របប​ភ្នំពេញ​ស្នើ​ឱ្យ​សមាជិក​សភា​​អឺរ៉ុប​ពិចារណា​ឡើង​វិញ​រឿង​ចង់​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា

0:00 / 0:00

ក្រសួង​ការបរទេស ស្នើសុំ​ឱ្យ​សមាជិកសភា​សហភាព​អឺរ៉ុប​មួយ​ចំនួន ពិចារណា​ឡើងវិញ ចំពោះ​បំណង​ចង់​ហែហម លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​វិល​ចូល​កម្ពុជា​វិញ​។ ក្រសួង ចាត់​ទុក​ទង្វើ​នេះ​ថា មិន​គោរព​អធិបតេយ្យភាព​កម្ពុជា។

ក្រសួង​ការបរទេស​អះអាង​ថា ក្រសួង​នេះ ភ្ញាក់ផ្អើល​ដែល​ថា សមាជិក​សភា​សហភាព​អឺរ៉ុប មួយ​ចំនួន មាន​បំណង​ហែហម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ដោយសារតែ តុលាការ​របប​ក្រុងភ្នំពេញ ចោទ​ប្រកាន់​និង​កាត់ទោស​ឱ្យ​លោក សម រង្ស៊ី ជាប់​ពន្ធនាគារ​ជាច្រើន ករណី។

សេចក្ដី​ថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស ចុះ​ថ្ងៃ​ទី​៦ ខែ​កក្កដា បង្ហាញ​ថា ការ​ចូល​រួម​ដំណើរ​មក​កម្ពុជា​របស់​តំណាងរាស្ត្រ​អឺរ៉ុប ជា​ទង្វើ​គ្មាន​លក្ខណៈ​កា​ទូត មិន​គោរព​អធិបតេយ្យភាព និង​នីតិរដ្ឋ​កម្ពុជា។

អ្នកវិភាគ​នយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ប្រហែល​ជា​រដ្ឋាភិបាល របស់​លោក ហ៊ុន សែន មិន​ចង់​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​នោះ​ទេ ដោយសារ​បារម្ភ​ពី​ឥទ្ធិពល​របស់​លោក សម រង្ស៊ី៖ «ការ​ពិត​ទៅ​ ! ប្រហែលជា​មិន​ចង់​ឱ្យ​ចូល​ទេ ព្រោះ​មាន​បញ្ហា​ច្រើន ជាង​នៅ​ក្រៅ​សម្រាប់​រដ្ឋាភិបាល​។ សម រង្ស៊ី គឺជា​កម្លាំង​នយោបាយ​មួយ​យ៉ាង​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយសារតែ​ប្រជាប្រិយភាព​របស់​គាត់»។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន លើកឡើង​ថា ការ​សម្រេច​ចិត្ត​របស់​សមាជិក សភា​សហភាព​អឺរ៉ុប​មួយ​ចំនួន ក្នុង​ការ​ចូលរួម​អម​ដំណើរ​គណៈប្រតិភូ​គណបក្ស​សង្គ្រោះជាតិ​វិល ចូល​កម្ពុជា​វិញ គឺ​មិនមែន​ជា​ការ​ជ្រៀតជ្រែក​អធិបតេយ្យភាព ឬ​រំលោភច្បាប់​កម្ពុជា​នោះ​ទេ​។ លោក ចាត់ទុក​ថា ការ​សម្រេចចិត្ត​របស់​សមាជិកសភា​សហភាព​អឺរ៉ុប​នេះ គឺជា​រឿង​ត្រឹមត្រូវ​ដើម្បី​ចូលរួម ស្វែងរក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា៖ «ខ្ញុំ​គិត​ថា វា​មិនមែន​ជា​ការរំលោភ​អធិបតេយ្យភាព​កម្ពុជា​ទេ ព្រោះថា​សមាជិកសភា​សហភាព​អឺរ៉ុប​គេ​ដឹង​ថា ករណី​ដែល​មាន​ការ​ចោទប្រកាន់​លើ​លោក សម រង្ស៊ី ពី​រដ្ឋាភិបាល​កម្ពុជា គឺ​គេ​មើល​ឃើញ​ថា ករណី​ទាំងអស់​នេះ​វា​ជា​រឿង​នយោបាយ​ដែល​លោក សម រង្ស៊ី មិន​បាន​ប្រព្រឹត្ត​អ្វី​ដូចដែល​តុលាការ​ចោទប្រកាន់ ឬ​រដ្ឋាភិបាល​បាន​ប្ដឹង​លោក​នោះ​ទេ។ អ៊ីចឹង ហើយ​បានជា​សមាជិកសភា​សហ​ភាព​អឺរ៉ុប​គេ​សម្រេចចិត្ត​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក វិញ​ដើម្បី​ចូលរួម​ស្ដារ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស»។

លោក រ៉ុង ឈុន បន្ត​ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​បើក​ចិត្ត​ឱ្យ​ទូលាយ​ក្នុង​​ការ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ដើម្បី​រក្សា​ផលប្រយោជន៍​ជូន​ប្រជារាស្ត្រ និង​ប្រទេស​ជាតិ។

កាលពី​ថ្ងៃទី២៧ ខែ មិថុនា កន្លងទៅ លោក សម រង្ស៊ី និង​អ្នកស្រី មូរ សុខ​ហួរ បាន​ជួប​ជាមួយ​សមាជិកសភា​សហ​ភាព​អឺរ៉ុប ចំនួន​ប្រាំ​រូប។

តំណាងរាស្ត្រ​ម្នាក់​ថ្លែង​ក្នុង​វីដេអូ​ឃ្លីប ក្រោយ​ជំនួប​នឹង​លោក សម រង្ស៊ី ថា អ្វី​ដែល​សហភាព​អឺរ៉ុប​ទាមទារ​នៅ​ពេល​នេះ គឺ​ឱ្យ​របប​លោក ហ៊ុន សែន ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ជា​ថ្នូរ​នឹង​ការ​មិន​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA​។ សមាជិកសភា​សហភាព​អឺរ៉ុប​រូប​នេះ បាន​អំពាវនាវ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​ទាំងអស់ វិលត្រឡប់​ទៅ​កម្ពុជា​វិញ ហើយ​លោក ក៏​ស្ម័គ្រចិត្ត​អម​ដំណើរ​ជាមួយ​ដែរ ដើម្បី​បាន​ជួប​សួរសុខទុក្ខ​លោក កឹម សុខា ផង និង​ទាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឱ្យ​ងាក​មក​រក​គន្លង​ផ្លូវ​ត្រូវ​វិញ។

កាល​ពី​ពេល​ថ្មីៗ នេះ​លោក សម រង្ស៊ី បាន​ប្រកាស​ជា​លើក​ទី​២ ថា នឹង​ចូល​ស្រុក​វិញ​យ៉ាង​យូរ​ក្នុង​ខែ​កញ្ញា​ខាងមុខ ដោយមាន​សមាជិកសភា​សហភាព​អឺរ៉ុប​ជាច្រើន​នាក់​ចូលរួម​អម​ដំណើរ​ផង​ដែរ​។ លោក​ក៏​កំពុង​ស្វែងរក​តំណាងរាស្ត្រ​ប្រទេស​ផ្សេងទៀត​ចូល​ផង​ដែរ។

នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា​នេះ លោក សម រង្ស៊ី បាន​សរសេរ​សារ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ថា លោក​កំពុង​ឋិត​នៅ​ទីក្រុង​ឡុងដ៍ (London) ប្រទេស​អង់គ្លេស ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈ កម្មធិការ​ប្រតិបត្តិ (Executive Committee) របស់​ចលនា​សេរីនិយម​អន្តរជាតិ (Liberal International) ដែល​លោក​ធ្លាប់​ធ្វើជា​អនុប្រធាន និង​ធ្លាប់​ទទួល​ពានរង្វាន់​"​ជើងឯក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ​" ។ លោក​ថា កិច្ចប្រជុំ​នេះ មាន​រដ្ឋមន្ត្រី និង​តំណាងរាស្ត្រ ជាច្រើន​មកពី​ទូទាំង​ពិភពលោក ដែល​នឹង​អនុម័ត​ញត្តិ​មួយ​ស្ដីពី​កម្ពុជា​។ លោក ​បញ្ជាក់​បន្ថែម​ថា ពេលនេះ មាន​ឥស្សរជន​បរទេស​ជាច្រើន​ដែល​ស្ម័គ្រចិត្ត​ធ្វើដំណើរ​ចូល​ប្រទេស​កម្ពុជា​ជាមួយ​លោក​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។