អ្នកឃ្លាំមើល រិះគន់រដ្ឋសភា ដែលបានបោះឆ្នោតជ្រើសតាំងលោក ហ៊ុន ម៉ានី ឲ្យឡើងជាឧបនាយករដ្ឋមន្ត្រីតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដែលត្រូវជាបងប្រុសបង្កើត។ អ្នកឃ្លាំមើល ចាត់ទុកថា ការបន្ថែមតួនាទីកំពូលឲ្យកូនប្រុសពៅរបស់លោក ហ៊ុន សែន នេះ គឺបង្ហាញអំពីការខិតខំរបស់លោក ហ៊ុន សែន ដើម្បីប្រែក្លាយប្រទេសកម្ពុជាឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមគ្រួសារលោក។
អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលពិភពលោកចាត់ទុកថា ជាជនកាន់អំណាចផ្ដាច់ការយូរជាងគេមួយរូប គឺលោក ហ៊ុន សែន បានសម្រេចបំណងធំថ្មីមួយទៀតហើយ នៅក្នុងការពង្រឹងអំណាចគ្រួសាររបស់លោក។ នោះគឺកូនប្រុសពៅរបស់លោក គឺលោក ហ៊ុន ម៉ានី ត្រូវបានសមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ នាំគ្នាបោះឆ្នោតប្រគល់តួនាទីជាឧបនាយករដ្ឋមន្ត្រី បន្ថែមលើតួនាទីបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ក៏មានវត្តមានចូលរួមបោះឆ្នោតតែងតាំងលោក ហ៊ុន ម៉ានី ដែរ។តួនាទី និងអំណាចរបស់លោក ហ៊ុន ម៉ានី នៅពេលនេះ កាន់តែរីកធំថែមទៀត។ ការរៀបចំប្រជុំបោះឆ្នោតតែងតាំងលោក ហ៊ុន ម៉ានី ដោយរដ្ឋសភានេះ ធ្វើឡើងតាមសំណើរបស់លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ សប្ដាហ៍មុន។
ទន្ទឹមគ្នានេះ រដ្ឋសភា ក៏បានបោះឆ្នោតជ្រើសតាំងលោក ស៊ី្រ ថាមរុង្គ និងលោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសដែរ។ ក្រោយរដ្ឋសភាបោះឆ្នោតរួច ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យតែងតាំងអ្នកទាំងបីជាផ្លូវការភ្លាមៗតែម្តង។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរដ្ឋវិកតូរីយ៉ា (Victoria) លោក អ៊ិន ហេមរ៉ា ថ្លែងថា ការណ៍ ដែលលោក ហ៊ុន សែន លើកបន្ទុកកូនៗ របស់លោកឲ្យកាន់តួនាទីកំពូលៗ របស់ជាតិតាមអំពើចិត្ត ប្រៀបដូចក្រុមហ៊ុនឯកជនរបស់លោកនេះ គឺជាការពង្រឹងអំណាចគ្រួសារ ខុសពីគោលការណ៍ប្រជាធិបតេយ្យ និងធ្វើឲ្យប៉ះពាល់ធំធេងដល់ផលប្រយោជន៍ជាតិ និងប្រជាជន។
លោក អ៊ិន ហេមរ៉ា៖«ទី១ ការតែងតាំងដោយបក្ខពួកនិយមនេះ ធ្វើឲ្យយុវជន និងពលរដ្ឋខ្មែរ ដែលមានចំណេះដឹង និងបទពិសោធន៍ បាត់បង់ឱកាស។ ទី២ ប្រទេសដែលតែងតាំងដោយអំពើពុករលួយ មានន័យថា ឱកាសដែលអភិវឌ្ឍប្រទេសដោយប្រើជំនាញ ត្រូវបានបាត់បង់»។
លោក អ៊ិន ហេមរ៉ា បន្ថែមថា ប្រសិនបើនៅក្នុងប្រទេសប្រជាធិបតេយ្យ លោក ហ៊ុន ម៉ានី នឹងមិនអាចទទួលបានតួនាទីសំខាន់ៗ ក្នុងរដ្ឋាភិបាលបាននោះទេ ដោយសារលោកធ្លាប់មានកេរ្តិ៍ឈ្មោះអាស្រូវបែកធ្លាយរឿងហិង្សា និងការជួញដូរផ្លូវភេទ ព្រមទាំងការបើកបរបំពានច្បាប់ចរាចរណ៍ជាច្រើនលើក ក្នុងពេលលោកមានតួនាទីជាតំណាងរាស្ត្រ និងជាអ្នកតាក់តែងច្បាប់។
ទាក់ទងនឹងរឿងនេះដែរ ប្រធានអង្គការសម្ពន្ធខ្មែរ ដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក អ៊ិន ណាត សោកស្ដាយដែលលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាចរយៈពេល៦ខែមកនេះ មិនបានដោះស្រាយបញ្ហាជាតិ និងបញ្ហាសំខាន់ៗ របស់ប្រជាពលរដ្ឋ ប៉ុន្តែបែរជាលោក ព្យាយាមតែងតាំងសាច់ញាតិ និងបក្ខពួករបស់លោកឲ្យកាន់តួនាទីកំពូលៗ ដើម្បីពង្រឹងអំណាចគ្រួសារផ្ទាល់ខ្លួនទៅវិញ។
លោក អ៊ិន ណាត៖«មេដឹកនាំផ្ដាច់ការតែប្រើប្រាស់ និងតែងតាំងកូនចៅរបស់ខ្លួន និងសាច់ញាតិជិតស្និតរបស់ខ្លួន ដើម្បីក្ដោបក្ដាប់អំណាច។ នេះគឺជារឿងទូទៅនៃរបបផ្តាច់ការ។ចំពោះស្រុកខ្មែរ មិនខុសពីរបបផ្ដាច់ការនៅប្រទេសដទៃទៀតទេ។ ការតែងតាំងរបៀបនេះ បានបង្ហាញឲ្យយើងបានឃើញយ៉ាងច្បាស់ថា ជាការក្ដោបក្ដាប់អំណាចនៃត្រកូលមួយ ដែលមិនទុកចិត្តទៅលើអ្នកដទៃ។ សូម្បីតែបងប្អូន ក៏មិនសូវជាអាចទុកចិត្តគ្នាបានផង បើយើងនិយាយអំពីការភ័យខ្លាចរបស់មេដឹកនាំផ្ដាច់ការ»។
លោក ហ៊ុន ម៉ានី ជាមនុស្សទទួលបានការអប់រំខ្ពស់ពីប្រទេសប្រជាធិបតេយ្យជឿនលឿន មិនខុសពីបងប្រុសរបស់លោកគឺលោក ហ៊ុន ម៉ាណែត នោះទេ។ ប៉ុន្តែ គណបក្សប្រឆាំង និងអ្នកឃ្លាំមើល រិះគន់ថា បងប្អូនទាំងពីរនាក់នេះ គឺជាមនុស្ស កំសាក និងអសមត្ថភាពដោយមិនហ៊ានប្រកួតប្រជែងតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ពិតប្រាកដជាមួយគណបក្សប្រឆាំងឡើយ។ អ្នកទាំងពីរទទួលបានតួនាទីសំខាន់ៗ ទាំងក្នុងបក្ស និងរដ្ឋាភិបាល ដោយសារតែការជួយជ្រោមជ្រែង និងការត្រួសត្រាយផ្លូវពីឪពុក ដោយគ្មានសេចក្ដីអៀនខ្មាស ដូច្នេះហើយ ទើបមកទល់ពេលនេះ ប្រទេសកម្ពុជា មិនមានការប្រែប្រួលទៅរកភាពល្អប្រសើរនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
