អ្នកអត្ថាធិប្បាយសង្គម និងជាសកម្មជនគណបក្សសង្គ្រោះជាតិដ៏មានប្រជាប្រិយភាព លោក ស៊ន តារា អះអាងថា បើលោកចុះចូលជាមួយគណបក្សកាន់អំណាច នោះលោកប្រជែងតំណែងបេក្ខជននាយករដ្ឋមន្ត្រីតែជាមួយលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ។ លោកអះអាងដូច្នេះ ក្រោយពីលោក ហ៊ុន សែន បន្តវាយប្រហារមកលើលោកដោយអួតអាងថា លោក ស៊ន តារា កំពុងធ្លាក់ចូលក្នុងអន្ទាក់របស់លោក ព្រោះលោក ស៊ន តារា ចង់ប្រជែងតំណែងបេក្ខជននាយករដ្ឋមន្ត្រីពីមេរបស់លោក គឺលោក សម រង្ស៊ី។
លោក ស៊ន តារា បដិសេធថា លោកមិនធ្លាក់ចូលក្នុងអន្ទាក់នយោបាយរបស់លោក ហ៊ុន សែន នោះឡើយ ហើយលោកក៏មិនមែនប្រជែងយកតំណែងបេក្ខជននាយករដ្ឋមន្ត្រីពីលោក សម រង្ស៊ី ដែរ។ លោក ស៊ន តារា បញ្ជាក់សារជាថ្មីថា នេះគឺជាលក្ខខណ្ឌមួយប្រសិនបើលោក ហ៊ុន សែន ពិតជាចង់ឱ្យលោកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកមែននោះ។
សំឡេងលោក ស៊ន តារា៖«រឿងបើខ្ញុំធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅក្នុងគណបក្សប្រជាជន ខ្ញុំនឹងចូលរួមនយោបាយជាមួយនឹងគណបក្សប្រជាជន។ អ៊ីចឹង ខ្ញុំប្រជែងតែជាមួយ ហ៊ុន សែន និង ហ៊ុន ម៉ាណែត ទេតើ?ខ្ញុំមានទៅប្រជែងជាមួយនឹង សម រង្ស៊ី ឯណា?បើខ្ញុំចូលគណបក្សប្រជាជន ជាបេក្ខភាពនាយករដ្ឋមន្ត្រីហ្នឹង ខ្ញុំមិនមែនជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅក្នុងគណបក្សភ្លើងទៀន និងនៅក្នុងគណបក្សសង្គ្រោះជាតិឯណា?គណបក្សភ្លើងទៀន និងគណបក្សសង្គ្រោះជាតិ អាហ្នឹងគឺគេមិនទាន់សម្រេចឯណា?»
ប្រតិកម្មរបស់លោក ស៊ន តារា យ៉ាងដូច្នេះ គឺក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថ្លែងសារជាសាធារណៈវាយប្រហារមកលើរូបលោក ដោយអះអាងថា លោក ស៊ន តារា កំពុងធ្លាក់ចូលក្នុងអន្ទាក់នយោបាយរបស់លោក។ លោក ហ៊ុន សែន អួតអាងថា គេនឹងឃើញលទ្ធផលនេះក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត៖
សំឡេងលោក ហ៊ុន សែន៖ «ខ្ញុំមិននិយាយសំដៅទៅអ្នកណា កុំឱ្យថា ខ្ញុំតមាត់ជាមួយកូនក្មេង។ ប៉ុន្តែ កូនក្មេងឯងកំពុងចូលអន្ទាក់បាត់ហើយ ចូលស៊ុបហ្មង!ហើយកូនក្មេងឯងរង់ចាំមើលទៅ លទ្ធផលថ្ងៃក្រោយ សូម្បីលទ្ធផលថ្ងៃនេះ ដាក់ខ្លួនស្មើជាមួយមេ ដណ្ដើមយកតំណែងនាយករដ្ឋមន្រ្តី វាគ្រប់គ្រាន់ដើម្បីឆ្លុះបញ្ចាំងពីអីទៅហើយ»។
ផ្ទុយពីការអួតអាងរបស់លោក ហ៊ុន សែន បែបនេះ លោក ស៊ន តារា បកស្រាយបន្ថែមថា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មិនមានទឹកចិត្តចង្អៀតចង្អល់ដូចអ្វីដែលលោក ហ៊ុន សែន និយាយឡើយ។
សំឡេងលោក ស៊ន តារា៖«បើអ្នកណាមានសមត្ថភាពគឺ សម រង្ស៊ី គាត់គាំទ្រ តម្កល់ផលប្រយោជន៍ជាតិជាធំ។ ហើយបើសិនជា សម រង្ស៊ី អាត្មានិយម ស្រឡាញ់តំណែង គាត់មិនមែនលាលែងតែក្នុងមួយពព្រិចភ្នែកពីប្រធានគណបក្សសង្គ្រោះជាតិ ហើយក៏សុទ្ធចិត្តលះបង់អ្វីៗគ្រប់យ៉ាង មានទ្រព្យសម្បត្តិរបស់គាត់ លក់ផ្ទះលក់សម្បែងដើម្បីសង្គ្រោះប្រទេសជាតិ។ ធ្វើនយោបាយប្រឆាំងរបបផ្តាច់ការរហូតមកដល់ដំណាក់កាលចុងក្រោយនេះ ហ៊ុន សែន រឹបអូសយកទ្រព្យសម្បត្តិរបស់គាត់។ បណ្តឹងជាប់គុក ដូចជា ពីរជីវិតឯណោះ។ សម រង្ស៊ី គាត់មិនដែលទៅខ្វល់ផង!»
ក្រោយពីលោក ហ៊ុន សែន បានសម្រេចផែនការបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (វីអូឌី) ដែលជាវិទ្យុឯករាជ្យនៅសេសសល់ចុងក្រោយនៅកម្ពុជា នៅមុនការបោះឆ្នោតជាតិខែកក្កដា រួចមក លោក ហ៊ុន សែន បានបង្វែរយុទ្ធនាការបង្ក្រាបរបស់លោកមកលើលោក ស៊ន តារា វិញម្តង។ លោកធ្វើដូច្នេះក្រោយពីលោកបានប្រើស្នៀតស្រដៀងគ្នានេះមិនបានសម្រេចទៅលើអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មានដូចជាលោក ហូ វាន់ និងមន្ត្រីជាន់ខ្ពស់គណបក្សនេះដទៃទៀតដែលស្នឹទ្ធនឹងលោក សម រង្ស៊ី ក្នុងគោលដៅបញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី។
លោកប្រើវិធីសាស្ត្រអូសទាញផង និងគំរាមកំហែងផង តាមរយៈការយកឪពុកម្តាយ និងបងប្អូនរបស់លោក ស៊ន តារា ធ្វើជាចំណាប់ខ្មាំងនយោបាយដើម្បីសម្រេចមហិច្ឆតាផ្ទេរអំណាចតពូជរបស់លោក។ លោក ស៊ន តារា ចាត់ទុកទង្វើលោក ហ៊ុន សែន ដែលយកគ្រួសារលោកធ្វើជាចំណាប់ខ្មំាងបែបនេះថាជារឿងអមនុស្សធម៌ និងជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោកអះអាងថា លោកបានរាយការណ៍បញ្ហានេះទៅប្រាប់រដ្ឋមន្ត្រីការបរទេសនៃប្រទេសបារាំង និងប្រាប់ទៅសហភាពអឺរ៉ុប ហើយលោកក៏កំពុងស្វះស្វែងដើម្បីឱ្យលោកអាចមានឱកាសថ្លែងសុន្ទរកថាប្រាប់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) អំពីបញ្ហាធ្វើទុក្ខបុកម្នេញដោយយកគ្រួសារ និងសាច់ញាតិមកធ្វើជាចំណាប់ខ្មាំងនយោបាយរបស់លោក ហ៊ុន សែន បែបនេះ។
ខណៈការបោះឆ្នោតជាតិខែកក្កដា កាន់តែខិតចូលមកដល់ យុទ្ធនាការបង្ក្រាបមកលើសំឡេងប្រឆាំង និងក្រុមអ្នករិះគន់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក៏កាន់តែកើនកម្តៅ និងមានលក្ខណៈធ្ងន់ធ្ងរទៅៗគួរឱ្យកត់សម្គាល់។ ពោលគឺមិនខុសពីនៅក្នុងប្រទេសប្រកាន់លទ្ធិកុម្មុយនិស្ត ឬផ្តាច់ការទាំងស្រុងនោះឡើយ។ លោក ហ៊ុន សែន ដែលធ្លាប់ហ៊ានរំលាយគណបក្សប្រឆាំងធំជាងគេ និងចាប់មេគណបក្សប្រឆាំងដាក់គុកទាំងកណ្តាលយប់នៅមុនការព្រឹត្តិការណ៍បោះឆ្នោតជាតិកាលពីឆ្នាំ២០១៨នោះ ឥឡូវនេះលោកបានឈានមួយកម្រិតទៀត ហួសពីការចាប់ចងក្រុមអ្នកប្រឆាំងដាក់គុក។ នោះគឺលោកកំពុងអនុវត្តយុទ្ធវិធីប្រើប្រាស់តុលាការជាអាវុធ រឹបអូសយកទ្រព្យសម្បត្តិអ្នកនយោបាយបក្សប្រឆាំង និងប្រើអាជ្ញាធររបស់លោកតាមដានស្វែងរកសាច់ញាតិ និងក្រុមគ្រួសាររបស់មន្ត្រី និងសកម្មជនបក្សប្រឆាំងទាំងនោះមកធ្វើជាចំណាប់ខ្មាំងនយោបាយរបស់លោកទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។