អ្នកវិភាគ​សង្គម​ថា ត្រកូល​ហ៊ុន​នឹង​បរាជ័យ​ចំពោះ​នយោបាយ​ឈ្នះៗ

0:00 / 0:00

អ្នកវិភាគ​សង្គម​មើល​ឃើញថា ត្រកូល​ហ៊ុន​នឹង​បរាជ័យ​ចំពោះ​នយោបាយ​ឈ្នះៗ​ព្រោះ​គោលនយោបាយ​ឈ្នះៗ​នេះ បាន​ផលប្រយោជន៍​សម្រាប់​ត្រកូល​ហ៊ុន និងបក្ខ​ពួក​ខ្លួន​ប៉ុណ្ណោះ។

អ្នក​អត្ថាធិប្បាយ នយោបាយ ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​លើកឡើង​ថា អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និង​ជា​ប្រធាន​ព្រឹទ្ធសភា​កំពុង​ប្រើ​នយោបាយ​ ​ចងអាឃាត ដោយ​ជ្រក​ក្រោម​ស្លាក នយោបាយ​ឈ្នះៗ មក​បន្លំ​ភ្នែក​មហាជន។

លោក គឹម សុខ ថា នយោបាយ​ចងអាឃាត​ ​ធ្វើឡើង​សម្រាប់​តែ​ការ​ក្រាញ​អំណាច​របស់​ត្រកូល​ហ៊ុន និង​ដើម្បី​សងសឹក​ដល់​ក្រុម​ដែល​ប្រឆាំង ឬ​រាំង​ដល់​ដំណើរការ​ឡើង​កាន់អំណាច​ត​ពូជ​របស់​ត្រកូល​ហ៊ុន។

ក្រុម​ដែល​ជា​គោលដៅ​សងសឹក និង​ត្រូវតែ​កម្ចាត់​ទាំងនោះ​រួមមាន​គណបក្ស​ប្រឆាំង ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​ទាំងឡាយ​ណា ដែល​ហាន​ចេញមុខ​ប្រឆាំង​នឹង​ផែនការ​ក្រាញ​អំណាច ការ​ធ្វើ​បាប​ប្រជាពលរដ្ឋ និង​ការ​ធ្វើ​ឲ្យ​ជាតិ​លិចលង់។

«នយោបាយ​ចងអាឃាត មានតែ​លទ្ធផល​ពីរ​ទេ គឺ​ឈ្នះ បើ​មិន​ឈ្នះ​គឺ​ចាញ់​អត់​មាន​ឈ្នះៗ​ទេ ឈ្នះៗ​ទៅរួច​ទេ វា​លុះត្រាតែ​ភាគី​ណា​ឈ្នះ​ក៏ដោយ គឺ​បាន​សុខ​ទាំងអស់គ្នា បាន​ផល​ទៅ​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ ក៏ប៉ុន្តែ​នយោបាយ​គំនុំសងសឹក​អត់​ចេញ​លទ្ធផល​អ៊ីចឹង​ទេ គឺ​បាន​ផល​តែ​ក្រុម​អ្នក​ឈ្នះ​គឺ​ត្រកូល​ហ៊ុន។

ការ​លើកឡើង​នេះ ដោយសារតែ​ ​លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា លោក​ជា​អ្នកបង្កើត​គោល​នយោបាយ​ដ៏​ឆ្លាត​វៃ​មួយចំនួន​ក្នុង​ការ​ដឹកនាំ​ប្រទេស។ ក្នុង​នោះ មាន​គោល​នយោបាយ​មួយ​ដែល​លោក​ហៅថា ជា​គោលនយោបាយ​ឈ្នះៗ។ លោក​ថែមទាំង​ចាត់ចែង​ឱ្យគេ​សង់​វិមាន​កូនកាត់​វៀតណាម​មួយ​អស់​លុយ​រាប់​លាន​ដុល្លារ ដើម្បី​ឧទ្ទិស​ដល់​គោលនយោបាយ​នេះ​ផង។

ទន្ទឹម​គ្នា​នេះ លោក​ក៏​មិន​អនុញ្ញាត​ឲ្យ​អ្នកណាម្នាក់​រួចខ្លួន​ឡើយ បើ​អ្នកនោះ​ហាន​និយាយ​រិះគន់​នយោបាយ​នេះ​ឬ រិះគន់​ការដឹកនាំ​របស់​លោក និង​ក្រុម​គ្រួសារ​របស់​លោក ដោយ​អ្នក​ទាំងនោះ អាច​ស្លាប់ ឬ​ជាប់គុក បើ​រត់​ចេញទៅ​ក្រៅ​ស្រុក​មិនទាន់​ទេ។

ក្រៅ​ពីនេះ​ទៀត លោក ហ៊ុន សែន បាន​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ជាច្រើន​ទៀត ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​មាន​ភាព​ច្របូកច្របល់ ធ្វើ​ពលរដ្ឋ​លែង​អាច​ទុកចិត្ត​គ្នា​បាន​ដូច​ក្នុង​សម័យ​ខ្មែរក្រហម និង​ប្រើ​លុយ មុខ​ដំណែង តួនាទី​ក្នុង​រដ្ឋាភិបាល ដើម្បី​អូសទាញ ទិញ​ទឹកចិត្ត អ្នក​ដែល​និយាយ​រិះគន់​លោក​មួយ​ចំនួន ហើយ​លោក​ថែមទាំង​អះអាង​ទៀត​ថា ក្រុម​អ្នក​រិះគន់​ទាំងនោះ​លោក​ជា​អ្នក​បង្កើត​ឡើង។

លោក ហ៊ុន សែន៖ «ទាក់ទង​ជាមួយនឹង​ការដែល​មិន​យល់​គ្នា វា​ជា​រឿង​ធម្មតា​ទេ តាមពិត​ពួក​កូន​គឺ​ធ្វើការ​ក្នុង​ក្រុម​តែមួយ​ទេ ប៉ុន្តែ​ជា​ធម្មតា​ទេ​កិច្ច​ការងារ​នេះ គឺ​កាត់​ជា​កង់ៗ ពី​ម្នាក់​ទៅ​ម្នាក់​មិន​ឲ្យ​ដឹង​គ្នា​ទេ អ៊ីចឹង​បានជា​មានការ​ភ័ន្តច្រឡំ​អ្នកនេះ​ចោទ​អ្នកនោះ អ្នកនោះ​ចោទ​អ្នកនេះ​...»។

ជុំវិញ​រឿង​នេះ​ ​អ្នក​សិក្សា​ស្រាវជ្រាវ ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា យុទ្ធសាស្ត្រ កម្ទេច ក្រុម​ប្រឆាំង របស់​លោក ហ៊ុន សែន មាន​៥​ដំណាក់កាល ដូច ជា​សម្លុត ទិញ តាមរយៈ​ថវិកា មុខតំណែង តួនាទី បើ​ទិញ​មិន​បានទេ ចរចា ចរចា​មិនបាន​បំបែក បើ​បំបែក​មិនបាន​ទៀត កម្ទេច​ចោល​តែម្ដង។

លោក​មើល​ឃើញ​ទៀត​ថា យុទ្ធសាស្ត្រ​ទាំងនេះ លោក ហ៊ុន សែន ប្រើ​បាន​ជោគជ័យ លើ​២​ដំណាក់កាល​ធំ​រួច​មក​ហើយ គឺ​កម្ទេច​ចលនា​តស៊ូ​ចុងក្រោយ​របស់​ខ្មែរក្រហម និង​ក្រុម​រាជា​និយម ហ៊្វុនស៊ីនប៉ិច ហើយ​នេះ​ពេល​លោក​កំពុង​ប្រើ​នូវ​យុទ្ធសាស្ត្រ​មួយទៀត គឺ​បង្កើត​ឲ្យ​មាន​ការ​មិន​ទុកចិត្ត​គ្នា​ក្នុង​ក្រុមប្រឆាំង ឬ​ប្រជាពលរដ្ឋ​ដូច​សម័យ​ខ្មែរក្រហម​ដែរ។

លោក សេង សារី៖ «បង្ហាញ​ទៅ​ឲ្យ​ក្រុម​ចលនា​ប្រឆាំង ចលនា​ប្រជាធិបតេយ្យ​ហ្នឹង មិន​ទុកចិត្ត​គ្នា សង្ស័យ​គ្នា​ទៅវិញទៅមក លាប​ពណ៌​គ្នា ជេរប្រមាថ​គ្នា ទាំងនេះ​ជា​ឆ្អឹងខ្នង​នៃ​យុទ្ធសាស្ត្រ​នេះ​ហើយ ហើយ​អានេះ​ក៏​ជា​មេរៀន​សម្រាប់​អ្នកតស៊ូ​លើ​សង្វៀន​នយោបាយ​នៅ​កម្ពុជា​ដែរ ដើម្បី​ទប់​នឹង​យុទ្ធសាស្ត្រ​ឌីហ្វីដ​របស់​លោក ហ៊ុន សែន បាន​នោះ លុះត្រាតែ​យើង​ដឹង​ថា ស្អី​ជា​ឆ្អឹងខ្នង​យុទ្ធសាស្ត្រ​នេះ»។

អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ យល់​ថា នយោបាយ​បែបនេះ គឺ​រស់​មិន​បាន​យូរ​ឡើយ។

លោកគឹម សុខ៖ «ដូច្នេះហើយ​នយោបាយ​គំនុំសងសឹក ដែល​លោក ហ៊ុន សែន កំពុងតែ​ធ្វើ​នឹង​ទៅដល់​ដំណាក់កាល​មួយ​ចាញ់ ពីព្រោះ​នយោបាយ​ហ្នឹង គ្មាន​អត្ថន័យ​គុណធម៌​ល្អ ធ្វើ​ឲ្យ​ចំរើន​ទេ អត់​ចំរើន​ដល់​បក្ស​ខ្លួន​ផង កុំថាឡើយ​ដល់​អ្នកដទៃ អត់​ចំរើន​ដល់​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ទេ ហើយ​នយោបាយ​នេះ​នឹង​បង្កើត​សត្រូវ​ច្រើនណាស់ ហើយ​ទីបំផុត​ទៅ​គ្មាន​អ្នកណា​គេ​នៅ​ទ្រាំ​ហ្នឹង​គ្រួសារ​មួយ​នេះ​ទេ​...»។

នៅ​ដំណាក់កាល​ចុងក្រោយ​នេះ លោក ហ៊ុន សែន បាន​បន្ត​ចាប់ខ្លួន​សាច់ញាតិ​របស់​អ្នក​រិះគន់​លោក​ជា​ថ្នូរ​ឱ្យ​ពួកគេ​បញ្ឈប់​ការ​រិះគន់​លោក។

អ្នកវិភាគ​សង្គម​មើល​ឃើញ​ថា នយោបាយ​របៀប​នេះ នឹង​មិន​អាច​ឲ្យ​លោក ហ៊ុន សែន ល្បីឈ្មោះ ឬ​ក្លាយ​ជា​ជើងឯក​ខាង​នយោបាយ​ឈ្នះៗ​នោះ​ទេ ផ្ទុយទៅវិញ នឹង​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ល្បី​ឈ្មោះ លើ​គោល​នយោបាយ ខឹង​គោ​វាយ​រទេះ ឬក៏​គោលនយោបាយ​ចាប់ជំរិត​ទៅ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។