លោក ហ៊ុន ម៉ាណែត ​ជាប់​ឆ្នោត​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច

0:00 / 0:00

គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​ជ្រើសរើស​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ឲ្យ​ក្លាយជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ស្នង​តំណែង​ពី​ឪពុក​ដែល​ជា​មេដឹកនាំ​កាន់អំណាច​យូរ​ជាងគេ​មួយ​ក្នុង​ពិភពលោក​។ អ្នកវិភាគ​នយោបាយ និង​មេ​បក្ស​ប្រឆាំង ថា លោក ហ៊ុន ម៉ាណែត មិន​ទាន់​មាន​ស្នាដៃ​ធ្វើជា​មេដឹកនាំ​ជាតិ​នោះ​ទេ ហើយ​លោក ហ៊ុន សែន កំពុងតែ​លេងល្បែង​បម្រើ​ប្រយោជន៍​សម្រាប់​តែ​ក្រុម​គ្រួសារ​គាត់​ប៉ុណ្ណោះ​។​

គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​ជា​ឯកច្ឆន្ទ​ជ្រើសតាំង​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត តាម​ផែនការ​និង​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន​។ សេចក្ដី​សម្រេច​នេះ ធ្វើឡើង​ក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​របស់​គណបក្ស​នេះ នៅ​ព្រឹក​ថ្ងៃទី ២៤ ធ្នូ ដោយ​សំឡេង​គាំទ្រ​លោក ហ៊ុន ម៉ាណែត មាន​ចំនួន​៧៧៥ ក្នុង​ចំណោម​សមាជិក​គណៈកម្មាធិការ​កណ្ដាល​សរុប​ចំនួន​៨៦៥ នាក់​។​នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​ស្ដីពី​លទ្ធផល​សន្និបាត​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សួស យ៉ារ៉ា ថ្លែង​ក្នុង​សន្និសីទ​កាសែត​បន្ថែម​ថា បេក្ខភាព​ដែល​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី គឺ​មាន​តែ​លោក ហ៊ុន ម៉ាណែត ម្នាក់​គត់​ដោយ​មិន​មាន​បេក្ខភាព​ផ្សេងទៀត​ប្រគួត​ប្រជែង​នោះ​ទេ​។ លោក បន្តថា មូលហេតុ​ដែល​មានតែ​បេក្ខភាព​លោក ហ៊ុន ម៉ាណែត នេះ​ព្រោះ​គណបក្ស បាន​ឯកភាព​គ្នា​ជា​ធ្លុង​មួយ និង​មើលឃើញ​គុណសម្បត្តិ​របស់​លោក ហ៊ុន ម៉ាណែត កន្លងមក​ក្នុង​ការ​ការពារ​ជាតិ និង​ដោះស្រាយ​បញ្ហា​ជំងឺ​កូ​វីដ​-១៩៖«​លើកដៃ​បោះឆ្នោត​គាំទ្រ​ជា​ឯកច្ឆន្ទ​នេះ មូលហេតុ​សំខាន់​គឺ​ម្នាក់ៗ​បាន​ស្គាល់​ពី​គុណសម្បតិ្ត​និង​គុណ​វុទ្ឍិ​ជាក់ស្តែង​របស់​ឯកឧត្តម ហ៊ុន ម៉ាណែត ហើយ​។ ក្រៅពី​ភារកិច្ច​ធំៗ​ដែល​លោក​ទទួល​បាន​នៅក្នុង​ការបម្រើ​ជាតិ ក្នុង​ផ្នែក​កិច្ចការ​ការពារ​ជាតិ ។ យើង​បាន​ដឹង​​ហើយ​ថា លោក​គឺជា​អគ្គមេបញ្ជាការ​រង​នៃ កងយោធពល​ខេមរៈភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ហើយ​លោក​ក៏​ជា​អ្នក ទទួលខុសត្រូវ​មួយ​រូប​ក្នុងពេល​ដែល​វិបត្តិ​កូវីដ​កំពុងតែ​រីក​សាយភាយ​ជាមួយ​ឧត្តម​ភរិយា​របស់​លោក គឺ​លោក​បាន​ចូលរួម​យ៉ាងសកម្ម និង​ចូលរួម​ស្តារ​សង្គម និង​ចូល រួម​ទប់ស្កាត់​ជំងឺ​កូវីដ និង​ការ​ព្យាបាល និង​ការបង្កើត​មន្ទីរពេទ្យ សង្គ្រោះ​ប្រជាពលរដ្ឋ យើង​ពេល​វ៉ាក់សាំង​មិនទាន់​មកដល់​។ មន្ទីរពេទ្យ​យើង​ជាច្រើន មនុស្ស​ឆ្លង​ជំងឺ​រាប់​ម៉ឺន​នាក់ ត្រូវ​បាន​សង្គ្រោះ»។

អង្គសន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ក៏បាន​បោះឆ្នោត​ជ្រើសតាំង​សមាជិក​គណៈអចិន្ត្រៃយ៍​ពីររូប គឺ លោក ទៀ បាញ់ និង អ្នកស្រី ម៉ែន សំអន ឱ្យ​ធ្វើ​ជា​អនុប្រធាន​គណបក្ស​ផង​ដែរ​។ ក្នុង​ជួរ​រដ្ឋាភិបាល លោក ទៀ បាញ់ ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ខណៈ​អ្នកស្រី ម៉ែន សំអន ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច។

ការរៀបចំ​សន្និបាត​បក្ស​ដើម្បី​បោះឆ្នោត​ជ្រើសរើស​លោក ហ៊ុន ម៉ាណែត នៅ​ពេល​នេះ គឺ​បន្ទាប់ពី​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស និង​កាន់អំណាច​ជិត​៤០​ឆ្នាំ បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​គាំទ្រ​កូនប្រុស​របស់​លោក​ពេញទំហឹង​ឲ្យ​ក្លាយជា​អ្នក​បន្តវេន​ពី​លោក​។ លើស​ពី​នេះ នៅមុន​សេចក្តី​សម្រេច​នេះ​ប៉ុន្មាន​ថ្ងៃ មេដឹកនាំ​ប្រទេស​វៀតណាម ដែល​មាន​ប្រវត្តិ​គាំទ្រ​លោក ហ៊ុន សែន ឲ្យ​កាន់​ដំណែង​កំពូល ក៏​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដោយ​បាន​ជួបពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន យ៉ាង​ស្និទ្ធស្នាល​ផង​ដែរ។

ជុំវិញ​រឿង​នេះ អ្នកវិភាគ​នយោបាយ ដែល​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ ថ្លែង​ថា ការបោះឆ្នោត​នៅក្នុង​សន្និបាត​បក្ស​កាន់អំណាច​នេះ គ្រាន់តែ​ធ្វើឡើង​ដើម្បី​បង្គ្រប់កិច្ច​ប៉ុណ្ណោះ បន្ទាប់ពី​លោក ហ៊ុន សែន បាន​លួងលោម​ផ្តល់​ប្រយោជន៍​និង​គំរាម​ផ្ទៃក្នុង​បក្ស​ឲ្យ​ទទួលស្គាល់​កូនប្រុស​របស់​គាត់​ជា​បេក្ខភាព​នាយ​រដ្ឋមន្ត្រី​។ លោក​បន្ត​ថា លោក ហ៊ុន ម៉ាណែត នៅ​មិនទាន់​មាន​ស្នាដៃ​គ្រប់គ្រាន់ ដើម្បី​ក្លាយជា​មេដឹកនាំ​ជាតិ​នោះ​ទេ ព្រោះ​ការគ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​កន្លង​មក គ្មាន​ប្រសិទ្ធភាព និង​មាន​ចំណុច​ខ្វះចន្លោះ​ជាច្រើន ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​រងគ្រោះ​។ អ្នកវិភាគ​នយោបាយ​រូប​នេះ បន្ថែម​ថា លោក ហ៊ុន ម៉ាណែត ក៏​គ្មាន​ស្នាដៃ​ការពារជាតិ ជាពិសេស​មិន​ហ៊ាន​តតាំង​នឹង​ការឈ្លានពាន​របស់​ប្រទេស​វៀតណាម​ឡើយ​៖ «បើ​តាម​ខ្ញុំ​មើល លោក ហ៊ុន ម៉ា​ណែ​ត ដើរ​តាម​គន្លង​ឪពុក​របស់​គាត់​ដដែល ។ ឪពុក​ប្លន់​អំណាច​តាំងពី​ផ្ទៃក្នុង​រហូតដល់​ថ្នាក់​ជាតិ ដើម្បី​ធ្វើជា​នាយករដ្ឋមន្ត្រី ។ ចំណែក លោក ហ៊ុន ម៉ា​ណែ​ត ក៏​ឡើង​កាន់​តំណែង​ក្នុង​រូបភាព ដូចគ្នា​ដែរ គឺ​បន្ទាប់ពី​ឪពុក​របស់​គាត់​គំរាម​បំបាក់​ផ្ទៃក្នុង​ហើយ​បង្ខំ​ឲ្យ​ផ្ទៃក្នុង​ទទួលយក ហើយ​បន្ទាប់មក​ប្រធាន​រដ្ឋ​យួន ទៅ​ប្រថាប់ត្រា​ដល់​ផ្ទះ​លោក ហ៊ុន សែន ក្នុង​ពិធី​បាយទឹក​ជាមួយ​ក្រុម​គ្រួសា​រលោក ហ៊ុន សែន»។

តាមរយៈ​ការ​ជួយជ្រោមជ្រែង​ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក លោក ហ៊ុន ម៉ាណែត ដែល​មាន​វ័យ​ត្រឹម​៤៤ ឆ្នាំ កំពុង​កាន់​តំណែង គ្រាក់ៗ​នៅក្នុង​ជួរ​កងទ័ព រដ្ឋាភិបាល និង​ក្នុង​ជួរ​បក្ស​។ លោក​គឺជា​ឧត្តមសេនីយ៍​ផ្កាយ​៣ កាន់​តួនាទី​ជា​អគ្គមេបញ្ជាការ​រង​កង​យោពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កងទ័ពជើងគោក ជា​មេបញ្ជាការ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការ​រង​កង​អង្គរក្ស​លោក ហ៊ុន សែន​។ ក្រៅ​ពី​នេះ លោក​ជា​ប្រធាន​គ្រប់គ្រង​សន្តិសុខ និង​សណ្ដាប់ធ្នាប់​នៅតាម​គោលដៅ និង​តំបន់​ច​ត្តា​ឡី​ស័ក ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ របស់​រដ្ឋាភិបាល​ទៀត​ផង​។ រីឯ​ក្នុង​ជួរ​បក្ស លោក ហ៊ុន ម៉ាណែត ជា ប្រធាន​ចលនា​យុវជន និង​ជា​សមាជិក​គណៈអចិន្ត្រៃយ៍ ស្ថិត​ក្នុង​ចំណោម​មនុស្ស ៣៤​នាក់ ដែល​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស​កាន់អំណាច ហើយ​ពេលនេះ​លោក​បាន​ក្លាយជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ថែម​ទៀត។

ទាក់ទង​ករណី​នេះ​ដែរ លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​លើកឡើង​ក្នុង​លិខិត​ចំហ​ចុះ ថ្ងៃទី ២៤ ធ្នូ​ជូន​ចំពោះ​សមាជិក​សមាជិកា​គណៈកម្មាធិការ​កណ្តាល​បក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ថា លោក ហ៊ុន សែន កំពុងតែ​បបួល​សមាជិក​គណៈកម្មាធិការ​កណ្តាល​ឲ្យ​លេងល្បែង ដើម្បី​គ្រាន់តែ​បម្រើ​ផលប្រយោជន៍​ឯកជន​របស់​ក្រុម​គ្រួសារ​គាត់​តែប៉ុណ្ណោះ​។ លោក​សរសេរ​ថា ដោយសារ​លោក ហ៊ុន សែន មាន​វ័យ​កាន់តែ​ចាស់​ដែល​មិនអាច​នៅ​កាន់អំណាច​បាន​យូរ​តទៅ​ទៀត ទើប​គាត់​ចង់​ឲ្យ​កូន​ឡើង​មក​កាន់​តំណែង​ជំនួស​គាត់ ដើម្បី​ឲ្យ​កូន​ជួយ​ថែរក្សា​លាភសក្ការៈ​សម្រាប់​ក្រុម​គ្រួសារ និង​ធានា​និទ្ទណ្ឌភាព​ឲ្យ​ខ្លួន​គាត់​ផ្ទាល់​។ លោក សម រង្ស៊ី បន្ថែម​ថា លោក ហ៊ុន សែន កំពុងតែ​ប្រើ​ល្បិច​ដ៏​ពិសពុល​មួយ ដោយ​សណ្ដោង​ក្រុម​គ្រួសារ ឥស្សរជន​នៅ​ជុំវិញ​គាត់​មួយចំនួន ឲ្យ​មក​ភ្ជាប់​វាសនា​ជាមួយ​ក្រុម​គ្រួសារ​គាត់​។ ទោះជា​យ៉ាងណា លោក សម រង្ស៊ី យល់​ថា ជនរួមជាតិ​ភាគច្រើន​លើសលប់ មិន​គួរ​គាំទ្រ​ផែនការ​បន្តវេន រៀបចំ​ដោយ​លោក ហ៊ុន សែន ទេ ព្រោះ ផែនការ​នេះ គឺជា​រឿង​អយុត្តិធម៌​ជាទីបំផុត​ចំពោះ​ក្រុម​គ្រួសារ​ខ្មែរ​ជាច្រើន​ដទៃ​ទៀត និង​ចំពោះ​យុវជន​ខ្មែរ​រាប់​ម៉ឺន​រាប់​សែន​នាក់​ទៀត ដែល​មាន​សមត្ថភាព​ដឹកនាំ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។