លោក ហ៊ុន សែន ស្នើ​មេដឹកនាំ​ពិភពលោក​មាន​សុ​ឆន្ទៈ​និង​ទទួលខុសត្រូវ​ករណី​សង្គ្រាម​ពាណិជ្ជកម្ម

0:00 / 0:00

លោក ហ៊ុន សែន អំពាវនាវ​ដល់​មេដឹកនាំ​ទាំងអស់​ក្នុង​ពិភពលោក ឲ្យ​មាន​សុឆន្ទៈ និង​ការ​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម ដែល​ជា​បញ្ហា​សកល។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សកល នៃ​វេទិកា​ពិភពលោក​កាលពី​ថ្ងៃ​ទី២៣ ខែ​តុលា នៅ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស លោក ហ៊ុន សែន លើកឡើង​ថា សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ស្រួចស្រាល់​នេះ​បាន​ជំរុញ​ឲ្យ​ការ​ចរចា​ពាណិជ្ជកម្ម ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ត្រូវ​ជាប់​គាំង​ដោយសារ គោលនយោបាយ​ពន្ធ​ថ្មីៗ ព្រមទាំង​ការ​ដាក់​គំនាប និង​ទណ្ឌកម្ម​នានា ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ការនាំចេញ​ទំនិញ ពី​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​តិចតួច ទៅ​ទីផ្សារ​អន្តរជាតិ៖ «សកលភាវូបនីយកម្ម ជួយ​ដល់​កាត់បន្ថយ​ភាព​ក្រីក្រ និង​ការ​លើ​កម្ពស់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ។ ឈរ​លើ​មូលដ្ឋាន​នេះ ខ្ញុំ​សូម​ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​ទាំងអស់​គ្នា​សំដែង​សុឆន្ទៈ និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​សកល​នេះ ដើម្បី​រក្សា​បាន​នូវ​បរិយាកាស​វិនិយោគ និង​ស្ថិរភាព​ភូមិសាស្ត្រ​នយោបាយ ក៏ដូចជា បង្កើន​ការ​ទុកចិត្ត ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​ឧស្សាហកម្ម​ផង​ដែរ»។

លោក ហ៊ុន សែន ក៏បាន​ថ្លែង​ថា កម្ពុជា​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​រួមចំណែក ជាមួយ​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ការពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី និង​ធានា​ដល់​វិនិយោគិន ដោយ​ផ្តល់​នូវ​ជំនឿ​ទុកចិត្ត ការធានា​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ក្របខ័ណ្ឌ​ច្បាប់ ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព។ នៅ​ទន្ទឹម​នេះ​ដែរ លោក ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់ដៃ​គូ​អភិវឌ្ឍន៍​នានា ផ្ដល់​ជំនួយ​បច្ចេកទេស​ផ្សេងៗ ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដូចជា​កម្ពុជា ដើម្បី​ជំរុញ​នូវ​កំណើន​សេដ្ឋកិច្ច ប្រកបដោយ​ប្រសិទ្ធភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។