មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រកាសប្រាប់ឲ្យកងកម្លាំងអនុវត្តច្បាប់ដោយចាប់ខ្លួនអ្នក ដែលមានដីកាតាមចាប់ខ្លួនចេញដោយតុលាការ។
លោក ហ៊ុន សែន មិនបានបញ្ចេញចំឈ្មោះថាជានរណាម្នាក់ពិតប្រាកដឡើយ ប៉ុន្តែទំនងសំដៅទៅប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ គឺលោក សម រង្ស៊ី ដែលកំពុងរៀបចំគម្រោងវិលត្រឡប់ចូលទៅកម្ពុជាវិញ នៅក្នុងខែមីនាខាងមុខ។ លោក ថាកងកម្លាំងមានសិទ្ធិចាប់ខ្លួនជននោះដោយមិនបាច់សួរយោបល់លោកឡើយ៖ «ហើយមិនចាំបាច់មានបទបញ្ជាទេ។ ដីកាគេតាមអោយចាប់ខ្លួនអាណាចាប់អាហ្នុងទៅ ! មិនចាំបាច់ថាវានៅឯណាមកឯណាអីទេ ហ្នឹងនិយាយគ្នា កុំចាំបាច់សួរលោក ហ៊ុន សែន អីទៀត។ ចុះសួរធ្វើអីទៀត ? បើដីកាតុលាការគេឲ្យតាមចាប់ក្បាលអាណានោះចាប់អាហ្នុងទៅកុំខ្វល់ ទៅសួរធ្វើអ្វីទៀត។ អ៊ីចឹងបានខ្ញុំនិយាយថា ធ្វើតែតាមច្បាប់ទៅ»។
នេះជាការព្រមានថ្មីមួយទៀត បន្ទាប់ពីអ្នកនាំពាក្យនៃរបបលោក ហ៊ុន សែន លើកឡើងដែរថា អាជ្ញាធររបបលោក នឹងចាត់វិធានការ ឬចាប់ខ្លួនលោក សម រង្ស៊ី ទៅតាមការបង្គាប់របស់តុលាការ នៅពេលលោកមកដល់កម្ពុជា។ លើសពីនេះអាជ្ញាធរនឹងចាត់វិធានការប្រឆាំងនឹងអ្នកទៅទទួលលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ ប្រសិនបើពួកគេអះអាងថា ជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ។
នៅក្នុងល្បែងភ្នាល់រវាង លោក សម រង្ស៊ី និងលោក ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើមានការដោះលែងលោក កឹម សុខា នៅចន្លោះពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ មែននោះលោក ហ៊ុន សែន សុខចិត្តចុះចេញពីតំណែង ប៉ុន្តែបើលោក កឹម សុខា មិនត្រូវបានដោះលែងវិញទេនោះ លោក សម រង្ស៊ី ចុះចាញ់ ហើយចូលឲ្យគេចាប់ខ្លួនភ្លាមបន្ទាប់ពីបញ្ចប់ការភ្នាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។