គណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសរើសកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ឲ្យក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីស្នងតំណែងពីឪពុកដែលជាមេដឹកនាំកាន់អំណាចយូរជាងគេមួយក្នុងពិភពលោក។ អ្នកវិភាគនយោបាយ និងមេបក្សប្រឆាំង ថា លោក ហ៊ុន ម៉ាណែត មិនទាន់មានស្នាដៃធ្វើជាមេដឹកនាំជាតិនោះទេ ហើយលោក ហ៊ុន សែន កំពុងតែលេងល្បែងបម្រើប្រយោជន៍សម្រាប់តែក្រុមគ្រួសារគាត់ប៉ុណ្ណោះ។
គណបក្សប្រជាជនកម្ពុជា សម្រេចជាឯកច្ឆន្ទជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត តាមផែនការនិងការចង់បានរបស់លោក ហ៊ុន សែន។ សេចក្ដីសម្រេចនេះ ធ្វើឡើងក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលរបស់គណបក្សនេះ នៅព្រឹកថ្ងៃទី ២៤ ធ្នូ ដោយសំឡេងគាំទ្រលោក ហ៊ុន ម៉ាណែត មានចំនួន៧៧៥ ក្នុងចំណោមសមាជិកគណៈកម្មាធិការកណ្ដាលសរុបចំនួន៨៦៥ នាក់។នេះបើយោងតាមសេចក្ដីជូនដំណឹងស្ដីពីលទ្ធផលសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា ថ្លែងក្នុងសន្និសីទកាសែតបន្ថែមថា បេក្ខភាពដែលឈរឈ្មោះជានាយករដ្ឋមន្ត្រី គឺមានតែលោក ហ៊ុន ម៉ាណែត ម្នាក់គត់ដោយមិនមានបេក្ខភាពផ្សេងទៀតប្រគួតប្រជែងនោះទេ។ លោក បន្តថា មូលហេតុដែលមានតែបេក្ខភាពលោក ហ៊ុន ម៉ាណែត នេះព្រោះគណបក្ស បានឯកភាពគ្នាជាធ្លុងមួយ និងមើលឃើញគុណសម្បត្តិរបស់លោក ហ៊ុន ម៉ាណែត កន្លងមកក្នុងការការពារជាតិ និងដោះស្រាយបញ្ហាជំងឺកូវីដ-១៩៖«លើកដៃបោះឆ្នោតគាំទ្រជាឯកច្ឆន្ទនេះ មូលហេតុសំខាន់គឺម្នាក់ៗបានស្គាល់ពីគុណសម្បតិ្តនិងគុណវុទ្ឍិជាក់ស្តែងរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ហើយ។ ក្រៅពីភារកិច្ចធំៗដែលលោកទទួលបាននៅក្នុងការបម្រើជាតិ ក្នុងផ្នែកកិច្ចការការពារជាតិ ។ យើងបានដឹងហើយថា លោកគឺជាអគ្គមេបញ្ជាការរងនៃ កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ហើយលោកក៏ជាអ្នក ទទួលខុសត្រូវមួយរូបក្នុងពេលដែលវិបត្តិកូវីដកំពុងតែរីកសាយភាយជាមួយឧត្តមភរិយារបស់លោក គឺលោកបានចូលរួមយ៉ាងសកម្ម និងចូលរួមស្តារសង្គម និងចូល រួមទប់ស្កាត់ជំងឺកូវីដ និងការព្យាបាល និងការបង្កើតមន្ទីរពេទ្យ សង្គ្រោះប្រជាពលរដ្ឋ យើងពេលវ៉ាក់សាំងមិនទាន់មកដល់។ មន្ទីរពេទ្យយើងជាច្រើន មនុស្សឆ្លងជំងឺរាប់ម៉ឺននាក់ ត្រូវបានសង្គ្រោះ»។
អង្គសន្និបាតគណបក្សប្រជាជនកម្ពុជានេះ ក៏បានបោះឆ្នោតជ្រើសតាំងសមាជិកគណៈអចិន្ត្រៃយ៍ពីររូប គឺ លោក ទៀ បាញ់ និង អ្នកស្រី ម៉ែន សំអន ឱ្យធ្វើជាអនុប្រធានគណបក្សផងដែរ។ ក្នុងជួររដ្ឋាភិបាល លោក ទៀ បាញ់ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ខណៈអ្នកស្រី ម៉ែន សំអន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
ការរៀបចំសន្និបាតបក្សដើម្បីបោះឆ្នោតជ្រើសរើសលោក ហ៊ុន ម៉ាណែត នៅពេលនេះ គឺបន្ទាប់ពីលោក ហ៊ុន សែន ដែលជាប្រធានគណបក្ស និងកាន់អំណាចជិត៤០ឆ្នាំ បានប្រកាសកាលពីពេលថ្មីៗនេះថា លោកគាំទ្រកូនប្រុសរបស់លោកពេញទំហឹងឲ្យក្លាយជាអ្នកបន្តវេនពីលោក។ លើសពីនេះ នៅមុនសេចក្តីសម្រេចនេះប៉ុន្មានថ្ងៃ មេដឹកនាំប្រទេសវៀតណាម ដែលមានប្រវត្តិគាំទ្រលោក ហ៊ុន សែន ឲ្យកាន់ដំណែងកំពូល ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជាដោយបានជួបពិភាក្សាជាមួយក្រុមគ្រួសារលោក ហ៊ុន សែន យ៉ាងស្និទ្ធស្នាលផងដែរ។
ជុំវិញរឿងនេះ អ្នកវិភាគនយោបាយ ដែលរស់នៅភៀសខ្លួនក្នុងប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខ ថ្លែងថា ការបោះឆ្នោតនៅក្នុងសន្និបាតបក្សកាន់អំណាចនេះ គ្រាន់តែធ្វើឡើងដើម្បីបង្គ្រប់កិច្ចប៉ុណ្ណោះ បន្ទាប់ពីលោក ហ៊ុន សែន បានលួងលោមផ្តល់ប្រយោជន៍និងគំរាមផ្ទៃក្នុងបក្សឲ្យទទួលស្គាល់កូនប្រុសរបស់គាត់ជាបេក្ខភាពនាយរដ្ឋមន្ត្រី។ លោកបន្តថា លោក ហ៊ុន ម៉ាណែត នៅមិនទាន់មានស្នាដៃគ្រប់គ្រាន់ ដើម្បីក្លាយជាមេដឹកនាំជាតិនោះទេ ព្រោះការគ្រប់គ្រងនិងទប់ស្កាត់ជំងឺកូវីដកន្លងមក គ្មានប្រសិទ្ធភាព និងមានចំណុចខ្វះចន្លោះជាច្រើន ដែលបណ្តាលឲ្យពលរដ្ឋរងគ្រោះ។ អ្នកវិភាគនយោបាយរូបនេះ បន្ថែមថា លោក ហ៊ុន ម៉ាណែត ក៏គ្មានស្នាដៃការពារជាតិ ជាពិសេសមិនហ៊ានតតាំងនឹងការឈ្លានពានរបស់ប្រទេសវៀតណាមឡើយ៖ «បើតាមខ្ញុំមើល លោក ហ៊ុន ម៉ាណែត ដើរតាមគន្លងឪពុករបស់គាត់ដដែល ។ ឪពុកប្លន់អំណាចតាំងពីផ្ទៃក្នុងរហូតដល់ថ្នាក់ជាតិ ដើម្បីធ្វើជានាយករដ្ឋមន្ត្រី ។ ចំណែក លោក ហ៊ុន ម៉ាណែត ក៏ឡើងកាន់តំណែងក្នុងរូបភាព ដូចគ្នាដែរ គឺបន្ទាប់ពីឪពុករបស់គាត់គំរាមបំបាក់ផ្ទៃក្នុងហើយបង្ខំឲ្យផ្ទៃក្នុងទទួលយក ហើយបន្ទាប់មកប្រធានរដ្ឋយួន ទៅប្រថាប់ត្រាដល់ផ្ទះលោក ហ៊ុន សែន ក្នុងពិធីបាយទឹកជាមួយក្រុមគ្រួសារលោក ហ៊ុន សែន»។
តាមរយៈការជួយជ្រោមជ្រែងពីលោក ហ៊ុន សែន ដែលជាឪពុក លោក ហ៊ុន ម៉ាណែត ដែលមានវ័យត្រឹម៤៤ ឆ្នាំ កំពុងកាន់តំណែង គ្រាក់ៗនៅក្នុងជួរកងទ័ព រដ្ឋាភិបាល និងក្នុងជួរបក្ស។ លោកគឺជាឧត្តមសេនីយ៍ផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងអង្គរក្សលោក ហ៊ុន សែន។ ក្រៅពីនេះ លោកជាប្រធានគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលទៀតផង។ រីឯក្នុងជួរបក្ស លោក ហ៊ុន ម៉ាណែត ជា ប្រធានចលនាយុវជន និងជាសមាជិកគណៈអចិន្ត្រៃយ៍ ស្ថិតក្នុងចំណោមមនុស្ស ៣៤នាក់ ដែលជាក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សកាន់អំណាច ហើយពេលនេះលោកបានក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់គណបក្សប្រជាជនកម្ពុជាថែមទៀត។
ទាក់ទងករណីនេះដែរ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានលើកឡើងក្នុងលិខិតចំហចុះ ថ្ងៃទី ២៤ ធ្នូជូនចំពោះសមាជិកសមាជិកាគណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជាទាំងអស់ថា លោក ហ៊ុន សែន កំពុងតែបបួលសមាជិកគណៈកម្មាធិការកណ្តាលឲ្យលេងល្បែង ដើម្បីគ្រាន់តែបម្រើផលប្រយោជន៍ឯកជនរបស់ក្រុមគ្រួសារគាត់តែប៉ុណ្ណោះ។ លោកសរសេរថា ដោយសារលោក ហ៊ុន សែន មានវ័យកាន់តែចាស់ដែលមិនអាចនៅកាន់អំណាចបានយូរតទៅទៀត ទើបគាត់ចង់ឲ្យកូនឡើងមកកាន់តំណែងជំនួសគាត់ ដើម្បីឲ្យកូនជួយថែរក្សាលាភសក្ការៈសម្រាប់ក្រុមគ្រួសារ និងធានានិទ្ទណ្ឌភាពឲ្យខ្លួនគាត់ផ្ទាល់។ លោក សម រង្ស៊ី បន្ថែមថា លោក ហ៊ុន សែន កំពុងតែប្រើល្បិចដ៏ពិសពុលមួយ ដោយសណ្ដោងក្រុមគ្រួសារ ឥស្សរជននៅជុំវិញគាត់មួយចំនួន ឲ្យមកភ្ជាប់វាសនាជាមួយក្រុមគ្រួសារគាត់។ ទោះជាយ៉ាងណា លោក សម រង្ស៊ី យល់ថា ជនរួមជាតិភាគច្រើនលើសលប់ មិនគួរគាំទ្រផែនការបន្តវេន រៀបចំដោយលោក ហ៊ុន សែន ទេ ព្រោះ ផែនការនេះ គឺជារឿងអយុត្តិធម៌ជាទីបំផុតចំពោះក្រុមគ្រួសារខ្មែរជាច្រើនដទៃទៀត និងចំពោះយុវជនខ្មែររាប់ម៉ឺនរាប់សែននាក់ទៀត ដែលមានសមត្ថភាពដឹកនាំប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
