លោក ហ៊ុន សែន បញ្ជាឲ្យសិក្សាដកមេបញ្ជាការយោធា និងអភិបាលរងខេត្តព្រះសីហនុ២នាក់ទៀត ពាក់ព័ន្ធនឹងជម្លោះដីធ្លី។ មន្ត្រីសិទ្ធិមនុស្ស យល់ថា ស្ថាប័នរដ្ឋាភិបាល គួរតែចាត់វិធានការច្បាប់ទៅតាមតួនាទី មិនមែនចាំតែលោក ហ៊ុន សែន បញ្ជានោះទេ។
នេះជាសារដ៏កម្រ ដែលលោក ហ៊ុន សែន ថ្លែងសោកស្ដាយ ចំពោះការប្រព្រឹត្តិមិនត្រឹមត្រូវ របស់កងកម្លាំងសមត្ថកិច្ចប្រដាប់អាវុធ ដែលបង្ក្រាបដ៏ហិង្សា លើប្រជាពលរដ្ឋមានជម្លោះដីធ្លី ព្រោះអំពើហិង្សាពីកងកម្លាំងប្រដាប់អាវុធបែបនេះ បានកើតឡើងជាច្រើនករណីផ្សេងទៀតដែរ តែមិនដែលឃើញមានចំណាត់ការផ្លូវច្បាប់ណាមួយ ដើម្បីឲ្យមន្ត្រីទាំងនោះ ទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួននោះឡើយ។
លោក ហ៊ុន សែន ថ្លែងសារនេះ ក្នុងជំនួបពិភាក្សាប្រចាំឆមាស ជាមួយតំណាងគណបក្សចំនួន ១៦ ដែលជាសមាជិកនៅក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈនេះ ដោយសំដៅទៅលើការប្រើកម្លាំងយោធា ចុះអនុវត្តសាលដីកាលើដីទំនាស់ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ដែលធ្វើឲ្យផ្ទុះអាវុធ រហូតបណ្ដាលឲ្យពលរដ្ឋរបួស និងអំពើហិង្សាដោយមន្ត្រីសមត្ថកិច្ចប្រដាប់ដោយអាវុធ វាយដំជនរងគ្រោះដោយស្វាយកាំភ្លើង ទាំងជននោះដៃជាប់ចំណងទៅក្រោយ កំពុងលត់ជង្គង់នៅនឹងដី និង ក្រោយមកមន្ត្រីមួយរូបទៀត បានធាក់ជនរងគ្រោះដដែល ផ្ទប់ទៅនឹងដី ពេលដែលជននោះ កំពុងដេកដួលផ្កាប់មុខ នៅនឹងដីស្រាប់ទៅហើយ។
ប្រព័ន្ធឃោសរបស់របបក្រុងភ្នំពេញ ហ្រ្វេសញ៉ូវស៍ (Fresh News) ចុះផ្សាយថា ក្នុងកិច្ចប្រជុំនោះ លោក ហ៊ុន សែន បានបញ្ជាឲ្យសិក្សាស្រាវជ្រាវ ដើម្បីអាចឈានទៅដល់ការចាប់ខ្លួនមេយោធាខេត្តព្រះសីហនុ លោក សាវិន វិបុល និងអភិបាលរងខេត្ត ២នាក់ទៀត ដែលពាក់ព័ន្ធនឹងការបង្ក្រាបករណីពលរដ្ឋតវ៉ារឿងដីធ្លីកាលពីពេលថ្មីៗ កន្លងទៅនេះ។
អភិបាលរងខេត្តព្រះសីហនុ លោក ផៃ ប៊ុនវណ្ណៈ ដែលបានដឹកនាំកម្លាំងចុះអនុវត្តសាលដីកា និងបានចូលរួមស្ដាប់សន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូ (Video Conference ) នៃកិច្ចប្រជុំប្រចាំឆមាសនេះ ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា លោក ហ៊ុន សែន មិនទាន់បញ្ជាឲ្យដកតំណែងចេញភ្លាមៗ នោះទេ គ្រាន់តែបញ្ជាឲ្យ សិក្សាលើមេបញ្ជាការយោធាខេត្តព្រះសីហនុសិនប៉ុណ្ណោះ។ លោកបន្តថា ចំពោះអភិបាលរងខេត្តវិញ គឺលោក ហ៊ុន សែន ព្រមានឲ្យឈប់ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ហើយបើនៅពាក់ព័ន្ធនឹងការដកដំណែងដែរ។
ប្រធានគណបក្ស ឆន្ទៈខ្មែរ លោក គង់ ម៉ូនីកា ដែលចូលរួមប្រជុំជាមួយ លោក ហ៊ុន សែន មានប្រសាសន៍ថា លោក ហ៊ុន សែន គ្រាន់តែព្រមានប៉ុណ្ណោះ គឺព្រមានឲ្យអាជ្ញាធរខេត្តឈប់ពាក់ព័ន្ធជាមួយបញ្ហាដីធ្លី ដើម្បីកុំឲ្យរបូតដំណែង៖ « សម្ដេចចង់ឲ្យមានការប្រយ័ត្នប្រយែង ជាការព្រមានថា អាជ្ញាធរទាំងឡាយ ដែលពាក់ព័ន្ធនឹងអំពើពុករលួយផ្នែកដីធ្លីអីអស់នេះ ការស៊ីសំណូករបស់ឈ្មួញទុច្ចរិតអី ហើយរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ គឺឲ្យប្រយ័ត្នខ្លួន។ បើសិនជាបន្តធ្វើការបែបនេះ គឺអាចប្រឈមបាត់បង់តំណែង » ។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានទេដោយទូរស័ព្ទចូលតែពុំមានអ្នកទទួល។ ចំណែកអ្នកនាំពាក្យកងរាជអាវុធហត្ថលោក អេង ហ៊ី បញ្ជាក់យ៉ាងខ្លីថា លោកមិនទាន់ទទួលបានបទបញ្ជាឲ្យសិក្សាលើមេបញ្ជាការយោធាខេត្តព្រះសីហនុ និងអភិបាលរងខេត្តព្រះសីហនុនោះទេ៖ « ខ្ញុំអត់មានពាក់ព័ន្ធផង ព្រោះករណីនេះមិនមែនអាវុធហត្ថផង ខ្ញុំម៉េចនឹងដឹង » ។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ អង្គភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើសន្និសីទកាសែតថា មន្ត្រីកងរាជអាវុធហត្ថម្នាក់ ឈ្មោះ សុខ ធារិទ្ធិ និងមន្ត្រីយោធាស័ក្ដិ ២ ឈ្មោះចាន់ ម៉ៅ ត្រូវបានផ្អាកការងារ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយសារពួកគេប្រើហិង្សាលើអ្នកតវ៉ាដីធ្លី ក្នុងពេលចុះអនុវត្តសាលដីកាតុលាការកំពូល នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមករា។ ចំណែកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឈ្មោះ ប៉ែន វិបុល និងមន្ត្រី ៣នាក់ទៀត ក៏ត្រូវបានអង្គភាពដាក់ពិន័យ ដោយការស្ដីបន្ទោសជាលាយលក្ខណ៍អក្សរដែរ។
អ្នកនាំពាក្យសមាគម អាដហុក លោក ស៊ឹង សែនកុរណា មានប្រសាសន៍ថា ស្ថាប័នរបស់រដ្ឋាភិបាល គួរតែមានចំណាត់ការលើករណីនេះទៅតាមតួនាទី និងវិជ្ជាជីវៈ មិនចាំទាល់តែមានបទបញ្ជាពី លោក ហ៊ុន សែន នោះទេ។ លើសពីនេះទៀត លោក ហ៊ុន សែន ក៏មិនគួរធ្វើការងារទៅតាមអារម្មណ៍ដែរ ឬក៏ មិនគួរមានចំណាត់ការភ្លាមៗ ពេលទទួលព័ត៌មានពីតំណាងគណបក្សនយោបាយ ដែលជាសមាជិកឧត្ដមប្រឹក្សាពិគ្រោះយោបល់ដែរ៖ «អាចមានអ្នកពាក់ព័ន្ធផ្សេងៗ ទៀត ដែលគួរតែមានចំណាត់ការផងដែរព្រោះធម្មតានៅក្នុងហេតុការណ៍នោះ មិនមែនមានតែអ្នកទាំងពីរដែលជាអ្នកទទួលខុសត្រូវទេ។ដូច្នេះគួរតែមានការស្រាវជ្រាវឲ្យបានច្បាស់ ហើយគួរតែប្រើប្រាស់ស្ថាប័នដែលប្រមុខរដ្ឋាភិបាលមាន ធ្វើកិច្ចការទៅ តាមជំនាញ និងវិជ្ជាជីវៈរបស់ខ្លួនក្នុងការទទួលខុសត្រូវលើកិច្ចការងាររបស់ខ្លួនទៅ វាល្អប្រសើរជាង គ្រាន់តែយើងស្ដាប់យោបល់មតិ ហើយយើងសម្រេចចិត្តអ៊ីចឹង»។
ទោះយ៉ាងណាក្តី លោក ស៊ឹង សែនករុណា ជំរុញឲ្យចាត់វិធានការទៅតាមច្បាប់ឲ្យបានតឹងរ៉ឹងលើមន្ត្រីមានសមត្ថកិច្ចនៅខេត្តព្រះសីហនុនេះ ដើម្បីដាស់តឿនដល់មន្ត្រីនៅតាមខេត្តផ្សេងៗ ទៀត កុំឲ្យប្រើហិង្សាលើពលរដ្ឋពេលចុះដោះស្រាយទំនាស់ម្ដងៗ។
កាលពីថ្ងៃទី២៤ ខែមករា ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះសីហនុ លោក ហួត វិចិត្រ និងអភិបាលរងខេត្តព្រះសីហនុ លោក ផៃ ប៊ុនវណ្ណៈ បានដឹកនាំយោធា ១០០នាក់ កងរាជអាវុធហត្ថ ១០០នាក់ និងនគរបាល១០០នាក់ ចុះអនុវត្តសាលដីការបស់តុលាការកំពូល ដែលបានសម្រេចផ្ដល់ដីទំនាស់ ជាង៧០ហិកតា ដែលមានពលរដ្ឋជាច្រើនរយគ្រួសារកំពុងរស់នៅនោះ ទៅឱ្យប្រជាពលរដ្ឋចំនួន ៩គ្រួសារផ្សេងទៀត ដែលគេសង្ស័យថា ឈរឈ្មោះឲ្យឧកញ៉ា ស៊ីវ គង់ទ្រីវ និងប្រពន្ធឈ្មោះ ហុង សួន។ ក្នុងហេតុការណ៍បណ្ដាលឲ្យកម្មករសំណង់ម្នាក់អាយុ ២៨ឆ្នាំ ឈ្មោះ ពៅ សារ័ត្ន បានរងរបួសដោយគ្រាប់កាំភ្លើងចំស្មាពីផ្នែកខាងក្រោយ បៀមគ្រាប់ជាប់នឹងឆ្អឹងខ្នង។ ចំណែកពលរដ្ឋ ៤នាក់ទៀត ត្រូវបានកងកម្លាំងប្រដាប់អាវុធចាប់ខ្លួន និងចងស្លាបសេក ហើយយកកាំភ្លើងវាយដំ និងយកជើងជាន់ផ្ទប់នឹងដីថែមទៀត ប៉ុន្តែពលរដ្ឋទាំងនោះ ត្រូវបានដោះលែងវិញនៅយប់ថ្ងៃកើតហេតុ។
ការបង្ក្រាបដ៏ហិង្សា ពីសំណាក់កងកម្លាំងប្រដាប់អាវុធនេះ មានកើតឡើងនៅកន្លែងផ្សេងដែរ ប៉ុន្តែ លោក ហ៊ុន សែន មិនដែលព្រមានចាត់វិធានការដូច្នេះទេ។ ការបង្ក្រាបដ៏ហិង្សាពីសំណាក់កងកម្លាំងយោធារាប់រយនាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ ទៅលើពលរដ្ឋមានជម្លោះដីធ្លីនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីខែមីនា ឆ្នាំ ២០១៨ ធ្វើឲ្យពលរដ្ឋជាច្រើនរងរបួស និងស្លាប់ផង។ ប៉ុន្តែ គ្មានចំណាត់ការណាមួយ ទៅលើអ្នកប្រព្រឹត្តអំពើហិង្សាទាំងនោះទេ។
កងកម្លាំងប្រដាប់អាវុធរបស់កងកម្លាំងឆត្រយោង៩១១ ដែលដឹកនាំដោយលោក ចាប ភក្ដី កាលពីដើមឆ្នាំ២០១៤ ក៏បានបាញ់សម្លាប់ជនស៊ីវិល ដែលតវ៉ាសុំដំឡើងប្រាក់ឈ្នួល នៅផ្លូវ វេង ស្រេង ក៏មិនឃើញមានចំណាត់ការដកតំណែង ឬពិន័យមន្ត្រីដែលប្រើហិង្សាទាំងនោះដែរ។
ទើបតែពេលនេះ លោក ហ៊ុន សែន ថ្លែងសារកម្រនេះ ស្របពេលដែលសហគមន៍អន្តរជាតិ ជាពិសេស សហភាពអឺរ៉ុប កំពុងដាក់សម្ពាធរបបនេះយ៉ាងចាស់ដៃ ឲ្យស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ជាថ្នូរនឹងការមិនដក ឬព្យួរការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម។ ក្នុងរបាយការណ៍របស់សហភាពអឺរ៉ុប អំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ក៏មាននិយាយ អំពីហិង្សាលើពលរដ្ឋមានជម្លោះដីធ្លីនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
