លោក ហ៊ុន សែន ប្រកាស​បន្ត​ដឹកនាំ​នយោបាយ​ដដែល ទោះ​លោក​មិន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ពេល​ខាង​មុខ​ក្ដី

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា នៅ​ពេល​ខាង​មុខ បើ​ទោះ​ជា​លោក មិន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស ប៉ុន្តែ​លោក លោក​នៅតែ​ដឹកនាំ​នយោបាយ​ដដែល​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នកវិភាគ​ថា យល់​ថា ការ​ថ្លែង​របស់​លោក​ ហ៊ុន សែន បែប​នេះ ជា​ការ​បញ្ជាក់​ថា លោក ហ៊ុន សែន មិន​ទុក​ចិត្ត​នៃ​សមត្ថភាព​អ្នក​ដឹកនាំ​ប្រទេស​របស់​លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។

លោក ហ៊ុន សែន នៅ​ពេល​នេះ មិន​បាន​​បង្ហាញ​សញ្ញា​ណាមួយ​ថា​ លោក​គ្រប់គ្រង​ប្រទេស​យូរអង្វែង​ក្រោយ​ការបោះឆ្នោត​បោះឆ្នោត​ថ្ងៃ​ទី២៣ ខែ​កក្កដា ខាង​មុខ​នោះ​ទេ។ ​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ លោក​ ហ៊ុន សែន តែងតែ​បង្ហើប​ពី​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​បន្ទាប់​ពី​​លោក គឺ​កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ទោះ​យ៉ាង​ណា​ក៏​ដោយ លោក ហ៊ុន សែន ក៏​មិន​បណ្ដោយ​ឱ្យ​កូន​ប្រុស​របស់​លោក​មាន​អំណាច​ពេញ​ដៃ​ពេក​នោះ​ដែរ ដោយ​លោក​ប្រកាស​ថា ការ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ គឺ​លោក​នៅតែ​ដឹកនាំ​ដដែល គឺ​ធ្វើ​ឡើង​ក្នុង​នាម​លោក​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច។

លោក ហ៊ុន សែន៖« ជ្រុល​ធ្វើ​បុណ្យ​ហើយ​ ធ្វើ​ឱ្យ​ចប់​ចុង​ចប់​ដើម ទាន់​ខ្ញុំ​ករុណា​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ ដល់​ខ្ញុំ​ករុណា​ឈប់​ធ្វើ​នាយករដ្ឋមន្ត្រី​ទៅ ព្រះ​តេជ​ព្រះគុណ​ត្រូវ​បិណ្ឌបាត​នាយក​រដ្ឋមន្ត្រី​ក្រោយ​ហើយ ប៉ុន្តែ​ករុណា​អត់​ទាន់​ទៅ​ណា​ទេ បើ​ទោះ​បី​មិន​ធ្វើ​នាយករដ្ឋមន្ត្រី​ក៏​នៅតែ​គ្រប់គ្រង​នយោបាយ​កម្ពុជា​ដែរ​ក្នុង​ឋានៈ​ជា​មេដឹកនាំ​គណបក្ស​ប្រជាជន »

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ក្នុង​ពិធី​សម្ពោធ​អគារសិក្សា​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហមុនីរាជា ថ្ងៃ​ទី៣០ ខែ​ឧសភា នៅ​ក្រុងភ្នំពេញ។ លោក ហ៊ុន សែន ក៏​ឆ្លៀត​ឃោសនា​រក​សំឡេង​ឆ្នោត​មុន​រដូវ​ឃោសនា​បោះ​ឆ្នោត​ដែរ​ថា លេខ​រៀង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ គឺ​លេខ១៨ ជា​លេខ​ល្អ ឬ​លេខ​ហុងស៊ុយ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់​ថា ការ​ថ្លែង​របស់​លោក ហ៊ុន សែន នេះ​ជា​ការ​បញ្ជាក់​ថា លោក ហ៊ុន សែន មិន​ទុក​ចិត្ត​ពី​សមត្ថភាព​ដឹកនាំ​ប្រទេស​របស់​លោក ហ៊ុន ម៉ាណែត​នោះ​ទេ។ លោក​បន្ត​ទៀត​ថា ប្រទេស​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត នា​ពេល​ខាង​មុខ​ ក៏​ទំនង​មានការ​រំលោភ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​ ដូច​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដដែល​ ព្រោះ​អ្វីៗ​​គ្រប់​យ៉ាង​គឺ​លោក ហ៊ុន សែន នៅតែ​ជា​អ្នក​បញ្ជា​ពី​ក្រោយ​ដដែល។

លោក គឹម សុខ៖« ពី​ព្រោះ​អ្វី​ដែល​ជា​គន្លឹះ​សំខាន់​នៃ​ការ​ឡើង​កាន់អំណាច​របស់​ ហ៊ុន ម៉ាណែត គឺ​ការ​ទទួល​នូវ​អំពើ​បាប​កម្ម ដែល​ឪពុក​របស់​គាត់​បាន​សាង​កន្លង​មក​ច្រើន​ណាស់។ និយាយ​ត្រឹម​តែ​ចុង​ក្រោយ​ទៅ​ចុះ កម្ទេច​ផ្ទៃក្នុង​ខ្លួន​ឯង កម្ទេច​គូ​ប្រជែង​ទាំង​ឡាយ​ដោយ​មិន​គោរព​រដ្ឋធម្មនុញ្ញ កម្ទេច​ស្មារតី និង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​យុត្តិធម៌ និង​ប្រជាធិបតេយ្យ »

លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា បោះ​ឆ្នោត​ឱ្យ​ធ្វើ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​នេះ​ បន្ត​ពី​ឪពុក​របស់​លោក កាល​ពី​ចុង​ឆ្នាំ២០២២។ លោក ហ៊ុន សែន ក៏​តែងតែ​អួត​សរសើរ​ថា កូន​ប្រុស​របស់​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជំនួស​លោក ប៉ុន្តែ លោក ហ៊ុន សែន នៅតែ​បញ្ជាក់​ជំហរ​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក​មិន​ផ្ទេរ​តំណែង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​លោក ហ៊ុន ម៉ាណែត ឬ​ទៅ​អ្នក​ណា​ម្នាក់​ទេ គឺ​លោក​បន្ត​ដឹកនាំ​គណបក្ស​នេះ​តទៅ​ទៀត។

ប្រធានអង្គការសម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់​ថា តួនាទី​ដឹកនាំ​ប្រទេស​គួរ​ជៀសវាង​កុំ​ឱ្យ​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​សែស្រឡាយ​ក្នុង​ក្រុម​គ្រួសារ ព្រោះ​អាច​កើត​ជា​ទំនាស់​ផល​ប្រយោជន៍​។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ លើកឡើង​ទៀត​ថា ប្រសិន​បើ​លោក ហ៊ុន សែន បន្ត​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​កូន​ប្រុស​របស់​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី នាំ​ឱ្យ​មាន​សំនួរ​ចោទសួរ​ថា តើ​ផ្ទៃក្នុង​បក្ស​អាច​ព្រម​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ដែរ​ឬ​ទេ?។

លោក រស់ សុដ្ឋា៖ « ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា ធ្ងន់​ជាង​គេ គឺ​បញ្ហា​គណបក្ស​ប្រជាជន​តែ​ម្ដង តើ​គណបក្ស​ប្រជាជន សមាជិក​គណបក្ស​ប្រជាជន​អាច​ទទួល​យក​បាន ឬ​អត់​តើ​គណបក្ស​ប្រជាជន​អាច​ទទួល​យក​បាន​ទេ ដែល​ថា គ្រួសារ​សម្ដេច​នាយករដ្ឋមន្ត្រី នៅ​ក្នុង​បញ្ជា​ដឹកនាំ​នយោបាយ​កម្ពុជា »

ក្រុម​អ្នក​ឃ្លាំមើល​នយោបាយ​លើកឡើង​ថា ប្រសិនបើ​ការបោះឆ្នោត​ថ្ងៃ​ទី២៣ ខែ​កក្កដាខាង​មុខ គ្មាន​វត្តមាន​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ការ​បោះ​ឆ្នោត​ទេ ទំនង​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋសភា និង​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស​ដូច​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ២០១៨ ដែល​ជា​ការ​បោះ​ឆ្នោត​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រកួតប្រជែង។ ការ​លើក​ឡើង​ដូច្នេះ ខណៈ គ.ជ.ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន ដែល​មាន​កម្លាំង​នយោបាយ​ប្រហាក់ប្រហែល​នឹង​គណបក្ស​កាន់អំណាច​អាច​ចូលរួម​ការបោះឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ​បាន​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។