មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន អះអាងជាថ្មីទៀតថា របបរបស់លោកមិនយកឯករាជ្យ និងអធិបតេយ្យភាពជាតិទៅដោះដូរនឹងអ្វីមួយឡើយ។ លោក ហ៊ុន សែន ថ្លែងបែបនេះ បន្ទាប់ពីគណៈកម្មការអឺរ៉ុបបានប្រកាសពីដំណើរការពិចារណានៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ អ្នកឃ្លាំមើលសង្គមជំរុញឱ្យរបបក្រុងភ្នំពេញរកដំណោះស្រាយរឿងនេះ មិនមែនបង្ហាញពីអំនួតនយោបាយរបស់ខ្លួននោះឡើយ។
មេដឹកនាំរបបឯកបក្សលោក ហ៊ុន សែន ថ្លែងថា កម្ពុជាធ្លាប់ជាប្រទេសក្រីក្រខ្លាំងបំផុត ដែលសេដ្ឋកិច្ចត្រូវបានហ៊ុមព័ទ្ធដោយទណ្ឌកម្ម និងការគាបសង្កត់ ប៉ុន្តែបច្ចុប្បន្ននេះកម្ពុជាបានចាកផុតពីភាពក្រីក្រ ហើយសេដ្ឋកិច្ចវិញបានលូតលាស់ និងកាន់តែរឹងមាំ។ លោករំពឹងថា តាមរយៈកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ ក្នុងមួយឆ្នាំ និងកំណើននៃចំណូលពន្ធកាន់តែខ្ពស់ កម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់បំផុតនៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០ ខាងមុខ។
លោកអះអាងទៀតថា ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ចកម្ពុជាសព្វថ្ងៃនេះ កំពុងឆ្ពោះទៅរកភាពល្អប្រសើរ ដូច្នេះកម្ពុជាមិនអាចពឹងលើជំនួយបរទេសតែមួយមុខនោះទេ។ លោកបន្ថែមថា របបរបស់លោកចង់ធ្វើជាមិត្តល្អជាមួយបណ្ដាប្រទេសដៃគូដែលចង់ឃើញកម្ពុជារីកចម្រើនទៅមុខពិតប្រាកដ ដោយគ្មានការជ្រៀតជ្រែកចូលកិច្ចការងារផ្ទៃក្នុងកម្ពុជានោះឡើយ។
លោក ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងហ្វេសប៊ុករបស់លោកនៅថ្ងៃទី១២ កុម្ភៈ ពោលគឺមួយថ្ងៃក្រោយពេលសហភាពអឺរ៉ុបបានប្រកាសពីដំណើរការពិចារណាដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជា បន្ទាប់ពីរកឃើញថា របបលោក ហ៊ុន សែន បានរំលោភបំពានធ្ងន់ធ្ងរលើវិស័យសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសិទ្ធិការងារ។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គមបណ្ឌិត មាស នី ថ្លែងថា កំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% មិនមានបានន័យថា សេដ្ឋកិច្ចកម្ពុជារឹងមាំនោះឡើយ ដោយសារពលរដ្ឋកម្ពុជាជាច្រើនបន្តរស់ក្នុងភាពក្រីក្រ និងមានចំណូលទាបជាងគេបំផុតនៅក្នុងចំណោមប្រទេសសមាជិកអាស៊ាន។ លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងមិនអាចសម្រេចបានទិសដៅសេដ្ឋកិច្ច ក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ បានឡើយ ប្រសិនបើកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីទីផ្សារសហភាពអឺរ៉ុបមែននោះ៖ «បើយើងមានវិបត្តិពីឥលូវទៅ ឧទាហរណ៍ថា វិបត្តិនេះត្រូវប្រើពេលពី ៣ ទៅ ៥ឆ្នាំ ឬ ៧ឆ្នាំ ឬក៏ ១០ឆ្នាំទៀត វានឹងមិនអាចបានទេឆ្នាំ២០៣០។ ប្រាក់ចំណូលមធ្យមហ្នឹង វាអាចឈានដល់ ២០៤០ ឬ ២០៥០។ ហើយត្រង់នេះក៏យើងមិនទាន់បានទស្សន៍ទាយថា តើក្រៅពី EBA គេនឹងធ្វើអ្វីថែមទៀត ដែលជាបញ្ហា។ ហើយបើគេធ្វើថែមទៀត វាអាចធ្វើឱ្យយើងមានវិបត្តិផ្ទៃក្នុងកាន់តែធ្ងន់ថែមទៀត។ ជារឿងដែលយើងស្ទើរតែមិនហ៊ាននិយាយ ឧទាហរណ៍ថា មានការដាក់ទណ្ឌកម្មរឿងបុគ្គលទៀត ហើយវាប៉ះពាល់ដល់ផលប្រយោជន៍ផ្ទៃក្នុងរបស់អ្នកដឹកនាំខ្មែរដទៃទៀត ហើយវាបង្កឱ្យទៅជាការបែកបាក់គ្នាកាន់តែធ្ងន់ធ្ងរទៀតនោះ អាហ្នឹងវាជារឿងមួយដែលយើងអត់ចង់ឃើញទាល់តែសោះសម្រាប់ប្រទេសយើង»។
ស្រដៀងគ្នានេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថា (CENTRAL) លោក មឿន តុលា អះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានបញ្ហា ប្រសិនបើកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA។ លោកសង្កត់ធ្ងន់ថា ការស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស តាមសំណើរបស់សហភាពអឺរ៉ុប នឹងមិនធ្វើឱ្យកម្ពុជាខាតបង់ប្រយោជន៍នោះទេ ហើយក៏គ្មានមូលដ្ឋានណាមួយដែលថា នេះជាការធ្វើឱ្យបាត់បង់អធិបតេយ្យភាពរបស់ជាតិនោះដែរ។ លោកជំរុញឱ្យអ្នកដឹកនាំបច្ចុប្បន្នគិតគូរឱ្យបានហ្មត់ចត់រឿងបញ្ហា EBA នេះ៖ «ប្រសិនបើយើងមានបញ្ហាទៅលើវិស័យកាត់ដេរ យើងមានបញ្ហាទៅលើសេដ្ឋកិច្ចទាំងមូល អ៊ីចឹងយើងប្រហែលជាពិបាកសម្រេចគោលដៅដែលយើងថា នឹងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៣០។ ដូច្នេះខ្ញុំសុំឱ្យមេដឹកនាំប្រទេសគិតរឿង EBA នេះឱ្យបានហ្មត់ចត់មែនទែន ប្រសិនបើអ្នកដឹកនាំ ឬក៏អ្នកនយោបាយខ្មែរគិតពីប្រយោជន៍ជាតិ។ វាមិនមែនការព្រមគោរពតាមរដ្ឋធម្មនុញ្ញយើង ព្រមគោរពសិទ្ធិពលរដ្ឋរបស់ខ្លួនឯង ព្រមបើកសេរីភាពឱ្យប្រជាពលរដ្ឋ ទាំងអស់នោះធ្វើឱ្យបាត់បង់អធិបតេយ្យភាពរបស់ប្រទេសយើងទាំងមូលនោះទេ មិនមានមូលដ្ឋានណាទាំងអស់។ ផ្ទុយទៅវិញ ការគោរពសិទ្ធិមនុស្ស ការគោរពលទ្ធិប្រជាធិបតេយ្យ គឺជាគោលការណ៍ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ»។
ប្រឈមមុខនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ របបក្រុងភ្នំពេញបានដាក់ចេញនូវយន្តការមួយចំនួន ដើម្បីលើកទឹកចិត្តដល់វិស័យឯកជន ឱ្យបន្តវិនិយោគនៅកម្ពុជាតទៅទៀត។ យន្តការទាំងនោះមានជាអាទិ៍ ការលុបចោលអង្គភាពភ្នាក់ងារកម្ពុជានាវាចរកំាសាប (CAMSAB) ការដកមន្ត្រីកាំកុងត្រូលចេញពីច្រកទ្វាព្រំដែន និងការបញ្ចុះថ្លៃអគ្គិសនីជាដើម។ បន្ថែមពីលើនេះ របបក្រុងភ្នំពេញក៏បានស្វះស្វែងរកទីផ្សារនាំចេញទំនិញទៅប្រទេសចិនផងដែរ។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលសង្គមយល់ថា មិនទាន់មានជំនឿលើការកែទម្រង់ផ្ទៃក្នុងនោះឡើយ ព្រោះរបបក្រុងភ្នំពេញតែងតែបរាជ័យនឹងរឿងលុបបំបាត់អំពើពុករលួយ។ ម្យ៉ាងវិញទៀត របបក្រុងភ្នំពេញក៏ត្រូវស្តារស្ថានការណ៍នយោបាយឡើងវិញដែរ ដើម្បីឱ្យអ្នកវិនិយោគមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការបន្តរកស៊ីនៅកម្ពុជា ទន្ទឹមគ្នានឹងការដាក់ចេញនូវកំណែទម្រង់នេះ។
ថ្វីដ្បិតតែលោក ហ៊ុន សែន អះអាងថា សេដ្ឋកិច្ចកម្ពុជារឹងមាំ ហើយកម្ពុជាមិនត្រូវពឹងលើជំនួយបរទេសតែមួយមុខមែន របបរបស់លោកបានខ្នះខ្នែងយ៉ាងខ្លាំងក្នុងការស្នើសុំជំនួយពីប្រទេសចិន និងបានបន្តខ្ចីលុយមហាអំណាចកុម្មុយនិស្តមួយនេះជាបន្តបន្ទាប់។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ចិនបានផ្ដល់ជំនួយប្រមាណ ៦ រយលានដុល្លារ បន្ថែមទៀតដល់របបនេះ ខណៈបំណុលដែលកម្ពុជាជំពាក់ចិនបានកើនឡើងដល់ជាង ៤ពាន់លានដុល្លារ នៃបំណុលបរទេសសរុបជាង ៩ ពាន់លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។