឪ កុំសូត្រតាមឪពុករបស់គាត់។ គាត់ត្រូវតែហ៊ានបញ្ចេញថា គាត់ផ្ដល់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សពិតប្រាកថឱ្យប្រជាពលរដ្ឋ។ មានន័យថា គាត់ផ្ដល់សិទ្ធិសេរីភាពក្នុងការចូលរួមក្នុងឆាកនយោបាយ គាត់ផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពស្មើគ្នា ហើយសេរីភាពក្នុងការទទួលព័ត៌មានពិត និងការបញ្ចេញមតិយោបល់។ ហើយគាត់ប្រគល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ»។
ទោះជាយ៉ាងណា លោក ហ៊ុន សែន តែងតែប្រើប្រាស់ពាក្យ«សន្តិភាព» នេះ ជាសក្ខីកម្មចោទប្រកាន់ទៅលើក្រុមបក្សប្រឆាំង អ្នកបញ្ចេញមតិរិះគន់ការដឹកនាំរបស់លោក ថាពួកគេជាក្រុមភេរវករ ចង់បំផ្លាញសន្តិភាព បន្ទាប់មកលោកក៏បានបង្កើតឃ្លា«ការពារសន្តិភាព» មួយបន្ថែមទៀត។
ទាក់ទិនរឿងនេះ ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (ហៅថា អាឡិច) យល់ឃើញថា ពាក្យការពារសន្តិភាពនៅក្នុងវចនានុក្រមរបស់លោក ហ៊ុន សែន គឺជាការការពារអំណាចតវង្សត្រកូល ដើម្បីការរកស៊ីខុសច្បាប់ ទោះបីត្រូវសម្លាប់ប្រជាធិបតេយ្យ បំផ្លាញជាតិ និងធ្វើបាបប្រជាជនខ្លួនឯងក៏ដោយ។ លោកបន្តថា លោកអាណិតលោក ហ៊ុន ម៉ាណែត ព្រោះមើលឃើញថា អនាគតនាយករដ្ឋមន្ត្រីរូបនេះ ពិបាកបង្ហាញសមត្ថភាពពិតប្រាកដរបស់ខ្លួន ដោយសារឥទ្ធិពល និងការគ្រប់គ្រងរបស់លោក ហ៊ុន សែន ពិសេសឥទ្ធិពលនៃពាក្យ អរគុណសន្តិភាព។
លោក អាឡិច៖ «តែបើរយៈពេលវែងជាងនេះបន្តិចចុះ ពេល ហ៊ុន សែន អត់មានឥទ្ធិពលដោយសារអត់នៅ ឬដោយសារគាត់បាត់បង់សតិ គាត់វង្វេងជាឧទាហរណ៍ ខ្ញុំថាខ្ញុំមានសង្ឃឹម ដោយថា ហ៊ុន ម៉ាណែត ហ្នឹង គាត់នឹងមិនផ្ដាច់ការដូចឪពុកទេ ហើយគាត់អាចបន្ធូរបន្ថយស្ថានភាព ទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិសេរីភាពបញ្ចេញមតិ ទាក់ទងនឹងបក្សនយោបាយផ្សេងៗ ដើម្បីស្ដារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីធ្វើយ៉ាងណាឱ្យចំណេញដល់សេដ្ឋកិច្ច»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ហ៊ុន ម៉ាណែត និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីសុំការបកស្រាយបន្ថែមបានទេ នៅថ្ងៃទី២៨ កក្កដា។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា សាទរចំពោះការប្ដេជ្ញារបស់អនាគតនាយករដ្ឋមន្ត្រីថ្មី ក្នុងការរក្សាសន្តិភាព ដែលលោក ហ៊ុន ម៉ាណែត អះអាងថា ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន។ ទន្ទឹមគ្នានេះ លោកបញ្ជាក់ថា សន្តិភាពមិនមែនសំដៅទៅលើការគ្មានសង្គ្រាមតែម្យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែសន្តិភាពដែលពេញលេញគឺផ្ដើមចេញពីការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម គ្មានអំពើហិង្សា មានសមភាពក្នុងសង្គម និងមិនរើសអើងជាដើម។
លោក នី សុខា៖ «អ្វីដែលជាការប្ដេជ្ញាចិត្ត វាមិនទាន់មានលក្ខណៈគ្រប់គ្រាន់ទេ យើងនឹងធ្វើយ៉ាងណា ត្រូវតែអនុវត្តឱ្យបានជាផ្លែផ្កា ទើបប្រជាពលរដ្ឋជឿបាន។ ប៉ុន្តែការប្ដេជ្ញាចិត្តគ្រាន់តែថាជាទ្រឹស្ដី យើងមិនទាន់ដែលឃើញទេ គ្រាន់តែថា ដោយសារលោកនៅមិនទាន់ចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ហើយយើងរង់ចាំមើល ថា តើនៅពេលលោកនាយករដ្ឋមន្ត្រីថ្មី លោកឡើងកាន់តំណែង ថាតើលោកនឹងមានការដោះស្រាយបញ្ហាអ្វី ដែលជាចម្បងមុនគេ»។
ការផ្ទេរតំណែងនាយករដ្ឋមន្ត្រីឱ្យលោក ហ៊ុន ម៉ាណែត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ សីហា ខាងមុខនេះ ខណៈលោក ហ៊ុន សែន នឹងងាកទៅកាន់តំណែងកំពូលសំខាន់ៗក្បែរព្រះមហាក្សត្រ និងអង្គនីតិបញ្ញត្តិ។
មន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគមិនរំពឹងថា លោក ហ៊ុន ម៉ាណែត នឹងដឹកនាំប្រទេសឱ្យមានសន្តិភាព និងប្រជាធិបតេយ្យពិតប្រាកដ ដែលខុសពីឪពុកនោះទេ ព្រោះលោក ហ៊ុន សែន នៅតែកាន់អំណាចជាក្បាលម៉ាស៊ីនដឹកនាំបក្ស និងស្ថាប័នកំពូល ខណៈមជ្ឈដ្ឋានជាតិ និងអន្តរជាតិយល់ថាកូនប្រុសស្នងតំណែងតវង្សត្រកូលរូបនេះ នឹងទទួលមនោគមវិជ្ជាកុម្មុយនិស្តផ្ដាច់ការពីឪពុករបស់លោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
