អ្នកវិភាគ​ថា លោក ហ៊ុន សែន នឹង​រង​ភាព​អាម៉ាស់​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​អាមេរិក

ដោយ ទីន ហ្សាការីយ៉ា
2022.05.11
អ្នកវិភាគ​ថា លោក ហ៊ុន សែន នឹង​រង​ភាព​អាម៉ាស់​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​អាមេរិក លោក ហ៊ុន សែន ពេល​ទៅ​ជួប​សន្ទនា និង​ទទួល​ទាន​អាហារ​ពេល​យប់​ជាមួយ​ក្រុម​អ្នក​វិភាគ​គាំទ្រ​លោក នៅ​រដ្ឋធានី​វ៉ាស៊ីងតោន សហរដ្ឋ​អាមេរិក នា​យប់​ថ្ងៃ​ទី១០ ខែឧសភា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នក​វិភាគ​លើក​ឡើង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន នឹង​មិន​ទទួល​បាន​ផល​ចំណេញ​អ្វី​ជា​ដុំ​កំភួន​ពី​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន អាមេរិក​ឡើយ។ ការ​លើក​ឡើង​បែប​នេះ ក្រោយ​ពេល​លោក​បាន​មក​ដល់​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី១០ ឧសភា ដែល​មាន​អ្នក​ចាំ​ទទួល​ស្វាគមន៍​លោក​នៅ​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន។

អ្នក​វិភាគ​រិះគន់​ថា ទោះ​លោក​នាយករដ្ឋមន្ត្រី​​លោក​ ហ៊ុន​ សែន​ ប្រឹងប្រែង​រៀបចំ​​ក្រុម​មនុស្ស​ឲ្យ​មក​ទទួល​លោក​​ក្ដី​ ប៉ុន្តែ​ ​មិនអាច​ធ្វើ​ឲ្យលោក​ ហ៊ុន​ សែន​ ទទួល​បាន​ការ​ចំណេញ​អ្វី​​​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​ពេល​នេះទេ ត្បិតលោក ​ ហ៊ុន​ សែន​ ប្រឈម​នឹង​ការ​សួរ​ដេញដោល​ ពី​ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន (Joe Biden)  ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ​ក្នុង​​តំបន់​អាស៊ាន ​រួម​ការ​​ ការ​សង្ស័យ​ ​អនុញ្ញាត​ឲ្យ​​​មាន​មូលដ្ឋាន​កង​ទ័ព​ចិន​​ នៅ​ខេត្ត​ព្រះសីហនុ​ បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ ការ​ដោះ​ស្រាយ​ជម្លោះ​នៅ​ប្រទេស​ភូមា​ និង​​ការ​​ទន់ទោ​នយោបាយ​ ​​របស់​លោក​ ហ៊ុន​ សែន​ ទៅ​ប្រទេស​ចិន​កុម្មុយនិស្ត​ជា​ដើម។

អ្នក​វិភាគ​នយោបាយ​ ដែល​កំពុង​ភៀសខ្លួន​នៅ​ ប្រទេស​ហ្វាំងឡង់​ (Finland) ​ លោក​សង្កេត​ឃើញ​ថា កិច្ច​ប្រជុំ​នេះ​ គឺ​​សហរដ្ឋអាមេរិក​រៀបចំ​គ្រាន់​តែ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។ លោកបន្តថា ​មកដល់​ពេល​នេះ​ទៅ​ហើយ​​​សហរដ្ឋអាមេរិក​មិន​ទាន់​មាន​ការ​បញ្ជាក់​ណាមួយ​ថា​ នឹង​មាន​ជំនួប​ទ្វេភាគី​រវាង​លោក ហ៊ុន សែន និង​លោក ចូ បៃដិន​​នោះ​ឡើយ។ លោក​មិន​រំពឹង​ថា កម្ពុជា នឹង​ទទួល​បាន​ផល​ចំណេញ​ពី​សហរដ្ឋ​អាមេរិក ក្នុង​កិច្ចប្រជុំ​នោះ​ឡើយ«រវាង​អាមេរិក​និង​កម្ពុជា​នៅ​ពេល​មាន​វត្តមាន​លោក​ ហ៊ុន​ សែន នៅ​ទីក្រុង​វ៉ាស៊ីងតោន ទំនង​ជា​មិន​មាន​ទេ ហើយ​បើ​មាន​ក៏​តិចតួច​ដែរ​ កម្រិត​ទំនាក់ទំនង​ថ្នាក់​ទាប​ហើយ​ថ្នាក់​ទាប​នេះ​ទៀត​សោត ក៏​អាច​ផ្ដោត​សំខាន់​​លើ​ស្ថាប័ន​ជាតិ​​រំលោភ​សិទ្ធិមនុស្ស​​ ប្រជាធិបតេយ្យ និង​ការ​សង្ស័យ​អំពី​មូលដ្ឋាន​ទ័ព​ចិន​នៅ​ប្រទេស​កម្ពុជា​ ជាជាង​ផល​ប្រយោជន៍​កម្ពុជា​ លើ​បញ្ហា​សេដ្ឋកិច្ច»

ទាក់ទង​ការ​លើកឡើង​របស់​អ្នក​វិភាគ​បែបនេះ​ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក ជុំ សន្ទរី និង​ប្រធាន​អង្គភាព​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី១១ ខែ​ឧសភា។

ទោះ​យ៉ាង​ណា​ក្ដី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី បណ្ឌិត កៅ គឹមហួន បាន​ប្រាប់​សារ​ព័ត៌មាន Reuters ​កាល​ពី​ថ្ងៃសុក្រ ទី៦ ឧសភា​ថា មិន​ទាន់​មាន​កិច្ច​ប្រជុំ​ដាច់​ដោយ​ឡែក​នៅ​ឡើយ​ទេ រវាង​លោក ហ៊ុន សែន ជាមួយ​លោក ចូ បៃដិន ទោះ​ក្នុង​រូបភាព​ផ្លូវការ ឬ​ក្រៅ​ផ្លូវ​ការ។

លោក​ ហ៊ុន​ សែន​​​ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​វ៉ាស៊ីងតោន ហើយ​នៅ​ថ្ងៃ​ទី១១ ខែ​ឧសភា ទន្ទឹម​គ្នា​នោះ​ដែរ មាន​ទាំង​អ្នក​ទៅ​ទទួល​និង​អ្នក​ធ្វើបាតុកម្ម​ប្រឆាំង លោក ហ៊ុន សែន ដែរ។

លោក ហ៊ុន សែន ឲ្យ​ដឹង​តាម​រយៈ​ហ្វេសប៊ុក​ថា ទោះ​លោក​មាន​កម្មវិធី​ដ៏​មហា​ញឹក​យ៉ាង​ណា ក៏​លោក​ឆ្លៀត​ជួប​ប្រជាពលរដ្ឋ ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​ជាង ១ពាន់​នាក់។

លោក ហ៊ុន សែន ក៏​មាន​ជំនួប​ដាច់​ដោយ​ឡែក​ជាមួយ​អ្នក​អត្ថាធិប្បាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​គាំទ្រ​លោក ហ៊ុន សែន ផង​ដែរ។ ក្រៅ​ពី​នេះ ក៏​មាន​ការ​រៀបចំ​ឲ្យ​អតីត​សកម្មជន​ គណបក្ស​ប្រឆាំង លោក យង់ ណុយ ហៅ​ប្រេឌី យ៉ាំង ដែល​រស់នៅ​សហរដ្ឋ​អាមេរិក​ធ្វើ​លិខិត​សុំ​ទោស​លោក ហ៊ុន សែន ជុំវិញ​សកម្មជន​រូប​នេះ បាន​រិះគន់​លោក ហ៊ុន សែន នា​ពេល​កន្លង​មក។ លោក ហ៊ុន សែន ថែមទាំង​បង្គាប់​ឲ្យ​លោក ប្រេឌី យ៉ាំង លាត​ត្រដាង​ថា មនុស្ស​ជិតស្និទ្ធ​របស់​លោក​ សម រង្ស៊ី ជា​អ្នក​ផ្ដល់​ព័ត៌មាន​សម្រាប់​វាយ​ប្រហារ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ៖ «ឥឡូវ​ប្អូន​ឯង​រក​វិធី​និយាយ​យ៉ាង​ម៉េច ដើម្បី​បង្ហាញ​ថា មិន​មែន​ជា​គំនិត​ផ្ដួចផ្ដើម​របស់​ប្អូន​ឯង​ទេ ប៉ុន្តែ ប្អូន​ឯង​​ទទួល​ព័ត៌មាន​ពី​ក្រុម​មិន​បាច់​ចាំ​លើក​ឈ្មោះ​ក៏​បាន​ដែរ។ ខ្ញុំ​សរសេរ​កូន​គេ (លោក សម រង្ស៊ី) គេ​វ៉ៃ​កូន​ខ្ញុំ ខ្ញុំ​មិន​ដែល​ទៅ​និយាយ​កូន រង្ស៊ី អ៊ីចេះ កូន រង្ស៊ី អ៊ីចេះ​អត់​ទេ»

ជុំវិញ​រូបភាព​ទាំង​នេះ លោក គឹម សុខ យល់​ថា មូលហេតុ​ដែល​លោក ហ៊ុន សែន ខ្ជះខ្ជាយ​លុយ​រដ្ឋ​យក​ទៅ​កែន​មនុស្ស​ឲ្យ​មក​ស្វាគមន៍ និង​បង្កើត​ព្រឹត្តិការ​នេះ​ឡើង ព្រោះ​ដើម្បី​បិទបាំង​ភាព​អាម៉ាស់​របស់​លោក ហ៊ុន សែន កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក។ លោក​បន្ត​ថា លោក ហ៊ុន សែន នឹង​ត្រូវ​ប៉ូលិស​អាមេរិក​វាស់​ដី​ឲ្យ​ដើរ​នៅ​ពេល​ពលរដ្ឋ​ដែល​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ​បាន​ណាត់​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន លោក ហ៊ុន សែន ដូច្នេះ៖ «ខ្ញុំ​សួរ​ថា តើ​មូលដ្ឋាន​អ្វី​សម្ដេច ហ៊ុន​ សែន​ មិន​ហ៊ាន​បើក​ការ​ប្រកួត​បោះ​ឆ្នោត ដោយ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា គ្មាន​អ្វី​ធ្វើ​ក្រៅ​ពី​ការ​ព្យាយាម​​ បង្កើត​វេទិកា​បិទ​បាំង​ភាព​អាម៉ាស់​របស់​គាត់​តែ​ប៉ុណ្ណឹង ហើយ​ការ​កែន​មនុស្ស​ទៀត គឺ​ជា​ការ​ធ្វើ​អំពើ​ពុករលួយ​លួច​លុយ​ជាតិ​ជា​ឧក្រិដ្ឋកម្ម​បំផ្លាញ​ថវិកា​ជាតិ»

ទាក់ទង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នេះ​ដែរ អតីត​អ្នក​ទោស​នយោបាយ លោក នាង សុឃុន ដែល​ភៀសខ្លួន​ទៅ​ដល់​សហរដ្ឋ​អាមេរិក ដែល​គ្រោង​ចូលរួម​ធ្វើ​បាតុកម្ម​នេះ ឲ្យ​ដឹង​រូប​លោក​ និង​អ្នក​ប្រជាធិបតេយ្យ ជាង ៤០០នាក់​ផ្សេង​ទៀត​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ផ្ញើ​សារ​ទៅ​លោក​ ហ៊ុន​ សែន​ ឲ្យ​បើក​ផ្លូវ​ឲ្យ​លោក សម រង្ស៊ី អាច​ចូល​ស្រុក​ឡើង​វិញ និង​កែ​លំអ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ នៅ​កម្ពុជា៖ «សុំ​ឲ្យ (លោក) ហ៊ុន សែន កែប្រែ​ឥរិយាបថ ហើយ​ស្ដារ​កេរ​ឈ្មោះ​មុខ​មាត់​ប្រទេស​កម្ពុជា​របស់​យើង​ឲ្យ​ល្អ​ប្រសើរ​ព្រោះ​ថា នៅ​ឥឡូវ​នេះ​គ្មាន​អ្វី​យក​ទៅ​បាន​ទេ យើង​មើល​ថា មនុស្ស​នៅ​លើ​ភព​ផែនដី​នេះ អ្នក​ណា​ក៏​មិន​អាច​ជៀស​ពី​ស្លាប់​បាន​ដែរ ប៉ុន្តែ​មុន​ហ្នឹង​ស្លាប់​ បន្សល់​ទុក​អ្វី ដែល​សម្រាប់​ដល់​យុវជន​ជំនាន់​ក្រោយ​នោះ​បាទ»

ក្រុម​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ និង​ភូមា-អាមេរិកាំង​គ្រោង​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ថ្កោលទោស​ក្រុម​មេ​ដឹកនាំ​ផ្ដាច់ការ​អាស៊ាន ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ខែឧសភា​ខាង​មុខ។ បាតុកម្ម​នេះ ចាប់​ផ្ដើម​ពី​ម៉ោង ១០ព្រឹក ដល់​ម៉ោង ២រសៀល នៅ​រដ្ឋធានី​វ៉ាស៊ីងតោន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។