លោក ហ៊ុន សែន ទម្លាយពីជំងឺវះកាត់របស់លោកធ្ងន់ធ្ងរដោយពុំមានអ្នកណាដឹងជាច្រើនឆ្នាំហើយ
2023.05.19

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាយពីការវះកាត់ជំងឺរបស់លោកធ្ងន់ធ្ងរកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែលោកព្យាយាមបិទបាំងព័ត៌មាននេះ ដើម្បីកុំឱ្យបែកធ្លាយដល់ប្រជាពលរដ្ឋ។ អ្នកវិភាគនយោបាយយល់ថា ថ្វីត្បិតតែមេដឹកនាំឯកបក្សរូបនេះបានវះកាត់ជំងឺរួចហើយក៏ក្ដី ក៏ស្ថានភាពជំងឺរបស់លោក ហ៊ុន សែន ហាក់នៅតែធ្ងន់ធ្ងរដដែល ព្រោះលោកមានវ័យចាស់ទៅហើយ។
លោក ហ៊ុន សែន បានទម្លាយអំពីស្ថានភាពជំងឺរបស់លោកកាលពីប៉ុន្មានឆ្នាំមុនថា ទ្រុឌទ្រោមខ្លាំងជាពិសេសនៅពេលដែលលោកឈរយូរពេក ធ្វើឱ្យញរជើងឈរមិនចង់ជាប់នោះទេ។ មេដឹកនាំរដ្ឋាភិបាលឯកបក្សដែលមានអាយុ៧១ឆ្នាំរូបនេះ អះអាងថា កាលពីឆ្នាំ២០១៧ លោកបានវះកាត់ចង្កេះ ដែលឆ្អឹងគាបសរសៃដោយប្រើរយៈពេលក្នុងការវះកាត់ដល់ទៅ៥ម៉ោង។
ការវះកាត់នេះលោកធ្វើឡើងនៅមន្ទីរពេទ្យមួយកន្លែងនៅប្រទេសសិង្ហបុរី (Singapore) ប៉ុន្តែលោកបានបិទបាំងព័ត៌មាននេះរហូតមក ដោយមិនឱ្យបែកធ្លាយទៅដល់ប្រជាពលរដ្ឋដឹងឡើយ។ លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ឧសភាថា កាលពីឆ្នាំ២០១៧នោះកូនៗរបស់លោកមិនចង់ឱ្យលោកវះកាត់នោះទេ ព្រោះខ្លាចលោកពិការជើងដើរមិនរួច។
លោក ហ៊ុន សែន៖ «ហើយអាហ្នឹងគឺគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ការវះ ម្ដាយរបស់លោកជំទាវ ឈុន លាង វះ គឺគាត់គ្រោះថ្នាក់ទៅជាពិការបណ្ដោយ ជ្រុលដៃតែបន្តិចគឺរឿងបណ្ដោយ បានជាគេមិនសូវវះ។ ប៉ុន្តែខ្ញុំទៅពីនេះទៅដោយសារ ឯកឧត្ដម ប៊ិន ឈិន គាត់ប្រាប់ថា នៅពេលណាដឹងខ្លួនឡើងសាកល្បងឱ្យធ្វើចលនាជើងឆ្វេង អីចឹងនៅពេលខ្ញុំដឹងខ្លួនឡើងខ្ញុំធ្វើចលនាអាហ្នឹងទៅវាអត់អី«។
នេះជាលើកទី១ហើយ ដែលលោក ហ៊ុន សែន លាតត្រដាងពីការវះកាត់របស់ខ្លួនឱ្យមហាជនបានដឹង ព្រោះកន្លងទៅលោក តែងតែអួតអាងថា លោកមានសុខភាពល្អ អាចរត់ហាត់ប្រាណលើដីរាប់សិបគីឡូម៉ែត្រ។

កន្លងទៅប្រពន្ធរបស់លោក ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី ក៏បានទៅលួចសង់ចេតិយស្ងាត់ៗឱ្យលោក ហ៊ុន សែន នៅវត្តចំពុះក្អែក ដែរ តែលោក ហ៊ុន សែន បដិសេធមិនទទួលយក។
ទាក់ទងនឹងការវះកាត់ជំងឺរបស់លោក ហ៊ុន សែន នេះ អ្នកវិភាគនយោបាយ លោក គឹម សុខ មើលឃើញថា មូលហេតុដែលមេដឹកនាំផ្ដាច់ការរូបនេះ ទើបតែទម្លាយព័ត៌មានអំពីស្ថានភាពការវះកាត់ជំងឺនៅពេលនេះទំនងដោយសារកាលណោះលោកព្រួយបារម្ភខ្លាចក្រុមគណបក្សប្រឆាំងវាយប្រហារ ដែលអាចឈានដល់ការប្រមូលគ្នាធ្វើបាតុកម្មទម្លាក់លោកពីតំណែងដែលធ្វើឱ្យស្ថានភាពជំងឺរបស់លោក កាន់តែទ្រុឌទ្រោម។ ទោះជាយ៉ាងណា អ្នកវិភាគនយោបាយឥតសំចៃមាត់រួបនេះ ជឿជាក់ថា ថ្វីត្បិតតែលោក ហ៊ុន សែន បានវះកាត់ចង្កេះរួចហើយក្ដី ក៏ស្ថានភាពជំងឺរបស់លោក ហ៊ុន សែន នៅតែគួរឱ្យព្រួយបារម្ភដដែល ពីព្រោះលោកមានវ័យកាន់តែចាស់ហើយ។
លោក គឹម សុខ៖ «ប្រសិនបើគាត់ទម្លាយរឿងហ្នឹង ហើយមានចលនានៃការទាមទារការប្រកួតប្រជែងដោយយុត្តិធម៌នៅក្នុងឆ្នាំ២០១៨គឺធ្វើឱ្យគាត់អាសន្នមែនទែន។ អាសន្ននៅត្រង់ថាគណបក្សសង្គ្រោះជាតិនៅពេលនោះកំពុងតែខ្លាំង ដូច្នេះគណបក្សសង្គ្រោះជាតិមិនខ្លាចទេ ប្រសិនបើពេលនោះដឹងថាស្ថានភាពរបស់លោក ហ៊ុន សែន សុខភាពហ្នឹងអត់មែនទែន។ នៅពេលដែលផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាក៏ចង់ដូរលោក ហ៊ុន សែន ដែរ អីចឹងហើយបានជាគាត់ខំប្រឹងលាក់»។
ពាក់ព័ន្ធនឹងស្ថានភាពជំងឺរបស់លោក ហ៊ុន សែន នេះដែរ អ្នកជំនាញដាក់ថ្នាំសន្លប់វះកាត់នៅប្រទេសបារាំង(France) លោកវេជ្ជបណ្ឌិត សុខ សុផាត លើកឡើងថា ស្ថានភាពលោក ហ៊ុន សែន នៅពេលនេះស្ថិតក្នុងដំណាក់កាល២ គឺទី១ក្រោយពីការវះកាត់ហើយវាអាចនឹងជាសះស្បើយប្រសិនបើលោកគាបសរសៃបណ្ដាលមកពីគ្រោះថ្នាក់ចរាចរផ្សេងៗ។ ក៏ប៉ុន្តែលោកថា ប្រសិន ការឈឺចុកចាប់របស់ ហ៊ុន សែន បណ្ដាលមកពីជំងឺមហារីកនោះវានឹងកើតឡើងជាថ្មីម្ដងទៀតក្នុងថ្ងៃណាមួយជាមិនខាន។
វេជ្ជបណ្ឌិត សុខ សុផាត៖ «ព្រោះមហារីកហ្នឹង វាដូចជាមហារីកឈឺឆ្អឹង វាពុកឆ្អឹង ។ ដូច្នេះហើយយើងយកដែកយកអីយកទៅគាបទៅនេះអីវាអត់នៅយូរទេ ព្រោះឆ្អឹងហ្នឹងវាផុយព្រោះយូរទៅវាស្រុតដូចផ្ទះអីចឹង តែស្រុតទៅវាឈឺឡើងវិញអីចឹង។ អីចឹងវាស៊ីសងអាដើមកំណើតនៃកន្លែងឈឺហ្នឹង ថាមកពីគ្រោះថ្នាក់ ដោយយើងគ្រោះក្នុងជីវិតរាល់ថ្ងៃហ្នឹងឬមកពីមហារីក»។
លោក គឹម សុខ លើកឡើងទៀតថា ការដែលលោក ហ៊ុន សែន នៅសុខៗស្រាប់តែទម្លាយពីស្ថានភាពជំងឺរបស់ខ្លួននៅពេលនេះ ដោយសារមេដឹកនាំផ្ដាច់ការរួបនេះ ដឹងច្បាស់ថា សព្វថ្ងៃនេះលោកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្ទេរអំណាចទៅឱ្យកូនប្រុងច្បងរបស់លោក ដើម្បីដឹកនាំប្រទេសបន្តពីលោកដោយពុំមានការព្រួយបារម្ភអ្វីឡើយ។ ទោះជាយ៉ាងណា អ្នកវិភាគរូបនេះ យល់ថា ដើម្បីយកឈ្នះលោក ហ៊ុន សែន ក្នុងស្ថានភាពបែបនេះ លុះត្រាតែក្រុមគណបក្សប្រឆាំងរួមកម្លាំងគ្នាឱ្យរឹងមាំ ហើយហ៊ានដឹកនាំកម្លាំងមហាជនងើតតវ៉ាដោយសន្តិវិធីទាមទារឱ្យលោក ហ៊ុន សែន ងាកមកដើរតាមគន្លងប្រជាធិបតេយ្យឡើយវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។