អ្នកវិភាគនយោបាយមើលឃើញថា គម្រោងចង់ផ្ដល់តំណែងជាទីប្រឹក្សា ឬរដ្ឋលេខាធិការតាមក្រសួងខ្លះ នៅពេលរបបក្រុងភ្នំពេញបង្កើតគណៈរដ្ឋមន្ត្រីនៃរបបថ្មី ជាការលួងចិត្តមេដឹកនាំគណបក្សតូចៗ ដើម្បីកុំឲ្យរិះគន់ព្រឹត្តិការណ៍ថ្ងៃទី២៩ ខែកក្កដា ថា ជាការបោះឆ្នោតក្លែងក្លាយ។ មេដឹកនាំគណបក្សខ្លះ ប្រកាសគោលជំហរមិនទទួលយកតំណែង ដែលលោក ហ៊ុន ផ្ដល់ឲ្យទេ ដោយសារអ្នកអ្នកទាំងនោះអះអាងថា ព្រោះគ្រាន់តែជាតំណែងលំអររបបថ្មីរបស់លោក ហ៊ុន សែន និងជាតំណែង ដែលត្រូវយកកទៅលអន្ទាក់ ឲ្យផុងខ្លួនអស់មួយជីវិត។
លោក ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ប្រកាសថា របបថ្មីរបស់លោក ដែលនឹងបង្កើតឡើងនៅដើមខែក្រោយ នឹងរៀបចំឲ្យមានវេទិកាជួបជុំជាមួយថ្នាក់ដឹកនាំគណបក្សតូចៗ ចំនួន១៩ ដែលចាញ់ឆ្នោតបក្សកាន់អំណាច ឲ្យមានឱកាសលើកឡើងពីមតិយោបល់ ពាក់ព័ន្ធនឹងសកម្មភាពដឹកនាំ ឬការអនុម័តច្បាប់របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។ លោក ហ៊ុន សែន ក៏ចង់បានមនុស្សមានសមត្ថភាពរបស់គណបក្សទាំង១៩ ចូលរួមអនុវត្តគោលនយោបាយ គណបក្ស ប្រជាជនកម្ពុជា តាមរយៈការទទួលយកថ្នាក់ដឹកនាំគណបក្សតូចៗ ទៅធ្វើជាទីប្រឹក្សា និងរដ្ឋលេខាធិការនៅតាមក្រសួងក្នុងរបបក្រុងភ្នំពេញ៖ «»
វេទិកាជួបជាមួយតំណាងគណបក្សនយោបាយចាញ់ឆ្នោតទាំង១៩ ត្រូវបានលោក ហ៊ុន សែន ចាត់ទុកថា ធ្វើឡើង ដើម្បីផ្តល់ឱកាសដល់គណបក្សនយោបាយទាំងនោះ បានចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាការបង្កើតវប្បធម៌សន្ទនារវាង បក្សនយោបាយនៅក្នុងរដ្ឋសភា និងបក្សនយោបាយនៅក្រៅរដ្ឋសភា។
លោក ហ៊ុន សែន បញ្ជាក់ថាជំនួបដែលគ្រោងធ្វើឡើង មិនមែនជួបក្នុងឋានៈជាប្រធានបក្សទេគឺជាជំនួបក្នុងឋានៈជានាយករដ្ឋមន្ត្រីតែម្ដង គឺធ្វើនៅវិមានសន្ដិភាព នៃទីស្ដីការគណៈរដ្ឋមន្ត្រីរបបក្រុងភ្នំពេញ។ លោកហ៊ុន សែន អះអាងថាវេទិកាជួបតំណាងគណបក្សនយោបាយនឹងផ្តល់ឱកាសឲ្យបក្សនយោបាយតូចៗ ទាំងនោះ បានតាមដានកម្មវិធីនយោបាយនៃរបបក្រុងភ្នំពេញ។
សមាជិកក្រុមអ្នកវិភាគវ័យក្មេង លោក បុង ដែត ហៅការលើកឡើងរបស់លោក ហ៊ុន សែន ដើម្បីទប់ទល់លំហូប្រតិកម្មរបស់គណបក្សតូចៗ ខ្លះ ដែលរកឃើញថា ព្រឹត្តិការណ៍ថ្ងៃទី២៩ កក្កដា ជាការបោះឆ្នោតក្លែងក្លាយ និង ដើម្បីតបស្នងសងគុណ ឲ្យគណបក្សមួយចំនួន ដែលបានជួយជ្រោមជ្រែងគណបក្សកាន់អំណាចក្នុងការសម្លាប់លទ្ធិប្រជាធិបតេយ្យ បន្ដឲ្យ លោក ហ៊ុន សែន បានកាន់អំណាចបន្ដ និងជាការទាញឲ្យគណបក្សទាំងនោះ ស្ដាប់បញ្ជារបស់គណបក្ស ប្រជាជនកម្ពុជា។
លោក បុង ដែត បន្ដថា លោក ហ៊ុន សែន នឹងមិនផ្ដល់តំណែងមានឥទ្ធិពលណាមួយ ដូចជា ថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យក្រុមបក្សទាំង១៩ទេ គឺតំណែងដែលផ្ដល់ឲ្យគ្រាន់តែជារូបភាពល្អមើលពីខាងក្រៅប៉ុណ្ណោះ។ អ្នកវិភាគព្រមានថា ប្រសិនបើគណបក្សនយោបាយណាមួយ ហ៊ានទទួលយកតំណែង ដែលលោក ហ៊ុន សែន ផ្ដល់ឲ្យ គណបក្សនោះ ឬអ្នកនយោបាយនោះ អាចមានវាសនាមិនខុសពីគណបក្ស ហ៊្វុនស៊ិនប៉ិច ឬអ្នកនយោបាយ អតីតគណបក្ស សម រង្ស៊ី ឬបក្ស ហ៊្វុនស៊ិនប៉ិច មួយចំនួន ដែលទទួលយកតំណែងពី លោក ហ៊ុន សែន ហើយត្រូវផុងខ្លួនរើមិនរួច ត្រូវបង្ខំចិត្តបម្រើនយោបាយឲ្យលោក ហ៊ុន សែន អស់ មួយជីវិត៖ «»
អគ្គលេខាធិការគណបក្ស ខ្មែរឈប់ក្រ លោក ស៊ិន វណ្ណារិទ្ធិ ប្រាប់ថា គណបក្ស ខ្មែរឈប់ក្រ មិនត្រឹមមិនទទួលយកតំណែងរបស់លោក ហ៊ុន សែន ផ្ដល់ឲ្យទេ ហើយគណបក្សនេះ បានដាក់ពាក្យប្ដឹងលោក ហ៊ុន សែន ថែមទៀត ដែលបំភិតបំភ័យពលដ្ឋនៅមុនពេលបោះឆ្នោត។ លោក ស៊ិន វណ្ណារិទ្ធិ ថា មិនថាតំណែងទីប្រឹក្សា ឬរដ្ឋលេខាធិការ ឬអាសនៈក្នុងរដ្ឋសភាទេ គណបក្សនេះ មិនទទួលយកដាច់ខាត ព្រោះគណបក្ស ខ្មែរឈប់ក្រ ធ្វើនយោបាយ ដើម្បីលទ្ធិប្រជាធិបតេយ្យពិតប្រាកដ មិនមែនចង់បានតំណែងទេ។ អ្នកនយោបាយរូបនេះ មើលឃើញស្រដៀងនឹងអ្នកវិភាគដែរ គឺតំណែងដែលលោក ហ៊ុន សែន ផ្ដល់ឲ្យគ្រាន់តែជាតំណែងផុងខ្លួន ហើយបានត្រឹមលោក ហ៊ុន សែន លើកបន្តុបឲ្យតំណែងអង្គុយអានកាសែត នឹងមិនមានប្រយោជន៍ដល់ជាតិពិតប្រាកដទេ៖ «»
បើទោះជាគណបក្សខ្លះ មិនទទួលយកតំណែង ដែលលោក ហ៊ុន សែន ចង់ផ្ដល់ឲ្យ ប៉ុន្ដែលោក ហ៊ុន សែន អះអាងថា យ៉ាងហោចណាស់ មានគណបក្សចំនួន ២ កំពុងរត់ការសូកលុយ ទិញតំណែងនៅអាណត្តិថ្មី ដូចអណត្តិមុនៗ ដែរ គឺគណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្ស ខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
