រដ្ឋសភា នៅថ្ងៃទី១៥ ខែកុម្ភៈ បានចេញសេចក្ដីប្រកាសបើកកិច្ចប្រជុំវិសាមញ្ញ នៅថ្ងៃទី២១ ខែកុម្ភៈ សប្ដាហ៍ក្រោយ ដើម្បីបោះឆ្នោតផ្តល់សេចក្ដីទុកចិត្តលើការតែងតាំងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី។ ក្រៅពីបោះឆ្នោតផ្តល់សេចក្ដីទុកចិត្តលើការតែងតាំង លោក ហ៊ុន ម៉ានី រដ្ឋសភាក៏នឹងបោះឆ្នោតផ្តល់សេចក្ដីទុកចិត្តលើការស្នើតែងតាំងទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្ម ២រូបបន្ថែមទៀត គឺ លោក ស្រ៊ី ថាមរុង្គ និង លោក ប៉ែន វិបុល។ លោក ស្រ៊ី ថាមរុង្គ និងលោក ប៉ែន វិបុល មានតួនាទីជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នឹងឡើងឋានៈជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។
រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានឧបនាយករដ្ឋមន្ត្រីចំនួន ១០នាក់ និងទេសរដ្ឋមន្ត្រី ២១នាក់រួចហើយ។ ដូចនេះ ប្រសិនបើរាប់ទាំងលោក ហ៊ុន ម៉ានី ទៀត នឹងឡើងដល់ចំនួន ១១នាក់ ហើយទេសរដ្ឋមន្ត្រី នឹងមានចំនួនដល់ទៅ ២៣នាក់។ រដ្ឋាភិបាលបច្ចុប្បន្ន ត្រូវបានគេមើលឃើញថា កំពុងតែងតាំងក្រុមគ្រួសារ និងញាតិមិត្តជិតស្និទ្ធរបស់ខ្លួន ដើម្បីកាន់អំណាចបន្តត្រកូល ពីឪពុកលោក ហ៊ុន សែន ដោយផ្ទេរអំណាចមកលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។