លោក ហ៊ុន សែន ទទួល​ពានរង្វាន់​សន្តិភាព​ស៊ុនហាក់ ក្រោម​សំឡេង​រិះគន់ និង​ការ​តវ៉ា​ជំទាស់​ពី​ពលរដ្ឋ

0:00 / 0:00

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ពានរង្វាន់​សន្តិភាព​ស៊ុនហាក់​ពី​អង្គការ​សហព័ន្ធ​សន្តិភាព​សកល (UPF)​រួចហើយ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភៈ នៅ​ទីក្រុង​សេអ៊ូល (Seoul) ប្រទេស​កូរ៉េខាងត្បូង​(South-Korea)​។ ទោះជា​យ៉ាងណា​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង មិន​ពេញចិត្ត​ចំពោះ​ការ​ប្រគល់​ពាន​រង្វាន់​នេះ​ទេ និង​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន ដែល​ពួក​គាត់​ចាត់​ទុក​ថា ជា​មេដឹកនាំ​ផ្ដាច់ការ រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ។

លោក ហ៊ុន សែន បាន​ទទួល​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់​រួចហើយ ក្រោម​សំឡេង​រិះគន់ និង​ការ​តវ៉ា​ជំទាស់​ពី​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង។

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ទទួល​ពានរង្វាន់​ថា លោក​ពិតជា​រំភើប​និង​មាន​កិត្តិយស​ក្រៃលែង​ដែល​គណៈកម្មាធិការ​ពាន​រង្វាន់​សន្តិភាព​ស៊ុន​ហាក់ ទទួលស្គាល់​ស្នាដៃ​របស់ លោក​ក្នុង​ការ​បញ្ចប់​សង្គ្រាមស៊ីវិល និង​កសាង​សន្តិភាព​ពេញលេញ​នៅ​កម្ពុជា​។ មេដឹកនាំ​ដែល​ចូលចិត្ត​ប្រើ​ភាសា​ហិង្សា​គំរាមកំហែង និង​តែង​ព្រមាន​បង្ក​សង្គ្រាម​ប្រសិនបើ ចាញ់ឆ្នោត​រូប​នេះ បន្ត​ថា សន្តិភាព មានតម្លៃ​ជាង​អ្វីៗ​ទាំងអស់​។​សន្តិភាព​គឺជា​អ្វី​ដែល ស្រស់​ស្អាត​បំផុត។ សន្តិភាព​ផ្តល់​នូវ​ក្តី​សង្ឃឹម និង​ស្នាមញញឹម​ដល់​មនុស្ស​គ្រប់រូប​។ អតីត​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ ប្តេជ្ញា​ចិត្ត​ថា លោក នឹង​បន្ត​ការពារ​និង​លើកស្ទួយ​សន្តិភាព​បន្ថែម​ទៀត៖ «គោល​នយោបាយ​ឈ្នះ​ឈ្នះ បាន​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា ទទួល​បាន​នូវ​សន្តិភាព​ពេញលេញ​នៅ​ឆ្នាំ​១៩៩៨​។ គោល​នយោបាយ​ឈ្នះ​ឈ្នះ ក៏​អនុញ្ញាត​ផង​ដែរ ឲ្យ​រាជរដ្ឋាភិបាល ផ្តោត​ការ​យកចិត្តទុកដាក់​ទាំ​ង​ស្រុង​ទៅលើ​ការ អភិវឌ្ឍ​ជាតិ ខណៈ​ដែល​ប្រជាជន​កម្ពុជា​ទទួល​បាន​នូវ​ផលប្រយោជន៍ និង​កាលានុវត្តភាព​នានា​ពី​សន្តិភាព​និង​ការ​អភិវឌ្ឍ»។

ទោះជា​យ៉ាងណា ការ​ផ្តល់​ពានរង្វាន់​ដល់​លោក ហ៊ុន សែន នេះ​បាន​បណ្តាល​ឲ្យ​មានការ​រិះគន់​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​(Facebook) និង​ថែមទាំង​ផ្ទុះ​បាតុកម្ម​តវ៉ា​ប្រឆាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង​ទៀត​ផង​។ ក្រុមបាតុករ​ប្រមាណ​៥០​នាក់ បាន​ធ្វើ​បាតុកម្ម​ដុត​ភ្លើងទៀន​ជាង​១​ម៉ោង​នៅ ព្រលប់​ថ្ងៃ​សៅរ៍ និង​មាន​ការ​ចាក់​បញ្ចាំង​វីដេអូ​អំពី​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជាដើម។

អ្នកនាំពាក្យ​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េខាងត្បូង​លោក ម៉ាត់ វណ្ណនី ថ្លែង​ថា ពួកលោក ធ្វើបាតុកម្ម​នេះ ដើម្បី​ប្រឆាំង​ការ​ផ្តល់​ពានរង្វាន់ និង​ទាមទារ​ឱ្យ​លោក ហ៊ុន សែន គោរព​រដ្ឋធម្មនុញ្ញ ស្តារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ពិតប្រាកដ​ឡើងវិញ។ លោក អះអាង​ថា ថ្វីដ្បិត​តែ​ក្នុង​ប្រទេស​កម្ពុជា គ្មាន​សង្គ្រាម​ប្រដាប់​អាវុធ​ក្តី ប៉ុន្តែ​សន្តិភាព​បែបនេះ គឺជា​សន្តិភាព​មិន​ពេញលេញ ឬ​ជា​សន្តិភាព​ក្លែងក្លាយ ព្រោះ​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន ពោរពេញ​ដោយ​អំពើ​ហិង្សា អំពើពុករលួយ ការ​កាប់សម្លាប់ អំពើ​អយុតិ្តធម៌​សង្គម ការរំលោភ​ដីធ្លី និង​បិទ​សេរីភាព​ប្រជាពលរដ្ឋ​របស់​ខ្លួន​ជាដើម៖ «សន្តិភាព​ដែល​លោក ហ៊ុន សែន បាន​និយាយ​នេះ​ជា​សន្តិភាព​ដែល​អត់​មាន​សង្គ្រាម ប៉ុន្តែ​ដោយឡែក​ភាព​សុខដុមរមនា សេចក្តី​សុខក្សេមក្សាន្ត សេចក្តី​សុខ​ផ្លូវចិត្ត គឺ​វា​អត់​មាន​។ ដូច្នេះ​បើ​យើង​ធ្វើការ​ប្រៀបធៀប​ទៅ ខ្ញុំ​គិតថា ពានរង្វាន់​នេះ គួរតែ​ផ្តល់​ឲ្យ​ដល់​លោក គីម ជុងអ៊ុន ព្រោះ​នៅ​ប្រទេស​កូរ៉េខាងជើង ក៏​អត់​មាន​សង្គ្រាម​ដែរ ប៉ុន្តែ​ស្ថានភាព​ប្រទេស​ទាំងពីរ​នេះ​អត់​ខុសគ្នា​ទេ គឺ​ប្រជាពលរដ្ឋ​អត់​សប្បាយចិត្ត និង​រង​ទុក្ខ​វេទនា​ឈឺ​ចាប់»។

ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ម្នាក់ទៀត​ដែល​រួម​ធ្វើបាតុកម្ម​នេះ​ដែរ គឺ​លោក ឡេង វណ្ណៈ ថ្លែង​ថា លោក​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ប្រគល់​ពានរង្វាន់​សន្តិភាព​នេះ ព្រោះ​លោក ហ៊ុន សែន គឺជា​មេដឹកនាំ​ផ្ដាច់ការ ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ កំពុង​ថ្កោលទោស និង​ដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ​។​លោក មើល​ឃើញ​ថា សន្តិភាព​នៅ​កម្ពុជា អាច​មាន​សម្រាប់​តែ​ក្រុម​បក្ខពួក ឬ​អ្នក​រណប​លោក ហ៊ុន សែន ប៉ុណ្ណោះ ចំណែក​ពលរដ្ឋ​ក្រីក្រ​ឬ​អ្នកមាន​និន្នាការ​ផ្ទុយ គឺ​គ្មាន​សន្តិភាព​អ្វី​ឡើយ៖ «គាត់​និយាយ​អរគុណ​សន្តិភាព គឺ​បាន​តែ​និយាយ ប៉ុន្តែ​ក្នុង​ប្រទេស​អត់​មាន​សន្តិភាព​ពិត​ប្រាកដ។ ប្រជា​ពលរដ្ឋ​គ្មាន​សន្តិភាព​ទេ យំ​ស្រែក​រឿង​គេ​យក​ដីធ្លី ចាប់​ដាក់គុក​អី​តាមតែ​អំពើ​ចិត្ត​។ និយាយ​ទៅ ហ៊ុន សែន ជា​ជន​ផ្ដាច់ការ ដូច្នេះ​គាត់​ធ្វើ​អី​ដើម្បី​តែ​អំណាច​របស់​គាត់»។

ក្រុម​បាតុករ​អះអាង​ថា ពួកគាត់ នឹង​បន្ត​ជួបជុំគ្នា​តវ៉ា​ម្តង​ទៀត នៅ​ថ្ងៃអាទិត្យ​ចាប់ពី​ម៉ោង​១១​ព្រឹក ដល់​ម៉ោង​២​រសៀល ដើម្បី​លើក​បដា និង​ស្រែក​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន សែន។

ព្រះសង្ឃ​មួយ​អង្គ​ដែល​តែង​ឈឺឆ្អាល​បញ្ហា​សង្គម និង​ធនធានធម្មជាតិ ហើយ​កំពុង​ភៀស​ព្រះ​កាយ​នៅ​ប្រទេស​ស្វីស (Switzerland)​ដោយសារ​អាជ្ញាធរ​រដ្ឋាភិបាល​តាម​ចាប់​ព្រះកាយ គឺ​ព្រះតេជព្រះគុណ បូរ បេត មាន​ថេរ​ដីកា​ទាំង​ងឿងឆ្ងល់​ថា តើ​អង្គការ​ដែល​ផ្តល់​ពានរង្វាន់​នេះ វាយតម្លៃ​បែប​ណា ឬ​មាន​ទំនាក់ទំនង​ស៊ីជម្រៅ​បែប​ណា​ជាមួយ​លោក ហ៊ុន សែន នោះ​ទេ ទើប​ប្រគល់​ពានរង្វាន់​សន្តិភាព​ដល់​មេ​ដឹក​ផ្ដាច់ការ និង​មាន​បាតដៃ​ប្រឡាក់​ឈាម​បែបនេះ។ ទោះជា​យ៉ាងណា ព្រះតេជព្រះគុណ មាន​មន្ទិល​សង្ស័យ​ថា លោក ហ៊ុន សែន អាច​ប្រើ​លុយ​ដែល​បាន​ពី​អំពើពុករលួយ​ទៅ​ទិញ​ពានរង្វាន់​នេះ ដើម្បី​យក​មក​ឃោសនា​បំភ័ន្ត​ភ្នែក​សាធារណ​ជនជាតិ និង​អន្តរជាតិ៖ «លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ ជា​មេដឹកនាំ​ពុករលួយ ជា​មេដឹកនាំ​ធ្វើបាប​រាស្ត្រ ជិះជាន់​រាស្ត្រ បំផ្លាញ​ធនធានធម្មជាតិ រំលោភសិទ្ធិ​នយោបាយ រំលោភសិទ្ធិ​ពលរដ្ឋ សិទ្ធិ​កម្មករ និង​ធ្វើទុក្ខបុកម្នេញ​លើ​ព្រះសង្ឃ​និង​សង្គម កម្ពុជា​ទាំងមូល ។ ក្នុង​ការ​ដឹកនាំ​ប្រទេស​ប្រមាណ​៤០​ឆ្នាំ​មកនេះ គឺ​គាត់​មិន​ស័ក្តិ​សមជា​អ្នក​ទទួល​បាន​ពានរង្វាន់​សន្តិភាព​ទេ ព្រោះ​យើង​មើលឃើញ​ថា ទង្វើ​របស់​គាត់ គឺជា​មនុស្ស​ឃោរឃៅ ។​ទាំង​ការ​និយាយ​ស្តី និង​ទង្វើ​របស់​គាត់​គ្រប់បែបយ៉ាង គឺជា​មនុស្ស​ដែល​ខ្វះ​គុណធម៌ និង​ជា​មនុស្ស​ដែល​មិន​មាន​សន្តិភាព​ផ្លូវចិត្ត​ខ្លួនឯង​ផង»។

ស្ថាបនិក​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​ដែល​បាន​ផ្តល់​ពានរង្វាន់​ឲ្យ​លោក ហ៊ុន សែន នេះ ជា​ប្តី​ប្រពន្ធ​ជនជាតិ​កូរ៉េខាងត្បូង​ពីរ​នាក់ គឺ​លោក ស៊ុន ម្យ៉ុង ម៉ូន (Sun Myung Moon) និង​អ្នកស្រី ហាក់ ចា ហាន់ ម៉ូ​ន (Hak Ja Han Moon)​។ សារព័ត៌មាន​អង់គ្លេស (www.mirror.co.uk) ធ្លាប់​បាន​ចុះផ្សាយ​ថា ពួកគេ គឺជា​ក្រុម​មនុស្ស​ឆបោក និង​ជា​មនុស្ស​មិន​គ្រប់ទឹក ហើយ​តែង​មាន​ទំនាក់ទំនង​ជិត​ស្និត និង​តែង​បង្កើត​ពានរង្វាន់​សម្រាប់​ក្រុម​មេដឹកនាំ​មួយចំនួន​ដែល​ក្រាញ​អំណាច ពុករលួយ និង​រង​ការ​រិះគន់​ពី​ការរំលោភ​សិទ្ធិមនុស្ស​ជាដើម​។ លើស​ពី​នេះ​លោក ស៊ុន ម្យ៉ុង ម៉ូន ក៏​ធ្លាប់​មាន​ប្រវត្តិ​ជាប់គុក​នៅ​សហរដ្ឋអាមេរិក​រយៈពេល​១៨​ខែ ដោយសារ​អំពើ​ទុច្ចរិត​របស់​គាត់។

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លើកឡើង​ថា លោក ហ៊ុន សែន ទំនងជា​នឹង​បង្ខំ​ព្រះមហាក្សត្រ ឲ្យ​អបអរសាទរ​ពានរង្វាន់​ឆ្កួតៗ​មួយ​នេះ ដែល​គ្មាន​អ្នកណា​ឲ្យ​តម្លៃ​អ្វី​ទាល់តែសោះ ដើម្បី​បោក​បញ្ឆោត​ប្រជារាស្ត្រ​ខ្មែរ​ថា គាត់​ទទួល​បាន​កិត្តិយស​ដ៏​ធំធេង​លើ​ឆាក​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។