អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ប្រាប់អាស៊ីសេរីថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែភ័យខ្លាចគម្រោងលោក សម រង្ស៊ី វិលចូលកម្ពុជាវិញនៅឆ្នាំ២០១៩ នេះ ទើបលោកប្រកាសឱ្យមន្ត្រីនៅមូលដ្ឋានតាមឃ្លាំមើលសកម្មភាពរបស់ពលរដ្ឋ។
លោក អេង ឆៃអ៊ាង បញ្ជក់នៅថ្ងៃទី៩ ឧសភាថា ដោយសារតែលោក ហ៊ុន សែន បានអំណាចពីការគាបសង្កត់ ប្លន់ឆន្ទៈរាស្ត្រ ដូច្នេះហើយទើបលោកភ័យខ្លាចពលរដ្ឋមានសកម្មភាពណាមួយងើបឡើងប្រឆាំង និងរបបរបស់ខ្លួនបែបនេះ។ លោក អេង ឆៃអ៊ាង បញ្ជាក់ថា ទោះបីជារបបលោក ហ៊ុន សែន ប្រកាសត្រៀមទប់ស្កាត់បែបនេះក្ដី តែមិនអាចគាបសង្កត់ និងរឹតត្បិតពលរដ្ឋបានឡើយ៖ «ក្នុងរយៈកាលដែលលោក ហ៊ុន សែន ប្រព្រឹត្តផ្ដេសផ្ដាស ប្រើអំណាចផ្ដាច់ការរំលាយគណបក្សសង្គ្រោះជាតិ និងបោះឆ្នោតក្លែងក្លាយ ប្រជាពលរដ្ឋខ្មែរអត់គាំទ្រគាត់ទេ។ ពលរដ្ឋខ្មែរចាំតែឱកាសមកដល់។ ដូច្នេះហើយលោក ហ៊ុន សែន បារម្ភដេកមិនលក់បក់មិនល្ហើយទេ នូវអ្វីដែលគាត់ធ្វើអាក្រក់ ដែល ហ៊ុន សែន ធ្វើមិនគោរពតាមប្រជាធិបតេយ្យសិទ្ធិមនុស្ស តែទោះជាយ៉ាងណាក៏ដោយពលរដ្ឋនឹងងើបឡើងនៅពេលណាមួយជាមិនខាន ព្រោះមិនចង់ឱ្យលោក ហ៊ុន សែន យកទៅប្រទេសទៅពុះច្រៀកលក់ឱ្យចិនទេ ហើយលោក ហ៊ុន សែន កំពុងនាំប្រទេសទៅរករបបអតីតកាល គឺរបបខ្មែរក្រហម»។
កាលពីថ្ងៃទី៧ ឧសភា លោក ហ៊ុន សែន បានចេញលិខិត ផ្ញើជូនប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខែត្រ ឱ្យផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ដើម្បីពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាននៅទូទាំងប្រទេស។ លោក ហ៊ុន សែន បានសរសេរនៅក្នុងលិខិត ជម្រាបទៅមន្ត្រីរបស់ខ្លួនថា កន្លងមក លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានប្រកាសជាបន្តបន្ទាប់អំពីគម្រោងផែនការវិលទៅកម្ពុជាវិញនៅឆ្នាំ២០១៩ នេះ ក្នុងគោលបំណងដឹកនាំធ្វើបដិវត្តពណ៌ជាថ្មី ដោយបានអំពាវនាវកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋឱ្យធ្វើការផ្ដួលរំលំរដ្ឋាភិបាល។ ដើម្បីបន្តគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាននានាឱ្យកាន់តែល្អប្រសើរថែមទៀត លោក ហ៊ុន សែន សុំឱ្យប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខែត្រ ដឹកនាំ ណែនាំដល់ក្រុមការងារ និងមន្ត្រី អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ សហការរៀបចំវេទិកាសាធារណៈគ្រប់ឃុំ ភូមិ ដើម្បីផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានអំពីផលវិបាកនៃការផ្ដួលរំលំរដ្ឋាភិបាល តាមរយៈសកម្មភាពបដិវត្តន៍ពណ៌នេះ។
លោក ហ៊ុន សែន បញ្ជាក់ថា ការសម្រេចវិលត្រឡប់កម្ពុជាវិញ ឬមិនវិលមកកម្ពុជាវិញរបស់លោក សម រង្ស៊ី និងការដឹកនាំធ្វើបដិវត្តន៍ពណ៌បានសម្រេច ឬមិនបានសម្រេចនោះ គឺមិនចំណុះទៅលើមហិច្ឆតារបស់លោក សម រង្ស៊ី ឡើយ កត្តាសំខាន់ជាគន្លឹះ គឺអាស្រ័យទៅលើការគ្រប់គ្រងបានល្អប្រសើររបស់សមត្ថកិច្ចនៅទូទាំងប្រទេស។
ទោះបីជាយ៉ាងនេះក្ដី លោក អេង ឆៃអ៊ាង អះអាងថា លិខិតរបស់លោក ហ៊ុន សែន នេះ គ្រាន់តែជាការទប់ស្កាត់និងការបង្ក្រាបពលរដ្ឋតែប៉ុណ្ណោះ ប៉ុន្តែលោក អេង ឆៃអ៊ាង សម្ដែងសុទិដ្ឋិនិយមថា របបលោក ហ៊ុន សែន គាបសង្កត់ពលរដ្ឋកាន់តែខ្លាំង គឺការងើបឈរឡើងរបស់ពលរដ្ឋកាន់តែខ្លាំងប្រឆាំង និងរបបក្រុងភ្នំពេញបច្ចុប្បន្ន។ ចំពោះផែនការរបស់លោក សម រង្ស៊ី វិលចូលស្រុកវិញ លោក អេង ឆៃអ៊ាង អះអាងថា លោក សម រង្ស៊ី នឹងវិលចូលស្រុកវិញនៅឆ្នាំ២០១៩នេះ គឺពុំមានអ្វីផ្លាស់ប្ដូរឡើយ ពីព្រោះថា កម្ពុជាគឺជាប្រទេសរបស់ពលរដ្ឋទាំងអស់គ្នា មិនមែនជាប្រទេសផ្ដាច់មុខរបស់ក្រុមគ្រួសារលោក ហ៊ុន សែន ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។