លោក ហ៊ុន សែន ខឹង​ច្រឡោត​នឹង​អ្នក​សួរ​រឿង​លោក​ដើរ​បំបែកបំបាក់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស

ដោយ ច័ន្ទ ដារ៉ូ
2024.11.11
លោក ហ៊ុន សែន ខឹង​ច្រឡោត​នឹង​អ្នក​សួរ​រឿង​លោក​ដើរ​បំបែកបំបាក់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅ​ថ្ងៃទី១១ វិច្ឆិកា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី១០ ខែវិច្ឆិកា បាន​ខឹងច្រឡោត​នឹង​អ្នក​សួរ​តាម​ទូរស័ព្ទ រឿង​លោក​ធ្វើបាប​ពលរដ្ឋ និង​ធ្វើនយោបាយ​បំបែកបំបាក់​សំឡេង​ប្រឆាំង​នៅ​ក្រៅប្រទេស។ លោក​ហៅ​អ្នក​អត្ថាធិប្បាយ​នៅ​លើ​ទូរទស្សន៍​មនសិការ​ខ្មែរ​អមតៈ​ដែល​សន្ទនា​ជាមួយ​លោក​នោះ​ថា ជា​ក្មេង​ពាល។ អ្នក​ឃ្លាំមើល​យល់​ថា កាយវិការ និង​សំឡេង​ឆ្លើយតប​របស់​លោក ហ៊ុន សែន បាន​បង្ហាញ​ភាព​ផ្ដាច់ការ និង​មិន​សម​ធ្វើ​ជា​មេដឹកនាំ​ទេ។

ទូរស្សន៍​មនសិការ​ខ្មែរ​អមតៈ​ដែល​បង្កើត​ឡើង​ដោយ​ពលរដ្ឋខ្មែរ​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​ដែល​តែងតែ​ជជែក​អំពី​ភាព​អសកម្ម​របស់​មេដឹកនាំ​ក្រុងភ្នំពេញ​កន្លងមក នៅ​ព្រឹក​ថ្ងៃទី១០ ខែវិច្ឆិកា បាន​រៀបចំ​កម្មវិធី​មួយ​ដោយ​ហៅ​ទូរស័ព្ទ​តាម​ប្រព័ន្ធ​វ័តអាប់ (WhatsApp) ដើម្បី​សួរ​លោក ហ៊ុន សែន ដោយ​ផ្ទាល់។

ទីបំផុត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​ក៏​បាន​លើក​ទូរស័ព្ទ។ តាមរយៈ​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ទូរទស្សន៍​មនសិការ​ខ្មែរ​អមតៈ​នោះ វាគ្មិន​បាន​សួរ​លោក ហ៊ុន សែន អំពី​ល្បិចកល​របស់​លោក​ចង់​កម្ទេច​ទូរទស្សន៍​មួយ​នេះ​មិន​ឱ្យ​ផ្សព្វផ្សាយ​ពី​បញ្ហា​សង្គម និង​ពលរដ្ឋខ្មែរ​រងគ្រោះ។ ចំណែក​លោក ហ៊ុន សែន បាន​បដិសេធ​ការ​លើកឡើង​នោះ ប៉ុន្តែ​លោក​ហាក់​ទប់​កំហឹង​មិន​បាន​ដោយ​និយាយ​អាមឹង ខឹងច្រឡោត ហើយ​គំរាម​បង្ហោះ​សារ​ទាំងនេះ​នៅ​លើ​បណ្តេញ​សង្គម​ថែម​ទៀត។

ប្រធាន​ព្រឹទ្ធសភា និង​ឪពុក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​សរសេរ និង​បង្ហោះ​សារ​សំឡេង​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន បន្ទាប់ពី​លោក​ប៉ះពារ​ពាក្យ​សម្ដី​ជាមួយ​សមាជិក​ទូរទស្សន៍​មនសិការ​ខ្មែរ​អមតៈ ដោយ​លោក​ចោទ​ថា អ្នក​ទាំង​នោះ​ចាក់​ផ្សាយ​សំឡេង​សន្ទនា​ជាមួយ​លោក​មិន​បាន​ពេញ​លេញ។ លោក ហ៊ុន សែន សរសេរ​បន្ត​ថា បើទោះបី​ជា​នៅ​ថ្ងៃទី១០ ខែវិច្ឆិកា លោក​កាន់ទុក្ខ​ចំពោះ​ការ​ស្លាប់​កូន​ប្រុស​ច្បង​របស់​លោក​ឈ្មោះ ហ៊ុន កំសត់ ក្នុង​សម័យ​ខ្មែរក្រហម​ក្តី ក៏​លោក​ត្រូវ​បង្ហោះ​សារ​ជា​សំឡេង​ទាំងស្រុង ​ដោយ​លោក​ហៅ​អ្នក​ទាំងនោះ​ថា ពួក​ក្មេងពាល​បម្រើ​ឱ្យ​នយោបាយ​របស់​មេ​ក្លោង​ពាល​ដែល​កំសាក។

សំឡេង​សន្ទនា៖ «ឥឡូវ​ខ្ញុំ​ចង់​សួរ​ពូ​ឱ្យ​ច្បាស់ តើ​ពូ​មាន​គំនុំ​អ្វី​ចង់​មក​បំផ្លាញ​ពួក​ខ្ញុំ (ហ៊ុន សែន)អញ​​មិន​ដឹង​ទូរទស្សន៍​មនសិការ​ពួក​ហែង​នៅ​ណា។ លោក​ពូ​និយាយ​ជាមួយ​ពួក​ខ្ញុំ​ឱ្យ​ស្រួល​បន្តិច​ពូ កុំ​និយាយ​អញៗ​ពេក​ពូ។ (ហ៊ុន សែន)ទេ​តិច​ទៀត​អញ​បង្ហោះ​សំឡេង​ហ្នឹង ហែង​ចាំ​មើលៗ អញ​បង្ហោះ​សំឡេង​ហ្នឹង។ សំឡេង​លោកពូ​ក៏​ប្រជាពលរដ្ឋ​យក​ទៅ​ស្តាប់​បាន​ទូទាំង​ប្រទេស​ដែរ​លោកពូ។ (ហ៊ុន សែន)ទេ​អញ​ឱ្យ​ហែង​ស្តាប់​តើ ពួក​ហែង​ហៅ​មក​ព្រហើន។ បាទ​ខ្ញុំ​អត់​ព្រហើន​ទេ ខ្ញុំ​ចង់​សួរ​លោកពូ។ (ហ៊ុន សែន) អាក្មេង​ព្រហើន »

ទោះជា​លោក ហ៊ុន សែន បង្ហោះ​សារ​របស់​លោក​ទាំងស្រុង​ពាក់ព័ន្ធ​ការឆ្លើយឆ្លង​ដែល​លាយឡំ​ជាមួយ​ពាក្យពេចន៍​អសុរោះ​យ៉ាង​ណាក្តី ក៏​មន្ត្រី​គណបក្សកាន់អំណាច និង​មន្ត្រី​រដ្ឋាភិបាល ក្រុម​តារា​មួយចំនួន រួម​ទាំង​កូនប្រុស​បង្កើត​របស់​លោក​ផង បាន​ចេញ​សារ​បន្ទរ ដោយ​បង្វែរ​ថា​លោក ហ៊ុន សែន ជា​ជន​រងគ្រោះ​ពី​ការប្រមាថ​មើលងាយ។ កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន ចាត់ទុក​រឿង​នេះ​ជា​ការប្រមាថ​លើ​ឪពុក​របស់​លោក​ មិន​ស្គាល់​ចាស់ទុំ​ដែល​ធ្វើ​ឱ្យ​លោក​មាន​អារម្មណ៍​ក្តៅក្រហាយ និង​មាន​កំហឹង។

ឆ្លើយ​តប​រឿង​នេះ សមាជិក​ទូរទស្សន៍​មនសិការ​ខ្មែរ​អមតៈ​លោក អ៊ុយ ដាឡេ ប្រាប់​វិទ្យុអាស៊ីសេរី​ថា សំណួរ និង​ការឆ្លើយឆ្លង​នោះ​មិន​បាន​បង្ហាញ​ថា ពួក​លោក​មាក់ងាយ​លើ​លោក ហ៊ុន សែន នោះ​ទេ។ លោក​បញ្ជាក់​ថា ដើមហេតុ​ដែល​ពួក​លោក​ហៅ​ទូរស័ព្ទ​ទៅ​លោក ហ៊ុន សែន ចង់​ដឹង​ពី​មូលហេតុ​ដែល​គាត់​ដើរ​បំបែកបំបាក់​ ក្រុមការងារ​របស់​លោក​នៅ​ក្រៅប្រទេស និង​សួរ​អំពី​បញ្ហា​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ រួម​ទាំង​ការ​ចាប់ចង​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​នៅក្នុង​ប្រទេស​ដាក់គុក​ឥត​ស្រាកស្រាន្ត​ផង។ ផ្ទុយទៅវិញ លោក​ថា​ពាក្យ​សម្ដី​អយុត្តិធម៌​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​បង្ហាញ​កាន់តែ​ច្បាស់​ថា គាត់​មិន​សម​ជា​មេដឹកនាំ​ប្រទេស​ឡើយ។

លោក អ៊ុយ ដាឡេ៖ «តួនាទី ឋានៈ​របស់​គាត់ គឺ​គាត់​ប្រើ​ភាសា​អសុរោះ​មែនទែន​ជា​រឿង​មួយ​អាម៉ាស់ ហើយ​ខ្ញុំ​មិន​នឹកស្មាន​ថា គាត់​ហ៊ាន​បង្ហោះ​សារ​នោះ​ជា​សាធារណៈ​ទៀត។ ខ្ញុំ​គិត​ថា​គ្មាន​មេដឹកនាំ​ពាល​ណា​ប្រហែល​​គាត់​ទេ បើ​យើង​ស្តាប់​សម្ដី​គាត់ បើ​ទាំង​សកម្មភាព កាយវិការ​គាត់​ប្រើ​ទៅ​លើ​អ្នក​ស្លូតត្រង់ ប្រជាពលរដ្ឋ សូម្បីតែ​ក្មេង​ដាក់​ស្រឡាញ់​បរិស្ថាន​ក៏​គាត់​មិន​លើកលែង​ឱ្យ​គ្នា​ផង ខ្ញុំ​សួរ​មើល​តើ​អ្នកណា​ជា​ជនពាល​ពិតប្រាកដ»

ករណី​ទាំងនេះ​កើតឡើង ក្រោយ​ពេល​លោក ហ៊ុន សែន អូសទាញ​បាន​សមាជិក ទូរស្សន៍​មនសិការ​ខ្មែរ​អមតៈ និង​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​ប្រទេស​អាល្លឺម៉ង់ (Germany)ម្នាក់ គឺ​លោកស្រី សូហ្វី កន្លង​មក។ សារ​បែកធ្លាយ​ដែល​គេ​បង្ហោះ​នៅ​លើ​បណ្តេញ​សង្គម​ កាល​ពី​ពេលថ្មីៗនេះ លោក ហ៊ុន សែន បាន​ជំរុញ​ឱ្យ​លោកស្រី សូហ្វី ឈប់​ធ្វើ​សកម្មភាព​នយោបាយ និង​ឈប់​ទាក់ទង​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​តទៅទៀត។ សារ​សំឡេង​សន្ទនា​នោះ លោក ហ៊ុន សែន ក៏​គ្រោង​ធ្វើ​ច្បាប់​ដាក់​ក្រុម​អ្នករិះគន់​ជា​ក្រុម​ភេរវកម្ម ជា​ឧបករណ៍ ដើម្បី​ទប់ទល់​ចលនា​តស៊ូ​របស់​លោក សម រង្ស៊ី ផង​ដែរ។

លោក ហ៊ុន សែន៖ «ពូ​ទទួល​យក​មិន​បាន​សោះ​តែម្តង ក្មួយ​(លោកស្រី សូហ្វី) ចូលឡាយសូ (Liveshow) ជាមួយ​ទូរទស្សន៍​មនសិការ​នេះ ហើយ​ដោយ​ឱ្យ​ធីតា ភូ​នេះ​វាយ​ប្រហារ ប្រមាថ​មើល​ងាយ​មក​ចំពោះ​ពូ​ដែល​ក្មួយ​នៅ​អង្គុយ​ជាមួយ​គ្នា​ដែរ»

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​លទ្ធិ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​(Australia) លោក ស៊ឹង សែនករុណា មើលឃើញ​ថា ល្បែង​នយោបាយ​របស់​លោក ហ៊ុន សែន តែងតែ​ប្រើអំណាច​ដើរ​គំរាមកំហែង រំលោភ​សិទ្ធិមនុស្ស បំបិទ​សំឡេង​ដែល​មាន​និន្នាការ​ផ្ទុយ​កន្លង​មក​នេះ មិន​អាច​យក​ធ្វើជា​គំរូ​បាន​ទេ ខណៈ​អ្នក​ដែល​ចេញមុខ​គាំទ្រ​រឿង​មិន​ត្រឹមត្រូវ​របស់​លោក ហ៊ុន សែន វិញ គឺ​ដើម្បី​រក្សា​លាភ​សក្ការៈ និង​តួនាទី​តែប៉ុណ្ណោះ។ លោក ស៊ឹង សែនករុណា យល់​ថា អ្នកនយោបាយ​គួរ​ប្រកួតប្រជែង​គ្នា​ដោយ​ថ្លៃថ្នូរ​ និង​ជៀសវាង​ប្រើ​ពាក្យ​មិន​សមរម្យ​ធ្វើ​ឱ្យ​ប៉ះពាល់​មុខមាត់​របស់​ខ្លួន និង​កិត្តិយស​ជាតិ។

លោក ស៊ឹង សែនករុណា៖ «បើសិន​ប្រើ​ឥរិយាបថ​របៀប​ហ្នឹង អាហ្នឹង​ជា​ផល​ប៉ះពាល់​ដល់​ទៅ​លើ​លោក ហ៊ុន សែន ខ្លួនឯង​ទៅវិញ​ទេ វា​អត់​មាន​អ្វី​ដែល​ចំណេញ​ទេ។ ការសាកសួរ​ទៅ​លោក ហ៊ុន សែន ទាំងនេះ បើ​យើង​ពិនិត្យ​អំពី​សកម្មភាព​នយោបាយ​ដែល​យើង​មើលឃើញ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ជា​រឿង​មួយ​ដែល​កំពុងតែ​កើត​មាន​ឡើង​ជា​បន្តបន្ទាប់»

លោក ហ៊ុន សែន តែង​ប្រើ​យុទ្ធវិធី​ដូចជា​ការ​លួងលោម​ទិញ​ទឹក​ចិត្ត សម្លុត គំរាមកំហែង ប្រើ​ហិង្សា និង​ចាប់​ដាក់​គុក ឬ​ចាប់​គ្រួសារ​របស់​អ្នករិះគន់​ធ្វើ​ចំណាប់ខ្មាំង ឬ​ប្រើ​យុទ្ធសាស្ត្រ​យក​លលក​ទាក់​លលក ដើម្បី​បង្ខំ​ឱ្យ​ពលរដ្ឋខ្មែរ​នៅ​ក្រៅ​ប្រទេស​ឲ្យ​ងាក​ទៅ​គាំទ្រ​បក្ស​កាន់​អំណាច និង​ក្រុម​គ្រួសារ​របស់​លោក។ ប៉ុន្តែ អ្នកឃ្លាំមើល​ចាត់ទុក​ថា នេះ​ជា​អំពើ​ស្មោកគ្រោក និង​បំពាន​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ធ្ងន់ធ្ងរ ដែល​ត្រូវ​បញ្ឈប់​ជាបន្ទាន់។ ពួកគាត់​ចង់​ឃើញ​អ្នកនយោបាយ​គួរ​ប្រកួតប្រជែង​គ្នា​ដោយ​សុចរិត សេចក្តី​ថ្លៃថ្នូរ ដើម្បី​ធានា​ឱ្យ​សង្គម​មាន​យុត្តិធម៌ ប្រជាធិបតេយ្យ និង​ការប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ធ្វើ​ធម្មយាត្រា​ពី​ក្រុងកំពត​មក​ភ្នំពេញ ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស
អត្ថបទពេញនិយម
នយោបាយ
អ្នកវិភាគ​ថា របប​ផ្ដាច់ការ​ត្រកូល​ហ៊ុន នឹង​ដួល​រលំ​ដូច​របប​ផ្ដាច់ការ​នៅ​ស៊ីរី​ដែរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។