កម្ពុជា និងចិនបានចេញសេចក្ដីថ្លែងការណ៍រួមជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង ចំនួន១៤ចំណុច ក្រោយទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅចិនរយៈពេល៤ថ្ងៃ។ ក្នុងសេចក្ដីថ្លែងការណ៍នោះ លោក ហ៊ុន សែន ក៏សំដែងការដឹងគុណជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន និងអ្នកវិនិយោគចិននៅកម្ពុជា ខណៈកម្ពុជាកំពុងប្រឈមនិងការផ្ដាច់ការអនុគ្រោះពន្ធEBA ពីសហគមន៍អឺរ៉ុបនោះ។ ក្រៅពីនេះទៀត ភាគីទាំងពីរបានប្ដេជ្ញារក្សាទំនាក់ទំនងស្អិតល្មួតជាមួយគ្នា ហើយមិត្តភាពរវាងប្រទេសទាំងពីរគឺជាប្រវត្តិសាស្ត្រយូរអង្វែងរបស់កម្ពុជាចិន។
អ្នកវិភាគនយោបាយលើកឡើងថា ទាំងទំនាក់ទំនងរវាងមេដឹកនាំរបបក្រុងភ្នំពេញ និងក្រុងប៉េកាំង គឺជាទំនាក់ទំនងជួយគ្នាទៅវិញទៅមក ក៏ប៉ុន្តែចិនកំពុងតែទាញកម្ពុជាឱ្យធ្លាក់ទៅជារបបកុម្មុយនិស្តឆាប់ៗនេះ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា។
លោក គឹម សុខ ពន្យល់ថា ទោះបីជាចិនបានគូសជាថ្មីថា គោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាក្ដី តែគ្រាន់តែជានយោបាយបោកបញ្ឆោតបន្លំភ្នែកប្រជាពលរដ្ឋតែប៉ុណ្ណោះ តាមការពិត ចិនបានទាញយកប្រយោជន៍ពីកម្ពុជាស្រូបយកធនធានធម្មជាតិពីកម្ពុជា និងទាញកម្ពុជាឱ្យងាកចេញពីប្រទេសលោកសេរី។ ក្រៅពីនេះទៀត ចិនបានគាំទ្ររបបលោក ហ៊ុន សែន បំផ្លាញប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ៖ «រដ្ឋធម្មនុញ្ញកម្ពុជាបានបើកទូលាយអំពីទំនាក់ជាមួយអន្តរជាតិ មិនឱ្យលម្អៀងទៅប្រទេសណាមួយខ្លាំងឡើយ ប៉ុន្តែទំនាក់ទំនងចិននិងកម្ពុជានេះ លោក ហ៊ុន សែន ងាកចេញពីរបបប្រជាធិបតេយ្យ ហើយទៅចាប់យកកុម្មុយនិស្តចិន ផ្អៀងទៅចិនតែម្ខាង ដែលបញ្ជាក់ថា កម្ពុជាមិនមានអធិបតេយ្យភាពទេ ដែលបញ្ហានេះ នឹងធ្វើឱ្យកម្ពុជាកាន់តែរងទុក្ខកាន់តែធ្ងន់ធ្ងរ ក្រោយពេលសហគមន៍អឺរ៉ុប ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនោះ។ «»
នៅក្នុងសេចក្ដីថ្លែងការណ៍រួមគ្នារវាង លោក ហ៊ុន សែន និង លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនទាំង ១៤ចំណុចនោះ ចិនបានបញ្ជាក់ឡើងវិញជាថ្មីថា ចិនគោរពឯករាជ្យភាព អធិបតេយ្យភាព និងគោលនយោបាយឯករាជ្យរបស់កម្ពុជា ក្នុងការអភិវឌ្ឍន៍ស្របទៅនឹងផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា។ រៀបចំផែនការសកម្មភាព ដើម្បីកសាងសហគមន៍វាសនារួម ដែលមានអត្ថន័យជាយុទ្ធសាស្ត្ររវាងកម្ពុជា និងចិន ផ្ដោតលើកិច្ចសហប្រតិបត្តិការ នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងការផ្លាស់ប្ដូររវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ជំរុញឱ្យមានការអភិវឌ្ឍន៍បន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគី ក្នុងរយៈពេល ៦០ឆ្នាំខាងមុខ។
លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួន ខណៈលោកធ្វើដំណើរវិលត្រលប់ទៅកម្ពុជាវិញ កាលពីថ្ងៃទី២៣ មករា ថា លោកបានជួបនៅក្នុងដំណើរទស្សនកិច្ចរបស់លោក នៅប្រទេសចិន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃ២៣ មករានោះ គឺ មេដឹកនាំប្រទេសទាំងពីរ បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យសំខាន់ៗដូចជា កសិកម្ម ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ លោកអះអាងថា កម្ពុជាបានត្រៀមខ្លួនជាស្រេចរួចហើយ ដើម្បីជំរុញគម្រោងផ្លូវ ១ខ្សែក្រវាត់១ ជាមួយប្រទេសចិនឱ្យបានជោគជ័យ។ ទន្ទឹមនឹងនេះដែរ ប្រទេសទាំងពីរនឹងខិតខំជំរុញទំហំពាណិជ្ជកម្មឱ្យឡើងដល់ ១០ពាន់លានដុល្លារនៅឆ្នាំ ២០២៣។ នៅទន្ទឹមនេះ លោកអះអាងថា ចិនបានផ្ដល់ជំនួយជិត ៦០០លានដុល្លារ ហើយបានដំឡើងកូតានាំអង្ករចេញមកចិនរហូតដល់ ៤សែនតោន ក្រោយពីសហភាពអឺរ៉ុបឈប់ផ្ដល់ការអនុគ្រោះពន្ធលើការនាំអង្ករកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបនោះ។
ទាក់ទងគម្រោងវិថីមួយ ខ្សែក្រវ៉ាត់ ឬហៅ ថា «វិថីសូត្រថ្មី» នេះ គឺជាគំនិតផ្ដួចផ្ដើម និងមហិច្ឆតាប្រចាំសតវត្សរបស់ចិន ដើម្បីពង្រីកឥទ្ធិពលសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ និងវប្បធម៌របស់ខ្លួន ស្របពេលដែលចិនកំពុងឡើងគ្រងតំណែងជាមហាអំណាចមួយនៅលើពិភពលោក។ ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ចិនបានលាតត្រដាង គំនិតផ្ដួចផ្ដើមនេះជាលើកដំបូង កាលពីឆ្នាំ២០១៣ ក្រោមហេតុផលថា ដើម្បីផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រួលការផ្លាស់ប្ដូរពាណិជ្ជកម្ម រវាងប្រទេសក្នុងទ្វីបអាស៊ីទៅកាន់ទ្វីប អាហ្វ្រិក និងអឺរ៉ុប និង ទៅកាន់តំបន់ផ្សេងទៀតលើពិភពលោក។ ដើម្បីសម្រេចមហិច្ឆតា ចិននឹងចំណាយទឹកប្រាក់សរុបរហូតដល់ទៅជិត ១០០ពាន់លានដុល្លារ ឬ ១ទ្រីលានដុល្លារ។
ក្រៅពីនេះទៀត លោក ហ៊ុន សែន និងលោក លី ខីឈាង ក៏អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ឱ្យអនុវត្តឱ្យពេញលេញចំពោះ បញ្ហាជម្លោះសមុទ្រចិនខាងត្បូងដ៏ចម្រូងចម្រាសដែរ ចំពោះសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង (DOC) ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការវិស័យសមុទ្រជាក់ស្ដែង និងលើកកម្ពស់ការពិគ្រោះយោបល់ស្ដីពីក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង។
លោក គឹម សុខ បន្ថែមថា ចិនចាប់យកលោក ហ៊ុន សែន ឬកម្ពុជា ជាយុទ្ធសាស្ត្រយោធាដ៏សំខាន់ នៅខណៈចិនកំពុងមានជម្លោះជាមួយ វៀតណាម និងប្រទេសផ្សេងទៀត អំពីបញ្ហាជម្លោះសមុទ្រចិនខាងត្បូងនេះ ដើម្បីគំរាមកំហែងប្រទេសផ្សេងៗទៀត ថា ចិនមានកម្ពុជា គឺជាខ្នងបង្អែកដ៏សំខាន់សម្រាប់មូលដ្ឋានទ័ពចិននៅកម្ពុជា៖ «យុទ្ធសាស្ត្រនេះ គឺចំណេញដល់ចិន តែគ្រោះថ្នាក់ធំដល់ខ្មែរនៅពេលនាអនាគត ហើយបញ្ហានេះ មេដឹកនាំខ្មែរគួរតែយល់អំពីតម្លៃឯករាជ្យភាពរបស់ខ្លួនឱ្យពិតប្រាកដនៅលើឆាកអន្តរជាតិ ហើយបញ្ហាយោធារបស់ចិននៅកម្ពុជា ដើម្បីទប់និងប្រទេសផ្សេងទៀតដែលមានជម្លោះជាមួយចិននេះ វានឹងបង្កើតឱ្យមានបញ្ហាធ្ងន់ធ្ងររបស់កម្ពុជា ដែលត្រូវប្រឈមនិងប្រទេសផ្សេងទៀត ដែលមិនមែនជាភាគីជម្លោះដោយផ្ទាល់របស់កម្ពុជានោះ »។
អ្នកវិភាគលើកឡើងថា នៅពេលនេះ ចិន និងកម្ពុជាកំពុងប្រើយុទ្ធសាស្ត្រនយោបាយជួយគ្នាទៅវិញទៅមក ពិសេសកម្ពុជាត្រូវពឹងផ្អែកលើចិនកាន់ខ្លាំង លើជំនួយ កម្ចីនិងនយោបាយ នៅស្របពេលប្រទេសលោកខាងលិច នឹងដាក់ទណ្ឌកម្មតាមរយៈការបញ្ឈប់ ការផ្ដល់ការអនុគ្រោះពន្ធEBA របស់អឺរ៉ុប និងការអនុគ្រោះពន្ធទូទៅរបស់អាមេរិក GSPនោះ។ គិតត្រឹមចុងឆ្នាំ២០១៨ កម្ពុជាជំពាក់បំណុលចិនជាង ៤ពាន់លានដុល្លារ ក្នុងចំណោមបំណុលបរទេសសរុបជាង ៩ពាន់លានដុល្លារ។ ស្ថាប័នអន្តរជាតិ និងអ្នកតាមដានសង្គមធ្លាប់បានអះអាងថា កម្ពុជានឹងធ្លាក់ក្នុងអន្ទាក់បំណុលរបស់ចិន តាមរយៈជំនួយ និងកម្ចីដ៏ច្រើនសន្ធឹកសន្ធាប់ពីរបបក្រុងប៉េកាំង ហើយនិន្នាការបែបនេះនឹងមិនអាចធ្វើឱ្យកម្ពុជាមានឯករាជភាពលើវិស័យសេដ្ឋកិច្ច និងនយោបាយបានដោយខ្លួនឯងឡើយ។ ក៏ប៉ុន្តែការងាកទាំងស្រុងរបស់របបលោក ហ៊ុន សែន ទៅចិននេះ គឺរបបនេះ កំពុងតែអនុវត្តខុសរដ្ឋធម្មនុញ្ញទាំងស្រុង ដែលចែងថា កម្ពុជាអនុវត្តរបបលទ្ធិប្រជាធិបតេយ្យ និងជារដ្ឋឯករាជ្យមិនអាចបំបែកបាន និងឈរលើនយោបាយអព្យាក្រឹត្យនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
