លោក ហ៊ុន សែន ទៅ​មជ្ឈិមបូព៌ា​ «ទំនង​ចង់​ទៅ​ដើរ​ទាក់ទាញ​វិនិយោគទុន ខណៈ​រដ្ឋាភិបាល​កូន កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច»

ដោយ មាន ឫទ្ធិ
2024.12.09
លោក ហ៊ុន សែន ទៅ​មជ្ឈិមបូព៌ា​ «ទំនង​ចង់​ទៅ​ដើរ​ទាក់ទាញ​វិនិយោគទុន ខណៈ​រដ្ឋាភិបាល​កូន កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច» ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន (ឆ្វេង) ជួបប្រធានសភាព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត លោក ​ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល់-សេក្ខ (Abdullah Muhamad Ibrahim Al-Sheikh) (ស្ដាំ) នៅ​រដ្ឋធានីរីយ៉ាដ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​តំបន់​មជ្ឈិមបូព៌ា រយៈពេល ១​សប្ដាហ៍ ចាប់​ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី១៤ ខែ​ធ្នូ ។ អ្នកឃ្លាំមើល​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ទំនង​ចង់​ទៅ​ដើរ​ទាក់ទាញ​វិនិយោគ​ទុន​នៅ​កម្ពុជា ខណៈ​រដ្ឋាភិបាល​កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច និង​រង​ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​នានា​ពី​សហគមន៍​អន្តរជាតិ។

ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី៨ ខែ​ធ្នូ បាន​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា រួមមាន​ព្រះរាជាណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia) រដ្ឋកាតា (Qatar) សាធារណរដ្ឋ​តួកគី (Turkye) និង​អេមីរ៉ាត អារ៉ាប់​រួម (United Arab Emirate)

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃទី៧ ខែ​ធ្នូ ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​រយៈពេល​មួយ​សប្ដាហ៍ ចាប់​ពី​ថ្ងៃទី៨ ដល់​ទី១៤ ខែ​ធ្នូ របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន រួម​ទាំង​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល និង​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក ហ៊ុន សែន នឹង​ជួប​ជាមួយ​ប្រធាន​សភា និង​នាយករដ្ឋមន្ត្រី​អារ៉ាប៊ីសាអ៊ូឌីត ប្រធាន​សភា និង​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋ​កាតា និង​ជួប​ជាមួយ​ប្រធាន​សភា និង​ប្រធានាធិបតី នៃ​ប្រទេស​ពីរ​ផ្សេង​ទៀត។ ប្រភព​ដដែល​បន្ត​ថា ទស្សនកិច្ច​នេះ​ជា​ការ​ពង្រឹង​ទំនាក់ទំនង​ការទូត ដើម្បី​ពង្រឹង​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក។

អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ទំនង​មាន​ហេតុផល​ចំនួន​២​សំខាន់ៗ គឺ​ស្វែងរក​ប្រទេស​ដៃ​គូ​ពាណិជ្ជកម្ម​បន្ថែម ខណៈ​រដ្ឋាភិបាល​កម្ពុជា កំពុង​ជួប​វិបត្តិសេដ្ឋកិច្ច ព្រមទាំង​រង​ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ និង​ការ​ស្វែងរក​ជំនួស​បច្ចេកទេស​បូម​ប្រេង​ពី​តំបន់ ដែល​រដ្ឋាភិបាល​អះអាង​ថា ជា​តំបន់​ត្រួត​ស៊ី​គ្នា​ជាមួយ​ប្រទេស​ថៃ នៅ​តំបន់​កោះគជ់។

លោក គឹម សុខ៖ «ទំនង​ជា​ផ្ដោត​ជា​សំខាន់​ទៅ​ស្វែងរក​ជំនួយ​បច្ចេកទេស​ពី​ក្រុមហ៊ុន​រកស៊ី​ប្រេង​នៅ​មជ្ឈិមបូព៌ា ដើម្បី​ទៅ​ដាក់​វិនិយោគ​នៅ​ក្នុង​ក្របខណ្ឌ​ណាមួយ​ជាមួយ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ក្នុង​ការ​បូម​ប្រេង​នៅ​ក្នុង​តំបន់​ត្រួត​ស៊ីគ្នា​ជាមួយ​នឹង​រដ្ឋាភិបាល​ត្រកូល ថាក់ស៊ីន ក្នុង​ការ​ប្រមូល​លុយ​មក​ចិញ្ចឹម​អំណាច​ជាមួយ​ខ្លួន​ព្រោះ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​រដ្ឋាភិបាល​ត្រកូល ហ៊ុន ប្រឈម​ខ្លាំង​ណាស់​បញ្ហា​ហិរញ្ញ​វត្ថុ នៅ​ចំពោះ​មុខ​ការ​ដាក់​ទណ្ឌកម្ម​ដក​អ៊ី.ប៊ី.អេ (EBA) ទាំងស្រុង​របស់​សហភាព​អឺរ៉ុប ហើយ​អាច​ដល់​កម្រិត​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​ប្រទេស​កម្ពុជា ប្រសិនបើ​រដ្ឋាភិបាល​ត្រកូល ហ៊ុន នៅ​តែ​មានៈ​ដូច​សព្វថ្ងៃ»

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា លោក ឡាយ សំកុល និង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សន្ទរី និង​ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី ៨ ខែ​ធ្នូ។

ទោះ​យ៉ាងណា លោក គឹម សុខ លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ទំនង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លះ​ដែរ ពី​ប្រទេស​នៅ​មជ្ឈិមបូព៌ា ដោយ​លោក អះអាង​ថា ប្រទេស​ទាំង​នោះ ហាក់​ពុំ​សូវ​ខ្វល់ខ្វាយ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ជា​ចំបង​ដូច​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ឡើយ។

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម អ្នកស្រី តឹងរ៉េត កំរង កាល​ពី​ដើម​ឆ្នាំ២០២៤ ឲ្យ​ដឹង​ថា កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ ជាមួយ​នឹង​អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) ដែល​អាច​ឲ្យ​កម្ពុជា នាំចេញ​ដោយ​អត្រាពន្ធ​ស្មើ​សូន្យ លើ​មុខ​ទំនិញ​ជាច្រើន​រួមមាន កាបូប​ធ្វើដំណើរ ផលិត​ផល​វាយនភណ្ឌ កាត់ដេរ និង​សំលៀកបំពាក់ កង់ បន្ទះ​សូឡា គ្រឿង​អេឡិចត្រូនិក និង​ផលិត​ផល​កសិកម្ម​ជាដើម។ ក្រោយ​ពី​កិច្ចព្រមព្រៀង​នេះ បាន​ចូលជាធរមាន​កម្ពុជា​បាន​នាំចេញ​ទំនិញ​ប្រមាណ៥៥លាន ដុល្លារ​ទៅ​កាន់​អេមីរ៉ាតអារ៉ាប់​រួម។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​សង្កេត​ឃើញ​ថា ការ​ប្រឹងប្រែង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​បន្ថែម​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​ស្របពេល​សហភាព​អឺរ៉ុប​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ៊ី.ប៊ី.អេ ដែល​នៅ​សេសសល់​ចំនួន ៨០ភាគរយ ជាមួយ​កម្ពុជា និង ពិចារណា ដាក់​ទណ្ឌកម្ម​ជាក់​លាក់​លើ​ក្រុម​មន្ត្រី​រដ្ឋាភិបាល កម្ពុជា ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា មិន​ស្ដារ​ការ​គោរព​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

កូនពុក
Dec 11, 2024 10:42 AM

តើពួកអ្នកនៅជិតពុកនេះមានចេះគិតខ្លះទេ ដែលហ៊ានឱ្យពុកទៅតំបន់នោះ ព្រោះជាតំបន់ជើងកបសម្បើមណាស់។ អាល់ អាស្សាដ ទើបត្រូវទាញយកថ្មីៗនេះទេ។ ហេតុអីក៏មិនចេះគិតសោះយ៉ាងនេះ ឱពុកអើយពុក!!!