លោក ហ៊ុន សែន បញ្ជា​ឱ្យ​បិទ និង​ប្តឹង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ទៅ​តុលាការ

0:00 / 0:00

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) និង​ឱ្យ​ពិនិត្យមើល​ពី​លទ្ធភាព​ប្តឹង​វិទ្យុនេះ​ទៅ​តុលាការ។ លោក ហ៊ុន សែន បញ្ជា​ដូច្នេះ ក្រោយ​វិទ្យុ VOD បាន​រាយការណ៍​ព័ត៌មាន​ថា លោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន ជា​អ្នក​​ចុះ​ហត្ថលេខា​ជំនួស​ឪពុក​របស់​លោក​ក្នុងការ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រទេសតួកគី។ ការចុះ​ផ្សាយ​របស់ VOD នេះ គឺយោងតាម​សម្តី​របស់​លោក ផៃ ស៊ីផាន ប្រធាន​អ្នកនាំពាក្យ​រដ្ឋាភិបាល ដែល VOD បាន​សម្ភាស។ អ្នកជំនាញ​ផ្នែក​ប្រព័ន្ធផ្សព្វផ្សាយ ទទូច​ឱ្យ​លោក ហ៊ុន សែន ពិចារណា​ឡើងវិញ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ណាមួយ​ដល់​ការបោះឆ្នោត​ជាតិ​នាពេល​ខាងមុខ។

ក្រៅពី​បោសសម្អាត​ក្រុមអ្នកប្រឆាំង​តាម​យុទ្ធសាស្ត្រ «ជីកស្មៅ​ជីកទាំង​ឬស» រួចមក ពេលនេះ យុទ្ធនាការ​បង្ក្រាប​របស់​រដ្ឋាភិបាល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បែរ​មកលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​​វិញម្តង។

នៅមិនដល់​ពេល​ជាង ៥ខែ មុន​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្រ្ត​អាណត្តិ​ទី៧ បុរសខ្លាំង​ខាងប្រើ​អំពើហិង្សា លោក ហ៊ុន សែន ដែល​ទើបត្រលប់​មកពី​ជួប​ក្រុមមេដឹកនាំ​ចិន​មិនទាន់​បាត់​ចំហាយ​ផងនោះ ពេលនេះ បាន​ចេញ​បញ្ជា​យ៉ាង​តក់ក្រហល់​កាលពី​យប់​ថ្ងៃទី១២ ខែកុម្ភៈ ឱ្យ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (វីអូឌី ឬVOD) តែម្តង។ លោក​បាន​សរសេរ​សារ​នៅលើ​ទំព័រហ្វេសប៊ុក (Facebook) ​របស់​លោកថា លោក​សម្រេច​មិនទទួល​យក​ការសម្តែង​ការសោកស្តាយ និង​សូមការ​អធ្យាស្រ័យ​ជំនួស​ឱ្យ​ការសុំទោស​របស់​វិទ្យុ វីអូឌី នោះឡើយ។ លោក ហ៊ុន សែន សរសេរ​បន្តថា ក្នុងនាម​រដ្ឋាភិបាល​ដែល​ត្រូវការពារ​កិត្តិយស​របស់​ខ្លួន លោក​សម្រេច​បញ្ចប់​រឿងនេះ​ដោយ​ឱ្យ​ក្រសួង​ព័ត៌មាន​លុបចោល​អាជ្ញាប័ណ្ណ​វិទ្យុ វីអូឌី ចាប់ពី​ពេល​នេះតទៅ និង​ត្រូវ​បញ្ចប់​ការផ្សាយ​នៅ​ត្រឹម​ម៉ោង ១០ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ជា​កំហិត។

ទន្ទឹមនឹង​នេះ លោក ហ៊ុន សែន ក៏បាន​ប្រាប់​ទៅ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក គឺលោក ផៃ ស៊ីផាន ដែល​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល ឱ្យ​ពិនិត្យ​លទ្ធភាព​ប្តឹង​វិទ្យុ​នេះ​ទៅ​តុលាការ​ទៀតផង។ លោក ហ៊ុន សែន បាន​បង្ហោះ​សារ​បែប​នេះ​អម​ជាមួយ​រូបភាព​នៃ​លិខិត​មួយច្បាប់​របស់​នាយិកា​ស្តីទី​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​វិទ្យុ វីអូឌី ដែល​បាន​សរសេរ​មកកាន់​រូបលោក។ លោក ហ៊ុន សែន ចោទសួរថា៖

«តើ​ការប្រើ​ពាក្យ​សោកស្តាយ និង​សូមអធ្យាស្រ័យ​ ជំនួស​ឱ្យ​ពាក្យ​សុំទោស​បានដែរឬទេ? សម្រាប់​ខ្ញុំ​មិនអាច​ទទួលយក​បាន​ឡើយ»។ លោក​ចោទសួរ​បន្ថែមថា «តើ​ការបកស្រាយ​បំភ្លឺ​នៅទីនេះ មាន​ចេតនា​ទម្លាក់​កំហុស​ឱ្យ​មន្ត្រី​រាជរដ្ឋាភិបាល​មែនទេ?»។

វិទ្យុអាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភណ្ឌ និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​ការបកស្រាយ​បន្ថែម​ជុំវិញ​រឿងនេះ​បាន​នៅឡើយទេ គិតត្រឹម​យប់​ថ្ងៃទី១២ ខែកុម្ភៈ។

នៅមុន​ការចេញ​បញ្ជា​របស់​លោក ហ៊ុន សែន នេះ នាយិកា​ស្តីទី​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ អ្នកស្រី ឆន សុគន្ធា បាន​សរសេរ​លិខិត​មួយច្បាប់​ចុះ​ថ្ងៃទី១២ ខែកុម្ភៈ ដែល​ត្រូវបាន​លោក ហ៊ុន សែន យកមក​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។ អ្នកស្រី ឆន សុគន្ធា បាន​សរសេរ​ដោយ​ស្រង់​ប្រសាសន៍​ដើម​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដែល​បាន​ប្រាប់​អ្នកសារព័ត៌មាន​របស់ វីអូឌី ក្នុងន័យ​ដើម​ថា ដោយសារ​លោក ហ៊ុន សែន ជាប់​រវល់ លោក «ក៏បាន​ទុកការហ្នឹង ផ្តល់​ជូនទៅ» លោក ហ៊ុន ម៉ាណែត ដែល​ទទួល​បន្ទុក​ខាង​អន្តរាគមន៍​នៃ​សកម្មភាព​មនុស្សធម៌​អន្តរជាតិ។ លិខិត​ដដែល​បញ្ជាក់​ជំហរ​ថា វីអូឌី តែងតែ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន និងថា វីអូឌី សូម​សំដែង​ការសោកស្តាយ និង​សូមអធ្យាស្រ័យ​ប្រសិន​បើ​មាន​កំហុស​ឆ្គង​ណាមួយ​ដោយ​អចេតនា​ដែល​កើតឡើង​ទៅលើ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត។ អ្នកស្រី ឆន សុគន្ធា ពន្យល់ថា ឆ្លើយតប​នឹង​ករណី​នេះ វីអូឌី បាន​រៀបចំ​ចេញ​អត្ថបទ​ថ្មីមួយ​ដោយ​យោង​លើ​ព័ត៌មាន និង​ការស្រាយ​បំភ្លឺ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត។

អ្នកស្រី ឆន សុគន្ធា ប្រាប់​វិទ្យុអាស៊ីសេរី​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម (Telegram) យ៉ាងខ្លី​នៅ​យប់ថ្ងៃទី១២ ខែកុម្ភៈ ថា អ្នកស្រី​កំពុង​ដោះស្រាយ​បញ្ហា​នេះ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​វិទ្យុនេះ​អាច​ដំណើរការ​ទៅមុខ​ទៀត​បាន។

នៅ​យប់​ថ្ងៃទី១២ ខែកុម្ភៈ ដដែល នាយិកា​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ អ្នកស្រី ឆន សុគន្ធា បាន​សរសេរ​លិខិត​ដាច់​ដោយឡែក​មួយ​ទៀត​ទៅលោក ហ៊ុន សែន ក្នុងន័យថា វីអូឌី សូមទោស​លោក ហ៊ុន សែន ផ្ទាល់ និង​លោក ហ៊ុន ម៉ាណែត ចំពោះ​ការផ្សាយ​អត្ថបទ​ព័ត៌មាន​នោះ។

អ្នកជំនាញ​ផ្នែក​ប្រព័ន្ធផ្សព្វផ្សាយ និង​ជា​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេមបូចា) លោក ណុប វី ប្រាប់​វិទ្យុអាស៊ីសេរី​ថា លោក​សង្ឃឹមថា​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ពិចារណា​ឡើងវិញ​លើ​ការសម្រេចចិត្ត​នេះ ព្រោះ​លោកថា វា​អាច​ប៉ះពាល់​ដល់​បរិយាកាស​នៃ​ការបោះឆ្នោត​ជាតិ​ខាងមុខ៖

«ពីពេល​ហ្នឹងទៅ​រហូតទៅ​ដល់​ការបោះឆ្នោត យើង​មិនមាន​លំហ​គ្រប់គ្រាន់​សម្រាប់​ការងារ​របស់​អ្នកសារព័ត៌មាន​ទេ ហើយ​រដ្ឋាភិបាល​លោក​មិនអាច​ធានា មិនអាច​ផ្តល់​ឱកាស​ឱ្យ​អ្នកសារព័ត៌មាន ជាពិសេស​អ្នកសារព័ត៌មាន​ឯករាជ្យ​អាច​ធ្វើ​កិច្ចការងារ​ឱ្យបាន​ពេញលេញ​ទេ។ គឺ​យើង​ពិបាក​នៅក្នុង​ការធានា​អំពី​រឿង​ភាពសេរី ត្រឹមត្រូវ យុត្តិធម៌ នៅក្នុង​ការបោះឆ្នោត​ខាងមុខ។ អ៊ីចឹងហើយ មែនទែនទៅ ខ្ញុំ​សង្ឃឹមថា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​លោក​នឹង​ពិនិត្យមើល​ចំណុច​ទាំងអស់​ហ្នឹង​ឡើងវិញ ហើយ​លោកផ្តល់​នូវ​កិច្ចការពារ ក៏ដូចជា​ការជ្រោមជ្រែង​សម្រាប់​កិច្ចការងារ​របស់​អ្នកសារព័ត៌មាន ជាពិសេស​អ្នកសារព័ត៌មាន​ឯករាជ្យ​ដើម្បី​ឱ្យ​អាច​ចូលរួម​ចំណែក​នៅក្នុង​កិច្ចការងារ​នៅក្នុង​ការផ្តល់​ព័ត៌មាន​ជាពិសេស​ទាក់ទង​ជាមូយនឹង​ការបោះឆ្នោត​ក្នុងពេល​ខាងមុខ​ហ្នឹង»។

ទោះយ៉ាងណា បន្ថែម​ទៅលើ​ការបញ្ជា​របស់​លោក លោក ហ៊ុន សែន បាន​សរសេរ​សារ​ឌឺដង និង​ពន្យល់​ទៅ​កាន់មន្ត្រី​ក្រោមឱវាទ​របស់​លោក​ថា «យើង​បិទ​តែ​ការផ្សាយ​គ្រប់ប្រភេទ​នៃ​វិទ្យុនេះ​ប៉ុណ្ណោះ តែ​យើង​មិន​ប៉ះពាល់​ទ្រព្យសម្បត្តិ​របស់​គេទេ»។ លោក​សរសេរ​បន្តថា សូមមិត្ត​ភក្តិ​បរទេស​ដែល​ផ្តល់​លុយ​ឱ្យ​វិទ្យុ​នេះ​បង្វិល​លុយ​ទៅ​ប្រទេស​វិញ ឬជួយ​ទៅ​ប្រទេស​ផ្សេង និង​សូម​បុគ្គលិក​ដែល​ធ្វើការ​នៅ​វិទ្យុនេះ​ស្វែង​រក​ការងារ​ធ្វើ​នៅកន្លែង​ផ្សេងទៀត។

ជុំវិញ​រឿង​នេះ អ្នកសិក្សា​ផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត ហៅ​ប្រតិកម្ម​របស់​លោក ហ៊ុន សែន សម្រេច​បិទ​វិទ្យុ វីអូឌី ថា​ជា​រឿងជ្រុល «ហួសហេតុ» និង​ជា​ការ«គំរាមកំហែង»​តាមរយៈ​ការដាក់​ឱសានវាទ និង​ការដាក់​សម្ពាធ​ទៅលើ​វិទ្យុនេះ៖

«រឿង​ពាក់ព័ន្ធនឹង វីអូឌី ផ្សាយ​ខុស គឺខ្ញុំ​គិតថា​គ្រាន់តែ​ក្នុង​កម្រិតមួយ​រវាង​អង្គភាព​មួយ ហើយនឹង​បុគ្គល​មួយ​តែប៉ុណ្ណឹង​ទេ។ វា​ដូចជា​មិនធំធេង មិន​ប៉ះពាល់​ទៅដល់​សន្តិសុខ​ជាតិ ឬក៏​អំណាច​អីទេ។ ខ្ញុំមើលឃើញ​វា​ដូចជា​អត់ប៉ះពាល់​ទេ។ ប៉ុន្តែ បែរជា​ត្រូវបាន​ខាង​រដ្ឋាភិបាល​ចាត់​រឿងហ្នឹង​ទៅជា​រឿង​អាទិភាព ហើយ​ចេញ​ប្រតិកម្ម​ដែល​យើង​មើលឃើញ​វា​មាន​លក្ខណៈ​ហួសហេតុ។ ក្នុង​នោះ​ផងដែរ ក៏មាន​នូវ​ការជេរ​ប្រមាថ​ពី​សំណាក់​អ្នកព័ត៌មាន​ផ្សេងៗ​ដែល​ស្និទ្ធ​ទៅនឹង​រដ្ឋាភិបាល ប្រើប្រាស់​ពាក្យ​អសុរស អសីលធម៌ ប្រមាថ ដែល​មិនអាច​ទទួលយក​បាន ក៏ប៉ុន្តែ បែរជា​គ្មាន​ឃើញ​ចំណាត់ការ...។ ខ្ញុំមើលឃើញ​មួយទៀត​ទាក់ទង​ជាមួយនឹង​ឱសានវាទ​របស់​សម្តេច ហ៊ុន សែន បូកជាមួយនឹង​ការដាក់​សម្ពាធ។ ឱសានវាទ គឺរយៈពេល​កំណត់​ដើម្បី​ឱ្យ​សូមទោស ហើយ​បើសិន​មិនមាន​ការសូមទោស​ គឺនឹង​ត្រូវ​លុប​អាជ្ញាបណ្ណ។ អ៊ីចឹង យើង​ឃើញថា ឱសានវាទ​បូកជាមួយនឹង​សម្ពាធ វាទៅជា​រូបភាព​មួយ​នៃ​ការគំរាមកំហែង​ទៅវិញ»។

កាលពី​ថ្ងៃទី៩ ខែកុម្ភៈ វិទ្យុ វីអូឌី បាន​ចុះផ្សាយ​ព័ត៌មានថា មន្ត្រីរដ្ឋាភិបាល​ថា ​ការណ៍​ដែល​លោក ហ៊ុន ម៉ាណែត ដើរតួនាទី​ជំនួស​ឪពុក​ក្នុងការ​ផ្តល់​ជំនួយ​ឱ្យ​តួកគី មិនមែន​ជារឿង​ខុសឆ្គង។ វិទ្យុនេះ​បាន​សរសេរថា លោក ហ៊ុន ម៉ាណែត បាន​«តំណាង»​ឱ្យ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​«ចុះហត្ថលេខា»​ផ្តល់​ជំនួយ ខណៈ​លោក ហ៊ុន សែន កំពុង​កាន់​មរណទុក្ខ​ចំពោះ​ការបាត់បង់​ប្អូនថ្លៃស្រី ដោយ​ស្រង់​ប្រសាសន៍​របស់​ប្រធានអង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មក​បញ្ជាក់៖

«អ្នកសារព័ត៌មាន ហើយ​សមាសភាព​អង្គការ​មិនមែន​រដ្ឋាភិបាល គាត់ឆ្ងល់ ហើយ​គាត់វាយប្រហារ​ទៅលើ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ដែល​ដូចជា​ចុះ​ហត្ថលេខា​តំណាង​សម្តេចតេជោ ក្នុងការផ្តល់​ជំនួយ​ហ្នឹង។[គេថា]ហេតុដូចម្តេច​បាន​ជា​រដ្ឋាភិបាល​មិន​ប្រើប្រាស់​តួនាទី​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែលជា​នាយករដ្ឋមន្ត្រី ក្នុងការ​ផ្តល់​ជំនួយ​ហ្នឹង?ហេតុអី​បាន​ដាក់ឱ្យ​ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ាណែត ជា​អ្នកផ្តល់​ទៅវិញ?អាហ្នឹង គឺដែលគេមិនសប្បាយចិត្តហ្នឹង»។

ផ្អែក​តាម​ខ្លឹមសារ​នៃ​សម្រង់​សម្តី​នេះ និង​លិខិត​របស់​នាយិកា CCIM លោក ផៃ ស៊ីផាន មិន​បាន​បញ្ជាក់​ឱ្យច្បាស់​ទេ​ថា លោក ហ៊ុន ម៉ាណែត ពិតជា​មិន​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ផ្តល់​ជំនួយ​ថវិកា​ទៅ​ឱ្យ​ប្រទេស​តួគី​ជំនួស​ឱ្យ​លោក ហ៊ុន សែន ឡើយ។ ផ្ទុយទៅវិញ លោក ផៃ ស៊ីផាន បាន​ទទួលស្គាល់​ថា លោក ហ៊ុន ម៉ាណែត ទទួល​បន្ទុក​ការងារ​នេះ ដោយសារ​លោក ហ៊ុន សែន «រវល់» និង​«មានទុក្ខជា​ទម្ងន់»។

ក្រោយ​ការចុះផ្សាយ​នេះ លោក ហ៊ុន សែន នៅ​ថ្ងៃទី១១ ខែកុម្ភៈ បាន​ដាក់​ឱសានវាទ​ឱ្យ​វិទ្យុ វីអូឌី សូមទោស​​រដ្ឋាភិបាល និងលោក ហ៊ុន ម៉ាណែត ជា​សាធារណៈ​រយៈពេល ៧២ម៉ោង ដោយ​លោក​បញ្ជាក់​ថា​លោក​ធ្វើដូច្នេះ​ដើម្បី​បញ្ចប់​នូវ​ការភាន់​ច្រឡំ ឬ​រហូតដល់​ការមួលបង្កាច់​ដោយ​ចេតនា​ពី​វិទ្យុ វីអូឌី។ រីឯ លោក ហ៊ុន ម៉ាណែត វិញ លោក​បាន​បដិសេធ​រឿងនេះ​ដោយ​ស្នើឱ្យ​វិទ្យុ វីអូឌី បង្ហាញ​ឯកសារ​ដែល​បញ្ជាក់​ថា​លោក​បាន​ចុះហត្ថលេខា​ជំនួស​ឪពុក​របស់​លោក​ក្នុងការ​ផ្តល់​ជំនួយ​ថវិកា​ទៅឱ្យ​ប្រទេស​តួគី​ដែល​កំពុង​រងគ្រោះ​រញ្ជួយ​ដីផង។ នៅ​ថ្ងៃដដែល​នោះ អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​របស់​លោក ផៃ ស៊ីផាន ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ដាច់​ដោយឡែក​មួយ បញ្ជាក់ថា លោក ហ៊ុន ម៉ាណែត មិនបាន​ចុះហត្ថលេខា​លើ​ឯកសារ​ផ្តល់​ជំនួយ​ថវិកា​ជំនួស​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។ សេចក្តីថ្លែងការណ៍​នោះ ចោទ​វិទ្យុ វីអូឌី ថា ផ្សព្វផ្សាយ​ព័ត៌មាន​«ចចាម​អារ៉ាម» និង​ព័ត៌មាន«ប្រឌិត​ក្លែងក្លាយ»។

ការឈាន​ទៅ​សម្រេច​បិទ​វិទ្យុ វីអូឌី ដែល​ជា​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ចុងក្រោយ​នៅ​កម្ពុជា​នាពេលនេះ នឹងក្លាយ​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ជា​ប្រព័ន្ធ​របស់​រដ្ឋាភិបាល​ដែល​បាន​អូសបន្លាយ​អស់​រយៈពេល​ពេញ​មួយ​អាណត្តិ​ទី៦នេះ ក្នុងការ​បង្ក្រាប​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ រឹតត្បិត​លំហ​សង្គមស៊ីវិល គណបក្ស​ប្រឆាំង និង​ក្រុមអ្នករិះគន់​រដ្ឋាភិបាល។

កម្ពុជា​ជាប់លេខ ១៤២ ក្នុងចំណោម ១៨០​ប្រទេស​និង​ដែនដី ក្នុង​ សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ២០២២ របស់​អង្គការ​អ្នករាយការណ៍​ព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders, RSF) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស (Paris) ប្រទេសបារាំង (France)។ ស្ថាប័ន​អន្តរជាតិ​នេះ បាន​កត់សម្គាល់​ថា ដោយសារតែ​ភ័យខ្លាច​នឹង​លទ្ធភាព​ដែលថា​លោក ហ៊ុន សែន ​អាច​បាត់បង់​អំណាច​ដែល​លោកបាន​កាន់កាប់​អស់​រយៈពេល​ជាង ៣០ឆ្នាំ​មកនោះ លោក ហ៊ុន សែន បាន​ចាត់វិធានការ​មកលើ​ស្ថាប័ន​សារព័ត៌មាន​ដោយ​​ឥតត្រាប្រណី នៅមុន​ការបោះឆ្នោត​ជាតិ ខែកក្កដា ឆ្នាំ២០១៨។ ស្ថាប័ន​នេះ បន្ត​ថា ស្ថានីយ៍​វិទ្យុ និង​កាសែត​ជាច្រើន​ត្រូវបាន​បំបិទមាត់ បញ្ឈប់​ការផ្សាយ ខណៈ​អ្នកសារព័ត៌មាន​ទទួលរង​នូវ​ការធ្វើ​ទុក្ខបុកម្នេញ។ ការណ៍​នេះ​បណ្តាល​ឱ្យ​វិស័យ​សារព័ត៌មាន​ឯករាជ្យ​នៅកម្ពុជា​ត្រូវ​ខ្ទេចខ្ទី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។